១ របាក្សត្រ INTRO1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពាក្យ​លំនាំ កណ្ឌ​គម្ពីររបាក្សត្រទី១ និង​ទី២ មាន​ប្រភព​ពី​មជ្ឈដ្ឋាន​តែ​មួយ គឺ​ប្រហែល​ជា​មក​ពី​ពួក​សង្ឃ​នៃ​កូន​ចៅ​អ៊ីស្រាអែល។ កណ្ឌ​គម្ពីរ​នេះ​ផ្សំ​គ្នា​ឡើង រៀបរាប់​អំពី​ប្រវត្តិ​នៃ​ប្រជាជន​របស់​ព្រះ តាំង​ពី​ដើម​កំណើត​រហូត​ដល់​គ្រា​ដែល​ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ជា​ឈ្លើយ​សឹក​នៅ​ស្រុក​បាប៊ីឡូន។ ក្នុង​កណ្ឌ​គម្ពីរ​នេះ ប្រវត្តិ​នៃ​ប្រជារាស្ត្រ​អ៊ីស្រាអែល​មិន​មែន​បរិយាយ​តាម​របៀប​អ្នក​តែង​ប្រវត្តិសាស្ត្រ​សុទ្ធសាធ​ទេ តែ​បរិយាយ​តាម​របៀប​ទេវវិទូ។ ព្រឹត្តិការណ៍​ជា​ច្រើន​ក្នុង​កណ្ឌ​គម្ពីរ​របាក្សត្រទី​១ និងទី​២ មាន​ឃ្លា​ប្រយោគ​ប្រហាក់ប្រហែល​គ្នា​នឹង​កណ្ឌ​គម្ពីរ​សាំយូអែល ឬ​ពង្សាវតារក្សត្រ តែ​មាន​គោល​បំណង​ប្លែក​ពី​កណ្ឌ​គម្ពីរ​ទាំង​នោះ។ របាក្សត្រទី​១ និងទី​២ សង្កត់​ទៅ​លើ​គោល​គំនិត​មួយ គឺ ព្រះ​តែ​មួយ​អង្គ​គត់ ដែល​គ្រប់គ្រង​ប្រជារាស្ត្រ​របស់​ព្រះអង្គ រីឯ​ស្តេច​គ្រាន់​តែ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​ប៉ុណ្ណោះ។ ស្តេច​មាន​មុខងារ​ជា​តំណាង​របស់​ព្រះ គ្រប់គ្រង​លើ​ប្រជាជន​ក្នុង​គ្រប់​វិស័យ។ ក្នុង​ទស្សនៈ​នេះ មាន​តែ​ព្រះបាទ​ដាវីឌ​មួយ​អង្គ​ទេ ដែល​ជា​ស្តេច​ស្មោះត្រង់​នឹង​ព្រះ។ ព្រះបាទ​ដាវីឌ​វាយ​យក​បាន​ក្រុង​យេរូសាឡិម ដែល​ក្រោយ​ក្រុង​នេះ​មាន​ឈ្មោះ​ថា​ជា «ក្រុង​ដ៏​បរិសុទ្ធ» ព្រោះ​ព្រះវិហារ​របស់​ព្រះ​ត្រូវ​បាន​សង់​ឡើង​នៅ​ក្រុង​នេះ។ ព្រះបាទ​ដាវីឌ​ដឹកនាំ​ប្រជាជន ទាំង​ផ្នែក​នយោបាយ ទាំង​ផ្នែក​ជំនឿ។ ក្រោយ​ពេល​ព្រះបាទ​ដាវីឌ​សោយ​ទិវង្គត កណ្ឌ​គម្ពីរ​របាក្សត្រ​រៀបរាប់​អំពី​រជ្ជកាល​នានា​នៃ​រាជ​វង្ស​របស់​ស្តេច ដែល​ស្នង​រាជ្យ​តៗ​គ្នា នៅ​ក្នុង​រាជាណាចក្រ​យូដា។ កណ្ឌ​គម្ពីរ​របាក្សត្រទី​១ ចាប់​ផ្តើម​រៀបរាប់​ប្រវត្តិ​នៃ​ប្រជាជន​របស់​ព្រះ ចាប់​ពី​លោក​អ័ដាម​រហូត​ដល់​ព្រះបាទ​ដាវីឌ ដោយ​មាន​បញ្ជីរាយ​នាម​បុព្វបុរស (ជំពូក ១-៩)។ បន្ទាប់​មក ជំពូក ១០ ដល់ ២៩ រៀបរាប់​ពី​រាជ្យ​របស់​ព្រះបាទ​ដាវីឌ ប៉ុន្តែ ព្រឹត្តិការណ៍​ផ្សេងៗ​ដូច​ជា​យុវភាព ដំណើរ​ភៀស​ខ្លួន​ចេញ​ពី​ស្តេច​សូល ឬ​ព្រឹត្តិការណ៍​ផ្សេងៗ​ដែល​កើត​ឡើង​ក្នុង​គ្រា​ដែល​ស្តេច​គ្រង​រាជ្យ​នៅ​ហេប្រុន រឿងរ៉ាវ​ជាមួយ​នាង​បាតសេបា ឬ បញ្ហា​ជាមួយ​អាប់សាឡុម​ជា​ដើម ពុំ​មាន​រៀបរាប់​ក្នុង​កណ្ឌ​គម្ពីរ​នេះ ដូច​នៅ​ក្នុង​កណ្ឌ​គម្ពីរ​សាំយូអែល​ទេ។ កណ្ឌ​គម្ពីរ​របាក្សត្រ​ទី​១ បរិយាយ​ជា​ពិសេស អំពី​ព្រះបាទ​ដាវីឌ​រៀបចំ​កសាង​ព្រះវិហារ ដោយ​នាំ​ហិប​នៃ​សម្ពន្ធមេត្រី​ចូល​ក្រុង​យេរូសាឡិម ត្រៀម​សម្ភារៈ រៀបចំ​ពួក​សង្ឃ ក្រុម​លេវី ពួក​ចម្រៀង និង​ពួក​យាម​ទ្វារ​ជា​ដើម។ |
© 2016 United Bible Societies
Bible Society in Cambodia