Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ាកុប 3:14 - Khmer Christian Bible

14 ប៉ុន្ដែ​បើ​អ្នក​រាល់គ្នា​មាន​សេចក្ដី​ច្រណែន​ដ៏​ល្វីង​ជូរចត់​ ហើយ​មាន​ចិត្ដ​អាត្មា​និយម​ នោះ​ចូរ​កុំ​អួត​ខ្លួន​ ហើយ​កុហក​ទាស់​នឹង​សេចក្ដី​ពិត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 ប៉ុន្តែ​ប្រសិនបើ​មាន​ការឈ្នានីស​ដ៏ល្វីងជូរចត់ និង​ការទាស់ទែង​ក្នុង​ចិត្ត​អ្នករាល់គ្នា នោះ​កុំ​អួតខ្លួន ‍ហើយ​ភូតភរ​ទាស់នឹង​សេចក្ដីពិត​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ប៉ុន្តែ ប្រសិន‌បើ​អ្នក​មាន​ចិត្ត​ច្រណែន និង​មាន​គំនុំគុំ​គួន​ក្នុង​ចិត្ត នោះ​មិន​ត្រូវ​អួត​ខ្លួន ឬ​កុហក​ទាស់​នឹង​សេចក្តី​ពិត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បងប្អូន​មាន​ចិត្ត​ច្រណែន‌ឈ្នានីស និង​មាន​ចិត្ត​ប្រណាំង​ប្រជែង​គ្នា​នោះ សូម​កុំ​អួត​ខ្លួន កុំ​កុហក​ទាស់​នឹង​សេចក្ដី​ពិត​ឲ្យ​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 បើ​មាន​សេចក្ដី​ច្រណែន​ដ៏​ជូរ​ល្វីង នឹង​សេចក្ដី​គំនុំ​ក្នុង​ចិត្ត នោះ​កុំ​ឲ្យ​អួត​ខ្លួន ឬ​កុហក​ទទឹង​នឹង​សេចក្ដី​ពិត​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បង​ប្អូន​មាន​ចិត្ដ​ច្រណែន​ឈ្នា‌នីស និង​មាន​ចិត្ដ​ប្រណាំង​ប្រជែង​គ្នា​នោះ សូម​កុំ​អួត​ខ្លួន កុំ​កុហក​ទាស់​នឹង​សេចក្ដី​ពិត​ឲ្យ​សោះ។

សូមមើលជំពូក ចម្លង




យ៉ាកុប 3:14
42 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​គាត់​ដឹង​ថា​ ពួកគេ​បញ្ជូន​ព្រះអង្គ​មក​នេះ​ ព្រោះ​តែ​សេចក្ដី​ឈ្នានីស។​


ប៉ុន្ដែ​នឹង​មាន​ពេល​មួយ​មក​ដល់​ដែល​ពួកគេ​នឹង​បណ្ដេញ​អ្នក​រាល់គ្នា​ចេញ​ពី​សាលា​ប្រជុំ​រួច​ពួកអ្នក​ដែល​សម្លាប់​អ្នក​រាល់គ្នា​នឹក​ស្មាន​ថា​ គេ​ថ្វាយ​ការ​បម្រើ​ដល់​ព្រះជាម្ចាស់​


ប៉ុន្ដែ​ពេល​ពួក​ជនជាតិ​យូដា​ឃើញ​មនុស្ស​កុះករ​ដូច្នេះ​ ពួកគេ​ក៏​ពេញ​ដោយ​សេចក្ដី​ច្រណែន​ ហើយ​និយាយ​ប្រឆាំង​សេចក្ដី​ទាំងឡាយ​ដែល​លោក​ប៉ូល​បាន​និយាយ​ ទាំង​ប្រមាថ​គាត់​ទៀត​ផង។​


ខ្ញុំ​ផ្ទាល់​ក៏​ធ្លាប់​គិត​ថា​ ត្រូវតែ​ធ្វើ​កិច្ចការ​ប្រឆាំង​ជាច្រើន​ទាស់​នឹង​នាម​ព្រះយេស៊ូ​អ្នក​ក្រុង​ណាសារ៉ែត​


រីឯ​សម្ដេច​សង្ឃ​ និង​ពួក​អ្នក​ដែល​នៅ​ជាមួយ​ ដែល​ជា​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​បាន​រួម​គ្នា​ប្រឆាំង​ ព្រោះ​ពួកគេ​ពេញ​ដោយ​សេចក្ដី​ច្រណែន​


ហើយ​បុព្វបុរស​ទាំង​នោះ​បាន​លក់​លោក​យ៉ូសែប​ទៅ​ស្រុក​អេស៊ីព្ទ​ ដោយ​ព្រោះតែ​សេចក្ដី​ច្រណែន​ ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​គង់​នៅ​ជាមួយ​លោក​យ៉ូសែប​


ដូច្នេះ​ ពួកគេ​ពេញ​ដោយ​សេចក្ដី​ទុច្ចរិត​គ្រប់​បែបយ៉ាង​ សេចក្ដី​អាក្រក់​ សេចក្ដី​លោភលន់​ និង​សេចក្ដី​កំណាច​ ហើយ​ពេញ​ដោយ​សេចក្ដី​ឈ្នានីស​ ការ​កាប់​សម្លាប់​ ការ​ឈ្លោះ​ប្រកែក​ ល្បិចកល​ និង​គំនិត​ព្យាបាទ‍​ទៀត​ផង។​ ពួកគេ​ជា​មនុស្ស​និយាយ​ដើម​គេ​


ចូរ​យើង​រស់នៅ​តាម​បែប​ត្រឹមត្រូវ​ប្រៀប​ដូចជា​ដើរ​នៅ​ពេល​ថ្ងៃ​ គឺ​មិន​ប្រមឹក​ មិន​ស៊ី​ផឹកអ៊ូអែ​ មិន​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ ល្មោភ​កាម​ ឈ្លោះ​ប្រកែក​ ឬ​ច្រណែន​គ្នា​ឡើយ​


បើ​អ្នក​មាន​ឈ្មោះ​ជា​ជនជាតិ​យូដា​ ដែល​ពឹង​លើ​គម្ពីរ​វិន័យ​ អួត​អំពី​ព្រះជាម្ចាស់​


រីឯ​អស់​អ្នក​ដែល​មាន​ចិត្ដ​អាត្មា​និយម​ មិន​ស្ដាប់​តាម​សេចក្ដី​ពិត​ តែ​បែរ​ជា​ស្ដាប់​តាម​សេចក្ដី​ទុច្ចរិត​ នោះ​នឹង​បាន​សេចក្ដី​ក្រោធ​ និង​ការ​ដាក់ទោស​វិញ។​


សេចក្ដី​ស្រឡាញ់​ អត់ធ្មត់​ សេចក្ដី​ស្រឡាញ់​ សប្បុរស​ និង​មិន​ច្រណែន​ សេចក្ដី​ស្រឡាញ់​ មិន​អួត​ខ្លួន​ និង​មិន​បំផ្លើស​


ដ្បិត​អ្នក​រាល់គ្នា​នៅ​តែ​ជា​មនុស្ស​ខាង​សាច់ឈាម​ ព្រោះ​មាន​សេចក្ដី​ច្រណែន​ ​និង​ការ​ឈ្លោះ​ប្រកែក​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា។​ តើ​អ្នក​រាល់គ្នា​មិន​មែន​ជា​មនុស្ស​ខាង​សាច់ឈាម​ ហើយ​រស់នៅ​តាម​បែប​មនុស្ស​ទេ​ឬ?​


ហើយ​អ្នក​រាល់គ្នា​នៅ​តែ​អួត​ខ្លួន​ទៀត​ មិន​កើត​ទុក្ខ​សោះ​ ព្រោះ​មនុស្ស​ដែល​ធ្វើ​អំពើ​បែប​នេះ​ ត្រូវ​តែ​ដក​ចេញ​ពី​ក្នុង​ចំណោម​អ្នក​រាល់គ្នា​


អំនួត​របស់​អ្នក​រាល់គ្នា​មិន​ល្អ​ទេ​ អ្នក​រាល់គ្នា​មិន​ដឹង​ទេ‍​ឬ​ថា​ មេនំប៉័ង​បន្តិច​បន្ដួច​ធ្វើ​ឲ្យ​ម្សៅ​ទាំង​អស់​ដោរ​ឡើង​


ដ្បិត​ខ្ញុំ​ខ្លាច​ក្រែងលោ​ពេល​ខ្ញុំ​មក​ដល់​ ខ្ញុំ​ឃើញ​ថា​ អ្នក​រាល់គ្នា​មិន​ដូច​ជា​អ្វី​ដែល​ខ្ញុំ​ប៉ង​ រីឯ​អ្នក​រាល់គ្នា​ក៏​ឃើញ​ថា​ ខ្ញុំ​មិន​ដូចជា​អ្វី​ដែល​អ្នក​រាល់គ្នា​ប៉ង​ដែរ​ ឬ​ក្រែងលោ​មាន​ការ​ឈ្លោះ​ប្រកែក​ ការឈ្នានីស​ កំហឹង​ ការ​ប្រជែង​ ការ​និយាយ​បង្ខូច​ ការ​បរិហារ​កេរ្ដិ៍​ ការក្រអឺតក្រទម​ និង​សេចក្ដី​វឹកវរ​


ប៉ុន្ដែ​បើ​អ្នក​រាល់គ្នា​ប្រខាំ​គ្នា​ ហើយ​បំផ្លាញ​គ្នា​ដូច្នេះ​ ចូរ​ប្រយ័ត្ន​ ក្រែង​លោ​អ្នក​រាល់គ្នា​ត្រូវ​វិនាស​ដោយសារ​គ្នា​ឯង។​


ការ​ថ្វាយបង្គំ​រូបព្រះ​ មន្ត​អាគម​ សេចក្តី​សំអប់​ ការ​ឈ្លោះ​ប្រកែក​ សេចក្ដី​ច្រណែន​ កំហឹង​ ការ​ប្រជែង​ ការ​បែក​បាក់​ បក្សពួក​និយម​


សេចក្ដី​ឈ្នានីស​ ការ​ប្រមឹក​ ស៊ី​ផឹក​អ៊ូអែ​ និង​អ្វីៗ​ផ្សេង​ទៀត​ដែល​ស្រដៀង​នឹង​សេចក្ដី​ទាំង​នេះ​ ដូច​ដែល​ខ្ញុំ​ធ្លាប់​ប្រាប់​រួច​មក​ហើយ​ ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់គ្នា​ជា​មុន​ថា​ អស់​អ្នក​ដែល​ប្រព្រឹត្ត​យ៉ាង​នោះ​ នឹង​មិន​បាន​ទទួល​នគរ​ព្រះជាម្ចាស់​ទុក​ជា​មរតក​ឡើយ។​


ចូរ​យើង​កុំ​ចង់​បាន​កេរ្តិ៍​ឈ្មោះ​ឥត​ប្រយោជន៍​ ទាំង​រក​រឿង​ ឬ​ឈ្នានីស​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ។​


ដ្បិត​ពួកអ្នក​កាត់ស្បែក​ ខ្លួន​គេ​ផ្ទាល់​មិន​កាន់​តាម​គម្ពីរ​វិន័យ​ ប៉ុន្តែ​ពួកគេ​ចង់​ឲ្យ​អ្នក​រាល់គ្នា​កាត់ស្បែក​ ដើម្បី​ឲ្យ​ពួកគេ​បាន​អួត​ខ្លួន​ដោយសារ​សាច់ឈាម​របស់​អ្នក​រាល់គ្នា។​


មាន​មនុស្ស​មួយ​ចំនួន​ប្រកាស​អំពី​ព្រះគ្រិស្ដ​ ដោយ​ព្រោះ​សេចក្ដី​ឈ្នានីស​ និង​ការ​ឈ្លោះ​ប្រកែក​មែន​ ប៉ុន្ដែ​មាន​មនុស្ស​មួយ​ចំនួន​ទៀត​ពិត​ជា​ប្រកាស​ដោយ​ព្រោះ​បំណង​ល្អ​


ចូរ​កុំ​ធ្វើ​អ្វី​ដោយ​ការ​ប្រជែង​ ឬ​ដោយ​ចិត្ដ​អំនួត​ឥត​ប្រយោជន៍​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ចូរ​បន្ទាប​ខ្លួន​ទាំង​គិត​ថា​ អ្នក​ដទៃ​ប្រសើរ​ជាង​ខ្លួន​ឯង។​


ដែល​ព្រះអង្គ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ និង​ស្គាល់​សេចក្ដី​ពិត​


អ្នក​នោះ​កើត​មាន​ចិត្ដ​ធំ​ហើយ​ គេ​មិន​យល់​អ្វី​ទាំង​អស់​ គឺ​វក់​តែ​នឹង​ការ​សួរ​ដេញ​ដោល​គ្នា​ ហើយ​ប្រកែក​គ្នា​អំពី​ពាក្យ​ដែល​នាំ​ឲ្យ​មាន​ការ​ឈ្នានីស​ ការ​បាក់​បែក​ ការ​ជេរ​ប្រមាថ​ ការ​សង្ស័យ​ដ៏​អាក្រក់​


ដ្បិត​កាល​ពីដើម​ យើង​ក៏​ជា​មនុស្ស​ល្ងង់ខ្លៅ​ មិន​ស្តាប់​បង្គាប់​ ចាញ់​ការ​បោកបញ្ឆោត​ ហើយ​បម្រើ​សេចក្ដី​ប៉ង​ប្រាថ្នា​ និង​សេចក្ដី​ស្រើប​ស្រាល​ផ្សេងៗ​ ទាំង​រស់នៅ​ក្នុង​សេចក្ដី​អាក្រក់​ និង​សេចក្ដី​ឈ្នានីស​ ជា​មនុស្ស​គួរ​ឲ្យ​ស្អប់ខ្ពើម​ ព្រមទាំង​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ផង‍។​


ព្រះអង្គ​បាន​បង្កើត​យើង​ទៅ​តាម​បំណង​របស់​ព្រះអង្គ​ដោយសារ​ព្រះ​បន្ទូល​នៃ​សេចក្ដី​ពិត​ ដើម្បី​ឲ្យ​យើង​ត្រលប់​ជា​ផល​ដំបូង​មួយ​នៅក្នុង​ចំណោម​អ្វីៗ​ដែល​ព្រះអង្គ​បាន​បង្កើត​មក។​


ដ្បិត​កន្លែង​ណា​មាន​សេចក្ដី​ច្រណែន​ និង​ភាព​អាត្មា​និយម​ កន្លែង​នោះ​មាន​ភាព​វឹកវរ​ និង​អំពើ​អាក្រក់​គ្រប់​បែបយ៉ាង។


បងប្អូន​របស់​ខ្ញុំ​អើយ!​ បើ​មាន​អ្នកណា​ម្នាក់​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​វង្វេង​ចេញ​ពី​សេចក្ដី​ពិត​ ហើយ​មាន​អ្នកណា​ម្នាក់​បាន​នាំ​គាត់​មក​វិញ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម