Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ យ៉ូហាន 4:9 - អាល់គីតាប

9 អុលឡោះ​បាន​សំដែង​ចិត្ត​ស្រឡាញ់​របស់​ទ្រង់​ក្នុង​ចំណោម​យើង គឺ​ទ្រង់​បាន​ចាត់​បុត្រា តែ​មួយ​គត់​របស់​ទ្រង់​ឲ្យ​មក​ក្នុង​លោក​នេះ ដើម្បី​ឲ្យ​យើង​មាន​ជីវិត​ដោយ‌សារ​បុត្រា​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 សេចក្ដីស្រឡាញ់របស់ព្រះ​ត្រូវបាន​សម្ដែង​ក្នុងចំណោម​យើង​ដោយការនេះ​ឯង គឺ​ដោយ​ការដែល​ព្រះ​បាន​ចាត់​ព្រះបុត្រាតែមួយ​របស់​ព្រះអង្គ​ឲ្យមក​ក្នុង​ពិភពលោក ដើម្បីឲ្យ​យើង​មានជីវិត​តាមរយៈ​ព្រះបុត្រា​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

9 ព្រះជាម្ចាស់​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​ដល់​យើង​តាម​រយៈ​ការ​នេះ​ គឺ​ព្រះអង្គ​បាន​ចាត់​ព្រះរាជ​បុត្រា​តែ​មួយ​របស់​ព្រះអង្គ​ឲ្យ​មក​ក្នុង​ពិភព​លោក​នេះ​ ដើម្បី​ឲ្យ​យើង​មាន​ជីវិត​ដោយសារ​ព្រះរាជ​បុត្រា​នោះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 នេះ​ជា​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ដែល​បាន​សម្តែង​មកក្នុង​ចំណោម​យើង គឺ​ព្រះ‌បាន​ចាត់​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ​តែ​មួយឲ្យ​មក​ក្នុង​លោក​នេះ ដើម្បី​ឲ្យ​យើង​បាន​រស់​ដោយ​សារ​ព្រះ‌រាជ​បុត្រា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ព្រះ‌ជា‌ម្ចាស់​បាន​សម្តែង​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះអង្គ​ក្នុង​ចំណោម​យើង គឺ​ព្រះអង្គ​បាន​ចាត់​ព្រះ‌បុត្រា​តែ​មួយ​គត់​របស់​ព្រះអង្គ​ឲ្យ​យាង​មក​ក្នុង​លោក​នេះ ដើម្បី​ឲ្យ​យើង​មាន​ជីវិត​ដោយ‌សារ​ព្រះ‌បុត្រា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 សេចក្ដី​ស្រឡាញ់​របស់​ព្រះ​បាន​សំដែង​មក ឲ្យ​យើង​ខ្ញុំ​ស្គាល់ ដោយ​ទ្រង់​ចាត់​ព្រះ‌រាជ‌បុត្រា​ទ្រង់​តែ​១ ឲ្យ​មក​ក្នុង​លោកីយ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​រស់​ដោយ‌សារ​ទ្រង់

សូមមើលជំពូក ចម្លង




១ យ៉ូហាន 4:9
27 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ចូរ​យក​អ៊ីសា‌ហាក់ កូន​របស់​អ្នក​មក គឺ​កូន​ប្រុស​តែ​មួយ​ដ៏​ជា​ទី​ស្រឡាញ់​របស់​អ្នក ហើយ​ទៅ​ស្រុក​ម៉ូរី‌យ៉ា​ទៅ។ នៅ​ទី​នោះ ចូរ​យក​វា​ធ្វើ​គូរបាន​នៅ​លើ​ភ្នំ​មួយ ដែល​យើង​នឹង​បង្ហាញ​ប្រាប់​អ្នក»។


ខ្ញុំ​នឹង​ប្រកាស​ហ៊ូកុំ​របស់​អុលឡោះ‌តាអាឡា ទ្រង់​មាន​បន្ទូល​មក​កាន់​ខ្ញុំ​ថា៖ «អ្នក​ជា​បុត្រា​របស់​យើង គឺ​យើង​ទៅ​ជា​បិតា​អ្នក​នៅ​ថ្ងៃ​នេះ​ ។


ម្ចាស់​ចម្ការ​មាន​កូន​ដ៏​ជា​ទី​ស្រឡាញ់​តែ​មួយ​គត់ គាត់​ចាត់​កូន​នោះ​ឲ្យ​មក​ក្រោយ​គេ​បង្អស់​ដោយ​យល់​ថា


