ហេព្រើរ 8 - Khmer Christian Bible1 រីឯចំណុចដ៏សំខាន់ក្នុងសេចក្ដីដែលបានរៀបរាប់មកនេះ គឺយើងមានសម្ដេចសង្ឃដែលគង់នៅខាងស្ដាំបល្ល័ង្កនៃព្រះដ៏ឧត្ដុង្គឧត្ដមនៅស្ថានសួគ៌ 2 ជាអ្នកបម្រើការនៅក្នុងទីបរិសុទ្ធ និងនៅក្នុងរោងដ៏ពិតដែលព្រះអម្ចាស់ជាអ្នកសង់ មិនមែនមនុស្សទេ។ 3 ដ្បិតសម្ដេចសង្ឃគ្រប់រូបត្រូវបានតែងតាំងឲ្យថ្វាយទាំងតង្វាយ និងយញ្ញបូជា ដូច្នេះសម្ដេចសង្ឃម្នាក់នេះក៏ត្រូវមានអ្វីថ្វាយដែរ។ 4 បើព្រះអង្គគង់នៅផែនដី នោះព្រះអង្គមិនមែនជាសង្ឃទេ ព្រោះមានពួកសង្ឃដែលថ្វាយតង្វាយតាមគម្ពីរវិន័យរួចទៅហើយ 5 គឺពួកគេបម្រើទៅតាមគំរូ និងលំនាំនៅស្ថានសួគ៌ ស្របតាមព្រះបន្ទូលដែលលោកម៉ូសេបានទទួលនៅពេលគាត់កំពុងរៀបនឹងសង់រោង គឺព្រះជាម្ចាស់មានបន្ទូលថា៖ «ចូរប្រយ័ត្ន អ្នកត្រូវធ្វើសព្វគ្រប់ទៅតាមគំរូដែលយើងបានបង្ហាញដល់អ្នកនៅលើភ្នំ» 6 ប៉ុន្ដែឥឡូវនេះព្រះអង្គបានទទួលកិច្ចការប្រសើរជាងនោះ ដូច្នេះព្រះអង្គក៏ជាអ្នកសម្រុះសម្រួលកិច្ចព្រមព្រៀងដ៏ប្រសើរជាងដែរ គឺជាកិច្ចព្រមព្រៀងដែលបានតាំងនៅលើសេចក្ដីសន្យាដ៏ប្រសើរជាង។ 7 ដ្បិតបើកិច្ចព្រមព្រៀងមុនគ្មានកំហុសមែន នោះមិនត្រូវការកិច្ចព្រមព្រៀងថ្មីមកជំនួសទេ។ 8 ដោយព្រោះព្រះជាម្ចាស់ឃើញប្រជារាស្ដ្ររបស់ព្រះអង្គមានកំហុស ព្រះអង្គក៏មានបន្ទូលថា៖ «មើល៍ ព្រះអម្ចាស់បានមានបន្ទូលថា នឹងមានថ្ងៃមួយមកដល់ ដែលយើងនឹងតាំងកិច្ចព្រមព្រៀងថ្មីជាមួយពូជពង្សរបស់អ៊ីស្រាអែល និងពូជពង្សរបស់យូដា 9 មិនមែនជាកិច្ចព្រមព្រៀងដែលយើងបានតាំងជាមួយពួកដូនតារបស់ពួកគេនៅថ្ងៃដែលយើងបានដឹកដៃដូនតាទាំងនោះ នាំចេញពីទឹកដីអេស៊ីព្ទទេ ព្រោះពួកគេមិនបានកាន់តាមកិច្ចព្រមព្រៀងរបស់យើង ហើយយើងក៏មិនយកចិត្ដទុកដាក់ចំពោះពួកគេដែរ។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 10 ព្រះអម្ចាស់មានបន្ទូលថា ប៉ុន្ដែនេះជាកិច្ចព្រមព្រៀងដែលយើងនឹងតាំងជាមួយពូជពង្សអ៊ីស្រាអែលនៅក្រោយថ្ងៃទាំងនោះ គឺយើងនឹងដាក់ក្រឹត្យវិន័យរបស់យើងក្នុងចិត្ដរបស់ពួកគេ ទាំងចារឹកក្នុងគំនិតរបស់ពួកគេផង ហើយយើងនឹងធ្វើជាព្រះរបស់ពួកគេ ហើយពួកគេនឹងធ្វើជាប្រជារាស្ដ្ររបស់យើង។ 11 ពេលនោះមិនចាំបាច់ឲ្យពួកគេម្នាក់ៗបង្រៀនជនរួមជាតិ និងបងប្អូនរបស់ខ្លួនទៀតឡើយថា ចូរស្គាល់ព្រះអម្ចាស់ ព្រោះពួកគេទាំងអស់គ្នា ទាំងតូច ទាំងធំនឹងស្គាល់យើង 12 ដ្បិតយើងនឹងមេត្តាចំពោះសេចក្ដីទុច្ចរិតរបស់ពួកគេ ហើយយើងមិននឹកចាំពីបាបរបស់ពួកគេទៀតឡើយ»។ 13 ដោយព្រោះព្រះអង្គមានបន្ទូលថានេះជាកិច្ចព្រមព្រៀងថ្មី នោះព្រះអង្គបានធ្វើឲ្យកិច្ចព្រមព្រៀងមុនទៅជាចាស់វិញ។ ដូច្នេះអ្វីៗដែលចាស់នឹងកាន់តែចាស់ទៅៗ ហើយក៏ជិតសាបសូន្យដែរ។ |
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.