២ របាក្សត្រ 1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ព្រះបាទសាឡូម៉ូនទូលសូមប្រាជ្ញា 1 ព្រះបាទសាឡូម៉ូន ជាបុត្រារបស់ព្រះបាទដាវីឌ មានអំណាចក្នុងរាជ្យរបស់ខ្លួនកាន់តែមាំមួនឡើង ហើយព្រះយេហូវ៉ាជាព្រះរបស់ស្ដេចគង់នៅជាមួយ ព្រមទាំងលើកតម្កើងស្ដេចឡើងយ៉ាងក្រៃលែង។ 2 ព្រះបាទសាឡូម៉ូនបានកោះហៅពួកអ៊ីស្រាអែល ពួកមេទ័ពធំតូច ពួកចៅក្រម និងពួកចៅហ្វាយនៃសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ដែលជាប្រធានលើវង្សរបស់ឪពុកគេ។ 3 រួចទ្រង់ និងក្រុមជំនុំទាំងអស់ ក៏នាំគ្នាទៅឯទីខ្ពស់ ដែលនៅត្រង់ក្រុងគីបៀន ដ្បិតត្រសាលជំនុំនៃព្រះ ដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ាបានធ្វើនៅទីរហោស្ថាន ស្ថិតនៅទីនោះ។ 4 (ប៉ុន្តែ ព្រះបាទដាវីឌបានយកហិបនៃព្រះពីក្រុងគារយ៉ាត់-យារីម ឡើងទៅកន្លែងដែលទ្រង់បានរៀបចំទុក ដ្បិតទ្រង់បានដំឡើងត្រសាលមួយ សម្រាប់ឲ្យហិបនោះនៅក្នុងក្រុងយេរូសាឡិមវិញ)។ 5 រីឯអាសនាលង្ហិន ដែលបេតសាលាល កូនយូរី ដែលជាកូនហ៊ើរបានធ្វើ ក៏នៅមុខរោងឧបោសថរបស់ព្រះយេហូវ៉ា ត្រង់គីបៀន ហើយព្រះបាទសាឡូម៉ូន និងក្រុមជំនុំទាំងអស់គ្នាបានសង្វាតរកអាសនានោះ។ 6 ទ្រង់ឡើងទៅថ្វាយតង្វាយដុតអស់មួយពាន់ នៅលើអាសនាលង្ហិន ដែលនៅចំពោះព្រះយេហូវ៉ា ត្រង់ត្រសាលជំនុំនោះ។ 7 ក្នុងពេលយប់នោះ ព្រះបានលេចមកឲ្យព្រះបាទសាឡូម៉ូនឃើញ ហើយមានព្រះបន្ទូលថា៖ «ចូរអ្នកសូមចុះ តើចង់ឲ្យយើងឲ្យអ្វីដល់អ្នក?» 8 ព្រះបាទសាឡូម៉ូនទូលឆ្លើយថា៖ «ទ្រង់បានសម្ដែងសេចក្ដីសប្បុរសជាច្រើនដល់ព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំ ក៏បានតាំងទូលបង្គំឡើងជាស្តេចជំនួសបិតាហើយ។ 9 ឥឡូវនេះ ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ សូមឲ្យសេចក្ដីដែលទ្រង់បានសន្យានឹងព្រះបាទដាវីឌ ជាបិតាទូលបង្គំ បានតាំងខ្ជាប់ខ្ជួន ដ្បិតទ្រង់បានលើកទូលបង្គំឡើង ជាស្តេចលើសាសន៍មួយមានគ្នាច្រើនដូចជាធូលីនៅផែនដី ។ 10 ដូច្នេះ សូមប្រោសប្រទានឲ្យទូលបង្គំមានប្រាជ្ញា និងយោបល់ ដើម្បីឲ្យទូលបង្គំបានចេញចូលនាំមុខបណ្ដាជននេះ ដ្បិតតើមានអ្នកណាអាចនឹងគ្រប់គ្រងលើប្រជារាស្ត្ររបស់ព្រះអង្គ ដែលមានគ្នាច្រើនយ៉ាងនេះបាន?»។ 11 ព្រះទ្រង់មានព្រះបន្ទូលតបថា៖ «ដោយព្រោះអ្នកបានប្រាថ្នាដូច្នេះ នៅក្នុងចិត្ត ហើយមិនបានសូមឲ្យបានទ្រព្យសម្បត្តិ ឬធនធាន ឬកិត្តិយស ឬការប្រហារជីវិតនៃពួកអ្នកដែលស្អប់អ្នក ក៏មិនបានសូមអាយុឲ្យយឺនយូរឡើយ គឺបានសូមឲ្យមានប្រាជ្ញា និងយោបល់ ដើម្បីនឹងគ្រប់គ្រងលើប្រជារាស្ត្ររបស់យើង ដែលយើងបានតាំងអ្នកឲ្យធ្វើជាស្តេចលើគេ។ 12 ដូច្នេះ យើងនឹងឲ្យអ្នកមានប្រាជ្ញា និងយោបល់ ថែមទាំងឲ្យមានទ្រព្យសម្បត្តិ ធនធាន និងកិត្តិយសទៀត ទោះបីពីមុន ហើយទៅមុខទៀត គឺគ្មានស្តេចណាបានដូចនេះឡើយ ក៏មិនមានដែរ»។ 13 ដូច្នេះ ព្រះបាទសាឡូម៉ូនក៏យាងចេញពី ទីខ្ពស់ នៅត្រង់គីបៀន គឺពីមុខត្រសាលជំនុំ មកក្រុងយេរូសាឡិមវិញ ហើយព្រះអង្គបានសោយរាជ្យលើសាសន៍អ៊ីស្រាអែល។ អំណាច និងរាជទ្រព្យរបស់ព្រះបាទសាឡូម៉ូន 14 ព្រះបាទសាឡូម៉ូនប្រមូលបានរទេះចម្បាំង និងពលសេះ មានរទេះមួយពាន់បួនរយ និងពលសេះមួយម៉ឺនពីរពាន់ ក៏ដាក់ឲ្យនៅអស់ទាំងទីក្រុងដែលសម្រាប់រទេះចម្បាំង ហើយនៅជាមួយស្តេចក្នុងក្រុងយេរូសាឡិម។ 15 ស្ដេចធ្វើឲ្យក្រុងនោះមានប្រាក់ និងមាសសម្បូរដូចជាថ្ម ហើយឲ្យមានដើមតាត្រៅសម្បូរដូចជាដើមឧទុម្ពរ ដែលដុះនៅដីទំនាបដែរ។ 16 ឯសេះទាំងប៉ុន្មានរបស់ព្រះបាទសាឡូម៉ូន នោះសុទ្ធតែមកពីស្រុកអេស៊ីព្ទ ពួកជំនួញរបស់ស្តេច គេទៅទិញ ដឹកនាំមកទាំងហ្វូងៗ តាមតម្លៃ។ 17 គេបាននាំយករទេះពីស្រុកអេស៊ីព្ទមក មួយតម្លៃជាប្រាក់ប្រាំមួយរយសេកែល ហើយសេះមួយតម្លៃជាប្រាក់មួយរយហាសិប គេក៏ដឹករទេះមកយ៉ាងនោះ ឲ្យដល់អស់ទាំងស្តេចនៃសាសន៍ហេត និងស្តេចស្រុកស៊ីរីដែរ។ |
© 2016 United Bible Societies
Bible Society in Cambodia