ជ័យជំនះលើជនជាតិម៉ាឌាន1 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ 2 «ចូរវាយប្រហារជនជាតិម៉ាឌាន ដើម្បីសងសឹកឲ្យជនជាតិអ៊ីស្រអែល។ បន្ទាប់មក អ្នកនឹងស្លាប់ទៅជួបជុំជាមួយដូនតារបស់អ្នក»។ 3 ម៉ូសាមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរឲ្យអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នារៀបចំខ្លួនប្រដាប់អាវុធ ចេញទៅវាយប្រហារជនជាតិម៉ាឌាន ដើម្បីសងសឹកនឹងពួកគេក្នុងនាមអុលឡោះតាអាឡា។ 4 ក្នុងកុលសម្ព័ន្ធនីមួយៗនៃជនជាតិអ៊ីស្រអែល ត្រូវចាត់ពលទាហានមួយពាន់នាក់។ 5 ត្រូវជ្រើសរើសទាហានមួយពាន់នាក់ពីកុលសម្ព័ន្ធនីមួយៗ ក្នុងកងពលអ៊ីស្រអែល គឺកងទ័ពទាំងមូល មានទាហានមួយម៉ឺនពីរពាន់នាក់»។ 6 ម៉ូសាចាត់ទាហានទាំងនោះទៅច្បាំង ហើយចាត់អ៊ីមុាំភីនេហាស ជាកូនរបស់លោកអេឡាសារជាអ្នកកាន់គ្រឿងសក្ការៈ និងត្រែសម្រាប់ផ្លុំប្រកាសសឹក ទៅជាមួយដែរ។ 7 ពួកគេលើកទ័ពទៅវាយប្រហារជនជាតិម៉ាឌាន តាមបន្ទូលដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា។ ពួកគេប្រហារជីវិតប្រុសៗទាំងអស់។ 8 ក្នុងពេលនោះ ពួកគេបានប្រហារស្តេចម៉ាឌាន ទាំងប្រាំ គឺស្តេចអេវី ស្តេចរេគេម ស្តេចស៊ើរ ស្តេចហើរ និងស្តេចរេបា ហើយគេក៏បានសម្លាប់បាឡាម ជាកូនរបស់លោកបេអ៊រ ដោយមុខដាវដែរ។ 9 កងទ័ពអ៊ីស្រអែលបាននាំយកស្ត្រីរបស់ជនជាតិម៉ាឌាន និងកូនៗរបស់គេមកជាឈ្លើយសឹក ព្រមទាំងរឹបអូសយកហ្វូងសត្វតូចធំ និងទ្រព្យសម្បត្តិរបស់ពួកគេទៀតផង។ 10 កងទ័ពអ៊ីស្រអែលដុតកំទេចទីក្រុង និងជំរំទាំងប៉ុន្មានរបស់ជនជាតិម៉ាឌាន។ 11 បន្ទាប់មក ពួកគេប្រមូលជ័យភ័ណ្ឌដែលពួកគេរឹបអូសយកបាន ទាំងមនុស្សទាំងសត្វ 12 ហើយនាំឈ្លើយសឹក និងជ័យភ័ណ្ឌដែលពួកគេរឹបអូសបាន មកជូនម៉ូសា អ៊ីមុាំអេឡាសារ ព្រមទាំងសហគមន៍អ៊ីស្រអែលទាំងមូលដែលបោះជំរំនៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ។ 13 ម៉ូសា អ៊ីមុាំអេឡាសារ និងមេដឹកនាំទាំងអស់របស់សហគមន៍ បានចេញមកជួបពួកគេនៅក្រៅជំរំ។ 14 ម៉ូសាខឹងនឹងពួកមេទ័ព ពួកមេបញ្ជាការកងពលធំ និងពួកមេបញ្ជាការកងពលតូច ដែលវិលមកពីច្បាំងនោះ។ 15 គាត់មានប្រសាសន៍ទៅពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាទុកជីវិតឲ្យស្ត្រីទាំងនេះ? 16 គឺស្ត្រីទាំងនេះហើយ ដែលបានធ្វើតាមពាក្យបាឡាម និងទាក់ទាញអ៊ីស្រអែលឲ្យក្បត់ចិត្តអុលឡោះតាអាឡា នៅពេអ៊រ បណ្តាលឲ្យគ្រោះកាចកើតមានចំពោះសហគមន៍របស់អុលឡោះតាអាឡា។ 17 ឥឡូវនេះ ចូរសម្លាប់ក្មេងប្រុសទាំងអស់ ក្នុងចំណោមក្មេងតូចៗ ហើយសម្លាប់ស្ត្រីទាំងប៉ុន្មានដែលធ្លាប់បានរួមរស់ជាមួយប្រុសៗ 18 ប៉ុន្តែ ត្រូវទុកជីវិតឲ្យស្ត្រីក្រមុំ សម្រាប់អ្នករាល់គ្នា គឺស្ត្រីដែលពុំបានរួមរស់ជាមួយបុរសណានៅឡើយ។ 19 ចំណែកឯអ្នករាល់គ្នាវិញ ចូរបោះជំរំនៅខាងក្រៅនេះ ក្នុងរយៈពេលប្រាំពីរថ្ងៃ។ ក្នុងចំណោមអ្នករាល់គ្នា អស់អ្នកដែលបានសម្លាប់នរណាម្នាក់ ឬអស់អ្នកដែលបានប៉ះពាល់សាកសព ត្រូវធ្វើពិធីជម្រះកាយនៅថ្ងៃទីបី និងថ្ងៃទីប្រាំពីរ គឺទាំងអ្នករាល់គ្នា ទាំងឈ្លើយសឹក។ 20 ត្រូវធ្វើពិធីជម្រះសម្លៀកបំពាក់ទាំងអស់ វត្ថុទាំងប៉ុន្មានធ្វើពីស្បែក និងពីរោមចៀម ព្រមទាំងគ្រឿងបរិក្ខារធ្វើពីឈើ»។ 21 អ៊ីមុាំអេឡាសារមានប្រសាសន៍ទៅកាន់ពួកទាហានដែលបានចេញទៅធ្វើសឹកថា៖ «ក្នុងហ៊ូកុំដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា មានចែងដូចតទៅ: 22 មាស ប្រាក់ លង្ហិន ដែក ស្ពាន់ និងសំណ 23 គឺវត្ថុទាំងប៉ុន្មានដែលដុតមិនឆេះ ចូរដុតជម្រះឲ្យបានបរិសុទ្ធ។ រីឯវត្ថុទាំងឡាយណាដែលពុំអាចដុត ត្រូវលាងនៅក្នុងទឹកសម្រាប់ធ្វើពិធីលាងជម្រះឲ្យបានបរិសុទ្ធ។ 24 ត្រូវលាងជម្រះសម្លៀកបំពាក់របស់អ្នករាល់គ្នា នៅថ្ងៃទីប្រាំពីរ នោះអ្នករាល់គ្នានឹងបានបរិសុទ្ធ បន្ទាប់មក អ្នករាល់គ្នាអាចចូលមកក្នុងជំរំវិញបាន»។ 25 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ 26 «ចូរអ្នក និងអ៊ីមុាំអេឡាសារ ព្រមទាំងមេដឹកនាំរបស់សហគមន៍ នាំគ្នារាប់ចំនួនជ័យភ័ណ្ឌដែលរឹបអូសបានក្នុងសង្គ្រាម ព្រមទាំងចំនួនមនុស្ស និងសត្វ។ 27 បន្ទាប់មក ចូរបែងចែកជ័យភ័ណ្ឌនេះឲ្យអ្នកដែលបានចេញទៅច្បាំង និងសហគមន៍ទាំងមូល។ 28 ចូរញែកជ័យភ័ណ្ឌ ដែលត្រូវបានជាចំណែករបស់អ្នកទៅច្បាំងមួយផ្នែក ជូនអុលឡោះតាអាឡា ពោលគឺ ក្នុងចំណោមមនុស្សប្រាំរយនាក់ ត្រូវញែកទុកម្នាក់ ហើយក្នុងចំណោមហ្វូងគោ ហ្វូងលា និងហ្វូងចៀមប្រាំរយក្បាល ក៏ត្រូវញែកទុកមួយក្បាលដែរ។ 29 ចូរយកចំណែកដែលញែកចេញពីជ័យភ័ណ្ឌរបស់ពួកដែលចេញទៅច្បាំង ប្រគល់ឲ្យអ៊ីមុាំអេឡាសារ ទុកជាជំនូនជូនអុលឡោះតាអាឡា។ 30 រីឯជ័យភ័ណ្ឌដែលត្រូវបានជាចំណែករបស់កូនចៅអ៊ីស្រអែល ត្រូវយកមួយភាគហាសិប ពីចំនួនមនុស្ស មួយភាគហាសិបពីហ្វូងគោ ហ្វូងលា ហ្វូងចៀម និងសត្វទាំងអស់ រួចប្រគល់ទៅឲ្យពួកលេវី ដែលទទួលភារកិច្ចបម្រើការងារនៅក្នុងជំរំសក្ការៈរបស់អុលឡោះតាអាឡា»។ 31 ម៉ូសា និងអ៊ីមុាំអេឡាសារ បានធ្វើតាមសេចក្តីដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា។ 32 ជ័យភ័ណ្ឌដែលកងទ័ពរឹបអូសយកបានមាននៅសល់ ចៀមចំនួន ៦៧៥ ០០០ ក្បាល 33 គោ ៧២ ០០០ក្បាល 34 លាចំនួន ៦១០០០ ក្បាល 35 និងស្ត្រីព្រហ្មចារី ៣២ ០០០នាក់។ 36 ចំនួនពាក់កណ្តាលនៃជ័យភ័ណ្ឌនេះ បានទៅលើពួកទាហានដែលចេញទៅច្បាំង គឺ ចៀម ៣៣៧ ៥០០ ក្បាល 37 ក្នុងចំនួននេះ ៦៧៥ ក្បាល ជូនអុលឡោះតាអាឡា 38 គោ ៣៦០០០ ក្បាល ក្នុងចំនួននេះ ៧២ ក្បាល ជូនអុលឡោះតាអាឡា 39 លា ៣០ ៥០០ ក្បាល ក្នុងចំនួននេះ ៦១ ក្បាល ជូនអុលឡោះតាអាឡា 40 និងមនុស្ស ១៦០០០ នាក់ ក្នុងចំនួននេះ ៣២នាក់ជូនអុលឡោះតាអាឡា។ 41 ម៉ូសាប្រគល់ជ័យភ័ណ្ឌដែលញែកជាជំនូនរបស់អុលឡោះតាអាឡា ទៅអ៊ីមុាំអេឡាសារ ស្របតាមបន្ទូលដែលអុលឡោះបានបង្គាប់មកគាត់។ 42 រីឯជ័យភ័ណ្ឌចំនួនពាក់កណ្តាលទៀត ដែលត្រូវបានទៅប្រជាជនអ៊ីស្រអែល ម៉ូសាញែកទុកដោយឡែក ពីជ័យភ័ណ្ឌដែលត្រូវបានទៅពួកទាហាន។ 43 ជ័យភ័ណ្ឌនេះ ត្រូវបានជាចំណែករបស់សហគមន៍ គឺចៀម ៣៣៧ ៥០០ ក្បាល 44 គោ ៣៦ ០០០ ក្បាល 45 លា ៣០ ៥០០ ក្បាល 46 និងមនុស្ស ១៦ ០០០ នាក់។ 47 ក្នុងចំនួនពាក់កណ្តាលនៃជ័យភ័ណ្ឌដែលត្រូវបានទៅប្រជាជនអ៊ីស្រអែលនេះ ម៉ូសាយកមនុស្សម្នាក់ ឬសត្វមួយក្បាលពីចំណោមមនុស្ស ឬសត្វហាសិប ប្រគល់ទៅឲ្យពួកលេវី ដែលទទួលភារកិច្ចបម្រើការងារជំរំសក្ការៈរបស់អុលឡោះតាអាឡា ស្របតាមពាក្យដែលទ្រង់បង្គាប់មកគាត់។ 48 ពួកមេទ័ព មេបញ្ជាការកងពលធំ និងមេបញ្ជាការកងពលតូចនាំគ្នាចូលមកជិតម៉ូសា 49 ជម្រាបគាត់ថា៖ «យើងខ្ញុំបានរាប់ចំនួនទាហាន ដែលស្ថិតនៅក្រោមបញ្ជារបស់យើងខ្ញុំ ពុំឃើញមានបាត់នរណាម្នាក់សោះឡើយ។ 50 យើងខ្ញុំសូមយកគ្រឿងអលង្ការធ្វើពីមាស គឺមានខ្សែក ខ្សែដៃ ចិញ្ចៀន ក្រវិល និងបន្តោងខ្សែក មកជូនអុលឡោះតាអាឡា ទុកជាគូរបានរំដោះបាប សម្រាប់យើងខ្ញុំទាំងអស់គ្នា នៅចំពោះអុលឡោះ»។ 51 ម៉ូសា និងអ៊ីមុាំអេឡាសារ ក៏ទទួលយកគ្រឿងអលង្ការធ្វើពីមាសទាំងនោះពីពួកគេ។ 52 មាសដែលពួកមេបញ្ជាការកងពលធំ និងមេបញ្ជាការកងពលតូច យកមកជូនអុលឡោះតាអាឡាមានទម្ងន់ទាំងអស់ប្រាំពាន់ចិតសិបប្រាំតម្លឹង។ 53 រីឯពលទាហានវិញ ម្នាក់ៗបានរឹបអូសយកជ័យភ័ណ្ឌ ទុកសម្រាប់ខ្លួនឯងផ្ទាល់។ 54 ម៉ូសា និងអ៊ីមុាំអេឡាសារបានទទួលមាសរបស់ពួកមេបញ្ជាការកងពលធំ និងមេបញ្ជាការកងពលតូច យកទៅដាក់នៅក្នុងជំរំជួបអុលឡោះតាអាឡា ទុកជាទីរំលឹករបស់ជនជាតិអ៊ីស្រអែលនៅចំពោះទ្រង់។ |
© 2014 United Bible Societies, UK.
United Bible Societies