Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 11:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 នោះ​លោក​នាំ​ព្រះ‌រាជ‌បុត្រា​នៃ​ស្តេច​ចេញ​មក ហើយ​បំពាក់​មកុដ‌រាជ្យ​ថ្វាយ​ទ្រង់ ព្រម​ទាំង​ប្រគល់​សេចក្ដី​បន្ទាល់​ដល់​ទ្រង់ តាំង​ឡើង​ជា​ស្តេច ហើយ​ចាក់​ប្រេង​ថ្វាយ នោះ​គេ​ក៏​ទះ​ដៃ​បន្លឺ​ឡើង​ថា សូម​ឲ្យ​ព្រះ‌ករុណា​ប្រកប​ដោយ​សេចក្ដី​ចំរើន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 លោក​នាំ​បុត្រា​របស់​ស្ដេច​ចេញ​មក ហើយ​បំពាក់​មកុដ‌រាជ្យ​ថ្វាយ ព្រម​ទាំង​ប្រគល់​សេចក្ដី​បន្ទាល់ ដល់​ទ្រង់ តាំង​ឡើង​ជា​ស្ដេច ហើយ​ចាក់​ប្រេង រួច​គេ​នាំ​គ្នា​ទះ​ដៃ​ស្រែក​ជយឃោស​ថា៖ «សូម​ឲ្យ​ព្រះ‌ករុណា​មាន​ព្រះ‌ជន្ម​យឺន​យូរ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ពេល​នោះ លោក​បូជា‌ចារ្យ​យាង​ព្រះ​រាជ‌បុត្រ​របស់​ស្ដេច​ចេញ​មក ហើយ​យក​មកុដ​រាជ្យ​មក​បំពាក់ ព្រម​ទាំង​ថ្វាយ​ឯក‌សារ​នៃ​សម្ពន្ធ‌មេត្រី​ផង រួច​គេ​ចាក់​ប្រេង​អភិ‌សេក​រាជ‌កុមារ​តែង‌តាំង​ជា​ស្ដេច។ គេ​នាំ​គ្នា​ទះ​ដៃ​ស្រែក​ជយ‌ឃោស​ថា៖ «ជយោ! ព្រះ​មហា‌ក្សត្រ!»។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ពេល​នោះ អ៊ីមុាំ​អញ្ជើញ​បុត្រ​របស់​ស្តេច​ចេញ​មក ហើយ​យក​មកុដ​រាជ្យ​មក​បំពាក់ ព្រម​ទាំង​ជូន​ឯក‌សារ​នៃ​សម្ពន្ធ‌មេត្រី​ផង រួច​គេ​តែង‌តាំង​កុមារ​ជា​ស្តេច។ គេ​នាំ​គ្នា​ទះ​ដៃ​ស្រែក​ជយ‌ឃោស​ថា៖ «ជយោ! ស្តេច!»។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 11:12
45 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ខ្ញុំ​ក៏​ចូល​ទៅ​ជិត ធ្វើ​គុត​ទ្រង់​ទៅ ដោយ​ខ្ញុំ​ដឹង​ពិត​ថា ដែល​ទ្រង់​ដួល​ដូច្នេះ​ហើយ នោះ​នឹង​គង់​ព្រះ‌ជន្ម​នៅ​មិន​បាន​ឡើយ ឯ​មកុដ​ដែល​នៅ​លើ​ព្រះ‌សិរ នឹង​កង‌កន់​ដែល​នៅ​ព្រះ‌ហស្ត​ទ្រង់ នោះ​ខ្ញុំ​បាន​នាំ​យក​មក​ជូន​លោក​ជា​ម្ចាស់​ខ្ញុំ។


ទ្រង់​ក៏​យក​មកុដ​ពី​ព្រះ‌សិរ​របស់​ស្តេច​គេ មក​បំពាក់​លើ​ព្រះ‌សិរ​នៃ​ទ្រង់​វិញ ឯ​មកុដ​នោះ មាន​ទំងន់​ជា​១​ហាប​មាស ក៏​ដាំ​ដោយ​ត្បូង​មាន​ដំឡៃ​ផ្សេងៗ រួច​ទ្រង់​នាំ​យក​របឹប​យ៉ាង​សន្ធឹក​ពី​ទី​ក្រុង​នោះ​មក


ហើយ​កាល​ហ៊ូសាយ ជា​ពួក​អើគី ជា​សំឡាញ់​ដាវីឌ បាន​មក​ដល់​អាប់‌សា‌ឡំម នោះ​លោក​ទូល​ទៅ​អាប់‌សា‌ឡំម​ថា សូម​ឲ្យ​ព្រះ‌ករុណា​មាន​ព្រះ‌ជន្ម​ជា​យូរ‌អង្វែង​ទៅ សូម​ឲ្យ​ព្រះ‌ករុណា​ប្រកប​ដោយ​សេចក្ដី​ចំរើន


មាន​គេ​ទូល​ដល់​ដាវីឌ​ថា ពួក​ដែល​បញ្ចុះ​អដ្ឋិ​របស់​សូល នោះ​គឺ​ជា​ពួក​អ្នក​នៅ​ក្រុង​យ៉ាបេស-កាឡាត


ដូច្នេះ សូម​ឲ្យ​អ្នក​រាល់​គ្នា​មាន​កំឡាំង​ដៃ​ឡើង ហើយ​មាន​ចិត្ត​ក្លាហាន​ចុះ ដ្បិត​សូល ជា​ចៅហ្វាយ​នៃ​អ្នក​រាល់​គ្នា ទ្រង់​អស់​ព្រះ‌ជន្ម​ហើយ មួយ​ទៀតពួក​ជន‌ជាតិ​យូដា បាន​ចាក់​ប្រេង​តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​គេ​វិញ។


គឺ​យ៉ាង​នោះ​ហើយ ដែល​ពួក​ចាស់‌ទុំ​ទាំង​ប៉ុន្មាន​នៃ​សាសន៍​អ៊ីស្រាអែល បាន​មក​ឯ​ស្តេច​នៅ​ក្រុង​ហេប្រុន រួច​ស្តេច​ដាវីឌ​ក៏​តាំង​សញ្ញា​នឹង​គេ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​ហេប្រុន ហើយ​គេ​ចាក់​ប្រេង​តាំង​ដាវីឌ​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ពួក​អ៊ីស្រាអែល​ដែរ


ដ្បិត​នៅ​ថ្ងៃ​នេះ លោក​បាន​ចុះ​ទៅ​សំឡាប់​គោ នឹង​ចៀម ហើយ​សត្វ​យ៉ាង​ធាត់ៗ​ជា​ច្រើន ក៏​បាន​អញ្ជើញ​ពួក​បុត្រា​ទាំង​ប៉ុន្មាន នៃ​ព្រះ‌ករុណា ព្រម​ទាំង​ពួក​មេ‌ទ័ព នឹង​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ​ផង មើល គេ​កំពុង​តែ​លៀង‌លោម​គ្នា នៅ​ចំពោះ​មុខ​លោក ដោយ​បន្លឺ​វាចា​ថា សូម​ឲ្យ​ស្តេច​អ័ដូ‌នីយ៉ា​ប្រកប​ដោយ​សេចក្ដី​ចំរើន​ចុះ


ហើយ​ត្រូវ​ឲ្យ​សាដុក​ដ៏​ជា​សង្ឃ នឹង​ហោរា​ណាថាន់ ចាក់​ប្រេង​តាំង​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រាអែល​នៅ​ទី​នោះ រួច​ឲ្យ​ផ្លុំ​ត្រែ​ឡើង ហើយ​ស្រែក​ថា សូម​ឲ្យ​ស្តេច​សាឡូម៉ូន​ប្រកប​ដោយ​សេចក្ដី​ចំរើន​ចុះ


ឯ​សាដុក ដ៏​ជា​សង្ឃ លោក​យក​ស្នែង​ដែល​ដាក់​ប្រេង ចេញ​ពី​ត្រសាល​ជំនុំ ទៅ​ចាក់​ថ្វាយ​សាឡូម៉ូន រួច​គេ​ផ្លុំ​ត្រែ​ឡើង ហើយ​បណ្តាជន​ទាំង‌ឡាយ​គេ​បន្លឺ​វាចា​ថា សូម​ឲ្យ​ស្តេច​សាឡូម៉ូន​បាន​ប្រកប​ដោយ​សេចក្ដី​ចំរើន​ចុះ


ស្តេច​ក៏​មាន​បន្ទូល​នឹង​ស៊ីម៉ាយ​ទៀត​ថា ឯង​ស្គាល់​ការ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​លាក់​ក្នុង​ចិត្ត​ឯង គឺ​ជា​ការ​ដែល​ឯង​បាន​ប្រព្រឹត្ត​ដល់​ដាវីឌ ជា​ព្រះ‌បិតា​យើង​ហើយ ដូច្នេះ ព្រះ‌យេហូវ៉ា​នឹង​ទំលាក់​ការ​អាក្រក់​របស់​ឯង​នោះ មក​លើ​ក្បាល​ឯង​វិញ


ដូច្នេះ ពួក​ចាំ​យាម​គេ​ក៏​កាន់​គ្រឿង​សស្រ្តា‌វុធ​នៅ​ដៃ​រៀង​ខ្លួន ឈរ​នៅ​ព័ទ្ធ​ជុំវិញ​ស្តេច ចាប់​តាំង​ពី​ខាង​ស្តាំ​ព្រះ‌វិហារ រហូត​ដល់​ខាង​ឆ្វេង​តាម​ក្បែរ​អាសនា​ព្រះ‌វិហារ


តែ​យ៉ូសេបា ជា​បុត្រី​ស្តេច​យ៉ូរ៉ាម ហើយ​ជា​កនិដ្ឋា​របស់​អ័ហា‌ស៊ីយ៉ា នាង​បាន​លួច​យក​យ៉ូអាស ជា​បុត្រា​របស់​អ័ហា‌ស៊ីយ៉ា ចេញ​ពី​ពួក​បុត្រា​របស់​ស្តេច ដែល​ត្រូវ​ស្លាប់​នោះ ព្រម​ទាំង​មេនំ​ផង ទៅ​លាក់​ទុក​ក្នុង​បន្ទប់​ដេក ឲ្យ​រួច​ពី​អ័ថា‌លា មិន​ឲ្យ​ត្រូវ​ស្លាប់


លុះ​ដល់​ឆ្នាំ​ទី​៧ នោះ​យេហូ‌យ៉ាដា​ក៏​ចាត់​គេ ឲ្យ​ទៅ​នាំ​ពួក​មេ‌ទ័ពពួក​នាយ នឹង​ពួក​ថ្មើរ​ជើង មក​ឯ​លោក​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា លោក​ក៏​តាំង​សញ្ញា​នឹង​គេ ហើយ​ឲ្យ​គេ​ស្បថ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា រួច​បង្ហាញ​ឲ្យ​គេ​ឃើញ​បុត្រា នៃ​ស្តេច​នោះ


ដូច្នេះ គេ​ក៏​ប្រញាប់‌ប្រញាល់​នឹង​យក​អាវ​របស់​គេ​រៀង​ខ្លួន ដាក់​ឲ្យ​លោក​អង្គុយ​នៅ​ត្រង់​ក្បាល​ជណ្តើរ​រួច​ផ្លុំ​ត្រែ​ឡើង​ថា យេហ៊ូវ​ជា​ស្តេច​ហើយ។


រួច​យក​ខួច​ប្រេង​នេះ​ចាក់​លើ​ក្បាល​លោក ដោយ​ជំរាប​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ អញ​បាន​ចាក់​ប្រេង​តាំង​ឯង​ឡើង​ជា​ស្តេច ឲ្យ​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល រួច​ហើយ​ចូរ​ឯង​បើក​ទ្វារ​រត់​ទៅ កុំ​ឲ្យ​បង្អង់​ឡើយ


នោះ​គេ​នាំ​ព្រះ‌រាជ‌បុត្រា​នៃ​ស្តេច​ចេញ​មក បំពាក់​មកុដ​លើ​ទ្រង់ ហើយ​ថ្វាយ​សេចក្ដី​បន្ទាល់ រួច​តាំង​ទ្រង់​ឡើង​ជា​ស្តេច ឯ​យេហូ‌យ៉ាដា នឹង​ពួក​កូន​លោក​ក៏​ចាក់​ប្រេង​ថ្វាយ​ទ្រង់ ហើយ​ពោល​ថា សូម​ឲ្យ​ព្រះ‌រាជា​បាន​ប្រកប ដោយ​សេចក្ដី​ចំរើន​ចុះ។


ស្តេច​ទ្រង់​ក៏​ស្រឡាញ់​អេសធើរ​លើស​ជាង​ស្ត្រី​ឯ​ទៀត ហើយ​នាង​ទទួល​បាន​ព្រះ‌គុណ នឹង​សេចក្ដី​ប្រោស‌ប្រាណ នៅ​ចំពោះ​ទ្រង់ លើស​ជាង​ពួក​ស្រី​ក្រមុំ​ទាំង​ប៉ុន្មាន ដល់​ម៉្លេះ​បាន​ជា​ទ្រង់​បំពាក់​មកុដ‌រាជ្យ តាំង​នាង​ឡើង​ជា​អគ្គ‌មហេសី​ជំនួស​វ៉ាសធី


នោះ​គួរ​តែ​យក​ព្រះ‌ពស្ត្រា‌រាជ្យ ដែល​ព្រះ‌ករុណា​ធ្លាប់​ទ្រង់ នឹង​សេះ​ដែល​ព្រះ‌ករុណា​គង់ ព្រម​ទាំង​មកុដ‌រាជ្យ ដែល​ពាក់​លើ​ព្រះ‌សិរ​មក


អញ​នឹង​យក​សេចក្ដី​ខ្មាស តាក់‌តែង​ឲ្យ​ពួក​ខ្មាំង​សត្រូវ របស់​លោក តែ​នៅ​លើ​ក្បាល​លោក​វិញ នោះ​នឹង​មាន​មកុដ​ដ៏​រុងរឿង។


៙ ដ្បិត​ទ្រង់​បាន​ស្ទាក់​ប្រទាន​ពរ​នៃ​ព្រះ‌គុណ ទ្រង់​បាន​បំពាក់​មកុដ​មាស​សុទ្ធ​នៅ​លើ​ក្បាល


ទូលបង្គំ​បាន​សូម​ជីវិត​ពី​ទ្រង់ ហើយ​ទ្រង់​ក៏​ប្រទាន​ឲ្យ គឺ​ជា​អាយុ​យឺន‌យូរ​ដ៏​នៅ​ជាប់​អស់‌កល្ប‌ជានិច្ច​ផង


ម្នាល ជន​ទាំង‌ឡាយ​អើយ ចូរ​ទះ​ដៃ​ទាំង​អស់​គ្នា​ចុះ ចូរ​ស្រែក​ហ៊ោ​ថ្វាយ​ព្រះ ដោយ​សំឡេង​ជា​ជ័យ‌ជំនះ


៙ ដ្បិត​ទ្រង់​បាន​តាំង​ឲ្យ​មាន​ទី​បន្ទាល់​នៅ​ក្នុង​ពួក​យ៉ាកុប ក៏​បាន​ដំរូវ​ឲ្យ​មាន​ក្រិត្យ‌វិន័យ​នៅ​ក្នុង​ពួក​អ៊ីស្រាអែល ជា​ច្បាប់​ដែល​ទ្រង់​បាន​បង្គាប់​ដល់​ពួក​ឰយុកោ​របស់​យើង ប្រយោជន៍​នឹង​បង្រៀន​ឲ្យ​ពួក​កូន​ចៅ​បាន​ដឹង​ត​រៀង​ទៅ


ទ្រង់​បាន​លើក​ចោល​សេចក្ដី​សញ្ញា​នៃ​អ្នក​បំរើ​ទ្រង់ ក៏​បាន​បង្អាប់​មកុដ ដោយ​បោះ​ចុះ​ទៅ​ដី


ចូរ​ឲ្យ​អស់​ទាំង​ទន្លេ​ទះ​ដៃ ហើយ​ឲ្យ​ភ្នំ​ទាំង​ប៉ុន្មាន​ច្រៀង​ជា​មួយ​គ្នា​ដោយ​អំណរ


ត្រូវ​ដាក់​សេចក្ដី​បន្ទាល់​ដែល​អញ​នឹង​ឲ្យ​ឯង ទៅ​ក្នុង​ហឹប​នោះ


កាល​ព្រះ​បាន​មាន​បន្ទូល​នឹង​ម៉ូសេ នៅ​លើ​ភ្នំ​ស៊ី‌ណាយ​រួច​សព្វ​គ្រប់​ហើយ នោះ​ទ្រង់​ក៏​ប្រទាន​សេចក្ដី​បន្ទាល់​ដល់​លោក ជា​សេចក្ដី​ដែល​ទ្រង់​បាន​សរសេរ​ចុះ​នឹង​បន្ទះ​ថ្ម​២​ផ្ទាំង ដោយ​អង្គុលី​ព្រះ‌ហស្ត។


ដ្បិត​ឯង​រាល់​គ្នា​នឹង​ចេញ​ទៅ​ដោយ​អំណរ ហើយ​គេ​នឹង​នាំ​ឯង​ចេញ​ទៅ ដោយ​សុខ‌សាន្ត ឯ​អស់​ទាំង​ភ្នំ​ធំ នឹង​ភ្នំ​តូច​ទាំង​ប៉ុន្មាន​នឹង​ធ្លាយ​ចេញ​ជា​ចំរៀង​នៅ​មុខ​ឯង ហើយ​គ្រប់​ទាំង​ដើម​ឈើ​នៅ​ព្រៃ​នឹង​ទះ​ដៃ​ផង


ចូរ​ចង​សេចក្ដី​បន្ទាល់​ទុក ហើយ​បិទ​ត្រា​បញ្ញត្ត​ច្បាប់​នៅ​ក្នុង​ពួក​សិស្ស​របស់​អញ​ចុះ


ចូរ​ទៅ​បើក​គម្ពីរ​បញ្ញត្ត នឹង​សេចក្ដី​បន្ទាល់​មើល បើ​គេ​និយាយ​មិន​ត្រូវ​នឹង​ព្រះ‌បន្ទូល​នោះ នោះ​គ្មាន​ពន្លឺ​រះ​ឡើង​នៅ​ក្នុង​ខ្លួន​ទេ


ព្រះ‌អម្ចាស់​ជីវិត​របស់​យើង គឺ​ជា​ស្តេច​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ឲ្យ ទ្រង់​ត្រូវ​គេ​ចាប់​ក្នុង​អង្គប់​របស់​គេ គឺ​ពី​ទ្រង់​ហើយ ដែល​យើង​បាន​ថា យើង​រាល់​គ្នា​នឹង​ជ្រក​ក្រោម​ម្លប់​របស់​ទ្រង់ នៅ​កណ្តាល​ពួក​សាសន៍​ដទៃ។


គេ​ទូល​ដល់​ស្តេច​នេប៊ូ‌ក្នេសា​ថា បពិត្រ​ព្រះ‌ករុណា សូម​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​ត​រៀង​ទៅ


នោះ​ដានី‌យ៉ែល លោក​ទូល​តប​ថា បពិត្រ​ព្រះ‌ករុណា សូម​ទ្រង់​បាន​ប្រកប​ដោយ​ព្រះ‌ជន្ម​ចំរើន​ជា​យឺន‌យូរ​ចុះ


ហើយ​បណ្តា​មនុស្ស​ដែល​ដើរ​ហែ​មុខ​ក្រោយ គេ​ស្រែក​ឡើង​ថា ហូសា‌ណា ដល់​ព្រះ‌វង្ស​ហ្លួង​ដាវីឌ ព្រះ‌អង្គ​ដែល​យាង​មក​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់ ទ្រង់​ប្រកប​ដោយ​ព្រះ‌ពរ ហូសា‌ណា នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត


ក៏​ក្រង​ភួង​បន្លា​បំពាក់​លើ​ព្រះ‌សិរ​ទ្រង់ ហើយ​យក​ដើម​ត្រែង​ដាក់​នៅ​ព្រះ‌ហស្ត​ស្តាំ រួច​គេ​លុត​ជង្គង់​នៅ​ចំពោះ​ទ្រង់ ទាំង​ពោល​ចំអក​ថា ថ្វាយ‌បង្គំ​ស្តេច​សាសន៍​យូដា


ប្រាកដ​មែន​ហើយ ដ្បិត​នៅ​ក្រុង​នេះ ស្តេច​ហេរ៉ូឌ នឹង​លោក​ប៉ុនទាស-ពីឡាត់ បាន​ប្រជុំ​គ្នា ព្រម​ទាំង​ពួក​សាសន៍​ដទៃ នឹង​សាសន៍​អ៊ីស្រាអែល ទាស់​នឹង​ព្រះ‌យេស៊ូវ​ជា​អ្នក​បំរើ​បរិសុទ្ធ​របស់​ទ្រង់ ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ


រីឯ​អ្នក​ដែល​តាំង​យើង​ខ្ញុំ ឲ្យ​ខ្ជាប់‌ខ្ជួន​ក្នុង​ព្រះ‌គ្រីស្ទ ជា​មួយ​នឹង​អ្នក​រាល់​គ្នា ហើយ​ដែល​ចាក់​ប្រេង​ឲ្យ​យើង នោះ​គឺ​ជា​ព្រះ


ទ្រង់​បាន​ស្រឡាញ់​សេចក្ដី​សុចរិត ហើយ​ស្អប់​ការ​ទទឹង​ច្បាប់ ហេតុ​នោះ​បាន​ជា​ព្រះ គឺ​ជា​ព្រះ​នៃ​ទ្រង់​បាន​ចាក់​ប្រេង​ថ្វាយ​ទ្រង់ ជា​ប្រេង​នៃ​សេចក្ដី​ត្រេក‌អរ​សាទរ លើស​ជាង​ពួក​សំឡាញ់​នៃ​ទ្រង់»


តែ​យើង​ឃើញ​ព្រះ‌យេស៊ូវ​វិញ ដែល​ព្រះ​បាន​ធ្វើ​ឲ្យ​ទាប​ជាង​ពួក​ទេវតា​បន្តិច ទ្រង់​ពាក់​សិរី‌ល្អ នឹង​ល្បី​ព្រះ‌នាម ទុក​ជា​មកុដ ដោយ​ព្រោះ​ទ្រង់​បាន​រង​ទុក្ខ​សុគត ដើម្បី​នឹង​ភ្លក់​សេចក្ដី​ស្លាប់​ជំនួស​មនុស្ស​ទាំង​អស់ ដោយ​នូវ​ព្រះ‌គុណ​នៃ​ព្រះ


ព្រះ‌នេត្រ​ទ្រង់​ដូច​ជា​អណ្តាត​ភ្លើង ហើយ​នៅ​លើ​ព្រះ‌សិរសា មាន​មកុដ​ជា​ច្រើន ទ្រង់​មាន​ព្រះ‌នាម​កត់​ទុក ដែល​គ្មាន​អ្នក​ណា​ស្គាល់​ឡើយ លើក​តែ​អង្គ​ទ្រង់​ប៉ុណ្ណោះ


នោះ​សាំយូ‌អែល​ក៏​យក​ដប​ប្រេង ចាក់​ទៅ​លើ​ក្បាល​សូល រួច​ថើប​គាត់​ដោយ​ពាក្យ​ថា ឯ​ព្រះ‌យេហូវ៉ា​តើ​ទ្រង់​មិន​បាន​ចាក់​ប្រេង​តាំង​អ្នក ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​លើ​មរដក​ទ្រង់​ទេ​ឬ​អី


នោះ​សាំយូ‌អែល​ប្រាប់​ដល់​បណ្តាជន​ថា ចូរ​មើល អ្នក​នេះ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​តាំង​ឡើង ថា​គ្មាន​អ្នក​ណា ក្នុង​ពួក​បណ្តាជន ឲ្យ​ដូច​ជា​គាត់​ទេ បណ្តាជន​ទាំង‌ឡាយ​ក៏​បន្លឺ​វាចា​ឡើង​ថា ជយោ​ព្រះ‌ករុណា។


សាំយូ‌អែល​ក៏​យក​ស្នែង​ដែល​ដាក់​ប្រេង​នោះ ទៅ​ចាក់​លើ​ដាវីឌ នៅ​កណ្តាល​ពួក​បងៗ​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ថ្ងៃ​នោះ​ត​ទៅ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​ក៏​សណ្ឋិត​លើ​ដាវីឌ ស្រេច​ហើយ​សាំយូ‌អែល​លោក​ក្រោក​ឡើង​ទៅ​ឯ​រ៉ាម៉ា​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម