ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 63 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
ទំនុកតម្កើង 63

ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ ប្រសើរ​លើស​ជីវិត​ទៅ​ទៀត
ទំនុក​របស់​ស្ដេច​ដាវីឌ នៅ​គ្រា​ដែល​ទ្រង់​គង់​នៅ​វាល​រហោ‌ស្ថាន​ស្រុក​យូដា ។

1 ឱ​ព្រះ‌ជាម្ចាស់​អើយ! ព្រះអង្គ​ពិត​ជា​ព្រះ​នៃ​ទូលបង្គំ​មែន ទូលបង្គំ​ស្វែង​រក​ព្រះអង្គ ទូលបង្គំ​ចង់​នៅ​ក្បែរ​ព្រះអង្គ​ណាស់ ទូលបង្គំ​ចង់​នៅ​ជាប់​ជា​មួយ​ព្រះអង្គ ដូច​ដី​ដ៏​ស្ងួត​បែក​ក្រហែង​ត្រូវ​ការ​ទឹក ។

2 ទូលបង្គំ​បាន​ឃើញ​ព្រះអង្គ​នៅ​ក្នុង​ទីសក្ការៈ ទូលបង្គំ​បាន​ឃើញ​ឫទ្ធា‌នុភាព និង​សិរី‌រុងរឿង​របស់​ព្រះអង្គ

3 ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ ប្រសើរ​លើស​ជីវិត​ទៅ​ទៀត ទូលបង្គំ​នឹង​ពោល​ពាក្យ​សរសើរ​តម្កើង សិរី‌រុងរឿង​ព្រះអង្គ។

4 ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ព្រះអង្គ អស់​មួយ​ជីវិត​ទូលបង្គំ ហើយ​ទូលបង្គំ​នឹង​លើក​ដៃ​ឡើង ថ្វាយ‌បង្គំ​ព្រះ‌នាម​ព្រះអង្គ។

5 ទូលបង្គំ​នឹង​បាន​សប្បាយ មាន​សុខ‌ដុម‌រមនា ហើយ​ទូលបង្គំ​នឹង​បន្លឺ​សំឡេង​ឡើង ច្រៀង​សរសើរ​តម្កើង​ព្រះអង្គ។

6 ពេល​ទូលបង្គំ​ចូល​ដំណេក ទូលបង្គំ​នឹក​ដល់​ព្រះអង្គ ហើយ​ពេញ​មួយ​យប់ ទូលបង្គំ​រិះគិត​អំពី​ព្រះអង្គ

7 ដ្បិត​ព្រះអង្គ​ជួយ​ទូលបង្គំ ទូលបង្គំ​ច្រៀង​យ៉ាង​សប្បាយ ក្រោម​ម្លប់​បារមី​ព្រះអង្គ។

8 ចិត្ត​គំនិត​ទូលបង្គំ នៅ​ជាប់​ជំពាក់​នឹង​ព្រះអង្គ​ជានិច្ច ព្រះអង្គ​គាំទ្រ​ទូលបង្គំ ដោយ​ព្រះ‌ចេស្ដា​របស់​ព្រះអង្គ។

9 រីឯ​អស់​អ្នក​ដែល​ស្វែង​រក​បំផ្លាញ​ជីវិត​ទូលបង្គំ សូម​ឲ្យ​គេ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​ដ៏​ជ្រៅ។

10 សូម​ឲ្យ​គេ​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ សូម​ឲ្យ​គេ​បាន​ទៅ​ជា​ចំណី​របស់​ចចក។

11 ពេល​នោះ ព្រះ‌រាជា​នឹង​មាន​អំណរ ដោយ​ព្រះ‌នាម​ព្រះ‌ជាម្ចាស់ អ្នក​ណា​ស្បថ​ក្នុង​ព្រះ‌នាម​ព្រះ‌ជាម្ចាស់ អ្នក​នោះ​នឹង​លើក​តម្កើង​ព្រះអង្គ រីឯ​អ្នក​ដែល​ចូល​ចិត្ត​និយាយ​កុហក នឹង​ត្រូវ​បាត់​មាត់​សូន្យ‌ឈឹង​ទៅ។

Khmer Standard Version © 2005 United Bible Societies.

United Bible Societies