«រស​របស់​អុលឡោះ‌ជាអម្ចាស់​សណ្ឋិត​លើ​ខ្ញុំ។ ទ្រង់​បាន​តែង‌តាំង​ខ្ញុំ ឲ្យ​នាំ​ដំណឹង‌ល្អ​ទៅ​ប្រាប់​ជន​ក្រីក្រ។ ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ប្រកាស​ប្រាប់ ជន​ជាប់​ជា​ឈ្លើយ​ថា គេ​នឹង​មាន​សេរី‌ភាព ហើយ​ប្រាប់​មនុស្ស​ខ្វាក់​ថា គេ​នឹង​ឃើញ​វិញ។ អុលឡោះ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​រំដោះ អស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន


ចោរ​វា​មក​គិត​តែ​ពី​លួច​ប្លន់ គិត​តែ​ពី​សម្លាប់ និង​បំផ្លាញ​ប៉ុណ្ណោះ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មក​ដើម្បី​ឲ្យ​មនុស្ស​លោក មាន​ជីវិត​ហើយ​ឲ្យ​គេ​មាន​ជីវិត​ពេញ​បរិបូណ៌»។


អ៊ីសា​ឆ្លើយ​ទៅ​គាត់​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ​ជា​ផ្លូវ ជា​សេចក្ដី​ពិត និង​ជា​ជីវិត។ គ្មាន​នរណា​ម្នាក់​អាច​ទៅ​កាន់​អុលឡោះ​ជា​បិតា​បាន​ឡើយ លើក‌លែង​តែ​ទៅ​តាម​រយៈ​ខ្ញុំ។


អុលឡោះ​ស្រឡាញ់​មនុស្ស​លោក​ខ្លាំង​ណាស់ ហេតុ​នេះ​ហើយ​បាន​ជា​អុលឡោះ​ប្រទាន​បុត្រា​តែ​មួយ​របស់​ទ្រង់​មក ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​បុត្រា​នោះ មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច គឺ​មិន​ឲ្យ​គេ​វិនាស​ឡើយ។


អ្នក​ជឿ​លើ​បុត្រា មិន​ត្រូវ​ទទួល​ទោស​ទេ​រីឯ​អ្នក​មិន​ជឿ បាន​ទទួល​ទោស​រួច​ស្រេច​ទៅ​ហើយ ព្រោះ​គេ​ពុំ​បាន​ជឿ​លើ​នាម​នៃ​បុត្រា​តែ​មួយ​របស់​អុលឡោះ។


ដើម្បី​ឲ្យ​មនុស្ស​គ្រប់ៗ​គ្នា​គោរព​បុត្រា ដូច​គេ​គោរព​អុលឡោះ​ជា​បិតា។ អ្នក​ណា​មិន​គោរព​បុត្រា​ទេ​អ្នក​នោះ​ក៏​មិន​គោរព​អុលឡោះ​ជា​បិតា ដែល​បាន​ចាត់​បុត្រា​ឲ្យ​មក​នោះ​ដែរ។


អ៊ីសា​មាន​ប្រសាសន៍​ថា៖ «កិច្ចការ​របស់​អុលឡោះ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​លើ​អ្នក​ដែល​អុលឡោះ​បាន​ចាត់​ឲ្យ​មក»។


ខ្ញុំ​នេះ​ហើយ​ជា​អាហារ​ដែល​មាន​ជីវិត ចុះ​មក​ពី​សូរ៉កា។ អ្នក​ណា​បរិភោគ​អាហារ​នេះ នឹង​រស់​នៅ​អស់‌កល្ប​ជា‌និច្ច។ អាហារ​ដែល​ខ្ញុំ​នឹង​ឲ្យ​នោះ គឺ​ខ្លួន​ខ្ញុំផ្ទាល់​ដែល​ត្រូវ​លះបង់​សម្រាប់​ឲ្យ​មនុស្ស​លោក​មាន​ជីវិត»។


អុលឡោះ​ជា​បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ទ្រង់​មាន​ជីវិត​រស់ ហើយ​ខ្ញុំ​មាន​ជីវិត​ដោយ‌សារ​ទ្រង់​យ៉ាង​ណា​អ្នក​បរិភោគ​ខ្ញុំ ក៏​នឹង​មាន​ជីវិត​រស់ ដោយ‌សារ​ខ្ញុំ​យ៉ាង​នោះ​ដែរ។


បិតា​ខ្ញុំ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​នៅ​ជា​មួយ​ខ្ញុំ ហើយ​មិន​ចោល​ខ្ញុំ​ឲ្យ​នៅ​តែ​ម្នាក់​ឯង​ឡើយ ដ្បិត​ខ្ញុំ​តែង​ប្រព្រឹត្ដ​កិច្ចការ​ណា ដែល​គាប់​ចិត្ត​បិតា​ខ្ញុំ​ជា‌និច្ច»។


