ទំនុកតម្កើង 85 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពាក្យអធិស្ឋានសូមឲ្យព្រះលើកមុខឡើងវិញ ដោយព្រះគុណរបស់ព្រះ ទំនុករបស់កូនចៅកូរេ សម្រាប់មេភ្លេង។ 1 ឱព្រះយេហូវ៉ាអើយ ព្រះអង្គគាប់ព្រះហឫទ័យនឹងទឹកដីរបស់ព្រះអង្គ ព្រះអង្គបានលើកមុខពួកយ៉ាកុបឡើងវិញ ។ 2 ព្រះអង្គបានអត់ទោសអំពើទុច្ចរិត របស់ប្រជារាស្ត្រព្រះអង្គ ក៏បានគ្របបាំងអំពើបាប ទាំងប៉ុន្មានរបស់គេ។ -បង្អង់ 3 ព្រះអង្គបានដកសេចក្ដីក្រោធ ទាំងអស់របស់ព្រះអង្គចេញ ព្រះអង្គបានបែរចេញពីសេចក្ដីក្រោធ ដ៏សហ័សរបស់ព្រះអង្គ។ 4 ៙ ឱព្រះនៃការសង្គ្រោះរបស់យើងខ្ញុំអើយ សូមលើកមុខយើងខ្ញុំឡើងវិញ សូមឈប់គ្នាន់ក្នាញ់ចំពោះយើងខ្ញុំទៅ! 5 តើព្រះអង្គខ្ញាល់នឹងយើងខ្ញុំរហូតឬ? តើព្រះអង្គបន្លាយសេចក្ដីក្រោធរបស់ព្រះអង្គ គ្រប់ជំនាន់តទៅឬ? 6 តើព្រះអង្គមិនប្រោសឲ្យយើងខ្ញុំមានជីវិតឡើងវិញ ដើម្បីឲ្យប្រជារាស្ត្រព្រះអង្គ បានរីករាយក្នុងព្រះអង្គទេឬ? 7 ឱព្រះយេហូវ៉ាអើយ សូមសម្ដែងព្រះហឫទ័យសប្បុរស របស់ព្រះអង្គដល់យើងខ្ញុំ ហើយប្រោសប្រទានការសង្គ្រោះរបស់ព្រះអង្គ ដល់យើងខ្ញុំផង។ 8 ៙ ខ្ញុំនឹងស្តាប់សេចក្ដីដែលព្រះយេហូវ៉ាដ៏ជាព្រះ មានព្រះបន្ទូល ដ្បិតព្រះអង្គនឹងមានព្រះបន្ទូល ពីសេចក្ដីសុខសាន្ត ដល់ប្រជារាស្ត្រព្រះអង្គ ដល់ពួកបរិសុទ្ធរបស់ព្រះអង្គ គឺកុំឲ្យគេវិលត្រឡប់ ទៅរកសេចក្ដីចម្កួតទៀតឡើយ។ 9 ពិតប្រាកដជាការសង្គ្រោះរបស់ព្រះអង្គ នៅជិតអស់អ្នកដែលកោតខ្លាចព្រះអង្គ ដើម្បីឲ្យមានសិរីរុងរឿងនៅក្នុងស្រុករបស់យើង។ 10 សេចក្ដីសប្បុរស និងសេចក្ដីស្មោះត្រង់ ជួបគ្នា សេចក្ដីសុចរិត និងសេចក្ដីសុខសាន្ត ថើបគ្នា។ 11 សេចក្ដីស្មោះត្រង់ដុះពន្លកចេញពីដី ហើយសេចក្ដីសុចរិតក៏មើលពីលើមេឃមកដែរ។ 12 អើ ព្រះយេហូវ៉ានឹងប្រោសប្រទានសេចក្ដីល្អ ហើយស្រុកយើងនឹងបង្កើតភោគផល ចម្រើនឡើង។ 13 សេចក្ដីសុចរិតនឹងដើរនៅចំពោះព្រះអង្គ ហើយរៀបផ្លូវសម្រាប់ជំហានព្រះអង្គ។ |
© 2016 United Bible Societies
Bible Society in Cambodia