ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 94 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤
ទំនុកតម្កើង 94

1 ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សេចក្ដី​សង‌សឹក​អើយ ឱ​ព្រះ​នៃ​សេចក្ដី​សង‌សឹក​អើយ សូម​ភ្លឺ​មក

2 ឱ​ចៅ‌ក្រម​នៃ​ផែនដី​អើយ សូម​ទ្រង់​ក្រោក​ឡើង សូម​សង​ដល់​ពួក​ឆ្មើង‌ឆ្មៃ​តាម​សម​គួរ

3 មនុស្ស​អាក្រក់​នឹង​នៅ​មាន​ជ័យ‌ជំនះ​ដល់​កាល​ណា​ទៀត ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​ដល់​កាល​ណា​ទៅ

4 គេ​បង្ហូរ​ចេញ​ជា​ពាក្យ​ព្រហើន ហើយ​ពោល​តែ​ពាក្យ ឆ្មើង‌ឆ្មៃ​ប៉ុណ្ណោះ គឺ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ គេ​រមែង​អួត​ខ្លួន

5 ឱ​ព្រះ‌យេហូវ៉ា​អើយ គេ​ញាំ‌ញី​រាស្ត្រ​របស់​ទ្រង់ ហើយ​ធ្វើ​ទុក្ខ​ដល់​មរដក​ទ្រង់

6 គេ​សំឡាប់​ស្រី​មេម៉ាយ នឹង​ពួក​អ្នក​ស្នាក់​នៅ ព្រម​ទាំង​ប្រហារ​ជីវិត​នៃ​ពួក​កំព្រា​ផង

7 ហើយ​ពោល​ថា ព្រះ‌យេហូវ៉ា​មិន​ឃើញ​ទេ ព្រះ​នៃ​យ៉ាកុប ទ្រង់​មិន​ពិចារណា​ឡើយ

8 ឱ​ពួក​អ្នក​កំរោល​ក្នុង​បណ្តាជន​អើយ ចូរ​ពិចារណា​ចុះ ឱ​មនុស្ស​ឥត​បើ​គិត​អើយ តើ​កាល​ណា​នឹង​មាន​ប្រាជ្ញា​ឡើង

9 ឯ​ព្រះ​ដែល​ទ្រង់​បង្កើត​ត្រចៀក តើ​ទ្រង់​មិន​ឮ​ទេ​ឬ ព្រះ​ដែល​សូន​ធ្វើ​ភ្នែក តើ​ទ្រង់​មិន​ឃើញ​ទេ​ឬ

10 ព្រះ​ដែល​វាយ​ប្រដៅ​ដល់​អស់​ទាំង​សាសន៍ តើ​ទ្រង់​មិន​ផ្ចាល​ឯង​ទេ​ឬ​អី គឺ​ព្រះ​នោះ​ឯង ដែល​បង្រៀន​ឲ្យ​មនុស្ស​មាន​ចំណេះ

11 ព្រះ‌យេហូវ៉ា​ទ្រង់​ជ្រាប​អស់​ទាំង​គំនិត​របស់​មនុស្ស​ថា សុទ្ធ​តែ​ឥត​ប្រយោជន៍​ទទេ

12 ឱ​ព្រះ‌យេហូវ៉ា​អើយ មាន​ពរ​ហើយ មនុស្ស​ណា​ដែល ទ្រង់​វាយ‌ផ្ចាល ហើយ​បង្ហាត់​បង្រៀន​តាម​ក្រិត្យ‌វិន័យ​ទ្រង់​ផង

13 គឺ​ដើម្បី​ឲ្យ​ទ្រង់​បាន​ប្រោស ឲ្យ​អ្នក​នោះ​មាន​សេចក្ដី សំរាក​នៅ​ថ្ងៃ​អាក្រក់ ទំរាំ​តែ​គេ​ជីក​រណ្តៅ​សំរាប់​មនុស្ស​ប្រព្រឹត្ត​ទំនាស់

14 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​មិន​ចោល​រាស្ត្រ​ទ្រង់​ឡើយ ក៏​មិន​លះ‌បង់​មរដក​ទ្រង់​ដែរ

15 ពី​ព្រោះ​សេចក្ដី​វិនិច្ឆ័យ​នឹង​ត្រឡប់​តាម​សុចរិត​វិញ ហើយ​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់ គេ​នឹង​ប្រព្រឹត្ត​តាម​ដែរ

16 តើ​អ្នក​ណា​នឹង​ក្រោក​ឡើង​ជំនួស​ខ្ញុំ ដើម្បី​ទាស់​នឹង​ពួក អ្នក​ដែល​ប្រព្រឹត្ត​ការ​អាក្រក់ តើ​អ្នក​ណា​នឹង​ឈរ​ឡើង​ជំនួស​ខ្ញុំ ដើម្បី​ទប់‌ទល់​នឹង​ពួក ដែល​ប្រព្រឹត្ត​ការ​ទុច្ចរិត

17 បើ​ប្រសិន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​មិន​បាន​ជួយ​ខ្ញុំ​ទេ នោះ​ព្រលឹង​ខ្ញុំ​នឹង​បាន​ទៅ​នៅ​ក្នុង​ទី​ស្ងាត់​ឈឹង ដោយ​ឆាប់​ហើយ

18 កាល​ទូលបង្គំ​បាន​ពោល​ថា ជើង​ទូលបង្គំ​រអិល​ភ្លាត់​ហើយ នោះ ឱ​ព្រះ‌យេហូវ៉ា​អើយ សេចក្ដី​សប្បុរស​នៃ​ទ្រង់ បាន​ទប់‌ទល់​ទូលបង្គំ

19 គ្រា​ដែល​ទូលបង្គំ​មាន​គំនិត​សាន់‌វ័ណ្ត​ក្នុង​ចិត្ត​ជា​ច្រើន នោះ​សេចក្ដី​កំសាន្ត​ចិត្ត​នៃ​ទ្រង់​ក៏​ជា​ទី​រីក‌រាយ​ដល់ ព្រលឹង​ទូលបង្គំ​វិញ

20 តើ​បល្ល័ង្ក​នៃ​សេចក្ដី​អាក្រក់ នឹង​អាច​មាន​សេចក្ដី​ប្រកប នឹង​ទ្រង់​បាន​ដែរ​ឬ គឺ​ជា​ពួក​អ្នក​ដែល​បង្កើត​ការ​ប្រទូស‌រ៉ាយ ដោយ​អាង​មាត្រា​ច្បាប់

21 គេ​លើក​គ្នា​ទាស់​នឹង​ជីវិត​នៃ​មនុស្ស​សុចរិត ហើយ​ក៏​កាត់​ទោស​ដល់​ឈាម​ដែល​ឥត​មាន​ទោស​ផង

22 ប៉ុន្តែព្រះ‌យេហូវ៉ា​ទ្រង់​ជា​ទី​ពឹង​យ៉ាង​ខ្ពស់​នៃ​ទូលបង្គំ គឺ​ព្រះ​នៃ​ទូលបង្គំ ទ្រង់​ជា​ថ្មដា ដែល​ទូលបង្គំ​ពឹង‌ពាក់​បាន

23 ទ្រង់​បាន​ទំលាក់​ការ​ទុច្ចរិត​របស់​គេ​ទៅ​លើ​គេ​វិញ ហើយ​នឹង​កាត់​គេ​ចេញ ដោយ​អំពើ​អាក្រក់​របស់​ខ្លួន​គេ គឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​នឹង​កាត់‌កាល់​គេ​ចេញ។

© BFBS/UBS 1954, 1962. All Rights Reserved.

Bible Society in Cambodia