ក្រុងស៊ីយ៉ូន ជាបុរីរបស់ព្រះជាម្ចាស់បទចម្រៀង។ ទំនុករបស់កូនចៅលោកកូរេ។ 1 ព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដម ដែលត្រូវតែលើកតម្កើងឲ្យខ្ពង់ខ្ពស់បំផុត នៅក្នុងបុរីព្រះជាម្ចាស់របស់យើង គឺនៅលើភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ។ 2 ភ្នំរបស់ព្រះជាម្ចាស់ ជាភ្នំមួយដ៏ល្អប្រណីត គឺភ្នំស៊ីយ៉ូនដែលជាកំពូលនៃពិភព ជាបុរីរបស់ព្រះមហាក្សត្រ ដែលនាំឲ្យផែនដីទាំងមូលមានអំណរ។ 3 នៅក្នុងបុរីនេះ គេទទួលស្គាល់ថា ព្រះជាម្ចាស់ជាកំពែងដ៏រឹងមាំ។ 4 ស្ដេចនានាបានលើកគ្នាមកវាយប្រហារភ្នំស៊ីយ៉ូន 5 ពេលគេឃើញក្រុងស៊ីយ៉ូន គេស្ញែងខ្លាចជាខ្លាំង ហើយគេនាំគ្នារត់ចេញទៅវិញ ទាំងភ័យតក់ស្លុត 6 ដ្បិតគេភ័យញាប់ញ័រ ហើយឈឺចុកចាប់ដូចជាស្ត្រីសម្រាលកូន 7 និងដូចជាខ្យល់ព្យុះបក់មកពីទិសបូព៌ា បំបែកនាវាដ៏ធំៗ ។ 8 យើងបានឮគេថ្លែងអំពីស្នាព្រះហស្ដ ដ៏អស្ចារ្យរបស់ព្រះអង្គ ឥឡូវនេះ យើងក៏បានឃើញផ្ទាល់នៅក្នុងទីក្រុង របស់ព្រះអម្ចាស់នៃពិភពទាំងមូល ដែលជាព្រះរបស់យើង ព្រះអង្គនឹងការពារក្រុងនេះ ឲ្យបានរឹងមាំរហូតតទៅ។ - សម្រាក 9 ឱព្រះជាម្ចាស់អើយ ពេលយើងខ្ញុំនៅក្នុងព្រះវិហាររបស់ព្រះអង្គ យើងខ្ញុំរិះគិតអំពីព្រះហឫទ័យ មេត្តាករុណារបស់ព្រះអង្គ។ 10 ព្រះជាម្ចាស់អើយ ដូចព្រះនាមរបស់ព្រះអង្គ ល្បីរន្ទឺ ក្នុងលោកទាំងមូលយ៉ាងណា មនុស្សម្នាក៏នឹងលើកតម្កើងព្រះអង្គ រហូតដល់ស្រុកដាច់ស្រយាល ផែនដីយ៉ាងនោះដែរ។ ព្រះអង្គគ្រប់គ្រងដោយសុចរិត។ 11 សូមឲ្យអ្នកក្រុងស៊ីយ៉ូនបានរីករាយឡើង សូមឲ្យអ្នកស្រុកយូដាបានរីករាយជាខ្លាំង ដ្បិតព្រះអង្គវិនិច្ឆ័យប្រកបដោយយុត្តិធម៌។ 12 ប្រជាជនរបស់ព្រះជាម្ចាស់អើយ ចូរនាំគ្នាហែក្បួនព័ទ្ធជុំវិញក្រុងស៊ីយ៉ូន! ចូររាប់ចំនួនប៉មរបស់ក្រុងនេះមើល! 13 ចូរស្ងើចសរសើរកំពែងក្រុង ចូរពិនិត្យមើលជញ្ជាំងក្រុងនេះទៅ ដើម្បីឲ្យអ្នករាល់គ្នាអាចយកទៅថ្លែង ប្រាប់មនុស្សនៅជំនាន់ក្រោយថា៖ 14 «ព្រះជាម្ចាស់ពិតជាព្រះរបស់យើង អស់កល្បជានិច្ច ហើយព្រះអង្គជាអ្នកដឹកនាំយើង ជាអង្វែងតរៀងទៅដែរ»។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies