២ របាក្សត្រ 24:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 ពេលនោះ ព្រះវិញ្ញាណរបស់ព្រះយាងមកសណ្ឋិតលើសាការី ជាកូនរបស់សង្ឃយេហូយ៉ាដា លោកឈរនៅមុខបណ្ដាជនពោលថា៖ «ព្រះទ្រង់មានព្រះបន្ទូលដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នារំលងបទបញ្ជារបស់ព្រះយេហូវ៉ាដូច្នេះ? ធ្វើយ៉ាងនេះ អ្នករាល់គ្នាមិនអាចចម្រុងចម្រើនបានទេ ដោយព្រោះអ្នករាល់គ្នាបានបោះបង់ចោលព្រះយេហូវ៉ា ព្រះអង្គក៏បោះបង់ចោលអ្នករាល់គ្នាដែរ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យាងមកសណ្ឋិតលើលោកសាការី ដែលត្រូវជាកូនរបស់លោកបូជាចារ្យយេហូយ៉ាដា។ លោកប្រឈមមុខទល់នឹងប្រជាជន ហើយប្រកាសថា៖ «ព្រះជាម្ចាស់មានព្រះបន្ទូលដូចតទៅ: ហេតុអ្វីបានជាអ្នករាល់គ្នាបំពានលើបទបញ្ជារបស់ព្រះអម្ចាស់? ដោយអ្នករាល់គ្នាបោះបង់ចោលព្រះអម្ចាស់ ព្រះអង្គក៏នឹងបោះបង់ចោលអ្នករាល់គ្នា។ ដូច្នេះ អ្នករាល់គ្នាធ្វើអ្វី ក៏មិនបានសម្រេចដែរ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 គ្រានោះ ព្រះវិញ្ញាណនៃព្រះទ្រង់មកសណ្ឋិតលើសាការី ជាកូនយេហូយ៉ាដាដ៏ជាសង្ឃ លោកឈរនៅមុខបណ្តាជនពោលថា ព្រះទ្រង់មានបន្ទូលដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នា រំលងអស់ទាំងក្រិត្យក្រម នៃព្រះយេហូវ៉ាដូច្នេះ ធ្វើយ៉ាងនោះមិនចំរើនទេ គឺដោយព្រោះអ្នករាល់គ្នាបានបោះបង់ចោលព្រះយេហូវ៉ាចេញ បានជាទ្រង់ក៏បោះបង់ចោលអ្នករាល់គ្នាដែរ សូមមើលជំពូកអាល់គីតាប20 រសរបស់អុលឡោះមកសណ្ឋិតលើលោកសាការីយ៉ា ដែលត្រូវជាកូនរបស់អ៊ីមុាំយេហូយ៉ាដា។ គាត់ប្រឈមមុខទល់នឹងប្រជាជនហើយប្រកាសថា៖ «អុលឡោះមានបន្ទូលដូចតទៅ: ហេតុអ្វីបានជាអ្នករាល់គ្នាបំពានលើបទបញ្ជារបស់ទ្រង់? ដោយអ្នករាល់គ្នាបោះបង់ចោលអុលឡោះតាអាឡា ទ្រង់ក៏នឹងបោះបង់ចោលអ្នករាល់គ្នា។ ដូច្នេះអ្នករាល់គ្នាធ្វើអ្វី ក៏មិនបានសម្រេចដែរ»។ សូមមើលជំពូក |
ព្រះវិញ្ញាណបានមកសណ្ឋិតនៅលើអ័ម៉ាសាយ ជាមេលើពួកសាមសិបនាក់ ហើយលោកទូលថា៖ «ឱ ព្រះបាទដាវីឌអើយ យើងខ្ញុំរាល់គ្នាជារបស់ព្រះករុណាហើយ! ឱបុត្រអ៊ីសាយអើយ យើងខ្ញុំកាន់ខាងព្រះករុណាហើយ សូមព្រះករុណាបានប្រកបដោយ សេចក្ដីសុខចម្រើន ព្រមទាំងពួកអ្នកដែលជួយខាងព្រះករុណាផង ដ្បិតព្រះរបស់ព្រះករុណា បានជួយព្រះករុណាហើយ»។ បន្ទាប់មក ព្រះបាទដាវីឌក៏ទទួលគេ ហើយតាំងគេឡើងឲ្យធ្វើជាមេលើកងទាហាន។
បើកាលណាអ្នករាល់គ្នាសួរថា៖ ហេតុអ្វីបានជាព្រះយេហូវ៉ាជាព្រះនៃយើងព្រះអង្គប្រព្រឹត្តការយ៉ាងនេះដល់យើង? នោះព្រះអង្គនឹងឆ្លើយដល់គេថា៖ អ្នករាល់គ្នាបានបោះបង់យើង ទៅគោរពព្រះដទៃនៅក្នុងស្រុកអ្នកជាយ៉ាងណា អ្នករាល់គ្នានឹងត្រូវគោរពដល់សាសន៍ដទៃ នៅក្នុងស្រុកមួយដែលមិនមែនជារបស់ខ្លួនយ៉ាងនោះដែរ។
អំពើទុច្ចរិតរបស់អ្នក នឹងវាយផ្ចាលអ្នក ហើយការរាថយរបស់អ្នក នឹងស្ដីបន្ទោសអ្នកវិញ។ ដូច្នេះ ចូរពិចារណា ហើយដឹងថា ការដែលអ្នកបានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះនៃអ្នក ឥតមានចិត្តកោតខ្លាច ដល់យើងនៅក្នុងខ្លួន នោះជាការអាក្រក់ ក៏ជូរចត់ណាស់ហើយ នេះជាព្រះបន្ទូល របស់ព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ។
ឯឯង ឱសាឡូម៉ូន ជាកូនអើយ ចូរឲ្យឯងបានស្គាល់ព្រះនៃឪពុកឯងចុះ ព្រមទាំងប្រតិបត្តិតាមព្រះអង្គ ដោយអស់ពីចិត្ត ហើយស្ម័គ្រស្មោះផង ដ្បិតព្រះយេហូវ៉ាស្ទង់អស់ទាំងចិត្ត ក៏យល់អស់ទាំងសេចក្ដីដែលយើងគិតដែរ បើឯងរកព្រះអង្គ នោះនឹងបានឃើញមែន តែបើឯងបោះបង់ចោលព្រះអង្គវិញ ព្រះអង្គក៏នឹងបោះបង់ចោលឯងជាដរាបទៅ
ពេលនោះ កំហឹងរបស់យើងនឹងឆួលឡើងទាស់នឹងគេនៅថ្ងៃនោះ។ យើងនឹងបោះបង់ចោលគេ ហើយគេចមុខចេញពីគេ គេនឹងត្រូវបានលេបត្របាក់អស់ទៅ។ សេចក្ដីអាក្រក់ និងសេចក្ដីវេទនាជាច្រើននឹងកើតឡើងដល់គេ ដល់ម៉្លេះបានជាគេនឹងនិយាយនៅថ្ងៃនោះថា "សេចក្ដីអាក្រក់ទាំងនេះបានកើតឡើងដល់យើង តើមិនមែនដោយព្រោះតែព្រះនៃយើងមិនគង់ក្នុងចំណោមយើងទេឬ?"
គ្រានោះ ហោរាសេម៉ាយ៉ាបានមកគាល់ព្រះបាទរេហូបោម និងជួបពួកមេដឹកនាំរបស់ជនជាតិយូដា ដែលបានជួបជុំគ្នានៅក្រុងយេរូសាឡិម ដោយព្រោះស៊ីសាក លោកមានវាចាថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "អ្នករាល់គ្នាបានបោះបង់ចោលយើង ហេតុនោះបានជាយើងទុកអ្នករាល់គ្នាចោល នៅក្នុងកណ្ដាប់ដៃស៊ីសាក"»។
កាលលោកកំពុងតែទូលនឹងស្តេចនៅឡើយ ទ្រង់មានរាជឱង្ការថា៖ «តើយើងបានតាំងឯងឲ្យធ្វើជាអ្នកជួយគំនិតស្តេចឬ? ចូរនៅស្ងៀមទៅ តើឯងចង់ឲ្យគេប្រហារឯងឬ?» ដូច្នេះ លោកក៏ឈប់និយាយ។ ប៉ុន្តែ ពោលពាក្យថា៖ «ទូលបង្គំដឹងពិតថា ព្រះបានសម្រេចនឹងបំផ្លាញព្រះករុណាទៅ ដោយព្រោះបានធ្វើអំពើយ៉ាងនេះ ហើយមិនស្តាប់តាមសេចក្ដីដាស់តឿនរបស់ទូលបង្គំ»។