Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

១ សាំ‌យូ‌អែល 3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ព្រះ‌អម្ចាស់​ត្រាស់​ហៅ​សាំយូ‌អែល និង​កិច្ច‌ការ​ជា​សង្ឃ

1 កុមារ​សាំយូ‌អែល​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​ចំពោះ​មុខ​លោកអេលី។ នៅ​គ្រា​នោះ​ព្រះ‌យេហូវ៉ា​កម្រ​នឹង​មាន​ព្រះ‌បន្ទូល​ណាស់ ឯ​និមិត្ត​ក៏​មិន​សូវ​មាន​ញឹក‌ញាប់​ដែរ។

2 នៅ​ពេល​នោះ ភ្នែក​របស់​លោក​អេលី​ចាប់​ផ្តើម​ស្រវាំង មើល​អ្វី​មិន​ឃើញ​ឡើយ លោកអេលី​សម្រាក​នៅ​ក្នុង​បន្ទប់​របស់​លោក

3 ក្នុង​ពេល​ដែល​ចង្កៀង​នៃ​ព្រះ​មិន​ទាន់​រលត់​នៅ​ឡើយ កុមារសាំយូ‌អែល​ដេក​នៅ​ក្នុង​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា ជា​កន្លែង​ដែល​មាន​ហិប​នៃ​ព្រះ

4 ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ហៅ​ថា៖ «សាំយូ‌អែល! សាំយូ‌អែល​អើយ!» សាំយូ‌អែល​ឆ្លើយ​ថា៖ «បាទ!»

5 រួច​ក៏​រត់​ទៅ​រក​លោក​អេលី សួរ​ថា៖ «ខ្ញុំ​មក​ហើយ លោក​មាន​ការ​អី?» តែលោក​អេលី​ឆ្លើយ​ទៅ​ថា៖ «ខ្ញុំ​មិន​បាន​ហៅ​ឯង​ទេ ទៅ​ដេក​វិញ​ទៅ» សាំយូ‌អែល​ក៏​ទៅ​ដេក​វិញ។

6 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ហៅ​ម្តង​ទៀត៖ «នែ​សាំយូ‌អែល» រួច​សាំយូ‌អែល​ក្រោក​ឡើង ទៅ​រក​លោកអេលី​សួរ​ថា៖ «ខ្ញុំ​មក​ហើយ លោក​មាន​ការ​អី» តែ​អេលី​ឆ្លើយ​ថា៖ «កូន​អើយ ខ្ញុំ​គ្មាន​ហៅ​ឯង​ទេ ចូរ​ទៅ​ដេក​វិញ​ទៅ»។

7 សាំយូ‌អែល​មិន​ទាន់​ស្គាល់​ព្រះ‌យេហូវ៉ា​នៅ​ឡើយ​ទេ ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ក៏​មិន​ទាន់​បាន​សម្ដែង​មក​ឲ្យ​ដឹង​ដែរ។

8 រួច​ព្រះ‌យេហូវ៉ា​ហៅ​ម្តង​ទៀត ជា​លើក​ទី​បី​ថា៖ «នែ​សាំយូ‌អែល​អើយ!» សាំយូ‌អែល​ក៏​ក្រោក​ឡើង ទៅ​រក​លោកអេលី​សួរ​ថា៖ «ខ្ញុំ​មក​ហើយ លោក​មាន​ការ​អី» ពេល​នោះ លោកអេលី​ក៏​យល់​ឃើញ​ថា គឺ​ជា​ព្រះ‌យេហូវ៉ា​ហើយ ដែល​បាន​ហៅ​ក្មេង​នេះ។

9 លោក​ក៏​ប្រាប់​ដល់​សាំយូ‌អែល​ថា៖ «ចូរ​ទៅ​ដេក​ទៅ បើ​ឮ​សូរ​ហៅ​ម្តង​ទៀត នោះ​ត្រូវ​ឆ្លើយ​ថា "បពិត្រ ព្រះ‌យេហូវ៉ា​អើយ សូម​មាន​ព្រះ‌បន្ទូល​មក​ចុះ ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ប្រុង​ស្តាប់​ហើយ"» ដូច្នេះ សាំយូ‌អែល​ក៏​ទៅ​ដេក​នៅ​កន្លែង​ខ្លួន​វិញ។

10 នៅ​យប់​នោះ ព្រះ‌យេហូវ៉ា​យាង​មក​ឈរ ហៅ​ដូច​ពី​មុន​ថា៖ «សាំយូ‌អែល នែ​សាំយូ‌អែល​អើយ!» សាំយូ‌អែល​ទូល​ឆ្លើយ​ថា៖ «សូម​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ចុះ ដ្បិត​ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ប្រុង​ស្តាប់​ហើយ»។

11 ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍! យើង​រៀប​នឹង​ធ្វើ​ការ​មួយ​នៅ​ក្នុង​សាសន៍​អ៊ីស្រា‌អែល ដែល​នឹង​ធ្វើ​ឲ្យ​អស់​អ្នក​ណា​ដែល​ឮ ខ្ទរ​ត្រចៀក​ទាំង​សង​ខាង។

12 នៅ​ថ្ងៃ​នោះ យើង​សម្រេច​ទាស់​នឹង​អេលី តាម​គ្រប់​ការ​ដែល​យើង​បាន​ព្រមាន​គ្រួសារ​របស់​លោក​ហើយ តាំង​ពី​ដើម៊​រហូត​ដល់​ចុង​បញ្ចប់​ផង។

13 យើង​បាន​ប្រាប់​លោក​ហើយ​ថា យើង​នឹងដាក់​ទោស​គ្រួសារ​របស់​លោក​ជា​រៀង​រហូត ដោយ​ព្រោះ​កំហុស​ដែល​លោក​បាន​ដឹង​ពី​ពួក​កូន​របស់​លោក ដ្បិត​កូន​របស់​លោក​បាន​ប្រមាថ​ដល់​ព្រះ ហើយ​លោក​មិន​បាន​ហាម​ឃាត់​ដល់​គេ​សោះ។

14 ហេតុ​នោះ​ហើយ​បាន​ជា​យើង​ស្បថ​ដល់​គ្រួសារ​អេលី​ថា កំហុស​របស់​គ្រួសារ​អេលី​មិន​អាច​លើក​លែង​បាន​ទេ ទោះ​បើ​យក​យញ្ញ‌បូជា ឬ​តង្វាយ​ណា​មក​ថ្វាយ​ក៏​ដោយ»។

15 សាំយូ‌អែល​ក៏​ដេក​ដល់​ព្រឹក រួច​បើក​ទ្វារ​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា ហើយ​សាំយូ‌អែល​ខ្លាច​មិន​ហ៊ាន​ជម្រាប​ពី​ការ​ជាក់​ស្តែង​នោះ​ដល់​លោកអេលី​ទេ។

16 លោកអេលី​ហៅ​សាំយូ‌អែល​ថា៖ «សាំយូ‌អែល កូន​អើយ!» សាំយូ‌អែល​ឆ្លើយ​ថា៖ «បាទ!»

17 លោកអេលី​សួរ​ថា៖ «តើ​ព្រះ​បាន​មាន​ព្រះ‌បន្ទូល​ប្រាប់​អ្នក​អ្វី​ខ្លះ? សូម​កុំ​លាក់​នឹង​ខ្ញុំ បើ​អ្នក​លាក់​ខ្ញុំ​ពី​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ប្រាប់​អ្នក សូម​ព្រះ​ធ្វើ​ដល់​អ្នក​ដូច្នោះ​ដែរ និង​លើស​ទៅ​ទៀត​ផង»។

18 សាំយូ‌អែល​ក៏​ជម្រាប​ដល់​លោក​ទាំង​អស់ ឥត​មាន​លាក់​អ្វី​ឡើយ រួច​លោកអេលី​និយាយ​ថា៖ «នោះ​គឺ​ជា​ព្រះ‌យេហូវ៉ា​ហើយ សូម​ព្រះ‌អង្គ​សម្រេច​តាម​ដែល​ព្រះ‌អង្គ​គិត​ឃើញ​ថា​ល្អ​ចុះ»។

19 សាំយូ‌អែល​កាន់​តែ​ធំ​ឡើង ព្រះ‌យេហូវ៉ា​ក៏​គង់​ជា‌មួយ ហើយ​មិន​ឲ្យ​ពាក្យ​ទំនាយ​ណា​មួយ​របស់​លោក​ជ្រុះ​ធ្លាក់​បាត់​ឡើយ

20 ហើយ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ចាប់​ពី​ក្រុង​ដាន់​រហូត​ដល់​បៀរ-សេបា​ក៏​ដឹង​ថា លោកសាំយូ‌អែល​បាន​តាំង​ឡើង​ជា​ហោរា​របស់​ព្រះ‌យេហូវ៉ា​ហើយ។

21 ក្រោយ​មក ព្រះ‌យេហូវ៉ា​តែង​តែ​លេច​មក​នៅ​ត្រង់​ស៊ីឡូរ​ទៀត ដ្បិត​ព្រះ‌យេហូវ៉ា​សម្ដែង​ឲ្យ​លោកសាំយូ‌អែល​ស្គាល់​នៅ​ត្រង់​ស៊ីឡូរ តាម​រយៈ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម