អុលឡោះតាអាឡានឹងស្ដារក្រុងយេរូសាឡឹមឡើងវិញ1 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលមកខ្ញុំដូចតទៅនេះ៖ 2 «អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា: យើងមានចិត្តស្រឡាញ់ក្រុងស៊ីយ៉ូនពន់ពេកក្រៃ យើងជំពាក់ចិត្តយ៉ាងខ្លាំង! 3 អុលឡោះតាអាឡាមានបន្ទូលថា: យើងនឹងវិលត្រឡប់ទៅក្រុងស៊ីយ៉ូនវិញ យើងនឹងស្នាក់នៅក្នុងក្រុងយេរូសាឡឹម។ ពេលនោះ គេនឹងហៅយេរូសាឡឹមថា “ក្រុងដ៏ស្មោះត្រង់” ហើយហៅភ្នំរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលថា “ភ្នំដ៏វិសុទ្ធ”។ 4 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា: មនុស្សចាស់ជរា ទាំងប្រុសទាំងស្រី នឹងអង្គុយនៅតាមទីធ្លាក្រុងយេរូសាឡឹម។ ម្នាក់ៗកាន់ឈើច្រត់ ព្រោះតែមានវ័យជរាណាស់ទៅហើយ។ 5 នៅតាមទីធ្លាក្រុងក៏មានក្មេងប្រុសស្រីរត់លេងពាសពេញដែរ។ 6 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា: នៅគ្រានោះ ប្រជាជនដែលនៅសេសសល់យល់ថា ហេតុការណ៍នេះដូចជាអស្ចារ្យពេក ក៏ប៉ុន្តែ យើងយល់ថាមិនមែនជាការអស្ចារ្យពេកទេ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។ 7 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា: យើងនឹងសង្គ្រោះប្រជារាស្ត្ររបស់យើងដែលនៅស្រុកខាងកើត និងស្រុកខាងលិច។ 8 យើងនឹងនាំពួកគេមករស់នៅក្នុងក្រុងយេរូសាឡឹមវិញ ពួកគេនឹងទៅជាប្រជារាស្ត្ររបស់យើង ហើយយើងជាម្ចាស់របស់ពួកគេប្រកបដោយសេចក្ដីស្មោះត្រង់ និងសេចក្ដីសុចរិត។ 9 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា: ចូរមានចិត្តក្លាហានឡើង អ្នករាល់គ្នាឮសេចក្ដីផ្សេងៗដែលណាពីប្រកាសប្រាប់ក្នុងនាមយើង នៅគ្រាដែលគេចាក់គ្រឹះសង់ដំណាក់របស់យើង ជាអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។ 10 កាលពីមុន គ្មាននរណាឲ្យថ្លៃឈ្នួលមនុស្ស ឬសត្វដែលបំពេញការងារទេ ហើយព្រោះតែខ្មាំងសត្រូវក៏គ្មាននរណាធ្វើដំណើរដោយសុខសាន្តដែរ ដ្បិតយើងបានបណ្ដោយឲ្យមនុស្សទាំងអស់ប្រហារគ្នាទៅវិញទៅមក។ 11 ប៉ុន្តែ ឥឡូវនេះ យើងមិនប្រព្រឹត្តចំពោះប្រជាជនដែលនៅសេសសល់ ដូចយើងធ្លាប់ប្រព្រឹត្តពីអតីតកាលឡើយ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។ 12 យើងនឹងផ្ដល់ឲ្យស្រុកបានប្រកបសេចក្ដីសុខសាន្ត: ដើមទំពាំងបាយជូរនឹងមានផ្លែផ្កាឡើងវិញ ដីនឹងផ្ដល់ភោគផល ហើយមេឃក៏បង្អុរទឹកភ្លៀងមកដែរ។ យើងនឹងឲ្យប្រជាជនដែលនៅសេសសល់ទទួលភោគសម្បត្តិទាំងនោះទុកជាមត៌ក។ 13 កូនចៅយូដា និងកូនចៅអ៊ីស្រអែលអើយ អ្នករាល់គ្នាធ្លាប់បង្ហាញឲ្យប្រជាជាតិនានាឃើញបណ្ដាសាយ៉ាងណា យើងក៏នឹងសង្គ្រោះអ្នករាល់គ្នា ដើម្បីបង្ហាញពររបស់អុលឡោះឲ្យពួកគេឃើញយ៉ាងនោះដែរ! កុំភ័យខ្លាចអ្វីឡើយ ចូរមានចិត្តក្លាហានឡើង! 14 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា: ដោយដូនតារបស់អ្នករាល់គ្នាបញ្ឆេះកំហឹងរបស់យើង យើងបានសម្រេចចិត្តធ្វើឲ្យអ្នករាល់គ្នារងទុក្ខទោស ដោយឥតនឹកស្ដាយ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។ 15 ប៉ុន្តែ នៅពេលនេះ យើងដូរគំនិត ហើយសម្រេចចិត្តផ្ដល់ឲ្យអ្នកក្រុងយេរូសាឡឹម និងអ្នកស្រុកយូដា បានចំរុងចំរើន កុំភ័យខ្លាចអ្វីឡើយ! 16 ចូរនាំគ្នាប្រតិបត្តិតាមសេចក្ដីទាំងនេះ ចូរនិយាយការពិតចំពោះគ្នាទៅវិញទៅមក។ នៅពេលកាត់ក្ដីត្រូវវិនិច្ឆ័យតាមសេចក្ដីពិត ហើយសំរុះសំរួលគ្នាតាមយុត្តិធម៌។ 17 កុំឲ្យគិតគូរប្រព្រឹត្តអំពើអាក្រក់ចំពោះគ្នានឹងគ្នាឡើយ។ កុំចូលចិត្តស្បថបំពានឲ្យសោះ ដ្បិតយើងស្អប់អំពើទាំងនោះណាស់» -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 18 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលមកខ្ញុំដូចតទៅ៖ 19 «អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា: ពិធីតមអាហារនៅខែទីបួន ខែទីប្រាំ ខែទីប្រាំពីរ និងខែទីដប់ នឹងប្រែទៅជាពិធីបុណ្យដ៏សប្បាយរីករាយសម្រាប់កូនចៅយូដា គឺជាឱកាសមួយប្រកបដោយអំណរដ៏មហោឡារិក។ ក៏ប៉ុន្តែ អ្នករាល់គ្នាត្រូវស្រឡាញ់សេចក្ដីពិត និងសេចក្ដីសុខសាន្ត»។ 20 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖ «ជាតិសាសន៍នានា ព្រមទាំងប្រជាជនពីទីក្រុងជាច្រើននឹងនាំគ្នាមកក្រុងយេរូសាឡឹម។ 21 អ្នកក្រុងមួយនឹងធ្វើដំណើរទៅប្រាប់អ្នកក្រុងមួយទៀតថា: “មក៍! យើងនាំគ្នាទៅទូរអាអង្វរអុលឡោះតាអាឡា យើងនាំគ្នាទៅរកអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល!” ម្នាក់ទៀតតបថា “ខ្ញុំក៏ទៅជាមួយដែរ!”។ 22 ជាតិសាសន៍ជាច្រើន និងប្រជាជាតិមហាអំណាច នឹងនាំគ្នាមករកអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល នៅក្រុងយេរូសាឡឹម ដើម្បីទូរអរអង្វរទ្រង់។ 23 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា: នៅគ្រានោះ មនុស្សដប់នាក់មកពីគ្រប់ជាតិសាសន៍ ដែលនិយាយភាសាផ្សេងៗគ្នា នឹងចាប់កាន់ជាយអាវជនជាតិយូដាម្នាក់ ទាំងពោលថា “ពួកយើងនឹងទៅជាមួយអ្នករាល់គ្នាដែរ ព្រោះពួកយើងឮថា អុលឡោះនៅជាមួយអ្នករាល់គ្នា”»។ |
© 2014 United Bible Societies, UK.
United Bible Societies