ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


លេវី‌វិន័យ 6 - អាល់គីតាប អាល់គីតាប
លេវី‌វិន័យ 6

1 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖

2 «ប្រសិន​បើ​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ដោយ​បំពាន​លើ​ហ៊ូកុំអុលឡោះ‌តាអាឡា គឺ​បំបាត់​វត្ថុ​អ្វី​មួយ​ពី​ជន​រួម​ជាតិ​របស់​ខ្លួន ដូច​ជា​បន្លំ​យក​របស់​ដែល​គេ​យក​មក​ផ្ញើ​ទុក ឬ​លួច​យក​របស់​គេ ឬ​កំហែង​យក​ទ្រព្យ​ជន​រួម​ជាតិ​របស់​ខ្លួន

3 ឬ​បាន​រើស​របស់​ដែល​គេ​បាត់ តែ​ប្រកែក​ថា​មិន​ឃើញ ឬ​ក៏​ស្បថ​បំពាន ដើម្បី​បិទ​បាំង​អំពើ​បាប​ណា​មួយ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត

4 មនុស្ស​ប្រព្រឹត្ត​អំពើ​បាប បណ្តាល​ឲ្យ​ខ្លួន​មាន​ទោស ដូច្នេះ ត្រូវ​សង​វត្ថុ​ដែល​ខ្លួន​បាន​លួច ឬ​កំហែង​យក ឬ​សង​វត្ថុ​ដែល​គេ​យក​មក​បញ្ចាំ ឬ​វត្ថុ​ដែល​ខ្លួន​រើស​បាន​នោះ ទៅ​ឲ្យ​ម្ចាស់​ដើម​វិញ។

5 អ្នក​នោះ ក៏​ត្រូវ​សង​វត្ថុ​ដែល​ខ្លួន​បាន​ស្បថ​បំពាន​យក​ផង​ដែរ។ នៅ​ពេល​ដែល​គាត់​ដឹង​ខ្លួន​ថា​មាន​ទោសនោះ​គាត់​មិន​គ្រាន់​តែ​សង​វត្ថុ​ទាំង​អស់​ទៅ​ម្ចាស់​ដើម​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​បន្ថែម​តម្លៃ​មួយ​ភាគ​ប្រាំ ពី​លើ​តម្លៃ​របស់​វត្ថុ​នោះ​ទៀត​ផង។

6 បន្ទាប់​មក គាត់​ត្រូវ​នាំ​ចៀម​ឈ្មោល​មួយ​ដ៏​ល្អ​ឥត​ខ្ចោះ​ពី​ហ្វូង​សត្វ​របស់​ខ្លួន ទៅ​ជូន​អ៊ីមុាំ​សម្រាប់​ជូនអុលឡោះ‌តាអាឡា​ដោយ​គិត​តាម​តម្លៃ​គូរបាន​លោះ​បាប។

7 នៅ​ចំពោះអុលឡោះ‌តាអាឡា អ៊ីមុាំ​ធ្វើ​ពិធី​រំដោះ​បាប​ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត ហើយ​ទ្រង់​នឹង​អត់​ទោស​ឲ្យ​គាត់ ទោះ​បី​គាត់​មាន​កំហុស​អ្វី​ក៏​ដោយ»។

ហ៊ូកុំ​សម្រាប់​អ៊ីមុាំ: ការធ្វើ​គូរបាន​ដុត

8 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖

9 «ចូរ​បង្គាប់​ហារូន និង​កូនៗ​របស់​គាត់​ដូច​ត​ទៅ: នេះ​ជា​ហ៊ូកុំ​ស្តី​អំពី​គូរបាន​ដុត: ត្រូវ​ទុក​គូរបាន​ដុត​នៅ​លើ​អាសនៈ ពេញ​មួយ​យប់​រហូត​ទល់​ភ្លឺ ហើយ​ត្រូវ​ថែ​ភ្លើង​ឲ្យ​ឆេះ​រហូត។

10 អ៊ីមុាំ​ត្រូវ​ពាក់​អាវ​វែង និង​ស្លៀក​ខោ​ខ្លី​ធ្វើ​ពី​ក្រណាត់​ទេស​ឯក ហើយ​កើប​ផេះ​ដែល​បាន​មក​ពី​ការ​ធ្វើ​គូរបាន​ដុត​នោះ​ចេញ​ពី​អាសនៈ យក​ទៅ​ដាក់​វា​នៅ​ក្បែរ​អាសនៈ។

