Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

២ របា‌ក្សត្រ 23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នៅ​ឆ្នាំ​ទី​ប្រាំពី នោះ​យេហូ‌យ៉ា‌ដា លោក​ចម្រើន​អំណាច​ឡើង ក៏​នាំ​ឲ្យ​ពួក​មេ‌ទ័ព​ចុះ​សញ្ញា​នឹង​លោក គឺ​អ័សារា ជា​កូន​យេរ៉ូ‌ហាំ អ៊ីស‌ម៉ា‌អែល ជា​កូន​យ៉ូ‌ហា‌ណាន អ័សារា ជា​កូន​អូបិឌ ម្អា‌សេ‌យ៉ា ជា​កូន​អ័ដាយ៉ា និង​អេលី‌សាផាត ជា​កូន​ស៊ីក‌គ្រី

2 គេ​ក៏​ដើរ​ទៅ​មក​ក្នុង​ស្រុក​យូដា ប្រមូល​ពួក​លេវី​ពី​គ្រប់​ទាំង​ទី​ក្រុង​ស្រុក​យូដា ព្រម​ទាំង​ពួក​ជា​ប្រធាន ក្នុង​វង្សា‌នុវង្ស​នៃ​សាសន៍​អ៊ីស្រា‌អែល​ឲ្យ​មូល​មក​ឯ​ក្រុង​យេរូ‌សាឡិម

3 រួច​ក្រុម​ជំនុំ​ទាំង​អស់​គ្នា​ក៏​ចុះ​សញ្ញា​នឹង​ស្តេច នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ។ យេហូ‌យ៉ា‌ដា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «មើល៍! នេះ​ជា​‌រាជ‌បុត្រ​របស់​ស្តេច សូម​ឲ្យ​ទ្រង់​បាន​សោយ‌រាជ្យ​ឡើង ដូច​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​អំ​ពី​ដំណើរ​រាជ​វង្ស​របស់​ព្រះបាទ​ដាវីឌ។

4 ឯ​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​យ៉ាង​ដូច្នេះ ចំណែក​ពួក​សង្ឃ និង​ពួក​លេវី ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែល​ចូល​មក​នៅ​ថ្ងៃ​ឈប់​សម្រាក នោះ​ត្រូវ​ឲ្យ​មួយ​ភាគ​ក្នុង​បី​ចាំ​យាម​នៅ​មាត់​ទ្វារ

5 មួយ​ភាគ​ក្នុង​បី​ទៀត ត្រូវ​នៅ​ឯ​ដំណាក់​នៃ​ស្តេច ហើយ​មួយ​ភាគ​ក្នុង​បី​ទៀត ត្រូវ​នៅ​ត្រង់​ទ្វារ​ជើង​ជញ្ជាំង ឯ​បណ្ដា‌ជន​ទាំង‌ឡាយ ត្រូវ​នៅ​ក្នុង​ទី‌លាន​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​វិញ

6 កុំ​ឲ្យ​អ្នក​ណា​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​ឡើយ លើក​តែ​ពួក​សង្ឃ និង​ពួក​អ្នក​ដែល​ជា​ជំនួយ​ដល់​ពួក​លេវី​ប៉ុណ្ណោះ អ្នក​ទាំង​នោះ​ចូល​ទៅ​បាន ព្រោះ​គេ​បរិសុទ្ធ​ទាំង​អស់ តែ​បណ្ដា‌ជន​ទាំង‌ឡាយ​ត្រូវ​រក្សា​បញ្ញើ​នៃ​ព្រះ‌យេហូវ៉ា​វិញ

7 ត្រូវ​ឲ្យ​ពួក​លេវី​ឈរ​ព័ទ្ធ​ជុំ‌វិញ​ស្តេច ដោយ​កាន់​គ្រឿង​សស្ត្រា‌វុធ​គ្រប់ៗ​គ្នា បើ​មាន​អ្នក​ណា​ចូល​មក​ក្នុង​ព្រះ‌វិហារ នោះ​ត្រូវ​សម្លាប់​បង់ អ្នក​រាល់​គ្នា​ត្រូវ​នៅ​ជាប់​នឹង​ស្តេច នៅ​អស់​វេលា​ដែល​ទ្រង់​យាង​ចេញ​ចូល»។


យូអាសពាក់​មកុដស្ដេច

8 ដូច្នេះ ពួក​លេវី និង​ពួក​យូដា​ទាំង​អស់​គ្នា ក៏​ធ្វើ​តាម​បង្គាប់​សង្ឃ​យេហូ‌យ៉ា‌ដា​គ្រប់​ជំពូក គេ​នាំ​យក​ពួក​គេ​រៀង​ខ្លួន ទាំង​ពួក​ដែល​ត្រូវ​ចូល​នៅ​ថ្ងៃ​ឈប់​សម្រាក និង​ពួក​ដែល​ចេញ​នៅ​ថ្ងៃ​ឈប់​សម្រាក​ដែរ ដ្បិត​សង្ឃ​យេហូ‌យ៉ា‌ដា លោក​មិន​ឲ្យ​ពួក​វេន​ណា​ឈប់​ទេ

9 លោក​ប្រគល់​លំពែង និង​ខែល​ធំ​តូច ជា​របស់​ព្រះបាទ​ដាវីឌ​ពី​ដើម ដែល​ទុក​នៅ​ក្នុង​ព្រះ‌ដំណាក់​នៃ​ព្រះ ដល់​ពួក​មេ‌ទ័ព។

10 រួច​លោក​ដាក់​មនុស្ស​ទាំង​អស់​ឲ្យ​ឈរ​ព័ទ្ធ​នៅ​ជុំ‌វិញ​ស្តេច ទាំង​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​គេ​រៀង​ខ្លួន ចាប់​តាំង​ពី​ខាង​ស្តាំ​ព្រះ‌វិហារ រហូត​ទៅ​ដល់​ខាង​ឆ្វេង ក្បែរ​អាស‌នា និង​ព្រះ‌វិហារ

11 នោះ​គេ​នាំ​បុត្រា​នៃ​ស្តេច​ចេញ​មក បំពាក់​មកុដ​លើ​ទ្រង់ ហើយ​ថ្វាយ​សេចក្ដី​សញ្ញា រួច​តាំង​ទ្រង់​ឡើង​ជា​ស្តេច ឯ​យេហូ‌យ៉ា‌ដា និង​ពួក​កូន​របស់​លោក​ក៏​ចាក់​ប្រេង​ថ្វាយ​ទ្រង់ ហើយ​ពោល​ថា៖ «សូម​ឲ្យ​ព្រះ‌ករុណា​មាន​ព្រះជន្ម​យឺន​យូរ!»។


ព្រះនាង​អ័ថាលា​ត្រូវ​គេ​ធ្វើ​ឃាត

12 ពេល​ព្រះ‌នាង​អ័ថា‌លា​បាន​ឮ​សូរ​អឺង‌កង​ពី​ពួក​បណ្ដា‌ជន​ដែល​រត់​ទៅ​មក ទាំង​សរសើរ​ដល់​ស្តេច នោះ​ព្រះ‌នាង​ក៏​យាង​ចូល​ទៅ​ឯ​គេ ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា។

13 ព្រះ‌នាង​ទត​ឃើញ​ស្ដេច​ឈរ​នៅ​លើ​វេទិកា​ត្រង់​ផ្លូវ​ចូល ព្រម​ទាំង​ពួក​មេ‌ទ័ព និង​ពួក​ផ្លុំ​ត្រែ​នៅ​អម​ទ្រង់ ឯ​ពួក​អ្នក​ស្រុក​ទាំង​អស់​គ្នា គេ​មាន​អំណរ ហើយ​ផ្លុំ​ត្រែ​ឡើង។ ពួក​ចម្រៀង​ក៏​កាន់​ប្រដាប់​ភ្លេង ហើយ​នាំ​មុខ​គេ​ច្រៀង​ទំនុក​សរសើរ ពេល​នោះ ព្រះ‌នាង​ក៏​ហែក​ព្រះ‌ពស្ត្រ ដោយ​សវនីយ៍​ថា៖ «នេះ​ជា​ការ​ក្បត់ គឺ​ជា​ការ​ក្បត់​ហើយ»។

14 ពេល​នោះ សង្ឃ​យេហូ‌យ៉ា‌ដា​នាំ​ពួក​មេ​ដែល​ត្រួត​លើ​កង‌ទ័ព​ចេញ​មក​ប្រាប់​ថា៖ «ចូរ​នាំ​ព្រះ‌នាង​ចេញ​ទៅ​ក្រៅ​ទៅ ហើយ​បើ​អ្នក​ណា​តាម​ព្រះ‌នាង នោះ​ត្រូវ​សម្លាប់​ដោយ​ដាវ» ដ្បិត​លោក​បាន​ហាម​ថា៖ «កុំ​សម្លាប់​ព្រះ‌នាង​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​ឡើយ»។

15 ដូច្នេះ គេ​ក៏​ចៀស​ផ្លូវ​ឲ្យ​ព្រះ‌នាង​ចេញ​ទៅ ហើយ​ព្រះ‌នាង​យាង​ចេញ​ទៅ​តាម​ទ្វារ ដែល​សេះ​ចូល​ទៅ​ឯ​ដំណាក់​ស្តេច រួច​គេ​ធ្វើ​គុត​នៅ​ទី​នោះ។

16 រីឯ​យេហូ‌យ៉ា‌ដា និង​ពួក​បណ្ដា‌ជន ហើយស្តេចក៏​ចុះ​សញ្ញា​នឹង​គ្នា​ថា នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌យេហូវ៉ា។

17 បន្ទាប់​មក បណ្ដា‌ជន​ទាំង‌ឡាយ​គេ​ចូល​ទៅ​រំលំ​វិហារ​របស់​ព្រះ‌បាល​អស់​ទៅ ហើយ​បំបាក់​បំបែក​អស់​ទាំង​អាស‌នា និង​រូប​ព្រះ​ឲ្យ​ខ្ទេច‌ខ្ទី ក៏​សម្លាប់​ម៉ាត់‌ថាន ជា​សង្ឃ​របស់​ព្រះ‌បាល នៅ​មុខ​អាស‌នា​នោះ​ដែរ។

18 លោក​យេហូ‌យ៉ា‌ដា​ក៏​តាំង​ឲ្យ​មាន​ពួក​អ្នក​ថែ‌ទាំ​មើល​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា នៅ​ក្រោម​បង្គាប់​ពួក​សង្ឃ​លេវី និង​ពួក​លេវី​ដែល​ដាវីឌ​បាន​តម្រូវ​ឲ្យ​បំពេញ​មុខងារ​នៅ​ក្នុង​ព្រះ​ដំណាក់រ​របស់​ព្រះ‌យេហូវ៉ា សម្រាប់​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ គឺ​ដោយ​សេចក្ដី​រីក‌រាយ​សប្បាយ ហើយ​ច្រៀង​ចម្រៀង តាម​បង្គាប់​របស់​ព្រះបាទ​ដាវីឌ។

19 លោក​ក៏​ដាក់​ពួក​ឆ្មាំ​ទ្វារ នៅ​តាម​អស់​ទាំង​ទ្វារ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​ឃាត់​មិន​ឲ្យ​អ្នក​ណា​ដែល​មិន​ស្អាត​ក្នុង​ការ​អ្វី​មួយ​ចូល​ទៅ។

20 រួច​លោក​ប្រមូល​ពួក​មេ‌ទ័ព ពួក​អ្នក​ធំ ពួក​ចៅ‌ហ្វាយ​លើ​បណ្ដា‌ជន និង​ពួក​អ្នក​ស្រុក​ទាំង​អម្បាល‌ម៉ាន​មក ហើយ​នាំ​ស្តេច​ចុះ​ពី​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ដង្ហែ​ចូល​ទៅ​ក្នុង​ព្រះ‌រាជ‌ដំណាក់​តាម​ទ្វារ​ខាង​លើ លើក​តម្កល់​លើ​បល្ល័ង្ក‌រាជ្យ។

21 ដូច្នេះ ពួក​អ្នក​ស្រុក​ទាំង​អស់​គ្នា​ក៏​មាន​សេចក្ដី​រីក‌រាយ​សប្បាយ ហើយ​ទី​ក្រុង​បាន​សេចក្ដី​សាន្ត‌ត្រាណ ឯ​ព្រះ‌នាង​អ័ថា‌លា គេ​បាន​ធ្វើ​គុត​ដោយ​ដាវ។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម