ហ៊ូកុំផ្សេងៗ1 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ 2 «ចូរប្រាប់សហគមន៍អ៊ីស្រអែលទាំងមូលដូចតទៅ: អ្នករាល់គ្នាត្រូវតែបរិសុទ្ធ ព្រោះយើងជាអុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នា យើងជាម្ចាស់ដ៍វិសុទ្ធ។ 3 ក្នុងចំណោមអ្នករាល់គ្នា ម្នាក់ៗត្រូវគោរពឪពុកម្តាយរបស់ខ្លួន ត្រូវគោរពថ្ងៃសម្រាករបស់យើង។ យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា។ 4 អ្នករាល់គ្នាមិនត្រូវបែរទៅគោរពព្រះក្លែងក្លាយ ហើយក៏មិនត្រូវសិតធ្វើរូបព្រះសម្រាប់អ្នករាល់គ្នាដែរ។ យើងជាអុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នា។ 5 ពេលណាអ្នករាល់គ្នាធ្វើគូរបានមេត្រីភាពជូនអុលឡោះតាអាឡា ត្រូវជូនតាមរបៀបគាប់ចិត្តអុលឡោះ។ 6 ត្រូវបរិភោគសាច់របស់សត្វដែលអ្នករាល់គ្នាធ្វើគូរបាននៅថ្ងៃនោះ និងថ្ងៃបន្ទាប់។ រីឯសាច់ដែលនៅសល់រហូតដល់ថ្ងៃទីបីត្រូវយកទៅដុត។ 7 ប្រសិនបើបរិភោគសាច់នេះនៅថ្ងៃទីបីមិនល្អទេ ហើយក៏មិនគាប់ចិត្តអុលឡោះតាអាឡាដែរ។ 8 នរណាបរិភោគសាច់នេះនៅថ្ងៃទីបីនឹងមានទោស ដ្បិតគេប្រមាថរបស់ដែលគេបានញែកជាសក្ការៈជូនអុលឡោះតាអាឡា។ អ្នកប្រព្រឹត្តដូច្នេះ នឹងត្រូវដកចេញពីចំណោមប្រជាជនរបស់ខ្លួន។ 9 ពេលណាអ្នករាល់គ្នាច្រូតស្រូវ នៅក្នុងស្រុករបស់អ្នករាល់គ្នាកុំច្រូតរហូតដល់ភ្លឺស្រែឡើយ ហើយក៏កុំរើសកួរស្រូវដែលជ្រុះដែរ។ 10 មិនត្រូវបេះផ្លែទំពំាងបាយជូរដែលនៅសេសសល់ក្នុងចម្ការរបស់អ្នកឲ្យសោះ ហើយផ្លែដែលជ្រុះលើដី ក៏មិនត្រូវរើសដែរ គឺត្រូវទុកឲ្យជនទុគ៌ត និងជនបរទេសរើសបរិភោគ។ យើងជាអុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នា។ 11 អ្នករាល់គ្នាមិនត្រូវលួចទ្រព្យរបស់អ្នកដទៃ ហើយក៏មិនត្រូវបោកប្រាស់ និងបញ្ឆោតយកទ្រព្យជនរួមជាតិរបស់អ្នករាល់គ្នាដែរ។ 12 មិនត្រូវយកឈ្មោះយើងទៅស្បថបំពានឡើយ ធ្វើដូច្នេះអ្នករាល់គ្នាបន្ថោកនាមនៃអុលឡោះជាម្ចាស់របស់អ្នក។ យើងជាអុលឡោះតាអាឡា។ 13 មិនត្រូវជិះជាន់សង្កត់សង្កិនជនរួមជាតិរបស់អ្នកឡើយ កុំប្លន់យកទ្រព្យគេ ហើយក៏កុំទុកប្រាក់ឈ្នួលរបស់កម្មកររហូតដល់ថ្ងៃស្អែកដែរ។ 14 មិនត្រូវជេរប្រមាថមនុស្សថ្លង់ ហើយក៏កុំយកអ្វីទៅដាក់នៅពីមុខមនុស្សខ្វាក់បណ្តាលឲ្យគេជំពប់ដួលឡើយ។ ផ្ទុយទៅវិញ ចូរគោរពកោតខ្លាចអុលឡោះជាម្ចាស់របស់អ្នក។ យើងជាអុលឡោះតាអាឡា។ 15 ពេលវិនិច្ឆ័យទោស កុំកាត់ក្តីដោយអយុត្តិធម៌ កុំរើសមុខនរណាឲ្យសោះ គឺកុំយោគយល់អ្នកតូច ឬអ្នកធំ តែត្រូវវិនិច្ឆ័យឲ្យជនរួមជាតិរបស់អ្នក ដោយយុត្តិធម៌។ 16 មិនត្រូវដើរបរិហារកេរ្តិ៍ប្រជាជនរបស់អ្នកឡើយ ហើយក៏កុំចោទប្រកាន់អ្នកដទៃ ធ្វើឲ្យគេទទួលទោសប្រហារជីវិតដែរ។ យើងជាអុលឡោះតាអាឡា។ 17 មិនត្រូវមានចិត្តស្អប់បងប្អូនរបស់អ្នក តែត្រូវយកចិត្តទុកដាក់ស្តីបន្ទោសជនរួមជាតិរបស់អ្នក ធ្វើដូច្នេះ អ្នកនឹងមិនរួមគំនិតជាមួយអ្នកនោះក្នុងការប្រព្រឹត្តអំពើបាបឡើយ។ 18 កុំសងសឹកឲ្យសោះ ហើយក៏មិនត្រូវចងគំនុំនឹងជនរួមឈាមរបស់អ្នកដែរ។ ចូរស្រឡាញ់អ្នកដទៃឲ្យបានដូចស្រឡាញ់ខ្លួនឯង។ យើងជាអុលឡោះតាអាឡា។ 19 ចូរប្រតិបត្តិតាមហ៊ូកុំរបស់យើង។ មិនត្រូវយកសត្វពីរប្រភេទខុសគ្នាមកបង្កាត់គ្នាឡើយ។ នៅក្នុងស្រែរបស់អ្នកក៏មិនត្រូវយកពូជស្រូវពីរប្រភេទមកព្រោះជាមួយគ្នាដែរ។ កុំស្លៀកសម្លៀកបំពាក់ដែលត្បាញដោយអំបោះពីរប្រភេទខុសគ្នា។ 20 ប្រសិនបើបុរសម្នាក់រួមដំណេកជាមួយស្ត្រីម្នាក់ ហើយនាងនោះជាខ្ញុំបម្រើដែលត្រូវជាគូដណ្តឹងរបស់បុរសម្នាក់ទៀត តែមិនទាន់មាននរណាលោះនាងឲ្យទៅជាអ្នកជានៅឡើយ អ្នកទាំងពីរនឹងត្រូវទទួលពិន័យ តែមិនទទួលទោសដល់ស្លាប់ទេ ដ្បិតនាងនោះមិនទាន់ទៅជាអ្នកជានៅឡើយ។ 21 បុរសដែលបានប្រព្រឹត្តខុសត្រូវនាំយកចៀមឈ្មោលមួយទៅជូនជាជំនូនលោះបាប នៅចំពោះអុលឡោះតាអាឡា ត្រង់មាត់ទ្វារជំរំជួបអុលឡោះតាអាឡា។ 22 អ៊ីមុាំត្រូវធ្វើពិធីរំដោះបាបឲ្យបុរសនោះនៅចំពោះអុលឡោះតាអាឡា គឺអ៊ីមុាំត្រូវជូនចៀមឈ្មោល ជាគូរបានលោះបាប នោះអុលឡោះតាអាឡានឹងលើកលែងទោសឲ្យគេបានរួចពីបាប។ 23 ពេលអ្នករាល់គ្នាចូលទៅក្នុងស្រុក ហើយដាំដើមឈើស៊ីផ្លែគ្រប់មុខ ត្រូវចាត់ទុកផ្លែឈើទាំងនោះជាផ្លែមិនបរិសុទ្ធ ក្នុងអំឡុងពេលបីឆ្នាំ គឺកុំបរិភោគឡើយ។ 24 នៅឆ្នាំទីបួន ត្រូវញែកផ្លែឈើទាំងអស់ជាសក្ការៈជូនអុលឡោះតាអាឡា ដើម្បីសរសើរតម្កើងទ្រង់។ 25 នៅឆ្នាំទីប្រាំ អ្នករាល់គ្នាអាចបរិភោគផ្លែឈើទាំងនេះ។ ធ្វើដូច្នេះភោគផលរបស់អ្នករាល់គ្នានឹងកើនចំនួនច្រើនឡើង។ យើងជាអុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នា។ 26 អ្នករាល់គ្នាមិនត្រូវបរិភោគសាច់សត្វណាដែលនៅមានឈាមឡើយ។ មិនត្រូវប្រព្រឹត្តអំពើមន្តអាគម ហើយក៏មិនត្រូវគន់គូរមើលជោគរាសីដែរ។ 27 កុំកាត់ជើងសក់របស់អ្នករាល់គ្នាឲ្យមានរាងមូល កុំកោរជាយពុកចង្ការបស់អ្នកឡើយ។ 28 មិនត្រូវធ្វើពិធីឆូតសាច់របស់អ្នករាល់គ្នា ដើម្បីកាន់ទុក្ខមនុស្សស្លាប់ ហើយក៏មិនត្រូវសាក់លើរូបកាយរបស់អ្នករាល់គ្នាដែរ។ យើងជាអុលឡោះតាអាឡា។ 29 មិនត្រូវបន្ថោកកូនស្រីរបស់អ្នកដោយជំរុញនាងឲ្យធ្វើជាស្រីពេស្យាឡើយ ដើម្បីកុំឲ្យស្រុកទេសពោរពេញទៅដោយភាពពេស្យាចារ និងអំពើថោកទាប។ 30 ត្រូវគោរពថ្ងៃសម្រាក និងទីសក្ការៈរបស់យើង។ យើងជាអុលឡោះតាអាឡា។ 31 មិនត្រូវទៅរកគ្រូអន្ទងខ្មោច ឬគ្រូទាយឡើយ កុំស្វែងរកពួកគេឲ្យសោះ ក្រែងលោអ្នករាល់គ្នាប្រែជាសៅហ្មងរួមជាមួយពួកគេដែរ។ យើងជាអុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នា។ 32 ត្រូវចេះអោនលំទោននៅចំពោះមុខចាស់ជរា និងលើកកិត្តិយសអះលីជំអះ។ ចូរគោរពកោតខ្លាចម្ចាស់របស់អ្នក។ យើងជាអុលឡោះតាអាឡា។ 33 ប្រសិនបើមានជនបរទេសមករស់នៅក្នុងស្រុកជាមួយអ្នករាល់គ្នា កុំជិះជាន់គេឡើយ។ 34 ចូរប្រព្រឹត្តចំពោះជនបរទេសដែលស្នាក់នៅជាមួយអ្នករាល់គ្នា ដូចប្រព្រឹត្តចំពោះអ្នកដែលជាម្ចាស់ស្រុកដែរ។ ត្រូវស្រឡាញ់ជនបរទេសនោះឲ្យបានដូចស្រឡាញ់ខ្លួនអ្នក ដ្បិតអ្នករាល់គ្នាក៏ធ្លាប់រស់ជាជនបរទេសនៅស្រុកអេស៊ីបដែរ។ យើងជាអុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នា។ 35 ទោះបីក្នុងការកាត់ក្តី ឬក្នុងការវាស់ការថ្លឹង និងការវាល់ក្តី មិនត្រូវប្រព្រឹត្តទុច្ចរិតឡើយ។ 36 ចូរប្រើជញ្ជឹងត្រឹមត្រូវ កូនជញ្ជឹងត្រឹមត្រូវ រង្វាស់រង្វាល់ត្រឹមត្រូវ។ យើងជាអុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នា យើងបានរំដោះអ្នករាល់គ្នាចេញពីស្រុកអេស៊ីប។ 37 ចូរប្រតិបត្តិតាមហ៊ូកុំ និងវិន័យទាំងប៉ុន្មានរបស់យើង។ ចូរនាំគ្នាប្រតិបត្តិតាម។ យើងជាអុលឡោះតាអាឡា»។ |
© 2014 United Bible Societies, UK.
United Bible Societies