ណាពីយេរេមាសំរាលទុក្ខលោកបារូក1 នៅឆ្នាំទីបួននៃរជ្ជកាលស្តេចយេហូយ៉ាគីម បុត្ររបស់ស្តេចយ៉ូសៀស ជាស្ដេចស្រុកយូដា លោកបារូក ជាកូនរបស់លោកនេរីយ៉ា សរសេរបន្ទូលទាំងនេះតាមយេរេមាថ្លែងប្រាប់ ទុកក្នុងក្រាំងមួយ។ ពេលនោះយេរេមាមានប្រសាសន៍មកកាន់លោកបារូកថា៖ 2 «បារូកអើយ អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល មានបន្ទូលអំពីអ្នកដូចតទៅ: 3 អ្នកពោលថា “ខ្ញុំត្រូវវេទនាហើយ! ដ្បិតអុលឡោះតាអាឡាធ្វើឲ្យខ្ញុំមានទុក្ខកង្វល់ ថែមពីលើការឈឺចាប់ដែលខ្ញុំកំពុងតែមានស្រាប់ ខ្ញុំថ្ងូររហូតដល់អស់កម្លាំង ខ្ញុំមានទុក្ខឥតស្បើយ”។ 4 ទ្រង់ឲ្យខ្ញុំប្រាប់អ្នកថា “យើងនឹងកំទេចចោលនូវអ្វីៗដែលយើងបានសង់ យើងនឹងដកចោលនូវអ្វីៗដែលយើងបានដាំ។ យើងធ្វើដូច្នេះនៅលើផែនដីទាំងមូល។ 5 រីឯអ្នក តើអ្នកប្រាថ្នាចង់បានភាពឧត្តុង្គឧត្ដមឬ? កុំមានបំណងដូច្នេះទៀតឡើយ! ដ្បិតយើងនឹងធ្វើឲ្យទុក្ខវេទនា កើតមានដល់សត្វលោកទាំងមូល - នេះជាបន្ទូលរបស់អុលឡោះតាអាឡា- តែយើងនឹងឲ្យអ្នកបានរួចជីវិត នៅគ្រប់ទីកន្លែងដែលអ្នកទៅ”»។ |
© 2014 United Bible Societies, UK.
United Bible Societies