ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 92 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤
ទំនុកតម្កើង 92


ទំនុក​ជា​បទ​ចំរៀង​សំរាប់​ថ្ងៃ​ឈប់​សំរាក។

1 នេះ​ជា​ការ​ល្អ​ហើយ គឺ​ដែល​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ហើយ​ច្រៀង​សរសើរ​ដល់​ព្រះ‌នាម​នៃ​ទ្រង់ ជា​ព្រះ​ដ៏​ខ្ពស់​បំផុត

2 ព្រម​ទាំង​សំដែង​ពី​សេចក្ដី​សប្បុរស​នៃ​ទ្រង់​នៅ​ពេល​ព្រឹក ហើយ​ពី​សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់​រាល់​តែ​យប់

3 ដោយ​ប្រដាប់​ភ្លេង​មាន​ខ្សែ​១០ នឹង​ពិណ ហើយ​ដោយ​សូរ​ចាប់​ស៊ុង​យ៉ាង​រងំ

4 ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ឲ្យ​ទូលបង្គំ​មាន សេចក្ដី​អំណរ ដោយ​កិច្ច‌ការ​របស់​ទ្រង់ ទូលបង្គំ​នឹង​បន្លឺ​ឡើង ដោយ​អំណរ ចំពោះ​ការ​នៃ​ព្រះ‌ហស្ត​ទ្រង់

5 ឱ​ព្រះ‌យេហូវ៉ា​អើយ អស់​ទាំង​កិច្ច‌ការ​របស់​ទ្រង់​ធំ​ណាស់​ហ្ន៎ ឯ​អស់​ទាំង​ព្រះ‌ដំរិះ​ទ្រង់​ក៏​ជ្រៅ​ណាស់​ផង

6 មនុស្ស​កំរោល​មិន​ដឹង​ទេ ហើយ​មនុស្ស​ឥត​បើ​គិត​ក៏​មិន​យល់​សេចក្ដី​នេះ​ដែរ

7 វេលា​ណា​ដែល​មនុស្ស​អាក្រក់​ដុះ‌ដាល​ឡើង​ដូច​ជា​ស្មៅ ហើយ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​លូត‌លាស់​ឡើង នោះ​គឺ​សំរាប់​តែ​ឲ្យ​គេ​ត្រូវ​វិនាស​ទៅ អស់‌កល្ប‌ជានិច្ច​ប៉ុណ្ណោះ

8 ប៉ុន្តែឯ​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត​ដរាប​ដល់​អស់‌កល្ប​រៀង​ទៅ

9 ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទត​មើល​ពួក​ខ្មាំង​សត្រូវ​ទ្រង់ មើល ពួក​ខ្មាំង​សត្រូវ​ទ្រង់ គេ​ត្រូវ​វិនាស​ហើយ អស់​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត គេ​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ

10 តែ​ទ្រង់​បាន​ដំកើង​ស្នែង​របស់​ទូលបង្គំ​ឡើង ដូច​ជា​ស្នែង​នៃ​គោ​ព្រៃ ទូលបង្គំ​មាន​ប្រេង​ថ្មី​ចាក់​លាប​លើ​ខ្លួន​ហើយ

11 ភ្នែក​ទូលបង្គំ​នឹង​ឃើញ​បំណង​ចិត្ត​កើត​ដល់​ពួក​ខ្មាំង ហើយ​ត្រចៀក​ទូលបង្គំ​នឹង​ឮ​និយាយ​ពី​ការ ដែល​កើត​ដល់​ពួក​មនុស្ស​អាក្រក់ ជា​ពួក​អ្នក​ដែល​លើក​គ្នា​ឡើង​ទាស់​នឹង​ទូលបង្គំ

12 ឯ​មនុស្ស​សុចរិត គេ​នឹង​លូត‌លាស់​ឡើង ដូច​ជា​ដើម​លម៉ើរ ក៏​នឹង​ធំ​ឡើង ដូច​ជា​ដើម​តាត្រៅ​នៅ​លើ​ភ្នំ​ល្បាណូន​ដែរ

13 គេ​ត្រូវ​ដាំ​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា គេ​ដុះ​ដាល​ឡើង​នៅ​ក្នុង​ទីលាន​របស់​ព្រះ​នៃ​យើង​ខ្ញុំ

14 កាល​ណា​ចាស់​ហើយ នោះ​គេ​នឹង​នៅ​តែ​កើត​ផល គេ​នឹង​មាន​ជ័រ​ជា​បរិបូរ ហើយ​នៅ​តែ​ខៀវ​ស្រស់

15 ដើម្បី​នឹង​សំដែង​ឲ្យ​ឃើញ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ទៀង​ត្រង់ ទ្រង់​ជា​ថ្មដា​នៃ​ខ្ញុំ គ្មាន​សេចក្ដី​ទុច្ចរិត​ណា​នៅ​ក្នុង​ទ្រង់​ឡើយ។

© BFBS/UBS 1954, 1962. All Rights Reserved.

Bible Society in Cambodia