11 បន្ទាប់​មក គាត់​ត្រូវ​ផ្លាស់​សម្លៀក​បំពាក់ រួច​យក​ផេះ​នោះ​ចេញ​ទៅ​ក្រៅ​ជំរំ ចាក់​នៅ​កន្លែង​មួយ​បរិសុទ្ធ។

12 ត្រូវ​ឲ្យ​ភ្លើង​នៅ​លើ​អាសនៈ​ឆេះ​រហូត គឺ​មិន​ត្រូវ​ឲ្យ​រលត់​ឡើយ។ រាល់​ព្រឹក អ៊ីមុាំ​ត្រូវ​តែ​ថែម​អុស ហើយ​ដាក់​គូរបាន​ដុត​ពី​លើ ព្រម​ទាំង​ដុត​ខ្លាញ់​នៃ​គូរបាន​មេត្រី​ភាព​ថែម​ទៀត​ផង។

13 ត្រូវ​ទុកភ្លើង​ឲ្យ​ឆេះ​នៅ​លើ​អាសនៈ​ជានិច្ច គឺ​មិន​ត្រូវ​ឲ្យ​រលត់​ឡើយ»។

ជំនូន​ជា​ម្សៅ

14 «នេះ​ជា​ហ៊ូកុំ​ស្តីអំពី​ជំនូន​ម្សៅ: កូនៗ​របស់​ហារូន​ត្រូវ​ជូន​ជំនូន​ម្សៅ​ជូនអុលឡោះ‌តាអាឡា នៅ​មុខ​អាសនៈ។

15 អ៊ីមុាំ​មួយ​នាក់​យក​ម្សៅ​ម៉ដ្ត​មួយ​ក្តាប់ ព្រម​ទាំង​ប្រេង និង​គ្រឿង​ក្រអូប​ទាំង​អស់ រួច​ដុត​នៅ​លើ​អាសនៈ​ទុក​ជា​ទី​រំលឹក ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា។

16 រីឯ​ម្សៅ​ដែល​នៅ​សល់​ត្រូវ​បាន​ទៅ​ហារូន និង​កូន​របស់​គាត់។ ប៉ុន្តែ ពួក​គេ​ត្រូវ​បរិភោគ​នំបុ័ង​ធ្វើ​ពី​ម្សៅ​នេះ ដោយ​ឥត​ដាក់​មេ​ឡើយ។ ពួក​គេ​ត្រូវ​បរិភោគ​នៅ​ត្រង់​កន្លែង​ដ៏​សក្ការៈ​ក្នុង​ទី‌លាន​ជំរំ​ជួប​អុលឡោះ‌តាអាឡា។

17 មិន​ត្រូវ​ដុត​នំបុ័ង​នេះ​លាយ​ជា​មួយ​មេ​ឡើយ ដ្បិត​ជា​ចំណែក​ដែលអុលឡោះ‌តាអាឡា​យក​ចេញ​ពី​គូរបាន​ដុត​សម្រាប់​ពួក​គេ។ នេះ​ជា​ចំណែក​បរិសុទ្ធ​បំផុត ដូច​គូរបាន​រំដោះ​បាប និង​គូរបាន​លោះ​បាប​ដែរ។

18 មាន​តែ​ប្រុសៗ​ក្នុង​ចំណោម​កូន​ចៅ​របស់​ហារូន​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​បរិភោគ​នំ‌បុ័ង​នេះ។ នេះ​ជា​ចំណែក​ដែល​ត្រូវ​ញែក​ចេញ​ពី​ជំនូន​របស់អុលឡោះ‌តាអាឡា ទុក​សម្រាប់​ពួក​គេ​រហូត​ត​ទៅ។ អ្វីៗ​ដែល​ប៉ះ​ជំនូន​ទាំង​នេះ​នឹង​បាន​បរិសុទ្ធ»។

19 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖

20 «នៅ​ពេល​ដែល​ហារូន និង​កូនៗ​របស់​គាត់​ទទួល​ការ​តែង‌តាំង​ជា​អ៊ីមុាំ ពួក​គេ​ត្រូវ​យក​ម្សៅ​ម៉ដ្ត​ទម្ងន់​មួយ​ភាគ​ដប់​នៃ​អេផា​មក​ជូនអុលឡោះ‌តាអាឡា ទុក​ជា​ជំនូន​អចិន្ត្រៃយ៍ គឺ​ពាក់​កណ្តាល​ជូន​នៅ​ពេល​ព្រឹក ហើយ​ពាក់​កណ្តាល​ទៀត​ជូន​នៅ​ពេល​ល្ងាច។

21 ត្រូវ​យក​ម្សៅ​ម៉ដ្ត​លាយ​ជា​មួយ​ប្រេង រួច​ចាក់​វា​ដុត​ក្នុង​ពុម្ព។ លុះ​នំ​ឆ្អិន​ហើយ ត្រូវ​កាត់​ជា​ដុំៗ​មុន​នឹង​លើក​ជូនអុលឡោះ‌តាអាឡា ជា​ជំនូន​ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​ពេញ​ចិត្ត​អុលឡោះ។

22 កូន​របស់​ហារូន ដែល​ទទួល​ការ​តែង‌តាំង​ជា​មូស្ទី​បន្ត​ពី​គាត់​ត្រូវ​ជូន​ជំនូន​នេះ​ដែរ គឺ​ជា​ជំនូន​ដែល​ត្រូវ​តែ​ដុត​ទាំង​អស់ ជូនអុលឡោះ‌តាអាឡា​ជា​រៀង​រហូត។

23 នៅ​ពេល​អ៊ីមុាំ​ជូន​ជំនូន​ម្សៅ ត្រូវ​តែ​ដុត​ទាំង​អស់​ជូនអុលឡោះ‌តាអាឡា គឺ​មិន​ត្រូវ​ទុក​បរិភោគ​ឡើយ»។

ការ​ធ្វើ​គូរបាន​រំដោះ​បាប

24 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖

25 «ចូរ​ប្រាប់​ហារូន និង​កូនៗ​របស់​គាត់​ដូច​ត​ទៅ: នេះ​ជា​ហ៊ូកុំ​ស្តី​អំពី​ការ​ធ្វើ​គូរបាន​រំដោះ​បាប: ចូរ​អារ​ក​សត្វ​ដែល​ត្រូវ​ធ្វើ​ជា​គូរបាន​រំដោះ​បាប នៅ​កន្លែង​ដែល​គេ​អារ​ក​សត្វ​សម្រាប់​ធ្វើ​ជា​គូរបាន​ដុត នៅ​ចំពោះអុលឡោះ‌តាអាឡា ព្រោះជា​ជំនូន​បរិសុទ្ធ​បំផុត។

26 អ៊ីមុាំ​ដែល​ធ្វើ​គូរបាន​រំដោះ​បាប​ត្រូវ​បរិភោគ​ជំនូន​នេះ​នៅ​កន្លែង​ដ៏​សក្ការៈ ក្នុង​ទី‌លាន​នៃ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។

27 អ្វីៗ​ដែល​ប៉ះ​នឹង​សាច់​របស់​សត្វ​នោះ នឹង​បាន​បរិសុទ្ធ។ ប្រសិន​បើ​មាន​ឈាម​ខ្ទាត​ប្រឡាក់​អាវ ត្រូវ​លាង​កន្លែង​ប្រឡាក់​នោះ​នៅ​ក្នុង​ទី​ដ៏​សក្ការៈ។

28 ប្រសិន​បើ​គេ​ចំអិន​សាច់​ក្នុង​ថ្លាង​ដី ក្រោយ​ពី​ចំអិន​រួច​ត្រូវ​តែ​បំបែក​ថ្លាង​នោះ​ចោល។ ប្រសិន​បើ​គេ​ចំអិន​សាច់​ក្នុង​ថ្លាង​លង្ហិន​ក្រោយ​ពី​ចំអិន​រួច ត្រូវ​តែ​យក​ថ្លាង​ទៅ​ដុស និង​លាង​ក្នុង​ទឹក។

29 ក្នុង​ក្រុម​គ្រួសារ​របស់​អ៊ីមុាំ​មាន​តែ​ប្រុសៗ​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​បរិភោគ​សាច់​នេះ ព្រោះ​ជា​ជំនូន​ដ៏​វិសុទ្ធ​បំផុត។

30 រីឯ​សាច់​របស់​សត្វ​ដែល​គេ​យក​ឈាម​ចូល​ទៅ​ក្នុង​ទី​សក្ការៈ​នៃ​ជំរំ​ជួប​អុលឡោះ‌តាអាឡា​សម្រាប់​ពិធី​រំដោះ​បាប​នោះ មិន​ត្រូវ​បរិភោគ​ទេ គឺ​ត្រូវ​ដុត​ទាំង​អស់»។

© 2014 United Bible Societies, UK.

United Bible Societies