១ សាំយូអែល 19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦យ៉ូណាថានជួយសូមទោសឲ្យដាវីឌ 1 ស្ដេចសូលបង្គាប់ដល់យ៉ូណាថានជាបុត្រា និងពួកមហាតលិកទាំងប៉ុន្មាន ឲ្យសម្លាប់ដាវីឌចោល តែយ៉ូណាថានជាបុត្រារបស់ស្ដេចសូល លោកមានចិត្តស្រឡាញ់ដាវីឌណាស់ 2 បានជាលោកប្រាប់ដល់ដាវីឌថា៖ «បិតាខ្ញុំរកសម្លាប់អ្នក ដូច្នេះ ដល់ព្រឹកឡើង សូមអ្នកប្រយ័ត្នខ្លួន ត្រូវពួននៅក្នុងទីសម្ងាត់ណាមួយទៅ 3 នោះខ្ញុំនឹងចេញទៅឈរជាមួយបិតាខ្ញុំក្នុងវាលជិតកន្លែងណាដែលអ្នកពួននោះ រួចខ្ញុំនឹងស្នើសុំពីដំណើរអ្នកចំពោះបិតាខ្ញុំ បើខ្ញុំឃើញហេតុជាយ៉ាងណា នោះខ្ញុំនឹងប្រាប់អ្នក»។ 4 ដូច្នេះ យ៉ូណាថានក៏ដំណាលសេចក្ដីយ៉ាងល្អពីដំណើរដាវីឌ ទូលដល់ស្ដេចសូលជាបិតាថា៖ «សូមកុំឲ្យបិតាធ្វើបាបដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គឡើយ ដ្បិតគាត់មិនបានធ្វើខុសនឹងបិតាទេ ហើយការដែលគាត់ធ្វើនោះ សុទ្ធតែមានប្រយោជន៍ដល់បិតាទាំងអស់។ 5 គាត់បានប្រថុយជីវិត ទៅវាយពួកភីលីស្ទីន ហើយព្រះយេហូវ៉ាបានប្រោសឲ្យមានជ័យជម្នះយ៉ាងធំ សម្រាប់ពួកអ៊ីស្រាអែលទាំងអស់គ្នា បិតាក៏បានឃើញ ហើយមានអំណរដែរ ចុះហេតុអ្វីបានជាចង់ធ្វើបាបនឹងឈាមដែលឥតមានទោស ដោយសម្លាប់គាត់ឥតហេតុដូច្នេះធ្វើអី?» 6 ស្ដេចសូលក៏ស្តាប់តាមពាក្យយ៉ូណាថាន ហើយស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា៖ «ដាវីឌមិនត្រូវស្លាប់ទេ»។ 7 ដូច្នេះ យ៉ូណាថានហៅដាវីឌមក ប្រាប់សេចក្ដីទាំងនោះដល់លោក ក៏នាំដាវីឌទៅជួបស្ដេចសូល រួចលោកនៅចំពោះទ្រង់ ដូចកាលពីដើមវិញ។ ព្រះនាងមីកាលជួយដាវីឌឲ្យគេចរួចពីស្ដេចសូល 8 សម័យនោះ កើតមានចម្បាំងម្តងទៀត ហើយដាវីឌក៏ចេញទៅច្បាំងនឹងពួកភីលីស្ទីន ប្រហារសម្លាប់ជីវិតគេយ៉ាងសម្បើម គេក៏រត់ពីមុខលោកទៅ។ 9 រីឯកាលសូលកំពុងតែគង់ក្នុងដំណាក់ មានទាំងដែកពួយនៅព្រះហស្ត នោះវិញ្ញាណអាក្រក់ដែលមកពីព្រះយេហូវ៉ាក៏សណ្ឋិតលើទ្រង់ ឯដាវីឌ លោកកំពុងតែលេងភ្លេង 10 ស្រាប់តែស្ដេចសូលរកពួយដាវីឌភ្ជាប់នឹងជញ្ជាំង ដោយដែកពួយ តែលោកគេចផុតចេញពីចំពោះសូលទាន់ ហើយដែកពួយនោះត្រូវជញ្ជាំងវិញ ដូច្នេះ ដាវីឌក៏រត់រួចនៅយប់នោះឯង។ 11 ស្ដេចសូលបានចាត់គេឲ្យទៅផ្ទះដាវីឌ ដើម្បីចាំយាម ហើយសម្លាប់លោកនៅពេលព្រឹក។ តែមីកាល ជាប្រពន្ធដាវីឌ ប្រាប់លោកថា៖ «បើអ្នកមិនរត់ទៅឲ្យរួចជីវិតនៅវេលាយប់នេះទេ ថ្ងៃស្អែកអ្នកនឹងត្រូវស្លាប់ហើយ»។ 12 ដូច្នេះ មីកាលបានសម្រូតដាវីឌចុះតាមបង្អួច ហើយលោកក៏រត់ចេញរួច។ 13 នាងមីកាលយករូបព្រះ មួយទៅផ្តេកនៅលើគ្រែ ហើយយកខ្នើយរោមពពែដាក់កើយក្បាល ព្រមទាំងដណ្តប់ផួយផង 14 ពេលស្ដេចសូលចាត់គេឲ្យទៅចាប់ដាវីឌ នោះនាងប្រាប់ថា៖ «លោកឈឺ»។ 15 បន្ទាប់មក ស្ដេចសូលចាត់គេឲ្យទៅមើលដាវីឌដោយមានរាជឱង្ការថា៖ «ចូរសែងយកវាទាំងដេកនៅលើគ្រែមក ឲ្យយើងសម្លាប់វាចោល»។ 16 ពេលពួកនោះបានទៅដល់ ឃើញមានតែរូបព្រះផ្តេកនៅលើគ្រែ និងខ្នើយរោមពពែ ដាក់កើយក្បាលទេ។ 17 ស្ដេចសូលសួរមីកាលថា៖ «ម្តេចក៏ឯងបញ្ឆោតបិតា ហើយទុកឲ្យសត្រូវរត់រួចទៅដូច្នេះ?» មីកាលទូលឆ្លើយថា៖ «គាត់បានកំហែងខ្ញុំម្ចាស់ថា "ចូរឲ្យខ្ញុំទៅ ចង់ឲ្យខ្ញុំសម្លាប់ឯងឬ?"» ដាវីឌទៅជួបសាំយូអែលនៅរ៉ាម៉ា 18 ដាវីឌបានរត់រួចទៅដល់សាំយូអែលនៅឯរ៉ាម៉ា ហើយជម្រាបពីសេចក្ដីទាំងប៉ុន្មានដែលសូលបានធ្វើដល់ខ្លួន រួចលោក និងសាំយូអែលក៏នាំគ្នាទៅនៅឯណាយ៉ូត។ 19 មានគេទូលដល់ស្ដេចសូលថា៖ «ដាវីឌនៅឯណាយ៉ូត នៅស្រុករ៉ាម៉ា»។ 20 ពេលនោះ ស្ដេចសូលចាត់គេឲ្យទៅចាប់ តែកាលគេឃើញពួកហោរាកំពុងតែទាយ និងសាំយូអែលឈរធ្វើជាមេលើគេ នោះព្រះវិញ្ញាណនៃព្រះក៏មកសណ្ឋិតលើពួកអ្នកដែលសូលចាត់ឲ្យទៅនោះ ហើយគេក៏ថ្លែងទំនាយដែរ។ 21 កាលដំណឹងនោះបានឮទៅដល់ស្ដេចសូល ទ្រង់ចាត់មួយពួកទៀតឲ្យទៅ តែអ្នកទាំងនោះក៏ថ្លែងទំនាយដែរ ស្ដេចសូលចាត់មនុស្សឲ្យទៅជាគម្រប់បីដង តែគេថ្លែងទំនាយដូចគ្នាទាំងអស់។ 22 ពេលនោះ ទ្រង់ក៏យាងទៅឯរ៉ាម៉ា ដោយអង្គទ្រង់ផ្ទាល់ កាលបានទៅដល់អណ្តូងមួយនៅត្រង់សេគូវ ទ្រង់សួរគេថា៖ «តើសាំយូអែល និងដាវីឌនៅឯណា?» គេឆ្លើយថា៖ «លោកនៅឯណាយ៉ូត ក្នុងស្រុករ៉ាម៉ា» 23 ទ្រង់ក៏យាងទៅឯណាយ៉ូត ស្រុករ៉ាម៉ានោះ ស្រាប់តែព្រះវិញ្ញាណនៃព្រះក៏មកសណ្ឋិតលើទ្រង់ ហើយទ្រង់យាងទៅទាំងថ្លែងទំនាយបណ្តើរ រហូតដល់ណាយ៉ូតនៅស្រុករ៉ាម៉ា។ 24 ទ្រង់ដោះព្រះពស្ត្រចេញ ហើយក៏ថ្លែងទំនាយនៅមុខសាំយូអែល រួចដេកអាក្រាតនៅដីពេញមួយថ្ងៃមួយយប់ ហេតុនោះបានជាគេសួរថា៖ «តើសូលជាពួកហោរាដែរឬ?»។ |
© 2016 United Bible Societies
Bible Society in Cambodia