រាជ្យរបស់អាល់ម៉ាស្សៀស1 មានខ្នែងមួយដុះចេញពីគល់ របស់លោកអ៊ីសាយ 2 រសរបស់អុលឡោះតាអាឡា នឹងសណ្ឋិតនៅបុត្រានោះ គឺជារសដែលផ្ដល់ប្រាជ្ញា ឲ្យចេះពិចារណាដឹងខុសត្រូវ រសដែលផ្ដល់ការឈ្លាសវៃ និងចិត្តអង់អាច រសដែលបំភ្លឺឲ្យស្គាល់ និងគោរពកោតខ្លាចអុលឡោះតាអាឡា 3 ព្រមទាំងឲ្យមានអំណរសប្បាយ ក្នុងការកោតខ្លាចអុលឡោះតាអាឡា បុត្រានេះមិនវិនិច្ឆ័យ តាមលក្ខណៈខាងក្រៅឡើយ ហើយទ្រង់ក៏មិនកាត់ក្ដី តាមដែលឮគេនិយាយដែរ។ 4 គាត់នឹងវិនិច្ឆ័យជនក្រីក្រដោយយុត្តិធម៌ កាត់ក្ដីឲ្យជនទុគ៌ត ដោយទៀងត្រង់។ គាត់ប្រើបន្ទូលរបស់អុលឡោះជាដំបង ដើម្បីធ្វើទោសមនុស្សនៅលើទឹកដីនេះ ហើយពេលគាត់ចេញបញ្ជា មនុស្សអាក្រក់ត្រូវតែស្លាប់។ 5 គាត់នឹងយកយុត្តិធម៌ធ្វើជាខ្សែក្រវាត់ចង្កេះ យកចិត្តស្មោះត្រង់ធ្វើជាសង្វារ។ 6 ចចក និងកូនចៀម នឹងរស់នៅជាមួយគ្នា ខ្លារខិននឹងដេកជាមួយកូនពពែ។ កូនគោ និងកូនសិង្ហ នឹងស៊ីចំណីជាមួយគ្នា ហើយមានក្មេងតូចម្នាក់ឃ្វាលវា។ 7 គោញី និងខ្លាឃ្មុំ ស៊ីស្មៅជាមួយគ្នា ហើយកូនរបស់វាក៏នៅជាមួយគ្នាដែរ។ សត្វសិង្ហនឹងចេះស៊ីចំបើងដូចគោ។ 8 ក្មេងដែលនៅបៅដោះនឹងលេង ត្រង់មាត់រន្ធពស់វែក ក្មេងតូចៗលូកដៃទៅក្នុងរន្ធពស់អសិរពិស។ 9 ប្រជាជននឹងលែងប្រព្រឹត្តអំពើអាក្រក់ ឬបំផ្លាញគ្នានៅភ្នំដ៏វិសុទ្ធរបស់យើងទៀតហើយ សមុទ្រពោរពេញដោយទឹកយ៉ាងណា នៅក្នុងស្រុកក៏មានសុទ្ធតែមនុស្សដែលស្គាល់ អុលឡោះតាអាឡាយ៉ាងនោះដែរ។ 10 នៅគ្រានោះ អុលឡោះតាអាឡានឹងលើកស្តេច ដែលប្រសូតចេញពីពូជពង្សលោកអ៊ីសាយ ឲ្យធ្វើជាទង់ សម្រាប់ប្រជាជនទាំងឡាយ ប្រជាជាតិទាំងនោះនឹងស្វែងរកស្តេច ហើយកន្លែងដែលគាត់សម្រាក នឹងបានថ្កុំថ្កើងរុងរឿង។ ប្រជាជនដែលគេចាប់យកទៅជាឈ្លើយសឹក នឹងវិលមកស្រុកវិញ11 នៅគ្រានោះ អុលឡោះជាអម្ចាស់សំដែងការអស្ចារ្យសាជាថ្មី ដើម្បីលោះប្រជាជនរបស់ទ្រង់ ដែលនៅសេសសល់ គឺអស់អ្នកដែលរស់នៅក្នុងស្រុកអាស្ស៊ីរី ស្រុកអេស៊ីប ស្រុកប៉ាត្រូស ស្រុកអេត្យូពី ស្រុកអេឡាម ស្រុកស៊ីណើរ ក្រុងហាម៉ាត់ និងកោះទាំងឡាយនៅតាមសមុទ្រ។ 12 ទ្រង់នឹងលើកទង់មួយ ជាសញ្ញាឲ្យប្រជាជាតិទាំងឡាយដឹងថា ទ្រង់នឹងប្រមែប្រមូលជនជាតិអ៊ីស្រអែល ដែលគេកៀរយកទៅ ហើយនាំជនជាតិយូដាដែលបែកខ្ញែកគ្នា ទៅពាសពេញសកលលោកទាំងមូល ឲ្យវិលត្រឡប់មកវិញ។ 13 ពេលនោះ អេប្រាអ៊ីមឈប់មានចិត្តច្រណែន ហើយខ្មាំងសត្រូវរបស់យូដានឹងវិនាសសូន្យ។ អេប្រាអ៊ីមលែងច្រណែននឹងយូដា យូដាក៏លែងប្រឆាំងនឹងអេប្រាអ៊ីមទៀតដែរ។ 14 គេនឹងពួតដៃគ្នាវាយលុកជនជាតិភីលីស្ទីន ដែលនៅខាងលិច គេនឹងរឹបអូសយក សម្បត្តិរបស់ជនជាតិនានា ដែលនៅខាងកើត គេនឹងបង្ក្រាបស្រុកអេដុម និងស្រុកម៉ូអាប់ ព្រមទាំងយកស្រុកអាំម៉ូនធ្វើជាចំណុះផង។ 15 អុលឡោះតាអាឡានឹងធ្វើឲ្យឈូងសមុទ្រ នៅស្រុកអេស៊ីបរីងស្ងួត ទ្រង់លើកដៃកំហែងទន្លេអឺប្រាត ទ្រង់ប្រើអំណាចផ្លុំបំបែកទន្លេនេះ ឲ្យទៅជាដៃទន្លេប្រាំពីរ ហើយប្រជាជនអាចដើរឆ្លងបាន។ 16 ពេលនោះ នឹងមានផ្លូវមួយ សម្រាប់ប្រជាជន អ៊ីស្រអែលដែលនៅសេសសល់ពីស្លាប់ គឺអស់អ្នកដែលរស់នៅស្រុកអាស្ស៊ីរី ដូចកាលពីដើម មានផ្លូវមួយសម្រាប់ បុព្វបុរសរបស់គេចេញពីស្រុកអេស៊ីបដែរ។ |
© 2014 United Bible Societies, UK.
United Bible Societies