ទំនុករបស់ស្តេចដាវីឌ ដែលទ្រង់លើកឲ្យមេភ្លេង សំរាប់លោកយេឌូថិន។ 1 ព្រលឹងខ្ញុំរង់ចាំព្រះអង្គតែមួយ ដោយស្ងៀមស្ងាត់ សេចក្ដីសង្គ្រោះរបស់ខ្ញុំក៏មកតែពីទ្រង់ដែរ 2 គឺទ្រង់តែមួយព្រះអង្គដែលជាថ្មដា ហើយជាសេចក្ដីសង្គ្រោះនៃខ្ញុំ ក៏ជាប៉មយ៉ាងខ្ពស់របស់ខ្ញុំៗមិនត្រូវរង្គើជាខ្លាំងឡើយ 3 តើអ្នករាល់គ្នានឹងសង្ខុញចូលទៅលើមនុស្ស ទាំងចង់សំឡាប់គេដល់កាលណាទៀត ប្រៀបដូចជាកំផែងដែលទ្រេត ដូចជារបងដែលចង់រលំហើយ 4 គេប្រឹក្សាគ្នា ដើម្បីតែនឹងទំលាក់អ្នកនោះចុះពីយសរបស់ខ្លួន គេចូលចិត្តនឹងសេចក្ដីភូតភរ មាត់គេឲ្យពរ តែនៅក្នុងចិត្ត គេប្រទេចផ្តាសាវិញ។ –បង្អង់ 5 ៙ ព្រលឹងខ្ញុំអើយ ចូរនៅស្ងៀមចាំតែព្រះចុះ ដ្បិតសេចក្ដីសង្ឃឹមរបស់ខ្ញុំ នោះមកតែពីទ្រង់ទេ 6 គឺទ្រង់តែ១ព្រះអង្គដែលជាថ្មដា ហើយជាសេចក្ដីសង្គ្រោះនៃខ្ញុំ ក៏ជាប៉មយ៉ាងខ្ពស់របស់ខ្ញុំៗមិនត្រូវរង្គើឡើយ 7 សេចក្ដីសង្គ្រោះ នឹងសិរីល្អរបស់ខ្ញុំ នោះនៅនឹងព្រះ ឯថ្មដានៃកំឡាំងខ្ញុំ នឹងទីពឹងជ្រករបស់ខ្ញុំ ក៏នៅក្នុងព្រះដែរ 8 ជនទាំងឡាយអើយ ចូរទុកចិត្តនឹងទ្រង់ជានិច្ច ចូរអ្នករាល់គ្នាប្លុងចិត្តនៅចំពោះទ្រង់ ព្រះទ្រង់ជាទីពឹងជ្រកសំរាប់យើងខ្ញុំ។ –បង្អង់ 9 ៙ ប្រាកដមែន មនុស្សធម្មតាជាអសារឥតការ ហើយមនុស្សមាំទាំជាសេចក្ដីបោកប្រាស់ បើនឹងថ្លឹងគេនៅជញ្ជីង នោះទាំងអស់រួមគ្នាស្រាលជាងខ្យល់ដង្ហើមទៅទៀត 10 កុំឲ្យទុកចិត្តនឹងសេចក្ដីសង្កត់សង្កិនឡើយ ក៏កុំឲ្យអួតខ្លួនក្នុងការលួចប្លន់ដែរ បើកាលណាមានទ្រព្យសម្បត្តិចំរើនឡើង នោះកុំឲ្យទុកចិត្តនឹងរបស់ទាំងនោះឲ្យសោះ 11 ព្រះទ្រង់បានមានបន្ទូលម្តងហើយ ខ្ញុំបានឮសេចក្ដីនេះ២ដងផង គឺថា ឫទ្ធានុភាពសំរេចនៅលើព្រះ 12 ឱព្រះអម្ចាស់អើយ សេចក្ដីសប្បុរសក៏ជារបស់ផងទ្រង់ដែរ ដ្បិតទ្រង់សងដល់គ្រប់មនុស្សទាំងអស់ តាមការប្រព្រឹត្តរបស់គេ។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia