មហាក្សត្រិយានីស្រុកសេបាមកជួបណាពីស៊ូឡៃម៉ាន1 ភរិយារបស់ស្តេចស្រុកសេបាបានឮអំពីកិត្តិនាមដ៏ល្បីល្បាញដែលស្តេចស៊ូឡៃម៉ានទទួលពីអុលឡោះតាអាឡា។ ដូច្នេះនាងក៏មកជួបស៊ូឡៃម៉ានដើម្បីល្បងប្រាជ្ញា ដោយចោទសួរប្រស្នាផ្សេងៗ។ 2 នាងមកដល់ក្រុងយេរូសាឡឹម ដោយមានអ្នកបម្រើយ៉ាងច្រើនហែហម ព្រមទាំងមានសត្វអូដ្ធជាច្រើនដឹកគ្រឿងក្រអូប មាស និងត្បូងយ៉ាងសន្ធឹកសន្ធាប់ផង។ នាងចូលទៅជួបស្តេចស៊ូឡៃម៉ាន ហើយចោទសួរអ្វីៗទាំងប៉ុន្មានដែលនាងបានរិះគិតទុកជាមុន។ 3 ស្តេចស៊ូឡៃម៉ានឆ្លើយនឹងសំនួររបស់នាងត្រូវទាំងអស់ ឥតមានសំនួរណាមួយដែលគាត់ឆ្លើយពុំរួចនោះឡើយ។ 4 ភរិយារបស់ស្តេចស្រុកសេបាសង្កេតឃើញប្រាជ្ញាដ៏ឈ្លាសវៃរបស់ស្តេចស៊ូឡៃម៉ាន និងឃើញវាំងដែលគាត់បានសង់ 5 ព្រមទាំងឃើញម្ហូបអាហារនៅលើតុស្តេច លំនៅដ្ឋានរបស់នាម៉ឺនមន្ត្រី របៀបរបប និងឯកសណ្ឋានរបស់ពួកអ្នកបម្រើ ពួកមហាតលឹក និងឃើញគូរបានដុត ដែលគាត់ធ្វើនៅក្នុងដំណាក់របស់អុលឡោះតាអាឡា នាងក៏កោតស្ញប់ស្ញែងយ៉ាងខ្លាំង។ 6 នាងមានប្រសាសន៍ទៅកាន់ស្តេចស៊ូឡៃម៉ានថា៖ «ពាក្យទាំងប៉ុន្មាន ដែលខ្ញុំបានឮគេនិយាយនៅក្នុងស្រុករបស់ខ្ញុំ ស្តីអំពីស្តេច និងអំពីប្រាជ្ញារបស់ស្តេចនោះ ពិតជាត្រឹមត្រូវមែន! 7 មុនពេលខ្ញុំមកដល់ និងមុនពេលខ្ញុំឃើញផ្ទាល់នឹងភ្នែក ខ្ញុំមិនបានជឿពាក្យគេទេ។ ឥឡូវនេះ ខ្ញុំយល់ឃើញថា អ្វីៗដែលគេរៀបរាប់នោះ បានត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ។ ស្តេចមានប្រាជ្ញា ហើយចំរុងចំរើន លើសពីសេចក្តីដែលខ្ញុំបានឮទៅទៀត។ 8 ពួកអ្នកបម្រើ និងពួកនាម៉ឺនមន្ត្រីដែលនៅជុំវិញស្តេចពិតជាមានសុភមង្គលហើយ ព្រោះពួកគេបានស្តាប់ប្រសាសន៍ពោរពេញដោយប្រាជ្ញារបស់ស្តេច។ 9 សូមលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់របស់ស្តេច ដែលបានប្រោសប្រណីស្តេច ហើយជ្រើសរើសស្តេច ឲ្យឡើងគ្រងរាជ្យលើស្រុកអ៊ីស្រអែល។ អុលឡោះតាអាឡាស្រឡាញ់ជនជាតិអ៊ីស្រអែលជានិច្ច ហេតុនេះហើយបានជាទ្រង់ជ្រើសរើសស្តេចឲ្យធ្វើជាស្តេច ដើម្បីគ្រប់គ្រងដោយសុចរិត និងយុត្តិធម៌»។ 10 ភរិយារបស់ស្តេចស្រុកសេបា យកមាសទម្ងន់បួនពាន់គីឡូក្រាម មកជូនស្តេច រួមជាមួយគ្រឿងក្រអូប និងត្បូងយ៉ាងច្រើនផង។ តាំងពីពេលនោះមកពុំមានអ្នកណាយកគ្រឿងក្រអូបយ៉ាងច្រើនមកជូនស្តេចស៊ូឡៃម៉ាន ដូចភរិយារបស់ស្តេចស្រុកសេបាឡើយ។ 11 កាលសំពៅរបស់ស្តេចហ៊ីរ៉ាម ដឹកមាសពីស្រុកអូភារមកនោះ គេក៏ដឹកឈើខ្លឹមចន្ទន៍ និងត្បូងយ៉ាងច្រើនមកជាមួយដែរ។ 12 ស្តេចស៊ូឡៃម៉ានបានយកឈើខ្លឹមចន្ទន៍នេះ មកធ្វើបង្កាន់ដៃដំណាក់របស់អុលឡោះតាអាឡា និងដំណាក់របស់គាត់ ព្រមទាំងធ្វើឧបករណ៍ភ្លេង គឺមានពិណ និងឃឹម សម្រាប់ក្រុមអ្នកចំរៀង។ រហូតដល់សព្វថ្ងៃគេពុំដែលឃើញមាននរណាម្នាក់ នាំឈើខ្លឹមចន្ទន៍យ៉ាងច្រើនបែបនេះ ចូលមកស្រុកអ៊ីស្រអែលឡើយ។ 13 រីឯស្តេចស៊ូឡៃម៉ានវិញ អ្វីៗដែលមហាក្សត្រិយានីស្រុកសេបាចង់បាន និងសូម គាត់ប្រគល់ឲ្យទាំងអស់។ លើសពីនេះ គាត់ក៏បានជូនរាជ្យទ្រព្យទៅនាង សមនឹងឋានៈគាត់ជាស្តេចដ៏ឧត្តុង្គឧត្តម។ បន្ទាប់មក ភរិយារបស់ស្តេច និងអ្នកបម្រើវិលត្រឡប់ទៅកាន់ស្រុកសេបាវិញ។ រាជទ្រព្យរបស់ណាពីស៊ូឡៃម៉ាន14 ក្នុងមួយឆ្នាំៗ ស្តេចស៊ូឡៃម៉ានទទួលបានមាស ទម្ងន់ម្ភៃបីតោន។ 15 លើសពីនោះ មានចំណូលដែលបានមកពីពន្ធដារនៃទំនិញនាំចូល ការធ្វើជំនួញ ព្រមទាំងសួយអាកររបស់ស្តេចទាំងឡាយនៃស្រុកអារ៉ាប់ និងពួកចៅហ្វាយខេត្តថែមទៀតផង។ 16 ស្តេចស៊ូឡៃម៉ានឲ្យគេធ្វើខែលធំៗពីមាសចំនួនពីររយ ខែលនីមួយៗមានទម្ងន់ប្រាំមួយគីឡូក្រាម 17 និងខែលតូចៗពីមាសចំនួនបីរយ ខែលនីមួយៗមានទម្ងន់មួយគីឡូក្រាមកន្លះ។ គាត់យកខែលទាំងនោះទៅទុកក្នុង «ដំណាក់ព្រៃស្រុកលីបង់»។ 18 ស្តេចស៊ូឡៃម៉ានធ្វើបល្ល័ង្កមួយដ៏ធំពីភ្លុក ព្រមទាំងស្រោបមាសសុទ្ធផង។ 19 បល្ល័ង្កនេះស្ថិតនៅលើកំណល់មួយដែលមានជណ្តើរប្រាំមួយថ្នាក់ បង្អែករបស់បល្ល័ង្កមានរាងមូល ព្រមទាំងមានដៃសងខាង ហើយមានរូបចម្លាក់សឹង្ហពីរ ឈរនៅជាប់នឹងដៃទាំងសងខាងនោះ។ 20 មានរូបចម្លាក់សឹង្ហដប់ពីរ ឈរអមសងខាងជណ្តើរទាំងប្រាំមួយថ្នាក់នោះ។ គេពុំដែលឃើញនគរណាមានបល្ល័ង្កបែបនេះឡើយ។ 21 រីឯពែងទាំងប៉ុន្មានរបស់ស៊ូឡៃម៉ាន សុទ្ធតែធ្វើពីមាស ហើយចានដែលប្រើប្រាស់ក្នុងដំណាក់ព្រៃស្រុកលីបង់ ក៏ធ្វើពីមាសសុទ្ធទាំងអស់។ គេពុំបានធ្វើគ្រឿងប្រដាប់អ្វីពីប្រាក់ទេ ដ្បិតក្នុងរជ្ជកាលស្តេចស៊ូឡៃម៉ាន ប្រាក់គ្មានតម្លៃឡើយ។ 22 ស្តេចស៊ូឡៃម៉ានមានសំពៅដើរសមុទ្រ សម្រាប់ធ្វើជំនួញទៅស្រុកឆ្ងាយ ជាមួយសំពៅរបស់ស្តេចហ៊ីរ៉ាម។ បីឆ្នាំម្តង សំពៅទាំងនោះវិលត្រឡប់មកវិញ ដោយនាំយកមាស ប្រាក់ ភ្លុក ស្វា និងក្ងោកមកផង។ 23 ស្តេចស៊ូឡៃម៉ានមានទ្រព្យសម្បត្តិ និងប្រាជ្ញាលើសស្តេចទាំងប៉ុន្មាននៅលើផែនដី។ 24 មនុស្សទាំងអស់តែងតែចង់ចូលជួបស្តេចស៊ូឡៃម៉ាន ដើម្បីស្តាប់ការណែនាំប្រកបដោយប្រាជ្ញាដែលអុលឡោះប្រទានមកគាត់។ 25 រៀងរាល់ឆ្នាំ គេតែងតែនាំយកទ្រព្យមកជូនស្តេចស៊ូឡៃម៉ាន គឺមានវត្ថុធ្វើពីមាស ធ្វើពីប្រាក់ សម្លៀកបំពាក់ គ្រឿងសស្ត្រាវុធ គ្រឿងក្រអូប សេះ និងលា។ 26 ស្តេចស៊ូឡៃម៉ានប្រមូលរទេះចំបាំង និងពលទ័ពសេះទាំងអស់មក ឃើញមានរទេះចំបាំងចំនួនមួយពាន់បួនរយ និងពលទ័ពសេះ ចំនួនមួយម៉ឺនពីរពាន់នាក់។ គាត់ទុកមួយចំនួនឲ្យនៅជាមួយគាត់ក្នុងក្រុងយេរូសាឡឹម និងមួយចំនួនទៀត ឲ្យទៅនៅតាមក្រុងនានាដែលគាត់បម្រុងសម្រាប់ទ័ពទាំងនោះ។ 27 ស៊ូឡៃម៉ានបានធ្វើឲ្យក្រុងយេរូសាឡឹម មានប្រាក់សម្បូណ៌ដូចដុំថ្ម និងមានឈើតាត្រៅសម្បូណ៌ដូចដើមរាំង ដែលដុះនៅតាមវាលទំនាប។ 28 ពួកឈ្មួញនាំគ្នាទៅទិញសេះពីស្រុកអេស៊ីប និងគីលីគា មកជូនស្តេចស្តេចស៊ូឡៃម៉ាន។ 29 រទេះមួយមកពីស្រុកអេស៊ីប មានតម្លៃជាប្រាក់សុទ្ធប្រាំមួយរយស្លឹង និងសេះមួយតម្លៃមួយរយហាសិបស្លឹង។ ពួកឈ្មួញក៏បាននាំសេះ និងរទេះទៅលក់ជូនស្តេចទាំងប៉ុន្មាននៃជនជាតិហេត និងស្តេចនៃជនជាតិស៊ីរីដែរ។ |
© 2014 United Bible Societies, UK.
United Bible Societies