ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
ទំនុកតម្កើង 10

ពាក្យ​អធិស្ឋាន​សូម​ព្រះ‌អម្ចាស់​រក​យុត្តិធម៌

1 ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​គង់​នៅ​ឆ្ងាយ​ម៉្លេះ? នៅ​ពេល​ទូលបង្គំ​មាន​អាសន្ន ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​សម្ងំ​ស្ងៀម​ដូច្នេះ?

2 មនុស្ស​ពាល​នាំ​គ្នា​តាម​ធ្វើ​បាប​មនុស្ស​ទុគ៌ត ទាំង​ឥត​អៀន​ខ្មាស ពួក​គេ​ប្រើ​កល‌ល្បិច​ធ្វើ​ឲ្យ មនុស្ស​ទុគ៌ត​វិនាស។

3 មនុស្ស​ពាល​តែងតែ​និយាយ​អួត អំពី​ការ​លោភ‌លន់​របស់​ខ្លួន ហើយ​មនុស្ស​កេង‌ប្រវ័ញ្ច​នាំ​គ្នា​និយាយ​ចំអក និង​ប្រមាថ​ព្រះ‌អម្ចាស់។

4 មនុស្ស​ពាល​និយាយ​ទាំង​វាយ​ឫក​ខ្ពស់ ហើយ​មិន​រវី‌រវល់​នឹង​អ្វី​សោះ ព្រោះ​គេ​គិត​ថា គ្មាន​ព្រះ‌ជាម្ចាស់​ទេ!

5 អ្វីៗ​ដែល​គេ​ធ្វើ​តែងតែ​ចម្រុង‌ចម្រើន​ជានិច្ច គេ​គិត​មិន​ដល់​សោះ​ថា ព្រះអង្គ​នឹង​វិនិច្ឆ័យ​ទោស​គេ​ដូច្នេះ គេ​ក៏​បន្ទាប​បន្ថោក​បច្ចា‌មិត្ត​របស់​ខ្លួន។

6 គេ​គិត​ក្នុង​ចិត្ត​ថា «អញ​នឹង​មិន​ត្រូវ​រង្គោះ‌រង្គើ ហើយ​អញ​ក៏​នឹង​មិន​ជួប​ប្រទះ ទុក្ខ​លំបាក​សោះ​ឡើយ»។

7 មាត់​របស់​គេ​ពោល​តែ​ពាក្យ​បណ្ដាសា ពាក្យ​បោក​បញ្ឆោត និង​ពាក្យ​មួល​បង្កាច់ ហើយ​ពាក្យ​អពមង្គល និង​ទុច្ចរិត​ស្ថិត​នៅ​លើ​ចុង​អណ្ដាត​គេ​ជានិច្ច។

8 គេ​តែង​ពួន​ស្ទាក់​នៅ​ក្បែរ​ភូមិ ហើយ​ប្រហារ​ជីវិត​ជន​ស្លូត​ត្រង់​ដោយ​សម្ងាត់ គេ​ចេះ​តែ​ឃ្លាំ​មើល​មនុស្ស​ទន់​ខ្សោយ។

9 គេ​ពួន​ដូច​សត្វ​សិង្ហ​សម្ងំ​នៅ​តាម​គុម្ពោត គេ​ពួន​ស្ទាក់​ចាំ​ចាប់​ជន​ទុគ៌ត គេ​ចាប់​ជន​ទុគ៌ត ដោយ​ទាក់‌ទាញ ឲ្យ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​ខ្លួន។

10 ជន​ទុគ៌ត​ក៏​ដួល ក្រាប​នៅ​ដី ហើយ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​ពាល ។

11 មនុស្ស​ពាល​គិត​ក្នុង​ចិត្ត​ថា «ព្រះ‌ជាម្ចាស់​មិន​ចាប់​អារម្មណ៍​ទេ! ព្រះអង្គ​បិទ​ព្រះ‌នេត្រ ទ្រង់​មិន​ទត​មើល​ទាល់​តែ​សោះ!»។

12 ព្រះ‌អម្ចាស់​អើយ សូម​តើន​ឡើង! បង្ហាញ​ព្រះ‌បារមី​របស់​ព្រះអង្គ សូម​កុំ​ភ្លេច​មនុស្ស​ទន់‌ទាប​ឡើយ!

13 ហេតុ​អ្វី​បាន​ជា​មនុស្ស​ពាល​ចំអក មើល‌ងាយ​ព្រះ‌ជាម្ចាស់? ហេតុ​អ្វី​បាន​ជា​គេ​គិត​ក្នុង​ចិត្ត​ថា «ព្រះអង្គ​នឹង​មិន​រក​រឿង​អញ​ឡើយ» ដូច្នេះ?

14 ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ពិត​ជា​ទត​ឃើញ​ទុក្ខ​លំបាក និង​ការ​ឈឺ​ចាប់​របស់​មនុស្ស​ទន់‌ទាប ព្រះអង្គ​ប្រុង​នឹង​ជួយ​គេ​ជានិច្ច មនុស្ស​ទុគ៌ត​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ទាំង​ស្រុង ហើយ​មាន​តែ​ព្រះអង្គ​ទេ ដែល​យាង​មក​ជួយ​សង្គ្រោះ​ជន​កំព្រា។

15 សូម​ព្រះអង្គ​កាច់​បំបាក់​ដៃ​របស់​មនុស្ស​ពាល សូម​ដាក់​ទោស​ពួក​គេ ដើម្បី​កុំ​ឲ្យ​គេ​ប្រព្រឹត្ត អំពើ​ពាល​ត​ទៅ​ទៀត! ។

16 ព្រះ‌អម្ចាស់​ជា​ព្រះ‌មហា‌ក្សត្រ​ដ៏​គង់​នៅ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ សាសន៍​ដទៃ​នឹង​ត្រូវ​លុប​បំបាត់​ចេញ អស់​ពី​ស្រុក​របស់​ព្រះអង្គ។

17 បពិត្រ​ព្រះ‌អម្ចាស់ ព្រះអង្គ​ទ្រង់​ឈ្វេង​យល់ បំណង​ចិត្ត​របស់​មនុស្ស​ទន់‌ទាប ព្រះអង្គ​លើក​ទឹក​ចិត្ត​គេ

18 ព្រះអង្គ​តែងតែ​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ជន​កំព្រា និង​មនុស្ស​ដែល​ត្រូវ​គេ​ជិះ‌ជាន់ ហើយ​ព្រះអង្គ​រក​យុត្តិធម៌​ឲ្យ​គេ ដើម្បី​កុំ​ឲ្យ​មនុស្ស​នៅ​លើ​ផែនដី អាច​សង្កត់‌សង្កិន​គេ​ត​ទៅ​មុខ​ទៀត ។

Khmer Standard Version © 2005 United Bible Societies.

United Bible Societies