Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -

២ សាំ‌យូ‌អែល 13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


អាំណូន និង​តាម៉ារ

1 ក្រោយ​មក​ទៀត មាន​រឿង​កើត​ឡើង​ដូច្នេះ គឺ​អាប់សា‌ឡុម បុត្រា​ដាវីឌ​មាន​កនិដ្ឋា​មួយ​អង្គ មាន​រូប​ស្រស់​ល្អ​ណាស់ គឺ​នាង​តាម៉ារ ហើយ​អាំណូន ជា​បុត្រា​ដាវីឌ មាន​ព្រះ‌ឫ‌ទ័យ​ប្រតិ‌ព័ទ្ធ​ស្រឡាញ់​រូប​នាង។

2 អាំណូន​រំជួល​ចិត្ត​ស្រឡាញ់​នាង​តាម៉ារ​ជា​កនិដ្ឋា​យ៉ាង​ខ្លាំង រហូត​ធ្លាក់​ខ្លួន​ឈឺ ទ្រង់​នឹក​ឃើញ​ថា ពិបាក​ធ្វើ​អ្វី​ដល់​នាង​ណាស់ ព្រោះ​នាង​នៅ​បរិសុទ្ធ។

3 ប៉ុន្តែ អាំណូន​មាន​មិត្ត​ម្នាក់ ឈ្មោះ​យ៉ូ‌ណា‌ដាប ជា​បុត្រា​សាំម៉ា ជេដ្ឋា​របស់​ព្រះបាទ​ដាវីឌ ជា​មនុស្ស​ឈ្លាស​វៃ​ណាស់។

4 អ្នក​នោះ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​ឯង ដែល​ជា​កូន​ស្តេច រស់​នៅ​ស្គាំង‌ស្គម​រាល់​តែ​ថ្ងៃ​ដូច្នេះ? សូម​ប្រាប់​ឲ្យ​យើង​ដឹង​ផង» អាំណូន​ប្រាប់​ថា៖ «ខ្ញុំ​មាន​ចិត្ត​ស្រឡាញ់​នាង​តាម៉ារ ជា​ប្អូន​អាប់សា‌ឡុម បង​ខ្ញុំ​ណាស់»។

5 រួច​យ៉ូ‌ណា‌ដាប​ប្រាប់​ថា៖ «ដូច្នេះ ចូរ​ឯង​ដេក​នៅ​លើ​គ្រែ​ក្លែង​ធ្វើ​ជា​ឈឺ​ទៅ បើ​កាល​ណា​បិតា​ឯង​មក​សួរ នោះ​ត្រូវ​ទូល​ថា "សូម​បិតា​អនុញ្ញាត​ឲ្យ​នាង​តាម៉ារ ជា​កនិដ្ឋា​ទូល‌បង្គំ មក​រៀប​អាហារ​នៅ​មុខ​ទូល‌បង្គំ ឲ្យ​ទូល‌បង្គំ​បាន​ឃើញ ហើយ​បាន​ទទួល​ពី​ដៃ​នាង​មក​បរិ‌ភោគ​បន្តិច"»។

6 ដូច្នេះ អាំណូន​ក៏​ដេក ហើយ​ក្លែង​ធ្វើ​ជាឈឺ ពេល​ស្តេច​បាន​យាង​មក​សួរ អាំណូន​ទូល​ថា៖ «សូម​បិតា​អនុញ្ញាត​ឲ្យ​នាង​តាម៉ារ ជា​កនិដ្ឋា​ទូល‌បង្គំ មក​ធ្វើ​នំ​ពីរ​នៅ​មុខ​ទូល‌បង្គំ ដើម្បី​ឲ្យ​ទូល‌បង្គំ​បានបរិភោគ​ពី​ដៃ​នាង»។

7 ព្រះបាទ​ដាវីឌ​បាន​ចាត់​គេ​ឲ្យ​ទៅ​ដំណាក់ ប្រាប់​នាង​តាម៉ារ​ថា៖ «ចូរ​ទៅ​ដំណាក់​អាំណូន​បង​របស់​ឯង ហើយ​រៀប​ចំ ម្ហូប​ឲ្យបង​បរិភោគ​ផង»។

8 ដូច្នេះ នាង​តាម៉ារ​ក៏​ទៅ​ដល់​ដំណាក់​អាំណូន ដែល​កំពុង​ផ្ទំ។ នាង​ក៏​យក​ម្សៅ​មក​ច្របាច់​ធ្វើ​នំ ហើយ​ដុត​នៅ​មុខបង។

9 រួច​លើក​ខ្ទះ​មក​ចាក់​នំ​នោះ​នៅនឹង​មុខ ប៉ុន្តែ ទ្រង់​មិន​បរិ‌ភោគ​ទេ ហើយ​បង្គាប់​ថា៖ «ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ចេញ​ពី​យើង​ទៅ» ដូច្នេះ គ្រប់​គ្នា​ក៏​ចេញ​ទៅ​ក្រៅ។

10 បន្ទាប់​មក អាំណូន​ប្រាប់​ទៅ​នាង​តាម៉ារ​ថា៖ «សូម​យក​នំ​មក​ក្នុង​បន្ទប់ ដើម្បី​យើង​បរិ‌ភោគ​ពី​ដៃ​ឯង»។ ព្រះ​នាង​ក៏​យក​នំ​ដែល​ធ្វើ​នោះ ទៅ​ឲ្យ​អាំណូន​ជា​ជេដ្ឋា នៅ​ក្នុង​បន្ទប់។

11 ប៉ុន្តែ ពេល​នាង​ទៅ​ជិត ដើម្បី​ថ្វាយ​នំ​ឲ្យ​សោយ ទ្រង់​ក៏​ចាប់​នាង​ដោយ​ពាក្យ​ថា៖ «ប្អូន​អើយ ចូរ​មក​ដេក​ជា‌មួយ​យើង»។

12 នាង​ប្រកែក​ថា៖ «ទេ បង​អើយ កុំ​ធ្វើ​បាប​ខ្ញុំអី ព្រោះ​ធ្វើ​ដូច្នេះ ខុស​នឹង​បវេណី​ក្នុង​ពួក​អ៊ីស្រា‌អែល​ខ្លាំង​ណាស់ សូម​កុំ​ប្រព្រឹត្ត​អា‌ក្រក់​យ៉ាង​នេះ។

13 តើ​ឲ្យ​ខ្ញុំ​ម្ចាស់​យក​សេចក្ដី​ខ្មាស​ទៅ​ទុក​ឯ​ណា? ហើយ​ចំណែក​បង​វិញ នោះ​គេ​នឹងចាត់ទុក​បង​ថា​ជា​មនុស្ស​ល្ងើ​ក្នុង​សាសន៍​អ៊ីស្រា‌អែល។ ដូច្នេះ សូម​ទូល​ដល់​ស្តេច​ចុះ ដ្បិត​ទ្រង់​មិន​ប្រកែក ដែល​ឲ្យ​ខ្ញុំ​ម្ចាស់​ដល់​បង​ទេ»។

14 ប៉ុន្តែ អាំណូន​មិន​ព្រម​ស្តាប់​នាង​ឡើយ គឺ​បាន​ចាប់​បង្ខំ​ដេក​ជា​មួយ​នាង ដោយ​ទ្រង់​មាន​កម្លាំង​ខ្លាំង​ជាង។

15 បន្ទាប់​មក អាំណូន​មានចិត្ត​ណាយ ហើយ​ស្អប់​នាង​យ៉ាង​ខ្លាំង គឺ​ស្អប់​ខ្ពើម​នាង​ខ្លាំង​លើស​ជាង​សេចក្ដី​ស្រឡាញ់​ដល់​នាង​ពី​មុន​ទៅ​ទៀត ហើយ​ទ្រង់​បណ្តេញ​នាង​ថា៖ «ចូរ​ក្រោក​ឡើង​ទៅ​ឲ្យ​បាត់​ទៅ»។

16 ប៉ុន្តែ នាង​ឆ្លើយ​ថា៖ «ទេ បង ដ្បិត​កំហុស​ដែល​បណ្តេញ​ខ្ញុំ​ម្ចាស់​នេះ អា‌ក្រក់​ជាង​ការ​ដែល​បាន​ធ្វើ​ដល់​ខ្ញុំ​ម្ចាស់​ទៅ​ទៀត»។ ប៉ុន្តែ ទ្រង់​មិន​ព្រម​ស្តាប់​តាម​នាង​ឡើយ។

17 អាំណូន​ក៏​ហៅ​ក្មេង​បម្រើ​ម្នាក់​មក​ប្រាប់​ថា៖ «ចូរ​យក​ស្រី​នេះ​ចេញ​ទៅ រួច​ខ្ទាស់​ទ្វារឲ្យ​ជិត»។

18 ដូច្នេះ អ្នក​បម្រើ​ក៏​នាំ​នាង​ទៅ​ក្រៅ ហើយ​បិទ​ទ្វារ​ជិត។ ឯ​នាង​តាម៉ារ ព្រះ‌ភូសា​ពណ៌​ផ្សេងៗ ដ្បិត​ពួក​បុត្រី​ស្តេច​ដែល​នៅ​ក្រមុំ​ធ្លាប់​តែង​អង្គ​យ៉ាង​នោះ។

19 នាង​តាម៉ារ​យក​ផេះ​មក​ដាក់​លើ​ព្រះ‌សិរ ក៏​ហែក​ព្រះ‌ភូសា ហើយ​យក​ព្រះ‌ហស្ត​ដាក់​លើ​ព្រះ‌សិរ យាង​ទៅ​ទាំង​ព្រះ‌កន្សែង​ជា​ខ្លាំង។

20 អាប់សា‌ឡុម​ជា​ជេដ្ឋា​ក៏​សួរ​ថា៖ «តើ​អាំណូន​បង​ឯង ធ្វើ​បាប​ឯង​ឬ? ប្អូន​អើយ ចូរ​នៅ​ស្ងៀម​សិន ដ្បិត​ជា​បង​ឯង​ទេ កុំមាន​ចិត្ត​ព្រួយ​ពី​ការ​នេះ​ឡើយ»។ ដូច្នេះ នាង​ក៏​នៅ​តែ​ឯង​ក្នុង​ដំណាក់​អាប់សា‌ឡុម​ជា​ជេដ្ឋា។

21 ពេល​ស្ដេច​ដាវីឌ​បាន​ឮ​និយាយ​ពី​រឿង​ទាំង​នោះ ទ្រង់​ពិរោធ​យ៉ាង​ខ្លាំង ។

22 ប៉ុន្តែ អាប់សា‌ឡុម​មិន​បាន​មាន​រាជ‌ឱង្ការ​អ្វី​នឹង​អាំណូន ទោះ​ល្អ ឬ​អា‌ក្រក់​ក្តី ដ្បិត​ទ្រង់​ស្អប់​អាំណូន ដោយ​ព្រោះ​បាន​បង្ខូច​នាង​តាម៉ារ ជា​កនិដ្ឋា។


អាប់សា‌ឡុម​ធ្វើ​គុត​អាំណូន

23 ពីរ​ឆ្នាំ​ក្រោយ​មក មាន​ពួក​ជាង​មក​កាត់​រោម​ចៀម​របស់​អាប់សា‌ឡុម នៅ​ត្រង់​បាល-ហាសោរ ដែល​នៅ​ជិត​ដែន​អេប្រាអិម ហើយ​អាប់សា‌ឡុម​ក៏​អញ្ជើញ​ពួក​បុត្រា​ស្តេច​ទាំង​អស់​មក

24 ទ្រង់​ចូល​ទៅ​គាល់​ស្តេច​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ទ្រង់ មាន​ពួក​ជាង​មក​កាត់​រោម​ចៀម ដូច្នេះ សូម​ព្រះ‌ករុណា ព្រម​ទាំង​ពួក​អ្នក​បម្រើ​របស់​ទ្រង់​ឯ​ទៀត យាង​ទៅ​ទទួល​ជប់‌លៀង​ជា‌មួយ​ទូល‌បង្គំ»

25 តែ​ស្ដេច​មាន​រាជ‌ឱង្ការ​តប​ទៅ​អាប់សា‌ឡុម​ថា៖ «ទេ កូន​អើយ យើង​មិន​ត្រូវ​ទៅ​ទាំង​អស់​គ្នា​ទេ ក្រែង​ជា​បន្ទុក​ធ្ងន់​ដល់​ឯង​ពេក»។ អាប់សា‌ឡុម​ក៏​ទូល​បង្ខំ​ទ្រង់ តែ​ទ្រង់​មិន​ព្រម​ទៅ​ទេ គឺ​បែរ​ជា​ប្រទាន​ពរ​ឲ្យ​វិញ

26 នោះ​អាប់សា‌ឡុម​ទូល​ថា៖ «បើ​ទ្រង់​មិន​យាង​ទៅ​ទេ នោះ​សូម​ឲ្យ​តែ​អាំណូន​ជា​ជេដ្ឋា​ទូល‌បង្គំ​ទៅ​ជា‌មួយ​ចុះ» តែ​ស្តេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «ចង់​ឲ្យ​វា​ទៅ​ជា‌មួយ​ឯង​ធ្វើ​អី»។

27 ប៉ុន្តែ ដោយ​អាប់សា‌ឡុម​ចេះ​តែ​បង្ខំ​ទ្រង់ បាន​ជា​ទ្រង់​ក៏​អនុញ្ញាត​ឲ្យ​អាំណូន និង​ពួក​បុត្រា​របស់​ស្ដេច​ទាំង​អស់​ទៅ​ជា‌មួយ។ អាប់សា‌ឡុម​បាន​ធ្វើ​ពិធី​ជប់​លៀង ដូច​ពិធី​ជប់​លៀង​របស់​ស្ដេច

28 រី​ឯ​អាប់សា‌ឡុម​បាន​បង្គាប់​ដល់​ពួក​អ្នក​បម្រើ​របស់​ទ្រង់​ថា៖ «ចូរ​ឯង​ឃ្លាំ​មើល កាល​ណា​អាំណូន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​បាន​សប្បាយ​ចិត្ត ហើយ​យើង​ប្រាប់​ថា ចូរ​វាយ​អាំណូន​ចុះ នោះ​ត្រូវ​សម្លាប់​វា​ទៅ កុំ​ក្រែង​ខ្លាច​អ្វី​ឡើយ គឺ​យើង​ហើយ​ដែល​បាន​បង្គាប់​ការ​នេះ ចូរ​តាំង​ចិត្ត​ឲ្យ​មាំ ឲ្យ​បាន​ក្លាហាន​ចុះ»។

29 ពួក​អ្នក​បម្រើ​របស់​អាប់សា‌ឡុម​ក៏​ធ្វើ​ដល់​អាំណូន​តាម​បង្គាប់​របស់​ចៅ‌ហ្វាយ​ខ្លួន រួច​ពួក​បុត្រា​ស្តេច​គ្រប់​អង្គ​ក៏​ក្រោក​ឡើង ជិះ​លា​កាត់​រៀង​អង្គ​រត់​ទៅ។

30 កាល​បុត្រា​ស្តេច​ទាំង​នោះ កំពុង​តែ​យាង​មក​តាម​ផ្លូវ នោះ​ដំណឹង​ក៏​ឮ​ទៅ​ដល់​ដាវីឌ​ថា អាប់សា‌ឡុម​បាន​សម្លាប់​បុត្រ​ព្រះ‌ករុណា​ទាំង​អស់​ហើយ គ្មាន​សល់​មួយ​ឡើយ

31 នោះ​ស្ដេច​ក៏​ក្រោក​ឡើង​ហែក​ព្រះ‌ពស្ត្រ រួច​ផ្ទំ​នៅ​ដី ឯ​ពួក​មហា‌តលិក​ទ្រង់​ទាំង​ប៉ុន្មាន ក៏​ឈរ​នៅ​ជិត ទាំង​មាន​អាវ​រហែក​ដែរ

32 តែ​យ៉ូ‌ណា‌ដាប ជា​បុត្រា​សាំម៉ា​ជេដ្ឋា​ដាវីឌ ទូល​ឡើង​ថា «បពិត្រ​ព្រះ‌ករុណា សូម​ទ្រង់​កុំ​មាន​ព្រះ‌ហឫ‌ទ័យ​ស្មាន​ថា គេ​បាន​ធ្វើ​គុត​ពួក​ព្រះ‌រាជ​បុត្រ​ទាំង​អស់​នៃ​ព្រះ‌ករុណា​ឡើយ សុគត​តែ​អាំណូន​ប៉ុណ្ណោះ​ទេ ដ្បិត​ការ​នោះ​បាន​គិត​ជា​ស្រេច តាម​បង្គាប់​នៃ​អាប់សា‌ឡុម តាំង​ពី​ថ្ងៃ​ដែល​អាំណូន​បាន​បង្ខូច​នាង​តាម៉ារ ជា​កនិដ្ឋា​មក

33 ដូច្នេះ សូម​កុំ​ឲ្យ​ទ្រង់​ព្រះ‌ករុណា​ជា​ម្ចាស់​នៃ​ទូល‌បង្គំ មាន​ព្រះ‌ហឫ‌ទ័យ​ព្រួយ​ពេក ដោយ​ស្មាន​ថា ពួក​ព្រះ‌រាជ​បុត្រា​បាន​សុគត​ទាំង​អស់​នោះ​ឡើយ ដ្បិត​សុគត​តែ​អាំណូន​ប៉ុណ្ណោះ»។

34 អាប់សា‌ឡុមក៏​រត់​បាត់​ទៅ។ រី​ឯ​យុវជន​ដែល​ចាំ​យាម បាន​ងើប​ភ្នែក​ឡើង​មើល​ទៅ​ឃើញ​មាន​មនុស្ស​ជា​ច្រើន មក​តាម​ផ្លូវ​ចង្កេះ​ភ្នំ នៅ​ខាង​ក្រោយ​គាត់។

35 នោះ​យ៉ូ‌ណា‌ដាប​ទូល​ទៅ​ស្តេច​ថា៖ «ន៎ុះន៏ ពួក​បុត្រា​របស់​ព្រះ‌ករុណា​មក​ដល់​ហើយ ដូច​ទូល‌បង្គំ​ជា​អ្នក​បម្រើ​បាន​ទូលព្រះ​ករុណា​មែន»។

36 កាល​ទូល​ដូច្នោះ​រួច​ស្រេចហើយ ពួក​បុត្រា​ស្តេច​ក៏​មក​ដល់ ហើយ​ឡើង​សំឡេង​យំ ទ្រង់​ព្រះ‌កន្សែង ឯ​ស្ដេច​ព្រះ‌កន្សែង​ដែរ ព្រម​ទាំង​ពួក​មហា‌តលិក ក៏​យំ​ទាំង​អស់​គ្នា​យ៉ាង​ខ្លាំង។

37 ប៉ុន្តែ អាប់សា‌ឡុម​បាន​រត់​ទៅ​នៅ​ជា​មួយ​តាល‌ម៉ាយ ជា​បុត្រា​អាំ‌មិហ៊ូត ស្តេច​ស្រុក​កេស៊ូរី ។ ឯ​ព្រះបាទ​ដាវីឌ​សោយ‌សោក​នឹង​បុត្រ​ជា​រាល់​ថ្ងៃ។

38 អាប់សា‌ឡុម​បាន​រត់​ទៅ​នៅ​ស្រុក​កេស៊ូរី​នោះ​អស់​រយៈ​ពេល​បី​ឆ្នាំ។

39 ព្រះបាទ​ដាវីឌ​មាន​ព្រះ‌ហឫ‌ទ័យ​រឭក ចង់​ទៅរក​អាប់សា‌ឡុម ដោយ​ព្រោះ​បាន​ក្សាន្ត​ចិត្ត​ពី​ដំណើរ​អាំណូន ដែល​សុគត​នោះ​ហើយ។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម