Biblia Todo Logo
La Biblia Online

- Anuncios -


ទំនុកតម្កើង 44 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ទុក្ខ​សោក​របស់​ជាតិ និង​ពាក្យ​អធិស្ឋានសុំ​ជំនួយ
ទំនុក​របស់​កូន​ចៅ​កូរេ សម្រាប់​មេ​ភ្លេង ជា​សេចក្ដី​បង្រៀន។

1 ឱ​ព្រះ​អើយ យើង​ខ្ញុំ​បាន​ឮ​ផ្ទាល់​នឹង​ត្រចៀក បុព្វ‌បុរស​យើង​ខ្ញុំ បាន​ប្រាប់​យើង​ខ្ញុំ អំពី​កិច្ច​ការ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ នៅ​ជំនាន់​របស់​លោក គឺ​នៅ​សម័យ​ចាស់​បុរាណ​ថា

2 ព្រះ‌អង្គ​បាន​បណ្តេញ​សាសន៍​នានាចេញ ដោយ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ផ្ទាល់ ហើយ​បាន​ដាំ​អ៊ី​ស្រាអែល​ជំនួស​វិញ ព្រះ‌អង្គ​បាន​ធ្វើ​ទោស​សាសន៍​ទាំង​នោះ តែ​បានធ្វើ​ឲ្យ​អ៊ីស្រា‌អែល​ពង្រីក​ទឹក​ដី។

3 ដ្បិត​គេ​មិន​បាន​ចាប់​យក​ស្រុក​នោះ ដោយ​ដាវ​របស់​ខ្លួន​ឡើយ ក៏​មិន​មែន​ដៃ​របស់​គេ ដែល​សង្គ្រោះ​គេ​នោះ​ដែរ គឺ​ព្រះ‌ហស្តស្ដាំ និង​ព្រះ‌ពាហុ​របស់​ព្រះ‌អង្គ ព្រម​ទាំង​ពន្លឺ​នៃ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​វិញ ដ្បិត​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​គេ។

4 ៙ ឱ​ព្រះ​អើយ ព្រះ‌អង្គ​ជា​មហា‌ក្សត្រ​របស់​ទូល‌បង្គំ ព្រះ‌អង្គ​បង្គាប់​ឲ្យ​មាន​ការ​សង្គ្រោះ ដល់​ពួក​យ៉ាកុប!

5 ដោយ‌សារ​ព្រះ​នាម​ព្រះ‌អង្គ យើង​ខ្ញុំ​បាន​ច្រាន​ផ្ដួល​សត្រូវ ដោយ​សារ​ព្រះ‌នាមព្រះ‌អង្គ យើង​ជាន់​ឈ្លី​ពួក​អ្នក​ដែល​លើក​គ្នា ទាស់​នឹង​យើង​ខ្ញុំ។

6 ដ្បិត​ទូល‌បង្គំ​មិន​ទុក​ចិត្ត នឹង​ធ្នូ​របស់​ទូល‌បង្គំ​ឡើយ ហើយ​ដាវ​ទូល‌បង្គំ​ក៏​មិនអាច សង្គ្រោះ​ទូល‌បង្គំ​បាន​ដែរ។

7 ប៉ុន្ដែ ព្រះ‌អង្គ​បាន​សង្គ្រោះ​យើង​ខ្ញុំឲ្យ​រួច​ពី​សត្រូវ ហើយ​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ស្អប់​យើង​ខ្ញុំ​ត្រូវ​ខ្មាស។

8 យើង​ខ្ញុំ​បាន​អួត​ពី​ព្រះ​ជា​ដរាប​រាល់​ថ្ងៃ ហើយ​យើង​នឹង​អរ​ព្រះ​គុណ ដល់​ព្រះ‌នាម​ព្រះ‌អង្គ រហូត​ត​ទៅ។ –បង្អង់

9 ៙ ប៉ុន្តែ ឥឡូវ​នេះ ព្រះ‌អង្គ​បាន បោះ‌បង់​ចោល​យើង​ខ្ញុំ ហើយ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំបាក់​មុខ ក៏​មិន​បាន​យាង​ចេញ​ទៅ​ជា​មួយ​ពល‌ទ័ព របស់​យើង​ខ្ញុំ​ទៀត​ដែរ។

10 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ដក​ថយ​ពី​សត្រូវ ហើយ​អស់​អ្នក​ដែល​ស្អប់​យើង​ខ្ញុំ គេ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​យើង​ខ្ញុំ។

11 ព្រះ‌អង្គ​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ដូច​ជា​ចៀម ដែល​គេ​យក​ទៅ​សម្លាប់ ក៏​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ខ្ចាត់​ខ្ចាយ​ទៅ នៅ​កណ្ដាល​ពួក​សាសន៍​ដទៃ។

12 ព្រះ‌អង្គ​បាន​លក់ប្រជា‌រាស្ត្រ​ព្រះ‌អង្គ យ៉ាង​ថោក​បំផុត ដោយ​មិន​បាន​ទារ​តម្លៃ​ខ្ពស់​ឡើយ។

13 ៙ ព្រះ‌អង្គ​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ត្រឡប់​ជា​ទី​ត្មះ​តិះ​ដៀល ដល់​សាសន៍​ជិត​ខាង​របស់​យើង​ខ្ញុំ ជា​ទី​ចំអក​ឡក‌ឡឺយ​ដល់​អស់​ទាំង​សាសន៍ ដែល​នៅ​ជុំ‌វិញ​យើង​ខ្ញុំ។

14 ព្រះ‌អង្គ​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ទៅ​ជា​ពាក្យ​បង្អាប់ ក្នុង​ចំណោម​សាសន៍​ដទៃ ហើយ​ជា​ទីសើច​ចំអក​ក្នុង​ចំណោម ប្រជាជន​ទាំង​ឡាយ។

15 រាល់​ថ្ងៃ ភាព​អាប់​យស​របស់​ទូល‌បង្គំ នៅ​មុខ​ទូល‌បង្គំ​ជា‌និច្ច ហើយ​សេចក្ដី​អាម៉ាស់​បាន​គ្រប​មុខ​ទូល‌បង្គំ​ហើយ

16 ដោយ​ព្រោះ​សំឡេង​របស់​ពួក​អ្នក ដែល​ប្រមាថ​មើល‌ងាយ នៅ​ចំពោះ​ខ្មាំង​សត្រូវ និង​ពួក​អ្នក​ដែល​សង​សឹង។

17 ៙ ការ​ទាំង​អស់​នេះ​បាន​ធ្លាក់​មក​លើ​យើង​ខ្ញុំ ប៉ុន្តែ យើង​ខ្ញុំ​មិន​បាន​ភ្លេច​ព្រះ‌អង្គ​ឡើយ ក៏​មិន​បាន​ក្បត់​នឹង​សេចក្ដី​សញ្ញា របស់​ព្រះ‌អង្គ​ដែរ។

18 ចិត្ត​យើង​ខ្ញុំ​មិន​បាន​បែរ​ក្រោយ​ទេ ជំហាន​យើង​ខ្ញុំ​ក៏​មិន​បាន​ឈាន​ចេញ​ពី​ផ្លូវ របស់​ព្រះ‌អង្គ​ដែរ

19 តែព្រះ‌អង្គ​បាន​បំបាក់​យើង​ខ្ញុំ នៅ​កន្លែងដែល​មាន​ឆ្កែ​ព្រៃ ហើយ​គ្រប​យើង​ខ្ញុំ ដោយ​ម្លប់​នៃ​សេចក្ដី​ស្លាប់។

20 ៙ ប្រសិន‌បើ​យើង​ខ្ញុំ​បាន​ភ្លេច ព្រះ‌នាម​ព្រះ​របស់​យើង​ខ្ញុំ ឬ​ប្រទូល​ដៃ​ទៅ​រក​ព្រះ​ដទៃ​ណា​មួយ

21 នោះ​តើ​ព្រះ​មិន​ទត​ឃើញ​ទេ​ឬ? ដ្បិត​ព្រះ‌អង្គ​ជ្រាប​ពី​សេចក្ដី ដែល​លាក់​ទុក​នៅ​ក្នុង​ចិត្ត។

22 ដោយ​ព្រោះ​ព្រះ‌អង្គ យើង​ខ្ញុំ​ត្រូវ​គេ​សម្លាប់​វាល់​ព្រឹក​វាល់​ល្ងាច ហើយក៏​រាប់​ទុក​ដូច​ជា​ចៀម ដែល​ត្រូវ​យក​ទៅ​សម្លាប់ ។

23 ៙ ឱ​ព្រះ‌អម្ចាស់​អើយ សូម​តើន​ឡើង! ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ផ្ទំ​លក់ដូច្នេះ? សូម​ក្រោក​ឡើង កុំ​បោះ‌បង់​ចោល​យើង​ខ្ញុំ​ជា​រហូត​ឡើយ!

24 ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​លាក់​ព្រះ‌ភក្ត្រ? ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ភ្លេច​ទុក្ខ​វេទនា និង​សេចក្ដីថប់​ព្រួយ​របស់​យើង​ខ្ញុំ​ដូច្នេះ?

25 ដ្បិត​ព្រលឹង​យើង​ខ្ញុំ​ស្រុត​ចុះ​ដល់​ធូលី​ដី​ហើយ ខ្លួន​ប្រាណ​យើង​ខ្ញុំ​ក៏​ជាប់​នៅ​នឹងដី​ដែរ។

26 សូម​ក្រោក​ឡើង សូម​យាង​មក​ជួយ​យើង​ខ្ញុំ​ផង! សូម​លោះ​យើង​ខ្ញុំ ដោយ​យល់​ដល់ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ!

© 2016 United Bible Societies

Bible Society in Cambodia
Síguenos en:



Anuncios


¡Síguenos en WhatsApp! Síguenos