២ សាំយូអែល INTRO1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពាក្យ​លំនាំ កណ្ឌគម្ពីរ​សាំយូអែល​ទី ២ រៀបរាប់​អំពី​រាជ្យ​របស់​ព្រះបាទ​ដាវីឌ។ ព្រះបាទ​ដាវីឌ​ជា​ស្តេច​ទី​មួយ ដែល​បាន​គ្រងរាជ្យ​លើ​កុលសម្ព័ន្ធ​ទាំង​ដប់​ពីរ​នៃ​កូន​ចៅ​អ៊ីស្រាអែល។ កណ្ឌគម្ពីរ​នេះ​បង្ហាញ​អំពី​វីរភាព និង​ឫទ្ធិ​អំណាច​របស់​ព្រះបាទ​ដាវីឌ ដែល​ធ្វើ​ឲ្យ​ស្តេច​ពង្រឹង​រាជសម្បត្តិ ហើយ​ពង្រីក​ទឹក​ដី​អ៊ីស្រាអែល​ទៅ​ជា​នគរ​មួយ​យ៉ាង​ធំ។ ផ្នែក​ដំបូង​នៃ​កណ្ឌគម្ពីរ​នេះ មាន​ថ្លែង​អំពី​ការ​សោយ​សោក​របស់​ព្រះបាទ​ដាវីឌ នៅ​ពេល​បាន​ទទួល​ដំណឹង​ថា ស្តេច​សូល និង​យ៉ូណាថាន ជា​បុត្រ សុគត​ក្នុង​សមរភូមិ នៅ​ពេល​ធ្វើ​សឹក​ជាមួយ​ជនជាតិ​ភីលីស្ទីន។ បន្ទាប់​មក មាន​ថ្លែង​អំពី​ព្រះបាទ​ដាវីឌ​គ្រងរាជ្យ​លើកុលសម្ព័ន្ធ​យូដា ដែល​នៅ​ប៉ែក​ខាង​ត្បូង (ជំពូក ១-៤)។ ក្រោយ​មក​ទៀត កុលសម្ព័ន្ធ​នានា​នៃ​អ៊ីស្រាអែល​ដែល​រស់​នៅ​ប៉ែក​ខាង​ជើង បាន​យាង​ព្រះបាទ​ដាវីឌ​ឲ្យ​គ្រងរាជ្យ​លើ​ពួក​គេ​ដែរ (ជំពូក ៥-២០)។ ជំពូក ២១ ដល់ ២៤ មាន​រៀបរាប់​អំពី​ព្រឹត្តិការណ៍​ផ្សេងៗ កើត​មាន​ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ដាវីឌ ដែល​ជំពូក​មុនៗ​មិន​បាន​លើក​យក​មក​បរិយាយ។ កណ្ឌគម្ពីរ​សាំយូអែល​ទី ២ បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ថ្កុំថ្កើង​រុងរឿង និង​ឫទ្ធិ​អំណាច​របស់​ព្រះបាទ​ដាវីឌ ហើយ​ក៏​បង្ហាញ​ឲ្យ​យើង​ឃើញ​ពី​ភាព​ទន់​ខ្សោយ និង​បញ្ហា​លំបាក​ផ្សេងៗ ដែល​កើត​មាន​ក្នុង​ព្រះ​ញាតិវង្ស​របស់​ស្តេច​អង្គ​នេះ​ដែរ។ ពេល​មាន​បញ្ហា ព្រះបាទ​ដាវីឌ​ទុក​ចិត្ត​ដល់​ព្រះ ហើយ​ពេល​ប្រព្រឹត្ត​ខុស ស្តេច​ដាក់​ខ្លួន​លន់​តួ​កំហុស​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ។ ក្រោយ​មក ជា​ពិសេស នៅ​ក្នុង​ពេល​មាន​ខ្មាំង​សត្រូវ​មក​យាយី​បៀតបៀន កូន​ចៅ​អ៊ីស្រាអែល​ចាត់​ទុក​ព្រះបាទ​ដាវីឌ​ជា​ព្រះមហាក្សត្រ​គំរូ​មួយ ដែល​ព្រះ​ប្រទាន​មក ដើម្បី​សង្គ្រោះ​ប្រជារាស្ត្រ​របស់​ព្រះអង្គ។ កូន​ចៅ​អ៊ីស្រាអែល​ចង​ចាំ​ជានិច្ច​នូវ​ព្រះបន្ទូល ដែល​ព្រះ​បាន​សន្យា​ជាមួយ​ព្រះបាទ​ដាវីឌ តាម​រយៈ​ហោរា​ណាថាន​ថា នឹង​មាន​ស្តេច​មួយ​អង្គ​ដែល​ជា​ពូជពង្ស​របស់​ព្រះបាទ​ដាវីឌ គ្រង​រាជ្យ​លើកូន​ចៅ​អ៊ីស្រាអែល​រហូត​ត​រៀង​ទៅ។ ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ក្នុង​គម្ពីរ​សញ្ញា​ថ្មី ពេល​ខ្លះ ប្រជាជន​ហៅ​ព្រះយេស៊ូវ​ថា «ព្រះរាជវង្ស» ឬ «ព្រះរាជ​បុត្រា» របស់​ព្រះបាទ​ដាវីឌ (មថ. ២០.២៩-៤០, ២១.៩)។ |
© 2016 United Bible Societies
Bible Society in Cambodia