អ៊ីសា​ប្រាប់​ទៅ​គេ​ថា៖ «ប្រសិន​បើ​អុលឡោះ​ពិត​ជា​ឪពុក​អ្នក​រាល់​គ្នា​មែន ម៉្លេះ​សម​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ​ពុំ‌ខាន ដ្បិត​ខ្ញុំ​ចេញ​ពី​អុលឡោះ​មក​ទី​នេះ។ ខ្ញុំ​មិន​មែន​មក​ដោយ​ចិត្ដ​ឯង​ឡើយ គឺ​អុលឡោះ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។


អ៊ីសា​ឆ្លើយ​ថា៖ «គាត់​ខ្វាក់ មិន​មែន​មក​ពី​បាប​របស់​ឪពុក​ម្ដាយ​គាត់ ឬ​បាប​របស់​គាត់​ទេ គាត់​ខ្វាក់​ដូច្នេះ ដើម្បី​ឲ្យ​អុលឡោះ​បង្ហាញ​កិច្ចការ​របស់​ទ្រង់​នៅ​ក្នុង​គាត់។


អុលឡោះ​ពុំ​បាន​ទុក​បុត្រា​របស់​ទ្រង់​ផ្ទាល់​ទេ គឺ​អុលឡោះ​បាន​បញ្ជូន​បុត្រា​នោះ​មក​សម្រាប់​យើង​ទាំង​អស់​គ្នា បើ​ដូច្នេះ អុលឡោះ​មុខ​ជា​ប្រណី‌សន្ដោស​ប្រទាន​អ្វីៗ​ទាំង​អស់ មក​យើង​រួម​ជា​មួយ​បុត្រា​នោះ​ដែរ។


អុលឡោះ​ពុំ​ដែល​មាន​បន្ទូល​ទៅ​កាន់​ម៉ាឡា‌អ៊ីកាត់​ណា​ថា៖ «អ្នក​ជា​បុត្រា​របស់​យើង គឺ​យើង​ទៅ​ជា​បិតា​អ្នក​នៅ​ថ្ងៃ​នេះ» ឬ​មាន​បន្ទូល​ថា៖ «យើង​នឹង​ធ្វើ​ជា​បិតា​របស់​អ្នក ហើយ​អ្នក​នឹង​ទៅ​ជា​បុត្រា​របស់​យើង»សោះ​ឡើយ។


យើង​ស្គាល់​សេចក្ដី​ស្រឡាញ់​ស្រាប់​ហើយ គឺ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​បាន​លះបង់​ជីវិត​របស់​គាត់​សម្រាប់​យើង ហេតុ​នេះ យើង​ត្រូវ​លះបង់​ជីវិត​សម្រាប់​បង​ប្អូន​ដែរ។


សេចក្ដី​ស្រឡាញ់​របស់​អុលឡោះ​មាន​ដូច​ត​ទៅ​នេះ មិន​មែន​យើង​ទេ​ដែល​បាន​ស្រឡាញ់​ទ្រង់ គឺ​ទ្រង់​ទេ​តើ​ដែល​បាន​ស្រឡាញ់​យើង និង​បាន​ចាត់​បុត្រា​របស់​ទ្រង់​ឲ្យ​មក​លះបង់​ជីវិត លោះ​យើង​ឲ្យ​រួច​ពី​បាប​ផង។


រីឯ​យើង​វិញ យើង​បាន​ស្គាល់​ចិត្ត​ស្រឡាញ់​របស់​អុលឡោះ ក្នុង​ចំណោម​យើង ហើយ​យើង​ក៏​បាន​ជឿ។ អុលឡោះ​ជា​សេចក្ដី​ស្រឡាញ់ អ្នក​ណា​ស្ថិត​នៅ​ជាប់​នឹង​សេចក្ដី​ស្រឡាញ់ អ្នក​នោះ​ស្ថិត​នៅ​ជាប់​នឹង​អុលឡោះ ហើយ​អុលឡោះ​ក៏​ស្ថិត​នៅ​ជាប់​នឹង​អ្នក​នោះ​ដែរ។


រីឯ​សក្ខី‌ភាព​នោះ​មាន​ដូច​ត​ទៅ​នេះ គឺ​អុលឡោះ​បាន​ប្រទាន​ជីវិត​អស់‌កល្ប​ជា‌និច្ច​មក​យើង ហើយ​ជីវិត​នេះ​ស្ថិត​នៅ​ក្នុង​បុត្រា​របស់​ទ្រង់។


ខ្ញុំ​សរសេរ​សេចក្ដី​នេះ​មក​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា អ្នក​រាល់​គ្នា​ដែល​ជឿ​លើ​នាម​បុត្រា​របស់​អុលឡោះ មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម