Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

មីកា 6 - អាល់គីតាប


អុលឡោះ​ចោទ​ប្រកាន់​ប្រជា‌រាស្ត្រ​របស់​ទ្រង់

1 ចូរ​នាំ​គ្នា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ អុលឡោះ‌តាអាឡា​មាន​បន្ទូល! ចូរ​ក្រោក​ឡើង! នាំ​ពាក្យ​បណ្ដឹង​ទៅ​ប្រាប់ ឲ្យ​ភ្នំ​ធំៗ និង​ភ្នំ​តូចៗ ដឹង​ឮ​ផង!

2 ភ្នំ​ធំ​ទាំង‌ឡាយ​អើយ ចូរ​ស្ដាប់​ពាក្យ​បណ្ដឹង​របស់អុលឡោះ‌តាអាឡា! គ្រឹះ​នៃ​ផែនដី​ដែល​មិន​ចេះ​រង្គើ​អើយ! ចូរ​ស្ដាប់​ពាក្យ​បណ្ដឹង​ដែលអុលឡោះ‌តាអាឡា ចោទ​ប្រកាន់​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់៖

3 «ប្រជា‌រាស្ត្រ​យើង​អើយ! តើ​យើង​បាន​ធ្វើ​អ្វី​ខ្លះ​ដល់​អ្នក? តើ​យើង​បាន​ធ្វើ​អ្វី​ឲ្យ​អ្នក​ធុញ‌ទ្រាន់? ចូរ​ឆ្លើយ​មក​យើង​មើល៍!

4 តើ​មក​ពី​យើង​បាន​នាំ​អ្នក​ចេញ​ពី ស្រុក​អេស៊ីប​ឬ? តើ​មក​ពី​យើង​បាន​លោះ​អ្នក ឲ្យ​រួច​ពី​ទាស‌ភាព​ឬ? តើ​មក​ពី​យើង​ចាត់​ម៉ូសា ហារូន និង​ម៉ារាម ឲ្យ​នាំ​មុខ​អ្នក​ឬ?

5 ប្រជា‌រាស្ត្រ​យើង​អើយ ចូរ​នឹក​ចាំ​អំពី​គម្រោង‌ការ​ដែល​បាឡាក់ ជា​ស្ដេច​ស្រុក​ម៉ូអាប់ បម្រុង​ធ្វើ​ចំពោះ​អ្នក! ចូរ​នឹក​ចាំ​ពី​ស្ដេច​ដែល​បាឡាម ជា​កូន​របស់​បេអ៊រ ឆ្លើយ​ទៅ​ស្ដេច​នោះ​វិញ! បន្ទាប់​មក យើង​បាន​នាំ​អ្នក​ពី​ស៊ីទីម រហូត​ដល់​គីល‌កាល់។ អ្នក​នឹង​ទទួល​ស្គាល់​ថា យើង​ជាអុលឡោះ‌តាអាឡា យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដោយ​សុចរិត»។


ជំនូន​ដែល​អុលឡោះ​ពេញ​ចិត្ត

6 ពេល​ខ្ញុំ​ចូល​ទៅ​ជួបអុលឡោះ‌តាអាឡា តើ​ខ្ញុំ​ត្រូវ​យក​អ្វី​ទៅ​ជា​មួយ? ពេល​ខ្ញុំ​ទៅ​ក្រាប​ថ្វាយ‌បង្គំ​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត តើ​ខ្ញុំ​ត្រូវ​យក​កូន​គោ​អាយុ​មួយ​ខួប មក​ធ្វើ​ជា​គូរបាន​ដុត​ឬ?

7 តើអុលឡោះ‌តាអាឡា​ពេញ​ចិត្ត​នឹង​ទទួល ចៀម​ឈ្មោល​រាប់​ពាន់​ក្បាល ឬ​ប្រេង​យ៉ាង​ច្រើន​អនេក‌អនន្ត​ឬ? តើ​ខ្ញុំ​ត្រូវ​បូជា​កូន​ច្បង​របស់​ខ្ញុំ ដើម្បី​សុំ​ទ្រង់​លើក‌លែង​ទោស ឬ​បូជា​កូន​ចៅ​របស់​ខ្ញុំ​ជូន​ទ្រង់ ដើម្បី​សុំ​រំដោះ​បាប​ឬ?

