Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 28:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 «កូន​មនុស្ស​អើយ ចូរ​ប្រាប់​ដល់​ម្ចាស់​ដ៏​ធំ​នៃ​ក្រុង​ទីរ៉ុស​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដោយ​ព្រោះ​អ្នក​កើត​មាន​ចិត្ត​ធំ ហើយ​បាន​ពោល​ថា យើង​ជា​ព្រះ យើង​អង្គុយ​លើ​បល្ល័ង្ក​របស់​ព្រះ​នៅ​កណ្ដាល​សមុទ្រ ប៉ុន្តែ អ្នក​ជា​មនុស្ស​ទេ មិន​មែន​ជា​ព្រះ​ឡើយ ទោះ​បើ​អ្នក​បាន​តាំង​ចិត្ត​ដូច​ជា​ព្រះ‌ហឫ‌ទ័យ​ព្រះ​ក៏​ដោយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 «កូន​មនុស្ស​អើយ ចូរ​ប្រាប់​ស្ដេច​ក្រុង​ទីរ៉ុស​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: អ្នក​មាន​ចិត្ត​ព្រហើន​ណាស់ អ្នក​ហ៊ាន​ថ្លែង​ថា “ខ្ញុំ​ជា​ព្រះ! ខ្ញុំ​គង់​លើ​បល្ល័ង្ក​របស់​ព្រះ​ដែល​ស្ថិត​នៅ​កណ្ដាល​សមុទ្រ!”។ តាម​ពិត អ្នក​ជា​មនុស្ស​សោះ គឺ​មិន​មែន​ជា​ព្រះ​ទេ តែ​អ្នក​លើក​ខ្លួន​ឯង​ស្មើ​នឹង​ព្រះ‌ជាម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 កូន​មនុស្ស​អើយ ចូរ​ប្រាប់​ដល់​ម្ចាស់​ដ៏​ធំ​នៃ​ក្រុង​ទីរ៉ុស​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ដោយ​ព្រោះ​ឯង​កើត​មាន​ចិត្ត​ធំ ហើយ​បាន​ពោល​ថា អញ​ជា​ព្រះ អញ​អង្គុយ​លើ​បល្ល័ង្ក​របស់​ព្រះ​នៅ​កណ្តាល​សមុទ្រ ប៉ុន្តែ ឯង​ជា​មនុស្ស​ទេ មិន​មែន​ជា​ព្រះ​ឡើយ ទោះ​បើ​ឯង​បាន​តាំង​ចិត្ត​ដូច​ជា​ព្រះ‌ហឫទ័យ​ព្រះ​ក៏​ដោយ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 «កូន​មនុស្ស​អើយ ចូរ​ប្រាប់​ស្ដេច​ក្រុង​ទីរ៉ុស​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ដូច​ត​ទៅ: អ្នក​មាន​ចិត្ត​ព្រហើន​ណាស់ អ្នក​ហ៊ាន​ថ្លែង​ថា “ខ្ញុំ​ជា​ព្រះ! ខ្ញុំ​នៅ​លើ​បល្ល័ង្ក​របស់​ព្រះ​ដែល​ស្ថិត​នៅ​កណ្ដាល​សមុទ្រ!”។ តាម​ពិត អ្នក​ជា​មនុស្ស​សោះ គឺ​មិន​មែន​ជា​ព្រះ​ទេ តែ​អ្នក​លើក​ខ្លួន​ឯង​ស្មើ​នឹង​ព្រះ​របស់​ខ្លួន។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 28:2
40 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ព្រះ‌ទ្រង់​ជ្រាប​ថា ពេល​ណា​អ្នក​បរិ‌ភោគ​ផ្លែ​ឈើ​នោះ ភ្នែក​អ្នក​នឹង​បាន​ភ្លឺ ហើយ​អ្នក​នឹង​បាន​ដូច​ជា​ព្រះ ព្រម​ទាំង​ដឹង​ខុស​ត្រូវ​ផង»។


ពេល​ស្ដេច​មាន​កម្លាំងហើយ នោះ​មាន​ព្រះ‌ហឫ‌ទ័យ​ប៉ោង​ធំ​ឡើង ត្រឡប់​ជា​ខូច​អស់ ទ្រង់​ក៏​ប្រព្រឹត្ត​រំលង​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ដ្បិត​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ដុត​កំញាន​នៅ​លើ​អាស‌នា​គ្រឿង​ក្រអូប។


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​ពួក‌គេ​ភិត​ភ័យ សូម​ឲ្យ​សាសន៍​ទាំង​ឡាយ​ដឹង​ខ្លួន​ថា គេ​គ្រាន់​តែ​ជា​មនុស្ស​ប៉ុណ្ណោះ។ –បង្អង់


សេចក្ដី​ឆ្មើង‌ឆ្មៃ​នាំ​មុខ​សេចក្ដី​ហិន​វិនាស ហើយ​ចិត្ត​ព្រហើន​ក៏​នាំ​ឲ្យ​ដួល​ចុះ​ដែរ។


មុន​នឹង​ត្រូវ​វិនាស ចិត្ត​របស់​មនុស្ស​កើត​មាន​សេចក្ដី​ឆ្មើង‌ឆ្មៃ ឯ​សេចក្ដី​រាប‌សា រមែង​តែ​នាំ​មុខ​កិត្តិ‌យស​វិញ។


ដ្បិត​នឹង​មាន​ថ្ងៃ​មួយ​របស់​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ មក​លើ​មនុស្ស​ឫក​ខ្ពស់ និង​មនុស្ស​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ លើ​អស់អ្នក​ដែល​ត្រូវ​បាន​គេ​លើក​តម្កើង ឲ្យ​បន្ទាប​ចុះ​វិញ


តើ​អ្នក​ណា​បាន​សម្រេច​នឹង​ធ្វើ​ការ​នេះ​ដល់​ក្រុង​ទីរ៉ុស គឺ​ជា​ក្រុង​ដែល​ធ្លាប់​បំពាក់​មកុដ​ដល់​គេ ហើយ​ដែល​ពួក​ជំនួញ​សុទ្ធ​តែ​ជា​ចៅ‌ហ្វាយ ហើយ​អ្នក​ជួញ​ប្រែ​ជា​មនុស្ស​អ្នក​ធំ​នៅ​ផែនដី​នោះ?


រីឯ​ពួក​សាសន៍​អេស៊ីព្ទ គេ​គ្រាន់​តែ​ជា​មនុស្ស​ប៉ុណ្ណោះ មិន​មែន​ជា​ព្រះ​ទេ ហើយ​សេះ​របស់​គេ​គ្រាន់​តែ​ជា​សាច់​ឈាម​ដែរ មិន​មែន​ជា​វិញ្ញាណ​ឡើយ ដូច្នេះ កាល​ណា​ព្រះ‌យេហូវ៉ា​លូក​សន្ធឹង​ព្រះ‌ហស្ត​ទៅ នោះ​ទោះ​ទាំង​អ្នក​ដែល​ជួយ​ក៏​នឹង​ចំពប់ ហើយ​អ្នក​ដែល​គេ​ជួយ​ក៏​នឹង​ដួល​ដែរ គេ​នឹង​ត្រូវ​វិនាស​ទៅ​ទាំង​អស់​គ្នា។


ដូច្នេះ ចូរ​ស្តាប់​សេចក្ដី​នេះ​ឥឡូវ អ្នក​អាល័យ​តែ​លេង​សប្បាយ ហើយ​នៅ​ដោយ​ឥត​កង្វល់ អ្នក​នឹក​ក្នុង​ចិត្ត​ថា គឺ​យើង​នេះ​ហើយ ឥត​មាន​អ្នក​ណា​ទៀត​ឡើយ យើង​នឹង​មិនក្លាយ​ជា​ស្ត្រី​មេម៉ាយ ក៏​មិន​ដែល​បាត់​បង់​កូន​ឡើយ


មើល៍! អំពើ​ទុច្ចរិត​របស់​សូដុម ជា​ប្អូន​ស្រី​អ្នក ព្រម​ទាំង​កូន គឺ​មាន​អំនួត មាន​អាហារ​បរិ‌ភោគ​ឆ្អែត ហើយ​នៅ​ក៏​ដោយ​ឥត​កង្វល់ ទាំង​មាន​សេចក្ដី​ចម្រើន ឥត​ដែល​ចម្រើន​កម្លាំង​ដៃ​នៃ​ពួក​ក្រីក្រ និង​មនុស្ស​កម្សត់​ទុគ៌ត​ឡើយ។


គេ​នឹង​ទួញ​ទំនួញ​ពី​អ្នក ដោយ​ពាក្យ​ថា "អ្នក​ដែល​ជា​ទី​លំនៅ​របស់​ពួក​អ្នក​ដើរ​ផ្លូវ​សមុទ្រ​អើយ ម្តេច​ក៏​អ្នក​ត្រូវ​បំផ្លាញ​យ៉ាង​នេះ? ឱ​ទី​ក្រុង​ដ៏​ល្បី‌ល្បាញ ធ្លាប់តែ​មាន​អំណាច​ខាង​ផ្លូវ​សមុទ្រ​អើយ គឺ​ទាំងអ្នក និង​ពួករស់​នៅ​ក្នុង​អ្នក ជា​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​សាសន៍​ទាំង​ឡាយ នៅក្នុង​ស្រុក​នោះ​មាន​ការ​ព្រឺ​‌ខ្លាច។


ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ថា៖


ចិត្ត​អ្នក​បាន​ស្ទួយ​ឡើង ដោយ​ព្រោះ​សេចក្ដី​លម្អ​របស់​អ្នក អ្នក​បាន​បង្ខូច​ប្រាជ្ញា​អ្នក ដោយ​ពន្លឺ​រស្មី​របស់​អ្នក យើង​បាន​បោះ​អ្នក​ចុះ​ដល់​ដី ព្រម​ទាំង​ដាក់​នៅ​មុខ​ពួក​ស្តេច ឲ្យ​គេ​បាន​ពិចារ‌ណា​អ្នក។


នៅ​គ្រា​នោះ តើ​អ្នក​នៅ​តែ​ពោល នៅ​មុខ​អ្នក​ដែល​សម្លាប់​អ្នក​ថា យើង​ជា​ព្រះ​ទៀត​ឬ? ប៉ុន្តែ នៅ​ក្នុង​កណ្ដាប់​ដៃ​អ្នក​ដែល​សម្លាប់​អ្នក នោះ​អ្នក​ជា​មនុស្ស មិន​មែន​ជា​ព្រះ​ឡើយ។


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ជា​សត្វ​សម្បើម​ដែល​ដេក នៅ​កណ្ដាល​ទន្លេ​របស់​ខ្លួន​អើយ យើង​ទាស់​នឹង​អ្នក ដ្បិត​អ្នក​ថា ទន្លេ​នេះ​ជា​របស់​យើង យើង​បាន​បង្កើត​សម្រាប់​តែ​ខ្លួន​យើង។


ស្រុក​អេស៊ីព្ទ​នឹង​ទៅ​ជា​ទី​ចោល​ស្ងាត់ ហើយ​ខូច‌បង់ ដូច្នេះ គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា។ ដោយ​ព្រោះ​អ្នក​ពោល​ថា ទន្លេ​នីល​ជា​របស់អ្នក គឺ​អ្នក​បាន​បង្កើត​ទន្លេ​នេះ


ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​វា បាន​ធំ​ឡើង​យ៉ាង​ខ្ពស់ ហើយ​ចុងរបស់​វា​លូត​ឡើង​ខ្ពស់​កប់​ពពក ហើយ​មាន​ចិត្ត​ប៉ោង​ឡើង​ខ្ពស់


កាល​ណា​បាន​ឈ្នះ​ពល​ទ័ព​របស់​គេ​ហើយ ស្ដេច​ក៏​មាន​ព្រះ‌ហឫ‌ទ័យ​ប៉ោង​ឡើង ហើយ​សម្លាប់​ពួក‌គេ​រាប់​ម៉ឺន​រាប់​សែន តែ​ស្ដេច​ឈ្នះ​មិន​បាន​យូរ​ឡើយ


ស្តេច​នោះ​នឹង​ធ្វើ​តាម​តែ​អំពើ​ចិត្ត ទ្រង់​នឹង​តម្កើង​ខ្លួន ហើយ​លើក​ខ្លួន​ខ្ពស់​ជាង​អស់​ទាំង​ព្រះ ក៏​ពោល​ពាក្យ​ព្រហើនៗ​ទាស់​នឹង​ព្រះ​លើ​អស់​ទាំង​ព្រះ។ ស្ដេច​នោះ​នឹង​ចម្រើន​ឡើង​រហូត​ទាល់​តែ​សេចក្ដី​ក្រោធ​ឡើង​ដល់​កម្រិត ដ្បិត​អ្វី​ដែល​បាន​កំណត់​ហើយ ត្រូវ​តែ​បាន​សម្រេច។


ស្ដេច​នោះ​នឹង​មិន​យោគ​យល់​ដល់​ពួក​ព្រះ​នៃ​អយ្យកោ​របស់​ខ្លួន​ឡើយ ក៏​មិន​យោគ​យល់​ដល់ព្រះ​ដែល​ពួក​ស្ដ្រី​ស្រឡាញ់​ដែរ។ ស្ដេច​មិន​យោគ​យល់​ដល់​ព្រះ​ណា​ឡើយ ដ្បិត​ទ្រង់​នឹង​តម្កើង​ខ្លួន​ឯង​ជា​ធំ​លើស​អ្វីៗ​ទាំង​អស់។


មើល៍! ចិត្ត​គេ​បាន​ប៉ោង​ឡើង មិន​ទៀង​ត្រង់​នៅ​ក្នុង​ខ្លួន​គេ​ទេ តែ​មនុស្ស​សុចរិត​នឹង​រស់​នៅ ដោយ‌សារ​ជំនឿ​របស់​ខ្លួន


នោះ​ហើយ ជា​ទី​ក្រុង​ដែល​តែង‌តែ​បាន​សប្បាយ ហើយ​ឥត​កង្វល់ ជា​ក្រុង​ដែល​រមែង​គិត​ក្នុង​ចិត្ត​ថា «មាន​តែ​អញ​ទេ ក្រៅ​ពី​អញ​គ្មាន​ទី​ក្រុង​ណា​សោះ» ទី​ក្រុង​នោះ​បាន​ត្រឡប់​ជា​ស្ងាត់​ច្រៀប ជា​ជម្រក​សម្រាប់​ពពួក​សត្វ​ព្រៃ​យ៉ាង​ណា​ហ្ន៎! អស់​អ្នក​ណា​ដែល​ដើរ​តាម​ទី​នោះ នឹង​ហួច​ចំអក ហើយ​រលាស់​ដៃ។


ព្រម​ទាំង​ស្រុក​ហាម៉ាត ជា​ស្រុក​ដែល​ជាប់​ព្រំដែន​នឹង​គេ ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូនដែរ ទោះ​បើ​មាន​ប្រាជ្ញា​ជា​ច្រើន​ក៏​ដោយ។


ហើយ​កាល​ណា​ម្ចាស់​ដើម​ការ ដែល​បាន​អញ្ជើញ​អ្នក និង​អ្នក​នោះ​ផង គាត់​មក​និយាយ​ជា​មួយ​អ្នក​ថា "ទុក​កន្លែង​នេះ​ឲ្យ​អ្នក​នេះ​អង្គុយ​វិញ" នោះ​អ្នក​នឹង​ថយ​ទៅ​អង្គុយ​នៅ​កន្លែង​ក្រោយ​បង្អស់ ទាំង​ខ្មាស​គេ​មិន​ខាន។


នោះ​ក្រែង​អ្នក​មាន​ចិត្ត​អួត‌អាង រួច​ភ្លេច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ


ដែល​ប្រឆាំង ហើយ​លើក​ខ្លួន​ឡើង​ខ្ពស់ លើស​ជាង​អស់​ទាំង​អ្វីៗដែល​ហៅ​ថា​ព្រះ ឬវត្ថុ​ដែល​គេ​ថ្វាយ​បង្គំ រហូត​ដល់​ទៅ​ហ៊ាន​អង្គុយ​នៅ​ក្នុង​ព្រះ​វិហារ​របស់​ព្រះ ទាំង​ប្រកាស​ថា​ខ្លួនឯង​ជា​ព្រះ​ទៀត​ផង។


អ្នក​ដែល​ទើប​នឹង​ជឿ​ថ្មី ធ្វើ​ពុំ​បាន​ឡើយ ក្រែង​គាត់​អាច​នឹង​អួត​បំប៉ោង ហើយ​ធ្លាក់​ទៅ​ក្នុង​ទោស​របស់​អារក្ស។


អ្នក​រាល់​គ្នា​ដែល​នៅ​ក្មេង​ក៏​ដូច្នោះ​ដែរ ត្រូវ​ចុះ​ចូល​នឹង​ពួក​ចាស់​ទុំ។ គ្រប់​គ្នា​ត្រូវ​ប្រដាប់​កាយ​ដោយ​ចិត្ត​សុភាព​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត «ព្រះ​ប្រឆាំង​នឹង​មនុស្ស​អួតខ្លួន តែ​ទ្រង់​ផ្តល់​ព្រះ‌គុណ​ដល់​មនុស្ស​ដែល​ដាក់​ខ្លួន​វិញ» ។


ទេវតា​នោះ​ក៏​នាំ​វិញ្ញាណ​ខ្ញុំ​ទៅ​កាន់​ទី​រហោ‌ស្ថាន នៅ​ទីនោះ​ខ្ញុំ​ឃើញ​ស្ត្រី​ម្នាក់ អង្គុយ​លើ​សត្វ​មួយ​សម្បុរ​ក្រហម​ឆ្អិនឆ្អៅ ដែល​មាន​ឈ្មោះ​ជា​ពាក្យ​ប្រមាថ​ព្រះ​ពេញ​ខ្លួន ហើយ​វា​មាន​ក្បាល​ប្រាំពីរ និង​ស្នែង​ដប់។


ក្រុង​នោះ​បាន​តម្កើង​ខ្លួន ហើយ​រស់​ដោយ​ឆើត‌ឆាយ​យ៉ាង​ណា នោះ​គេ​ក៏​ត្រូវ​វេទនា និង​សោក​សង្រេង​យ៉ាង​នោះ​ដែរ ដ្បិត​គេ​គិត​ក្នុង​ចិត្ត​ថា "យើង​អង្គុយ​ជា​មហា‌ក្សត្រិយានី មិន​មែន​ជា​មេម៉ាយ​ទេ ហើយ​យើង​នឹង​មិន​ត្រូវ​សោក​សង្រេង​ឡើយ" ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម