ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


មីកា 5 - អាល់គីតាប អាល់គីតាប
មីកា 5

អ្នក‌សង្គ្រោះ​ប្រសូត​នៅ​ភូមិ​បេថ្លេ‌ហិម

1 «បេថ្លេ‌ហិម​អេប្រាតា​អើយ! ក្នុង​ចំណោម​អំបូរ​ទាំង​ប៉ុន្មាន នៅ​ស្រុក​យូដា អ្នក​តូច​ជាង​គេ​មែន តែ​មេ​ដឹក​នាំ​ដែល​ត្រូវ​គ្រប់‌គ្រង​លើ​អ៊ីស្រ‌អែល ក្នុង​នាម​យើង នឹង​កើត​ចេញ​មក​ពី​អ្នក។ អ្នក​នោះ​មាន​ដើម​កំណើត តាំង​ពី​បុរាណ‌កាល​ដ៏​យូរ‌លង់»។

2 អុលឡោះ​នឹង​បោះ​បង់​ចោល ប្រជា‌ជន​អ៊ីស្រ‌អែល​មួយ​រយៈ​សិន រហូត​ដល់​ពេល​ដែល​ស្ត្រី​ជា​ម្តាយ​សំរាល​បុត្រ។ ពេល​នោះ បង​ប្អូន​របស់​បុត្រ ដែល​នៅ​សេស‌សល់ នឹង​វិល​មក​ជួប‌ជុំ​គ្នា ជា​មួយ​កូន​ចៅ​អ៊ីស្រ‌អែល​វិញ។

3 ស្ដេច​នោះ​នឹង​ក្រោក​ឡើង ហើយ​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល ដោយ​អំណាច​របស់អុលឡោះ‌តាអាឡា និង​ភាព​ថ្កុំ‌ថ្កើង​នៃ​នាម​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​គាត់។ អ៊ីស្រ‌អែល​នឹង​រស់​នៅ​ដោយ​សុខ‌សាន្ត ដ្បិត​ចាប់​ពី​ពេល​នេះ​ទៅ ស្ដេច​នោះ​មាន​អំណាច​ឧត្ដុង្គ‌ឧត្ដម រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែនដី។

4 ស្ដេច​នោះ​ហើយ​ដែល​ផ្ដល់​សេចក្ដី​សុខ‌សាន្ត! ប្រសិន​បើ​ជន‌ជាតិ​អាស្ស៊ីរី​លើក​ទ័ព​មក វាយ​លុក​ស្រុក​យើង ហើយ​វាយ​ចូល​ដល់​កំពែង​ក្រុង​របស់​យើង ពួក​យើង​នឹង​ចាត់​មេ​ដឹក​នាំ​ប្រាំ‌ពីរ ប្រាំ​បី​នាក់ ឲ្យ​ទៅ​តយុទ្ធ​នឹង​ពួក​គេ។

5 មេ​ដឹក​នាំ​ទាំង​នោះ​នឹង​ប្រើ​អាវុធ​ត្រួត‌ត្រា​លើ ស្រុក​អាស្ស៊ីរី និង​ស្រុក​របស់​នីមរ៉ូដ។ ពេល​ជន‌ជាតិ​អាស្ស៊ីរី​ចូល​មក​ដល់​ស្រុក​យើង ដើម្បី​ឈ្លាន‌ពាន​ទឹក​ដី​របស់​យើង ស្ដេច​នោះ​នឹង​ដោះ​លែង​យើង​ឲ្យ​រួច​ពី កណ្ដាប់​ដៃ​របស់​ពួក​គេ។

6 កូន​ចៅ​របស់​យ៉ាកកូប​ដែល​នៅ​សេស‌សល់ នឹង​រស់​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ជា​ច្រើន ដូច​ជា​ទឹក​សន្សើម​មក​ពីអុលឡោះ‌តាអាឡា និង​ដូច​ទឹក​ភ្លៀង​ស្រោច​ស្រព​លើ​ស្មៅ ដោយ​ឥត​ត្រូវ​ការ​មនុស្ស​ជួយ​ឡើយ។

7 កូន​ចៅ​របស់​យ៉ាកកូប​ដែល​នៅ​សេស‌សល់ នឹង​រស់​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ ហើយ​ស្ថិត​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ជា​ច្រើន ដូច​សិង្ហ​ស្ថិត​នៅ​ក្នុង​ចំណោម​សត្វ​ព្រៃ និង​ដូច​សិង្ហ​ស្ទាវ​ស្ថិត​នៅ​ក្នុង​ចំណោម​ហ្វូង​ចៀម។ ពេល​សិង្ហ​ដើរ​កាត់ វា​ជាន់​កំទេច និង​ហែក​ស៊ី ដោយ​ឥត​មាន​នរណា​ម្នាក់​អាច​រំដោះ ឲ្យ​រួច​បាន​ឡើយ។

8 ចូរ​វាយ​ប្រហារ​បច្ចា‌មិត្ត​របស់​អ្នក ចូរ​កំទេច​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​អ្នក​ទៅ!

9 នៅ​ថ្ងៃ​នោះ យើង​នឹង​ដក​ហូត​សេះ​របស់​អ្នក យើង​នឹង​កំទេច​រទេះ​ចំបាំង​របស់​អ្នក - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

10 «យើង​នឹង​ដក​ក្រុង​ទាំង‌ឡាយ​ពី​ស្រុក​របស់​អ្នក យើង​នឹង​ផ្ដួល​រំលំ​កំពែង​ដ៏​រឹង‌មាំ ទាំង​ប៉ុន្មាន​របស់​អ្នក។

11 យើង​នឹង​ដក​មន្ត‌អាគម​គាថា​ចេញ​ពី​ដៃ​របស់​អ្នក ហើយ​អ្នក​នឹង​លែង​មាន​គ្រូ​ធ្មប់​ទៀត​ដែរ។

12 យើង​នឹង​ដក​ព្រះ​ក្លែង‌ក្លាយ និង​រូប​បដិមា​ចេញ​ពី​ចំណោម​អ្នក ហើយ​អ្នក​នឹង​លែង​ថ្វាយ‌បង្គំ​រូប ដែល​ជា​ស្នា‌ដៃ​របស់​អ្នក​ទៀត​ហើយ។

13 យើង​នឹង​រំលំ​បង្គោល​ព្រះ‌អាសេ‌រ៉ា​ចេញ​ពី​អ្នក យើង​នឹង​កំទេច​ក្រុង​របស់​អ្នក។

14 យើង​នឹង​ដាក់​ទោស​ប្រជា‌ជាតិ​នានា តាម​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​យើង ព្រោះ​ពួក​គេ​ពុំ​បាន​ស្ដាប់​យើង​ទេ»។

© 2014 United Bible Societies, UK.

United Bible Societies