ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 108 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ទំនុកតម្កើង 108

ការ​សរសើរ​តម្កើង និង​ការ​អធិស្ឋាន​សុំ​ឲ្យ​មាន​ជ័យ​ជម្នះ
បទ​ចម្រៀង ជា​ទំនុក​របស់​ស្តេច​ដាវីឌ។

1 ឱ​ព្រះ‌អង្គ​អើយ ចិត្ត​ទូល‌បង្គំ​បាន​តាំង​នៅ​មាំ​ហើយ ទូល‌បង្គំ​នឹង​ច្រៀង ទូល‌បង្គំ​នឹង​ស្មូត្រ​ជា​ទំនុក ដោយ‌សារ​កិត្តិយស​របស់​ទូល‌បង្គំ​ដែរ

2 ឱ​ពិណ និង​ស៊ុង​អើយ ចូរ​ភ្ញាក់​ឡើង! ខ្ញុំ​នឹង​ដាស់​អរុណ​ឲ្យ​រះ​ឡើង!

3 ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ក្នុង​ចំណោម​ប្រជាជន​ទាំង‌ឡាយ ទូល‌បង្គំ​នឹង​ច្រៀង​សរសើរព្រះ‌អង្គ ក្នុង​ចំណោម​ជាតិ​សាសន៍​នានា។

4 ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ធំ​ខ្ពស់​ជាង​ផ្ទៃ​មេឃ ហើយ​សេចក្ដី​ពិត​របស់​ព្រះ‌អង្គ ក៏​ខ្ពស់​ដល់​ពពក​ដែរ។

5 ឱ​ព្រះ​អើយ សូម​ឲ្យ​ព្រះ‌អង្គ​បាន​ថ្កើង​ឡើង ខ្ពស់​ជាង​ផ្ទៃ​មេឃ សូម​ឲ្យ​សិរី‌ល្អ​របស់​ព្រះ‌អង្គ គ្រប​ដណ្ដប់​លើ​ផែនដី​ទាំង​មូល!

6 ដើម្បី​ឲ្យ​ពួក​ស្ងួន‌ភ្ងា​របស់​ព្រះ‌អង្គ​បាន​រួច សូម​សង្គ្រោះ​ដោយ​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ ហើយ​ឆ្លើយ​តបទូល‌បង្គំ​ផង!

7 ព្រះ​បាន​សន្យា​ក្នុង​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ ថា៖ «យើង​នឹង​បែង‌ចែក​ស្រុក​ស៊ីគែម​ដោយ​អំណរ ហើយ​វាស់​ជ្រលង​ភ្នំ​ស៊ូកូថ។

8 កាឡាត​ជា​ទឹក​ដី​របស់​យើង ម៉ាណា‌សេ​ជា​ទឹក​ដី​របស់​យើង អេប្រាអិម​ជាមួក​ដែករបស់​យើង យូដា​ជា​ដំបង​រាជ្យ​របស់​យើង។

9 ស្រុក​ម៉ូអាប់​ជា​អាង​លាង​សម្អាត​របស់​យើង ហើយ​យើង​បោះ​ស្បែក​ជើង​ទៅ​លើ​ស្រុក​អេដុម យើង​នឹង​ស្រែក​ប្រកាស​ជ័យ​ជម្នះ ពី​លើ​ស្រុក​ភីលី‌ស្ទីន»។

10 តើ​អ្នក​ណា​នឹង​នាំ​ទូល‌បង្គំ ចូល​ទៅ​ក្នុង​ទី​ក្រុង​មាំ‌មួន​បាន? តើ​អ្នក​ណា​នឹង​នាំ​ទូល‌បង្គំ​ចូល​ទៅ​ស្រុក​អេដុម?

11 ឱ​ព្រះ​អើយ តើ​មិន​មែន​ព្រះ‌អង្គ​ទេ​ឬ ដែល​បាន​បោះ​បង់​ចោល​យើង​ខ្ញុំ? ឱ​ព្រះ​អើយ ព្រះ‌អង្គ​មិន​យាង​ចេញ​ទៅ​ជា​មួយ កង‌ទ័ព​របស់​យើង​ខ្ញុំ​ទៀត​ឡើយ។

12 ឱ​សូម​ប្រោស​ប្រទាន​ជំនួយ​ឲ្យ​យើង​ខ្ញុំ ទាស់​នឹង​ពួក​សត្រូវ​ផង ដ្បិត​ជំនួយ​របស់​មនុស្ស​ឥត​ប្រយោជន៍​ទេ។

13 ដោយ​ព្រះ​ចេស្ដា​របស់​ព្រះ យើង​ខ្ញុំ​នឹង​តស៊ូ​យ៉ាង​រឹង‌ប៉ឹង គឺ​ព្រះ‌អង្គ​ហើយ ដែល​នឹង​ជាន់​ឈ្លី ពួក​សត្រូវ​យើង​ខ្ញុំ។

© 2016 United Bible Societies

Bible Society in Cambodia