២ កូរិនថូស 10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦លោកប៉ុលឆ្លើយការពារកិច្ចការរបស់លោក 1 ខ្ញុំ ប៉ុល ដែលគេនិយាយថា កាលនៅជាមួយអ្នករាល់គ្នា ខ្ញុំមានឫកពាសុភាព តែពេលនៅឆ្ងាយ មានសេចក្តីក្លាហានចំពោះអ្នករាល់គ្នា ខ្ញុំសូមទូន្មានអ្នករាល់គ្នាដោយចិត្តសុភាព និងចិត្តស្លូតបូតរបស់ព្រះគ្រីស្ទ 2 ខ្ញុំសូមអង្វរអ្នករាល់គ្នាថា ពេលខ្ញុំមកដល់ នោះសូមកុំឲ្យខ្ញុំក្លាហាន ដូចដែលខ្ញុំបានតាំងចិត្តជាស្រេចថា ខ្ញុំមិនខ្លាចនឹងស្ដីបន្ទោសអ្នកខ្លះដែលស្មានថា យើងរស់នៅតាមសាច់ឈាមនោះឡើយ។ 3 ដ្បិតទោះជាយើងរស់នៅខាងសាច់ឈាមក៏ដោយ ក៏យើងមិនតយុទ្ធតាមសាច់ឈាមដែរ 4 ដ្បិតគ្រឿងសស្ត្រាវុធរបស់យើង មិនមែនខាងសាច់ឈាមទេ គឺជាអាវុធដ៏មានចេស្ដាមកពីព្រះ ដែលអាចនឹងរំលំទីមាំមួននានា ហើយរំលំអស់ទាំងគំនិតដែលរិះគិត 5 និងគ្រប់ទាំងអំនួតដែលលើកខ្លួនឡើងទាស់នឹងចំណេះរបស់ព្រះ ព្រមទាំងនាំអស់ទាំងគំនិត ឲ្យចុះចូលស្តាប់បង្គាប់ព្រះគ្រីស្ទវិញ។ 6 យើងប្រុងប្រៀបជាស្រេចនឹងធ្វើទោសអ្នកឯទៀតដែលមិនស្ដាប់បង្គាប់ ពេលអ្នករាល់គ្នាស្ដាប់បង្គាប់ពេញលេញ។ 7 អ្នករាល់គ្នាមើលតែឫកពាខាងក្រៅប៉ុណ្ណោះ។ ប្រសិនបើអ្នកណាជឿប្រាកដថា ខ្លួនជារបស់ព្រះគ្រីស្ទ អ្នកនោះត្រូវពិចារណាសេចក្តីនេះដោយខ្លួនឯងម្ដងទៀតថា យើងក៏ជារបស់ព្រះគ្រីស្ទ ដូចអ្នកនោះដែរ។ 8 ដ្បិតទោះបើខ្ញុំអួតជ្រុលបន្តិចពីអំណាច ដែលព្រះអម្ចាស់បានប្រទានមកយើងក៏ដោយ ក៏ខ្ញុំមិនខ្មាសដែរ ដ្បិតសម្រាប់នឹងស្អាងចិត្តអ្នករាល់គ្នា មិនមែនសម្រាប់នឹងផ្តួលអ្នករាល់គ្នាទេ។ 9 ដើម្បីកុំឲ្យមើលទៅ ហាក់ដូចជាខ្ញុំចង់បំភ័យអ្នករាល់គ្នា ដោយសារសំបុត្ររបស់ខ្ញុំ។ 10 ដ្បិតគេថា «សំបុត្ររបស់គាត់មានពាក្យធ្ងន់ ហើយខ្លាំង តែពេលគាត់នៅជាមួយ នោះគាត់ខ្សោយ ហើយពាក្យសម្ដីរបស់គាត់ក៏គួរឲ្យមើលងាយដែរ» ។ 11 ត្រូវឲ្យមនុស្សបែបនោះយល់ថា ពេលយើងមិននៅជាមួយ យើងសរសេរនៅក្នុងសំបុត្រយ៉ាងណា នោះពេលនៅជាមួយ យើងក៏នឹងប្រព្រឹត្តយ៉ាងនោះដែរ។ 12 ដ្បិតយើងមិនហ៊ានរាប់ខ្លួន ឬផ្ទឹមខ្លួននឹងអ្នកខ្លះដែលលើកតម្កើងខ្លួននោះឡើយ ប៉ុន្តែ ពេលអ្នកទាំងនោះវាស់ខ្លួនឯងនឹងគ្នាឯង ហើយផ្ទឹមខ្លួនឯងនឹងគ្នាឯង នោះគេគ្មានប្រាជ្ញាទេ។ 13 រីឯយើងវិញ យើងមិនអួតហួសកម្រិតឡើយ គឺធ្វើតាមតែខ្នាតដែលព្រះបានកំណត់ឲ្យយើងប៉ុណ្ណោះ ជាខ្នាតដែលបានឈានរហូតមកដល់អ្នករាល់គ្នានេះ។ 14 ដ្បិតយើងមិនបានឈានរំលងហួសខ្នាតរបស់យើង ទុកដូចជាយើងឈានមិនដល់អ្នករាល់គ្នានោះឡើយ ដ្បិតយើងបាននាំដំណឹងល្អរបស់ព្រះគ្រីស្ទ មកដល់អ្នករាល់គ្នាមុនគេ។ 15 យើងមិនអួតហួសកម្រិត គឺមិនអួតពីការនឿយហត់របស់អ្នកដទៃនោះឡើយ ដ្បិតយើងសង្ឃឹមថា ពេលជំនឿរបស់អ្នករាល់គ្នាចម្រើនឡើង នោះកិច្ចការរបស់យើងក្នុងចំណោមអ្នករាល់គ្នា ក៏នឹងទូលំទូលាយជាបរិបូរឡើងដែរ 16 ដើម្បីឲ្យយើងបានប្រកាសដំណឹងល្អតាមតំបន់នានា នៅខាងនាយអ្នករាល់គ្នា ដោយមិនអួតពីកិច្ចការដែលអ្នកដទៃបានធ្វើរួចហើយនោះឡើយ។ 17 «អ្នកណាដែលអួត ត្រូវអួតពីព្រះអម្ចាស់» ។ 18 ដ្បិតមិនមែនជាអ្នកដែលលើកតម្កើងខ្លួននោះទេ ដែលគេទុកចិត្ត គឺអ្នកដែលព្រះអម្ចាស់លើកតម្កើងនោះវិញ។ |
© 2016 United Bible Societies
Bible Society in Cambodia