ទំនុកនៃស្តេចដាវីឌ ដែលទ្រង់លើកសំរាប់មេភ្លេង ជូនដល់លោកយេឌូថិន។ 1 ខ្ញុំបាននឹកថា ខ្ញុំនឹងប្រយ័តផ្លូវខ្លួន ដើម្បីមិនឲ្យអណ្តាតខ្ញុំធ្វើបាបឡើយ ខ្ញុំនឹងដាក់បង្ខាំទប់មាត់ខ្ញុំ ក្នុងកាលដែលពួកអាក្រក់ នៅចំពោះមុខ 2 ខ្ញុំបាននៅជាគ ឥតនិយាយអ្វីសោះ គឺបាននៅស្ងៀមចំពោះទាំងសេចក្ដីល្អផង នោះសេចក្ដីទុក្ខព្រួយរបស់ខ្ញុំក៏ជ្រួលឡើង 3 ចិត្តខ្ញុំបានក្តៅនៅក្នុងខ្លួន កំពុងដែលខ្ញុំគិតរំពឹង នោះភ្លើងក៏ឆួលឡើង ហើយអណ្តាតខ្ញុំបាននិយាយថា 4 ឱព្រះយេហូវ៉ាអើយ សូមឲ្យទូលបង្គំដឹងពីចុងបំផុតនៃទូលបង្គំ ហើយពីចំនួនថ្ងៃអាយុនៃទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានដឹងជាមានជីវិតស្រួយ អម្បាលម៉ានទៅ 5 មើលទ្រង់បានធ្វើឲ្យថ្ងៃអាយុនៃទូលបង្គំបានខ្លី ប្រវែង១ចំអាមដៃ ហើយជំនួរជីវិតរបស់ទូលបង្គំ ដូចជាឥតមានសោះ នៅចំពោះទ្រង់ មែនហើយ គ្រប់មនុស្ស ទោះទាំងមនុស្សនៅក្នុង សណ្ឋានពេញវ័យ នោះក៏ឥតប្រយោជន៍ទទេដែរ។ –បង្អង់ 6 ៙ ប្រាកដមែន គ្រប់មនុស្សទាំងឡាយដើរ ប្រៀបដូចជាស្រមោលទទេ គេជ្រួលជ្រើមឡើងជាឥតប្រយោជន៍ គេបង្គរទ្រព្យសម្បត្តិឡើង ឥតដឹងជាអ្នកណានឹងទទួលទេ 7 ឥឡូវនេះ ឱព្រះអម្ចាស់អើយ តើទូលបង្គំនៅរង់ចាំអ្វីទៀត ដ្បិតទូលបង្គំសង្ឃឹមដល់ទ្រង់តែ១ប៉ុណ្ណោះ 8 សូមជួយទូលបង្គំឲ្យរួចពីគ្រប់អំពើរំលងរបស់ទូលបង្គំ សូមកុំឲ្យទូលបង្គំបានជាទីដៀលត្មះរបស់ពួកមនុស្ស ឆោតល្ងង់ឡើយ 9 ទូលបង្គំបាននៅជាគ ឥតហើបមាត់សោះ ដ្បិតគឺជាទ្រង់ដែលបានធ្វើការនោះ 10 សូមដករំពាត់របស់ទ្រង់ចេញពីទូលបង្គំ ទូលបង្គំត្រូវវិនាសហើយ ដោយសារព្រះហស្តទ្រង់វាយ 11 កាលណាទ្រង់វាយប្រដៅផ្ចាញ់ផ្ចាលមនុស្ស ដោយព្រោះអំពើទុច្ចរិតរបស់គេ នោះទ្រង់ធ្វើឲ្យសេចក្ដីលំអរបស់គេបាត់ទៅ ដូចជាមេអំបៅ ពិតប្រាកដជាមនុស្សទាំងអស់សុទ្ធតែឥត ប្រយោជន៍ទទេ។ –បង្អង់ 12 ៙ ឱព្រះយេហូវ៉ាអើយ សូមស្តាប់ពាក្យ ដែលទូលបង្គំអធិស្ឋាន សូមផ្ទៀងព្រះកាណ៌ស្តាប់សំរែកទូលបង្គំផង សូមទ្រង់កុំនៅធ្មឹងនឹងទឹកភ្នែកនៃទូលបង្គំឡើយ ដ្បិតទូលបង្គំជាអ្នកដទៃនៅចំពោះទ្រង់ ជាអ្នកស្នាក់នៅដូចជាពួកឰយុកោ ទូលបង្គំទាំងអស់គ្នាដែរ 13 ឱសូមប្រណីដល់ទូលបង្គំ ដើម្បីឲ្យទូលបង្គំបានមានកំឡាំងឡើង មុនដែលទូលបង្គំចេញបាត់ទៅ ហើយមិនមានទៀត។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia