ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 101 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ទំនុកតម្កើង 101

ពាក្យ​សន្យា​របស់​ព្រះ‌រាជា
ទំនុក​របស់​ព្រះបាទ​ដាវីឌ។

1 ទូល‌បង្គំ​នឹង​ច្រៀង​អំពី​ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​យុត្តិ‌ធម៌ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​នឹង​ច្រៀង​សរសើរ​ព្រះ‌អង្គ។

2 ទូល‌បង្គំ​នឹង​ប្រព្រឹត្ត​តាម​ផ្លូវ​ទៀង​ត្រង់។ ឱ តើ​ពេល​ណា​ទើប​ព្រះ‌អង្គ​យាង​មក​រក​ទូល‌បង្គំ? ទូល‌បង្គំ​នឹង​ប្រព្រឹត្ត​ដោយ​ចិត្ត​ទៀង​ត្រង់ នៅ​ក្នុង​ផ្ទះ​ទូល‌បង្គំ

3 ទូល‌បង្គំ​នឹង​មិន​តាំង​អ្វីមួយ​ដែលឥត​ប្រយោជន៍ នៅ​ចំពោះ​ភ្នែក​ទូល‌បង្គំ​ឡើយ។ ទូល‌បង្គំ​ស្អប់​កិច្ច‌ការ​របស់​អស់​អ្នក ដែល​ងាក​ចេញពី​ព្រះ កិរិយា​បែប​នេះ​នឹង​មិន​ជាប់ នៅ​ក្នុង​ខ្លួន​ទូល‌បង្គំ​ឡើយ។

4 ចិត្ត​វៀច​វេរ​នឹងនៅ​ឆ្ងាយ​ពី​ទូល‌បង្គំ ទូល‌បង្គំ​នឹង​មិន​ស្គាល់​សេចក្ដី​អាក្រក់​ទេ។

5 ៙ អ្នក​ណា​ដែល​មួល​បង្កាច់ អ្នក​ជិត​ខាង​ខ្លួន​ដោយ​សម្ងាត់ ទូល‌បង្គំ​នឹង​បំផ្លាញ​ចេញ។ ហើយ​អ្នក​ណា​ដែល​មាន​ឫក​ខ្ពស់ និង​ចិត្ត​ឆ្មើង‌ឆ្មៃ ទូល‌បង្គំ​នឹង​ទ្រាំ​មិន​បាន​ឡើយ។

6 ៙ ទូល‌បង្គំនឹង​មើល​ទៅ​មនុស្ស​ស្មោះ‌ត្រង់ នៅ​ក្នុង​ស្រុក ដោយ​សន្ដោស ដើម្បី​ឲ្យ​គេ​បានរស់​នៅ​ជា​មួយ​ទូល‌បង្គំ អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​ផ្លូវ​ទៀង​ត្រង់ អ្នក​នោះ​នឹង​បម្រើ​ទូល‌បង្គំ។

7 ៙ អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​អំពើ​បោក​បញ្ឆោត អ្នក​នោះ​មិន​អាច​នៅ​ក្នុង​ផ្ទះ​ទូល‌បង្គំ​បាន​ឡើយ អ្នក​ណា​ដែលនិយាយ​កុហក ក៏​មិន​អាច​ធន់​នៅ​មុខ​ទូល‌បង្គំ​បាន​ដែរ។

8 ៙ រាល់​ព្រឹក ទូល‌បង្គំ​នឹង​បំផ្លាញ មនុស្ស​អាក្រក់​ទាំងប៉ុន្មាននៅ​ក្នុង​ស្រុក ដោយ​កាត់​មនុស្ស​ដែល​ប្រព្រឹត្ត អំពើ​ទុច្ចរិត​ទាំង​អស់ ចេញ​ពី​ទី​ក្រុង​របស់​ព្រះ‌យេហូវ៉ា។

© 2016 United Bible Societies

Bible Society in Cambodia