ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 24 - អាល់គីតាប អាល់គីតាប
ទំនុកតម្កើង 24

ស្តេច​ដ៏​ឧត្ដម
គីតាបសាបូរ​របស់​ណាពី​ទត។

1 ផែនដី និង​អ្វីៗ​ដែល​ស្ថិត​នៅ​លើ​ផែនដី​សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​អុលឡោះ‌តាអាឡា ពិភព​លោក និង​អ្វីៗ​ទាំង​អស់​ដែល​រស់​នៅ​ក្នុង ពិភព​លោក ក៏​ជា​កម្មសិទ្ធិ​របស់​ទ្រង់​ដែរ!

2 គឺ​ទ្រង់​ហើយ​ដែល​បាន​ចាក់​គ្រឹះ​ផែនដី ពី​លើ​សមុទ្រ ហើយ​ធ្វើ​ឲ្យ​វា​ស្ថិត​នៅ​យ៉ាង​រឹង‌ប៉ឹង ពី​លើ​ទន្លេ​នានា។

3 តើ​នរណា​អាច​ឡើង​ទៅ​លើ​ភ្នំ របស់​អុលឡោះ‌តាអាឡា​បាន? តើ​នរណា​អាច​ឈរ​នៅ​ក្នុង​កន្លែង ដ៏‌វិសុទ្ធ​របស់​ទ្រង់​បាន?

4 មាន​តែ​អ្នក​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវ និង​មាន​ចិត្ត​បរិសុទ្ធ​ប៉ុណ្ណោះ ទើប​ឡើង​ទៅ​បាន គឺ​អ្នក​ដែល​មិន​បណ្ដោយ​ខ្លួន​ទៅ​ថ្វាយ‌បង្គំ ព្រះ​ក្លែង‌ក្លាយ​ និង​និយាយ​ស្បថ‌ស្បែ​បំពាន។

5 អុលឡោះ‌តាអាឡា​នឹង​ប្រទាន​ពរ​ដល់​គេ ហើយ​អុលឡោះ​សង្គ្រោះ នឹង​ប្រោស​គេ​ឲ្យ​បាន​សុចរិត​ដែរ។

6 គឺ​អ្នក​ទាំង​នេះ​ហើយ​ដែល​ស្វែង​រក​ទ្រង់ ជា​អ្នក​ស្វែង​រក​អុលឡោះ​ជា​ម្ចាស់​របស់​យ៉ាកកូប។ - សម្រាក

7 ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​បើក​ចំហ!​ ខ្លោង​ទ្វារ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច​អើយ ចូរ​ចំហ​ឲ្យ​ធំ ដើម្បី​ឲ្យ​ស្តេច ប្រកប​ដោយ​សិរី‌រុង‌រឿង​ចូល​មក!

8 តើ​ស្តេច​ប្រកប​ដោយ សិរី‌រុង‌រឿង​នេះ​ជា​នរណា? -អុលឡោះ‌តាអាឡា​ប្រកប​ដោយ​អំណាច​ដ៏​ខ្លាំង​ពូកែ អុលឡោះ‌តាអាឡា​ជា​អ្នក​ចំបាំង​ដ៏​ជំនាញ។

9 ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​បើក​ចំហ! ខ្លោង​ទ្វារ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច​អើយ ចូរ​ចំហ​ឲ្យ​ធំ ដើម្បី​ឲ្យ​ស្តេច ប្រកប​ដោយ​សិរី‌រុង‌រឿង​ចូល​មក!

10 តើ​ស្តេច​ប្រកប​ដោយ សិរី‌រុង‌រឿង​នេះ​ជា​នរណា? -អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល* គឺ​ទ្រង់​ហើយ​ដែល​ជា​ស្តេច ប្រកប​ដោយ​សិរី‌រុង‌រឿង!។ - សម្រាក

© 2014 United Bible Societies, UK.

United Bible Societies