8 ឱ​មនុស្ស​អើយ គេ​បាន​ប្រៀន‌ប្រដៅ​អ្នក ឲ្យ​ស្គាល់​ការ​ណា​ដែល​ល្អ និង​ការ​ណា​ដែលអុលឡោះ‌តាអាឡា ពេញ​ចិត្ត​ឲ្យ​អ្នក​ធ្វើ គឺ​អ្នក​ត្រូវ​ប្រតិបត្តិ​តាម​យុត្តិធម៌ ស្រឡាញ់​ភាព​ស្មោះ​ត្រង់ ហើយ​យក​ចិត្ត​ទុក​ដាក់​ដើរ តាម​មាគ៌ា របស់​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក ដោយ​ចិត្ត​សុភាព»។


បន្ទូល​របស់​អុលឡោះ​ប្រឆាំង​នឹង​ការ​កេង‌ប្រវ័ញ្ច និង​អំពើ​ឃោរ‌ឃៅ

9 អុលឡោះ‌តាអាឡា​បន្លឺ​សំឡេង​ទៅ​កាន់​អ្នក​ក្រុង ទ្រង់​នឹង​សង្គ្រោះ​អស់​អ្នក​ដែល​កោត​ខ្លាច នាម​របស់​ទ្រង់។ ទ្រង់​មាន​បន្ទូល​ថា៖ «អស់​អ្នក​ដែល​ជួប‌ជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​អើយ ចូរ​នាំ​គ្នា​ស្ដាប់!

10 បើ​ក្នុង​ផ្ទះ​របស់​មនុស្ស​អាក្រក់ នៅ​តែ​មាន​ទ្រព្យ​ដែល​រក​បាន​ដោយ​ទុច្ចរិត និង​មាន​ថាំង​រង្វាល់​តូច​ជ្រុល ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម​ដូច្នេះ តើ​ឲ្យ​យើង​ទ្រាំ​បាន​ឬ?

11 តើ​អ្នក​ស្មាន​ថា​យើង​អត់‌អោន​ឲ្យ អ្នក​ប្រើ​ជញ្ជីង​មិន​ត្រឹម​ត្រូវ និង​អ្នក​បំបាត់​ភ្នែក​ជញ្ជីង​ឬ?

12 អ្នក​មាន​នៅ​ក្រុង​នេះ​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ អ្នក​ក្រុង​នេះ​គិត​តែ​និយាយ​កុហក និង​បោក​បញ្ឆោត​គ្នា។

13 ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រហារ​ទីក្រុង រហូត​ដល់​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចុក​ចាប់។ ព្រោះ​តែ​អំពើ​បាប​របស់​អ្នក យើង​នឹង​បំផ្លាញ​ក្រុង​នេះ​ឲ្យ​វិនាស។

14 អ្នក​បរិភោគ​តែ​ពុំ​ចេះ​ឆ្អែត​ទេ អ្នក​នឹង​ជួប​ទុរ្ភិក្ស អ្នក​ប្រមូល​ស្បៀង​អាហារ​ទុក តែ​ទុក​មិន​ចេះ​គង់។ អ្វីៗ​ដែល​អ្នក​ប្រមូល​ទុក យើង​នឹង​ធ្វើ​ឲ្យ​វិនាស​ដោយ​សារ​សង្គ្រាម។

15 សាប​ព្រោះ តែ​ពុំ​អាច​ច្រូត​យក​ផល​បាន​ទេ អ្នក​កិន​ផ្លែ​អូលីវ តែ​មិន​បាន​ប្រើ​ប្រេង​នេះ អ្នក​ជាន់​ផ្លែ​ទំពាំង‌បាយជូរ តែ​មិន​បាន​ផឹក​ស្រា​នេះ​ទេ។

16 អ្នក​ធ្វើ​តាម​ច្បាប់​របស់​ស្ដេច​អ៊ុមរី និង​ប្រព្រឹត្ត​តាម​អំពើ​ទាំង​ប៉ុន្មាន ដែល​រាជ‌វង្ស​ស្ដេច​អហាប់​ធ្លាប់​ប្រព្រឹត្ត អ្នក​រស់​នៅ​តាម​ទម្លាប់​របស់​ពួក​គេ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ធ្វើ​ឲ្យ អ្នក​ត្រូវ​តក់‌ស្លុត ហើយ​អ្នក​ក្រុង​ត្រូវ​គេ​ប្រមាថ​មាក់‌ងាយ។ អ្នក​រាល់​គ្នា​នឹង​រង​នូវ​ភាព​អាម៉ាស់​នៃ​ប្រជា‌ជន របស់​យើង»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម