Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 13:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ចូរ​នឹក​ចាំ​ពី​ថ្ងៃ​នេះ ជា​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ ព្រោះ​ព្រះ‌យេហូវ៉ា​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​មក ដោយ​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ។ ដូច្នេះ មិន​ត្រូវ​បរិ‌ភោគ​នំបុ័ង​មាន​ដំបែ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ចូរ​អ្នក​រាល់​គ្នា​នឹក​ចាំ​ពី​ថ្ងៃ​នេះ គឺ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ជា​កន្លែង​ដែល​អ្នក​រាល់​គ្នា​ជាប់​ជា​ទាសករ។ ព្រះ‌អម្ចាស់​បាន​ប្រើ​ឫទ្ធិ‌បារមី​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះអង្គ នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ​មក។ ហេតុ​នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​នំប៉័ង​មាន​មេ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ម៉ូសេ​ក៏​ប្រាប់​ដល់​បណ្តាជន​រាល់​គ្នា​ថា ចូរ​នឹក​ចាំ​ពី​ថ្ងៃ​នេះ គឺ​ពី​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​បាន​ចេញ​ពី​ផ្ទះ​បាវ​បំរើ​នៅ​ស្រុក​អេស៊ីព្ទ​មក ដ្បិត​ព្រះ‌យេហូវ៉ា​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​មក ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ​ហើយ ដូច្នេះ​មិន​ត្រូវ​ឲ្យ​អ្នក​ណា​បរិភោគ​នំបុ័ង​មាន​ដំបែ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ម៉ូសា​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ចូរ​អ្នក​រាល់​គ្នា​នឹក​ចាំ​ពី​ថ្ងៃ​នេះ គឺ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ជា​កន្លែង​ដែល​អ្នក​រាល់​គ្នា​ជាប់​ជា​ទាសករ។ អុលឡោះ‌តាអាឡា​បាន​ប្រើ​អំណាច​ដ៏​ខ្លាំង​ពូកែ​របស់​ទ្រង់ នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ​មក។ ហេតុ​នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​នំបុ័ង​មាន​មេ​ទេ។

សូមមើលជំពូក ចម្លង




និក្ខមនំ 13:3
58 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​តំណ​ទី​បួន គេ​នឹង​វិល​ត្រឡប់​មក​ទី​នេះ​វិញ ដ្បិត​អំពើ​ទុច្ចរិត​របស់​ពួក​សាសន៍​អាម៉ូរី មិន​ទាន់​ដល់​កម្រិត​នៅ​ឡើយ»។


(ដ្បិត​គេ​នឹង​ឮ​និយាយ​ពី​ព្រះ‌នាម​ដ៏​ជា​ធំ​ឧត្តម​របស់​ព្រះ‌អង្គ និង​ពី​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ ហើយ​ពី​ព្រះ‌ពាហុ​ដែល​លើក​សម្រេច​ដែរ) ហើយ​គេ​មក​អធិ‌ស្ឋាន​តម្រង់​ចំពោះ​ព្រះ‌វិហារ​នេះ


ចូរ​នឹក​ចាំ​ពី​អស់​ទាំង​ការ​អស្ចារ្យ ដែល​ព្រះ‌អង្គ​បាន​ធ្វើ គឺ​ពី​ការ​ចំឡែក​របស់​ព្រះ‌អង្គ និង​ពី​សេចក្ដី​យុត្តិ‌ធម៌​ដែល​ចេញ​ពី​ព្រះ‌ឧស្ឋ របស់​ព្រះ‌អង្គ​មក


ពួក‌គេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ហើយ​ជា​ប្រជា‌រាស្ត្រ​ដែល​ព្រះ‌អង្គ​បាន​រំដោះ ដោយ​ព្រះ‌ចេស្តា​ដ៏​អស្ចារ្យ និង​ដោយ​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ។


ព្រះ‌អង្គបាន​សម្ដែង​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ទៅ​លើ​ផារ៉ោន ពួក​មហា‌តលិក និងប្រជាជន​នៃ​ស្រុក​នោះ​ទាំង​អស់ ដ្បិត​ព្រះ‌អង្គ​ជ្រាប​ថា គេ​បាន​ប្រព្រឹត្ត​នឹង​បុព្វ‌បុរស​របស់​យើង​ដោយ​ចិត្ត​ព្រហើន ហើយ​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ព្រះ‌នាម​ព្រះ‌អង្គ​ល្បី​ល្បាញ រហូត​ដល់​សព្វ​ថ្ងៃ។


ចូរ​នឹក​ចាំ​ពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ ដែល​ព្រះ‌អង្គ​បាន​ធ្វើ ពី​ការ​អស្ចារ្យ និង​ការ​ជំនុំ​ជម្រះ ដែល​ព្រះ‌អង្គ​បាន​សម្រេច


កាល​អ៊ីស្រា‌អែលចាក​ចេញ​ពី​ស្រុក​អេស៊ីព្ទ គឺ​កាល​ពូជ‌ពង្ស​របស់​យ៉ាកុប ចាក​ចេញ​ពី​សាសន៍​មួយ ដែល​មាន​ភាសា​ចម្លែក


ព្រះ‌អង្គ​បាន​នាំ​សាសន៍​អ៊ីស្រា‌អែល ចេញ​ពី​ក្នុង​ចំណោម​ពួក‌គេ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច


ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ និង​ព្រះ‌ពាហុ​លើក​សម្រេច ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច


សេចក្ដី​សុចរិត និង​សេចក្ដី​យុត្តិ‌ធម៌ ជា​គ្រឹះ​ទ្រទ្រង់​បល្ល័ង្ក​របស់​ព្រះ‌អង្គ ព្រះ‌ហឫ‌ទ័យ​សប្បុរស និព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់ ដើរ​នាំ​មុខ​ព្រះ‌អង្គ។


ក្នុង​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ អ្នក​រាល់​គ្នា​ត្រូវ​បរិ‌ភោគ​នំបុ័ង​ឥត​ដំបែ។ ចាប់​ពី​ថ្ងៃ​ទីមួយ​ទៅ អ្នក​រាល់​គ្នា​ត្រូវ​យក​ដំបែ​ចេញ​ពី​ផ្ទះ ដ្បិត​អ្នក​ណា​ដែល​បរិ‌ភោគ​នំបុ័ង​មាន​ដំបែ ចាប់​ពី​ថ្ងៃ​ទីមួយ​រហូត​ដល់​ថ្ងៃ​ទីប្រាំ​ពីរ អ្នក​នោះ​នឹង​ត្រូវ​កាត់​ចេញ​ពី​សាសន៍​អ៊ីស្រា‌អែល។


អ្នក​រាល់​គ្នា​ត្រូវ​កាន់​បុណ្យ​នំបុ័ង​ឥត​ដំបែ​នេះ ដ្បិត​គឺ​នៅ​ថ្ងៃ​នោះ​ឯង​ដែល​យើង​បាន​នាំ​ពួក​ពល​របស់​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ។ ដូច្នេះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា​ត្រូវ​កាន់​ថ្ងៃ​នេះគ្រប់​តំណ​មនុស្ស ទុក​ជា​ច្បាប់​រហូត​តទៅ។


ក្នុង​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ មិន​ត្រូវ​ឲ្យ​មាន​ដំបែ​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​រាល់​គ្នា​ឡើយ បើ​អ្នក​ណា​បរិ‌ភោគ​អ្វី​មាន​ដំបែ អ្នក​នោះ​នឹង​ត្រូវ​កាត់​ចេញ​ពី​ក្រុម​ជំនុំ​សាសន៍​អ៊ីស្រា‌អែល ទោះ​បើ​ជា​អ្នក​ប្រទេស​ក្រៅ ឬ​ជា​អ្នក​ស្រុក​ក្តី។


«ខែ​នេះ ជា​ខែ​ដំបូង គឺ​ជា​ខែ​ដើម​ឆ្នាំ​សម្រាប់​អ្នក​រាល់​គ្នា។


លុះ​ផុត​រយៈ​ពេល​បួន​រយ​សាម​សិប​ឆ្នាំ​នោះ​ទៅ នៅ​ថ្ងៃ​ផុត​កំណត់​នោះ​ឯង ពួក​ពល​របស់​ព្រះ‌យេហូវ៉ា​ក៏​នាំ​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ។


នោះ​ជា​យប់​មួយ​ដែល​ត្រូវ​ចាំ​យាម​ថ្វាយ​ព្រះ‌យេហូវ៉ា ព្រោះ​ព្រះ‌អង្គ​បាន​នាំ​ពួក‌គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ យប់​នោះ​ហើយ​ជា​យប់​ចាំ​យាម​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ ត្រូវ​គោរព​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា គ្រប់​តំណ​តរៀង​ទៅ។


គេ​ត្រូវ​អាំង​សាច់​បរិ‌ភោគ​ជា‌មួយ​នំបុ័ង​ឥត​ដំបែ និង​បន្លែ​ល្វីង​នៅ​យប់​នោះ។


រួច​នៅ​ពេល​ខាង​មុខ បើ​កូន​អ្នក​រាល់​គ្នា​សួរ​ថា "តើ​នេះ​មាន​ន័យ​ដូច​ម្ដេច?" ត្រូវ​ឆ្លើយ​ថា "ព្រះ‌យេហូវ៉ា​បាន​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ ដោយ​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ។


ពិធី​នេះ​នឹង​បាន​ជា​ទី​សម្គាល់​មួយ​នៅ​ដៃ​អ្នក​រាល់​គ្នា និង​ជា​សេចក្ដី​រំឭក​នៅ​កណ្ដាល​ថ្ងាស​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា​បាន​នៅ​ក្នុង​មាត់​អ្នក​រាល់​គ្នា ដ្បិត​ព្រះ‌យេហូវ៉ា​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ ដោយ​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ។


«យើង​ជា​យេហូវ៉ា ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ។


ចូរ​នឹក​ចាំ​ពី​ថ្ងៃ​សប្ប័ទ ហើយ​ញែក​ថ្ងៃ​នោះ​ចេញ​ជា​ថ្ងៃ​បរិសុទ្ធ។


ត្រូវ​ធ្វើ​បុណ្យ​នំបុ័ង​ឥត​ដំបែ គឺ​ដល់​កំណត់​ក្នុង​ខែ​អាប៊ីប នោះ​ត្រូវ​ធ្វើ​នំបុ័ង​ឥត​ដំបែ​ក្នុង​ប្រាំពីរ​ថ្ងៃ ដូច​យើង​បាន​បង្គាប់​មក​ហើយ ដ្បិត​គឺ​នៅ​ខែ​នោះ​ហើយ ដែល​អ្នក​រាល់​គ្នា​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ។ មិន​ត្រូវ​ចូល​មក​ចំពោះ​យើង​ដោយ​ដៃ​ទទេ​ឡើយ។


យើង​នឹង​លើក​ដៃ​វាយ​ស្រុក​អេស៊ីព្ទ ដោយ​គ្រប់​ទាំង​ការ​អស្ចារ្យ ដែល​យើង​នឹង​ធ្វើ​នៅ​កណ្ដាល​ស្រុក​នោះ ក្រោយ​នោះ​មក ទើប​ស្តេច​ព្រម​បើក​ឲ្យ​អ្នក​រាល់​គ្នា​ចេញ។


ត្រូវ​ធ្វើ​បុណ្យ​នំបុ័ង​ឥត​ដំបែ ដោយ​បរិ‌ភោគ​នំ​ឥត​ដំបែ​ក្នុង​រវាង​ប្រាំពីរ​ថ្ងៃ​នៅ​ខែ​អាប៊ីប ដូច​យើង​បាន​បង្គាប់​អ្នក​ហើយ ដ្បិត​នៅ​ខែ​នោះ​ហើយ​ដែល​អ្នក​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ឥឡូវ​នេះ អ្នក​នឹង​ឃើញ​ការ​ដែល​យើង​ធ្វើ​ចំពោះ​ផារ៉ោន ដ្បិត​ដោយ​ដៃ​ដ៏​ខ្លាំង​ពូកែ យើង​នឹង​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ​ទៅ ហើយ​ដោយ​ដៃដ៏​ខ្លាំង​ពូកែ ផារ៉ោន​នឹង​បណ្តេញ​គេ​ចេញ​ពី​ស្រុក​ទៅ»។


ដូច្នេះ ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា "យើង​ជា​ព្រះ‌យេហូវ៉ា យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​បន្ទុក​របស់​សាសន៍​អេស៊ីព្ទ ហើយ​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​ភាព​ជា​ទាសករ​របស់​គេ យើង​នឹងប្រោស​លោះ​អ្នក​រាល់​គ្នា ដោយ​លើក​ដៃ​យើង​ឡើង និង​ដោយ​ការ​វិនិច្ឆ័យ​យ៉ាង​ធំ។


យើង​នឹង​យក​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​ជា​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​បន្ទុក​របស់​សាសន៍​អេស៊ីព្ទ។


កាល​ណា​ផារ៉ោន​មិន​ស្តាប់​អ្នក យើង​នឹង​ដាក់​ដៃ​របស់​យើង​លើ​ស្រុក​អេស៊ីព្ទ ហើយ​នាំ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង ចេញ​ពី​ស្រុក​អេស៊ីព្ទ ទាំង​កងៗ ដោយ​ការ​វិនិច្ឆ័យ​យ៉ាង​ធំ។


ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​បាន​តាំង​សេចក្ដី​សញ្ញា​នឹង​បុព្វបុរស​របស់​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​ដែល​យើង​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ឲ្យ​រួច​ពី​សណ្ឋាន​ជា​បាវ​បម្រើ ដោយ​ពាក្យ​ថា


ឥឡូវ​នេះ ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ ដែល​បាន​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ដោយ​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ ហើយ​បាន​ធ្វើ​ឲ្យ​ព្រះ‌នាម​របស់​ព្រះ‌អង្គ​ល្បី​រន្ទឺ ដូច​សព្វ​ថ្ងៃ​នេះ​អើយ យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​យ៉ាង​អាក្រក់។


ពេល​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ ត្រូវ​ជម្រាប​សួរ អ្នក​ផ្ទះ​នោះ​ផង។


បន្ទាប់​មក ព្រះ‌អង្គ​យក​នំបុ័ង​មក​អរ​ព្រះ‌គុណ ហើយ​កាច់​ប្រទាន​ដល់​គេ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «នេះ​ជា​រូប‌កាយ​ខ្ញុំ ដែល​បាន​ប្រទាន​មក​សម្រាប់​អ្នក​រាល់​គ្នា។ ចូរ​ធ្វើ​ពិធី​នេះ ដើម្បី​រំឭក​ពី​ខ្ញុំ»។


លុះ​ទ្រង់​បាន​អរ​ព្រះ‌គុណ​រួច​ហើយ ទ្រង់​ក៏​កាច់​នំបុ័ង ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «នេះ​ជា​រូប‌កាយ​ខ្ញុំ​ដែល​ត្រូវ​បូជា​សម្រាប់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​ដូច្នេះ​ទុក​ជា​ការ​រំឭក​ពី​ខ្ញុំ»។


ដូច្នេះ យើង​ត្រូវ​ធ្វើ​ពិធី​បុណ្យ​នេះ មិន​មែន​ដោយ​ដំបែ​ចាស់ ឬ​ដំបែ​នៃ​សេចក្តី​អាក្រក់ និង​សេចក្តី​កំណាច​នោះ​ឡើយ គឺ​ដោយ​នំប៉័ង​ឥត​ដំបែ​នៃ​ចិត្ត​បរិសុទ្ធ និង​សេចក្តី​ពិត​វិញ។


ហើយ​ថា ព្រះ‌ចេស្តា​ដ៏​ខ្លាំង​លើស​លន់​របស់​ព្រះ‌អង្គ ដល់​យើង​ដែល​ជឿ​ជា​យ៉ាង​ណា​ដែរ ស្រប​តាម​កម្លាំង​នៃ​ព្រះ​ចេស្ដា​ដ៏​ខ្លាំង​ពូ​កែ​របស់​ព្រះ‌អង្គ


ត្រូវ​ចោល​សម្លាប់​នឹង​ថ្ម ដ្បិត​អ្នក​នោះ​រក​ទាញ​ឲ្យ​អ្នក​បែរ​ចេញ​ពី​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​ព្រះ‌អង្គ​បាន​នាំ​អ្នក​ចេញ​ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ នៅ​ស្រុក​អេស៊ីព្ទ។


ដូច្នេះ សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​នឹង​ឮ រួច​ភ័យ​ខ្លាច ហើយ​លែង​ប្រព្រឹត្ត​សេចក្ដី​អាក្រក់​បែប​នេះ នៅ​ក្នុងចំណោម​អ្នក​រាល់​គ្នា​ទៀត។


រី​ឯ​ហោរា ឬ​អ្នក​យល់​សប្តិ​នោះ នឹង​ត្រូវ​សម្លាប់ចោល ព្រោះ​បាន​ល្បួង​ឲ្យ​បះ‌បោរ​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​ទ្រង់​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ ព្រម​ទាំង​លោះ​ឲ្យ​រួច​ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ អ្នក​នោះ​ចង់​តែ​ទាញ​អ្នក​រាល់​គ្នា​ឲ្យ​បែរ​ចេញ​ពី​ផ្លូវ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​បង្គាប់​ឲ្យ​ដើរ​តាម។ ធ្វើ​ដូច្នេះ អ្នក​នឹង​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។


ប្រសិន‌បើ​បង​ប្អូន​ពោះ​មួយ​របស់​អ្នក កូន​ប្រុស​របស់​ឪពុក​អ្នក កូន​ប្រុស​របស់​ម្ដាយ​អ្នក ឬ​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​ផ្ទាល់ ឬ​ប្រពន្ធ​ជា​ទីស្រឡាញ់​របស់​អ្នក ឬ​មិត្ត​សម្លាញ់​ចិត្ត​មួយ​ថ្លើម​មួយ​នឹងអ្នក បាន​បបួល​អ្នក​ដោយ​ស្ងាត់ៗ​ថា "តោះ​យើង ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​ទៀត​វិញ" ជា​ព្រះ​ដែល​អ្នក ឬ​ដូនតា​របស់​អ្នក​មិន​ដែល​ស្គាល់


ត្រូវ​នឹក​ចាំ​ថា ពី​ដើម​អ្នក​ក៏​ជា​បាវ​បម្រើ​នៅ​ស្រុក​អេស៊ីព្ទ​ដែរ តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​លោះ​អ្នក ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បង្គាប់​ដូច្នេះ​ដល់​អ្នក​នៅ​ថ្ងៃ​នេះ។


«នៅ​ខែ​អាប៊ីប ចូរ​ប្រារព្ធ​ពិធី​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដ្បិត​នៅ​ខែ​នេះ​ហើយ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទាំង​យប់។


ត្រូវនឹក​ចាំ​ថា ពី​ដើម​អ្នក​ក៏​ជា​បាវ​បម្រើ​នៅ​ស្រុក​អេស៊ីព្ទ​ដែរ ដូច្នេះ ត្រូវ​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​ច្បាប់​ទាំង​នេះ​ចុះ»។


មិន​ត្រូវ​បរិ‌ភោគ​នំបុ័ង​មាន​ដំបែ​ឡើយ គឺ​ត្រូវ​បរិ‌ភោគ​នំបុ័ង​ឥត​ដំបែ​ចំនួន​ប្រាំ​ពីរ​ថ្ងៃ ជា​នំបុ័ង​នៃ​ទុក្ខ​លំបាក ព្រោះ​អ្នក​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទាំង​ប្រញាប់‌ប្រញាល់ ដើម្បី​ឲ្យ​បាន​នឹក​ចាំ​អស់​មួយ​ជីវិត ពី​ថ្ងៃ​ដែល​អ្នក​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ។


ត្រូវ​នឹក​ចាំ​ថា ពី​ដើម​អ្នក​ក៏​ជា​បាវ​បម្រើ​នៅ​ស្រុក​អេស៊ីព្ទ​ដែរ តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​លោះ​អ្នក​ចេញ​ទី​នោះ​មក ហេតុ​នោះ​ហើយ​បាន​ជា​ខ្ញុំ​បង្គាប់​ឲ្យ​ប្រព្រឹត្ត​ដូច្នេះ។


ត្រូវ​នឹក​ចាំ​ថា ពី​ដើម​អ្នក​ក៏​ជា​បាវ​បម្រើ​នៅ​ស្រុក​អេស៊ីព្ទ​ដែរ ហេតុនេះ​ហើយ​បាន​ជា​ខ្ញុំ​បង្គាប់​ឲ្យ​ប្រព្រឹត្ត​ដូច្នេះ។


ព្រះ‌យេហូវ៉ាបាន​នាំ​យើង​ខ្ញុំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ដោយ​ព្រះ‌ហស្ត​ដ៏ខ្លាំង​ពូកែ និង​ព្រះ‌ពាហុ​លើក​សម្រេច ព្រម​ទាំង​ធ្វើ​ការយ៉ាង​ធំ​គួរ​ស្ញែង‌ខ្លាច ទី​សម្គាល់ និង​ការ​អស្ចារ្យ​ផ្សេងៗ។


ឬ​តើ​ដែល​មាន​ព្រះ​ណា​ប្រថុយ​ទៅ​យក​សាសន៍​មួយ​សម្រាប់​អង្គ​ទ្រង់ ពី​កណ្ដាល​សាសន៍​មួយ​ទៀត ដោយ‌សារ​ការ​ល្បង ដោយ​ទី​សម្គាល់ ដោយ​ការ​អស្ចារ្យ ដោយ​ចម្បាំង ដោយ​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ និង​ដោយ​ព្រះ‌ពាហុ​លើក​សម្រេច ហើយ​ដោយ​ការ​គួរ​ស្ញែង‌ខ្លាច​ដ៏​ធំ ដូច​ជា​គ្រប់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ធ្វើ​សម្រាប់​អ្នក​នៅ​ស្រុក​អេស៊ីព្ទ នៅ​ចំពោះ​មុខ​អ្នក​ឬ​ទេ?


ចូរ​នឹក​ចាំ​ថា អ្នក​ធ្លាប់​ជា​ទាសករ​នៅ​ស្រុក​អេស៊ីព្ទ តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​នោះ​មក ដោយ​ព្រះ‌ហស្ត​ដ៏ខ្លាំង​ពូកែ និង​ព្រះ‌ពាហុ​លើក​សម្រេច ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​បង្គាប់​ឲ្យ​អ្នក​គោរព​ថ្ងៃ​សប្ប័ទ។


"យើង​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ។


នោះ​ចូរ​ប្រយ័ត្ន ក្រែង​ភ្លេច​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ ពីផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ។


នោះ​អ្នក​ត្រូវ​ប្រាប់​កូន​វិញ​ថា ពី​ដើម​យើង​ជា​ទាសករ​របស់​ផារ៉ោន​នៅ​ស្រុក​អេស៊ីព្ទ តែ​ព្រះ‌យេហូវ៉ា​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ។


តែ​ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​ស្រឡាញ់​អ្នក​រាល់​គ្នា ហើយ​ដោយ​ព្រោះ​ព្រះ‌អង្គ​គោរព​តាម​សេចក្ដី​សម្បថ ដែល​ព្រះ‌អង្គ​បាន​ស្បថ​នឹង​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា បាន​ជា​ព្រះ‌អង្គ​នាំ​អ្នក​រាល់​គ្នា​ចេញ​មក ដោយ​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ ហើយ​បាន​លោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ទាសករ គឺ​ពី​កណ្ដាប់​ដៃ​របស់​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ។


នោះ​ក្រែង​អ្នក​មាន​ចិត្ត​អួត‌អាង រួច​ភ្លេច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ


ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា "ចូរ​ក្រោក​ឡើង ចុះ​ពី​នេះ​ជា​ប្រញាប់​ទៅ ដ្បិតប្រជា‌ជន​របស់អ្នក ដែលអ្នក​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក បាន​ប្រព្រឹត្ត​យ៉ាងខូច​អាក្រក់។ គេ​រហ័ស​នឹង​បែរ​ចេញ​ពី​ផ្លូវ​ដែល​យើង​បាន​បង្គាប់​គេ គេ​បាន​សិត​ធ្វើ​រូប​ព្រះ​សម្រាប់​គេ​ហើយ"។


ដ្បិត​គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ព្រះ‌អង្គ​បាន​នាំ​យើង​ខ្ញុំ និង​បុព្វ​បុរស​របស់​យើង​ខ្ញុំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ពីផ្ទះ​ដែលយើង​ខ្ញុំ​ធ្វើ​ជា​ទាសករ ហើយ​ព្រះ‌អង្គ​បាន​ធ្វើ​អស់​ទាំង​ទី​សម្គាល់​ធំៗ នៅ​ចំពោះ​ភ្នែក​យើង​ខ្ញុំ ក៏​បាន​ថែ​រក្សា​យើង​ខ្ញុំ តាម​ផ្លូវ​ដែល​យើង​ខ្ញុំ​បាន​ដើរ​នោះ ហើយ​នៅ​កណ្ដាល​សាសន៍​ទាំង​ប៉ុន្មាន​ដែល​យើង​ខ្ញុំ​បាន​ឆ្លង​កាត់។


គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​គេ ដែល​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក។ គេ​បែរ​ទៅ​តាម​ព្រះ​ដទៃ ក្នុង​ពួក​ព្រះ​របស់​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ​គេ ព្រម​ទាំង​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ​ទាំង​នោះ ហើយ​បាន​បណ្ដាល​ឲ្យ​ព្រះ‌យេហូវ៉ា​មាន​សេចក្ដី​ក្រោធ។


ព្រះ‌យេហូវ៉ា​ក៏​ចាត់​ហោរា​ម្នាក់​ឲ្យ​មក​ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​លោក​ប្រាប់​គេ​ថា៖ «ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "យើង​បាន​នាំ​អ្នក​រាល់​គ្នា​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ គឺ​ឲ្យ​ចេញ​ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម