២ របាក្សត្រ 2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ការរៀបចំសាងសង់ព្រះវិហារ 1 ព្រះបាទសាឡូម៉ូនបានបង្គាប់ឲ្យសង់ព្រះវិហារសម្រាប់ព្រះនាមព្រះយេហូវ៉ា និងព្រះដំណាក់សម្រាប់អង្គទ្រង់ផ្ទាល់។ 2 ព្រះបាទសាឡូម៉ូនបានតម្រូវឲ្យមានមនុស្សប្រាំពីរម៉ឺននាក់ សម្រាប់លីសែង និងប្រាំបីម៉ឺននាក់ សម្រាប់កាប់ឈើនៅឯភ្នំ ហើយបីពាន់ប្រាំមួយរយនាក់សម្រាប់ជាអ្នកត្រួតលើគេ។ សម្ព័ន្ធភាពជាមួយព្រះបាទហ៊ីរ៉ាម ជាស្ដេចក្រុងទីរ៉ុស 3 ព្រះបាទសាឡូម៉ូនបានចាត់សារទៅស្តេចហ៊ីរ៉ាម នៅក្រុងទីរ៉ុសថា៖ «ពីដើម ទ្រង់បានផ្ញើឈើតាត្រៅមកថ្វាយព្រះបាទដាវីឌ ជាបិតាទូលបង្គំ សម្រាប់ធ្វើជាដំណាក់ឲ្យទ្រង់គង់ ឥឡូវនេះ ក៏សូមទ្រង់ប្រោសមេត្តាដល់ទូលបង្គំដូច្នោះដែរ។ 4 មើល៍ ទូលបង្គំរៀបនឹងស្អាងព្រះវិហារ សម្រាប់ព្រះនាមព្រះយេហូវ៉ា ជាព្រះរបស់ទូលបង្គំ ដើម្បីថ្វាយដល់ព្រះអង្គទុកជាទីដុតគ្រឿងមានក្លិនក្រអូប នៅចំពោះព្រះអង្គ និងជាទីតម្កល់នំបុ័ងតាំងទុកជានិច្ច ព្រមទាំងថ្វាយតង្វាយដុតទាំងពេលព្រឹក និងពេលល្ងាច ហើយនៅថ្ងៃឈប់សម្រាក ថ្ងៃចូលខែ និងនៅអស់ទាំងបុណ្យមានកំណត់នៃព្រះយេហូវ៉ាជាព្រះរបស់យើងខ្ញុំរាល់គ្នា ដូចជាបានបង្គាប់មកសាសន៍អ៊ីស្រាអែល ឲ្យធ្វើជាដរាបតទៅ។ 5 ឯព្រះវិហារដែលទូលបង្គំគិតស្អាង នោះធំណាស់ ដ្បិតព្រះនៃយើងខ្ញុំរាល់គ្នាព្រះអង្គធំប្រសើរ លើសជាងអស់ទាំងព្រះ។ 6 ប៉ុន្តែ តើមានអ្នកណាដែលអាចនឹងស្អាងព្រះវិហារថ្វាយព្រះអង្គបាន? ដ្បិតផ្ទៃមេឃ និងអស់ទាំងជាន់នៃផ្ទៃមេឃ មិនល្មមឲ្យព្រះអង្គគង់ចុះទៅហើយ ដូច្នេះ តើទូលបង្គំជាអ្វី ដែលអាចនឹងស្អាងព្រះវិហារថ្វាយព្រះអង្គបាន គ្រាន់តែល្មមនឹងដុតគ្រឿងក្រអូបនៅចំពោះព្រះអង្គប៉ុណ្ណោះ។ 7 ដូច្នេះ សូមចាត់ជាងម្នាក់មក ជាអ្នកដែលមានថ្វីដៃក្នុងការធ្វើមាស ប្រាក់ លង្ហិន ដែក សំពត់ពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ខៀវ ហើយដែលចេះឆ្លាក់ចម្លាក់គ្រប់ជំពូកផង ឲ្យបាននៅជាមួយពួកជាងប៉ិនប្រសប់ ដែលនៅស្រុកយូដា ហើយនៅក្រុងយេរូសាឡិមជាមួយទូលបង្គំ ជាពួកអ្នកដែលព្រះបាទដាវីឌ បិតាទូលបង្គំបានផ្គត់ផ្គង់។ 8 សូមបញ្ជូនឈើតាត្រៅ ឈើកកោះ និងឈើចន្ទន៍ ពីភ្នំល្បាណូនមកឲ្យទូលបង្គំ ដ្បិតទូលបង្គំដឹងថា ពួកអ្នកបម្រើរបស់ព្រះអង្គចេះកាប់ឈើ នៅព្រៃល្បាណូនស្រាប់។ ពួកខាងទូលបង្គំនឹងធ្វើការជាមួយគេ 9 ដើម្បីនឹងត្រៀមឈើទុកឲ្យទូលបង្គំជាបរិបូរ ដ្បិតព្រះវិហារដែលទូលបង្គំបម្រុងនឹងស្អាងនេះ ត្រូវតែបានធំអស្ចារ្យ។ 10 ទូលបង្គំនឹងឲ្យស្រូវភោជ្ជសាលីបញ្ជាន់ស្រាប់ពីរម៉ឺនរង្វាល់ ស្រូវឱកពីរម៉ឺនរង្វាល់ ស្រាទំពាំងបាយជូរពីរម៉ឺនរង្វាល់ និងប្រេងពីរម៉ឺនបាថ ដល់ពួកជាងរបស់ទ្រង់ ដែលកាប់ឈើនោះ»។ 11 ដូច្នេះ ស្តេចហ៊ីរ៉ាមនៃក្រុងទីរ៉ុស ទ្រង់ក៏ធ្វើសារផ្ញើមកឆ្លើយតបនឹងព្រះបាទសាឡូម៉ូនថា៖ «ព្រះយេហូវ៉ាស្រឡាញ់ប្រជារាស្ត្ររបស់ព្រះអង្គ បានជាតាំងព្រះករុណាឡើង ជាស្តេចលើគេ»។ 12 ក្នុងសារនោះ ព្រះបាទហ៊ីរ៉ាមមានរាជឱង្ការថា៖ «សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលបានបង្កើតផ្ទៃមេឃ និងផែនដី ទ្រង់បានព្រះពរ គឺជាព្រះដែលបានប្រទាន ឲ្យព្រះបាទដាវីឌមានបុត្រាប្រកបដោយប្រាជ្ញា តម្រិះ និងយោបល់ អាចនឹងស្អាងព្រះវិហារថ្វាយព្រះយេហូវ៉ា និងព្រះរាជវាំងសម្រាប់នគរទ្រង់ 13 ឥឡូវនេះ ទូលបង្គំបានចាត់ជាងដ៏ជំនាញម្នាក់ ឈ្មោះហ៊ីរ៉ាម ដែលមានប្រាជ្ញាឈ្លាសវៃឲ្យមក 14 គាត់ជាកូនរបស់ស្រីស្រុកដាន់ម្នាក់ ដែលឪពុកជាអ្នកក្រុងទីរ៉ុស អ្នកនេះជាអ្នកជំនាញក្នុងការធ្វើមាស ប្រាក់ លង្ហិន ដែក ថ្ម ឈើ និងសំពត់ពណ៌ស្វាយ ពណ៌ខៀវ សំពត់ទេសឯកយ៉ាងម៉ដ្ដ និងសំពត់ពណ៌ក្រហម ក៏ចេះឆ្លាក់ចម្លាក់គ្រប់ជំពូក ហើយចេះបង្កើតរបស់គ្រប់យ៉ាងដែរ ដើម្បីឲ្យបានធ្វើការជាមួយពួកជាងយ៉ាងជំនាញរបស់ទ្រង់ និងពួកជាងយ៉ាងជំនាញរបស់ព្រះបាទដាវីឌ ជាបិតារបស់ទ្រង់ ជាម្ចាស់នៃទូលបង្គំផង។ 15 រីឯស្រូវភោជ្ជសាលី ស្រូវឱក ប្រេង និងស្រាទំពាំងបាយជូរ ដែលព្រះករុណាជាម្ចាស់ បានមានព្រះបន្ទូលនោះ សូមបញ្ជូនមកឲ្យពួកខាងទូលបង្គំចុះ។ 16 ពួកទូលបង្គំនឹងកាប់ឈើនៅព្រៃល្បាណូន តាមដែលទ្រង់ត្រូវការ បញ្ជូនមក ដោយក្បូនតាមសមុទ្រ ដល់ក្រុងយ៉ុបប៉េ ថ្វាយដល់ទ្រង់ ឲ្យទ្រង់នាំឡើងទៅក្រុងយេរូសាឡិមចុះ»។ 17 ដូច្នេះ ព្រះបាទសាឡូម៉ូនទ្រង់រាប់ពួកសាសន៍ដទៃ ដែលស្នាក់នៅស្រុកអ៊ីស្រាអែលទាំងអស់ តាមបញ្ជីដែលដាវីឌជាបិតា បានរាប់កំណត់ទុក ឃើញមានចំនួនមួយសែនប្រាំម៉ឺនបីពាន់ប្រាំមួយរយនាក់។ 18 ទ្រង់ក៏ដាក់ឲ្យប្រាំពីរម៉ឺននាក់ធ្វើការលីសែង ប្រាំបីម៉ឺននាក់ឲ្យកាប់ឈើនៅភ្នំ ហើយបីពាន់ប្រាំមួយរយនាក់ ឲ្យធ្វើជាអ្នកត្រួតត្រាការ។ |
© 2016 United Bible Societies
Bible Society in Cambodia