១ របាក្សត្រ 18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ជ័យជម្នះរបស់ព្រះបាទដាវីឌលើស្រុកជិតខាង 1 ក្រោយនោះមក ព្រះបាទដាវីឌវាយបង្ក្រាបពួកភីលីស្ទីន ហើយក៏ចាប់យកក្រុងកាថ និងស្រុកភូមិនានាដែលនៅជុំវិញពីកណ្ដាប់ដៃនៃពួកភីលីស្ទីននោះ។ 2 ទ្រង់វាយស្រុកម៉ូអាប់ ហើយសាសន៍ម៉ូអាប់ គេចំណុះដល់ដាវីឌ ព្រមទាំងបង់សួយអាករផង។ 3 ព្រះបាទដាវីឌក៏វាយព្រះបាទហាដារេស៊ើរ ជាស្តេចសូបា រហូតដល់ក្រុងហាម៉ាត ក្នុងគ្រាដែលកំពុងទៅតាំងអំណាចនៅទន្លេអ៊ើប្រាត។ 4 ព្រះបាទដាវីឌចាប់បានរទេះចម្បាំងមួយពាន់ និងទ័ពសេះប្រាំពីរពាន់នាក់ ពលថ្មើរជើងពីរម៉ឺននាក់របស់ស្តេចនោះ ទ្រង់ក៏កាប់សរសៃកជើងសេះដែលសម្រាប់រទេះចម្បាំងទាំងអស់ បានទុកឲ្យល្មមតែទឹមរទេះមួយរយប៉ុណ្ណោះ។ 5 កាលពួកសាសន៍ស៊ីរី ពីក្រុងដាម៉ាស បានមកជួយហាដារេស៊ើរ ជាស្តេចសូបា នោះព្រះបាទដាវីឌក៏ប្រហារពួកស៊ីរីនោះអស់ពីរម៉ឺនពីរពាន់នាក់។ 6 បន្ទាប់មក ព្រះបាទដាវីឌតាំងឲ្យមានពួកទាហានរក្សាស្រុក នៅស្រុកស៊ីរី ប៉ែកខាងក្រុងដាម៉ាស ហើយពួកស៊ីរីក៏ចំណុះដាវីឌ ព្រមទាំងឡើងសួយអាករមកថ្វាយផង ព្រះយេហូវ៉ាប្រោសឲ្យព្រះបាទដាវីឌមានជ័យជម្នះនៅគ្រប់ទីកន្លែងណាដែលស្ដេចយាងទៅ។ 7 ព្រះបាទដាវីឌយកខែលមាសទាំងអស់របស់ពួកទាហាននៃហាដារេស៊ើរ នាំមកក្រុងយេរូសាឡិម។ 8 នៅក្រុងបេថាស និងក្រុងគូន ជាទីក្រុងរបស់ហាដារេស៊ើរ ព្រះបាទដាវីឌក៏យកលង្ហិនសន្ធឹកដែរ ដែលព្រះបាទសាឡូម៉ូនបានប្រើធ្វើសមុទ្រលង្ហិន សសរ និងគ្រឿងប្រដាប់លង្ហិនទាំងប៉ុន្មាន។ 9 កាលថូអ៊ីជាស្តេចក្រុងហាម៉ាតបានឮថា ដាវីឌបានប្រហារពួកទ័ពរបស់ហាដារេស៊ើរ ជាស្តេចសូបា ទាំងអស់ហើយ 10 នោះលោកក៏ចាត់យេហូរ៉ាម ជាបុត្រទ្រង់ ឲ្យទៅគាល់ព្រះបាទដាវីឌ ដើម្បីនឹងគំនាប់ ហើយចម្រើនពរថ្វាយ ដោយព្រោះទ្រង់បានច្បាំងឈ្នះហាដារេស៊ើរ ដ្បិតហាដារេស៊ើរចេះតែច្បាំងនឹងថូអ៊ីជានិច្ច។ យេហូរ៉ាមក៏នាំយកប្រដាប់មាស ប្រាក់ និងលង្ហិនគ្រប់មុខ ទៅថ្វាយដែរ។ 11 ព្រះបាទដាវីឌក៏ថ្វាយរបស់ទាំងនោះដល់ព្រះយេហូវ៉ាជាមួយប្រាក់ ហើយមាសទាំងប៉ុន្មាន ដែលទ្រង់បាននាំយកមកពីអស់ទាំងសាសន៍ដទៃ គឺពីសាសន៍អេដុម សាសន៍ម៉ូអាប់ ពួកកូនចៅអាំម៉ូន សាសន៍ភីលីស្ទីន និងសាសន៍អាម៉ាឡេក។ 12 ឯអ័ប៊ីសាយ ជាកូនសេរូយ៉ាក៏ប្រហារពួកសាសន៍អេដុមអស់មួយម៉ឺនប្រាំបីពាន់នាក់ នៅត្រង់ច្រកភ្នំអំបិល 13 ក៏ដាក់កងទ័ពឲ្យរក្សានៅស្រុកអេដុម ដូច្នេះ ពួកអេដុមទាំងអស់បានចំណុះដាវីឌ ព្រះយេហូវ៉ាក៏ប្រោសឲ្យដាវីឌមានជ័យជម្នះ នៅគ្រប់ទីកន្លែងណា ដែលទ្រង់យាងទៅ។ បញ្ជីរាយនាមមន្ត្រីរបស់ព្រះបាទដាវីឌ 14 ព្រះបាទដាវីឌបានសោយរាជ្យលើសាសន៍អ៊ីស្រាអែលទាំងមូល ហើយក៏សម្រេចការទាំងអស់ដល់បណ្ដាជនដោយយុត្តិធម៌ និងសេចក្ដីសុចរិត។ 15 មានយ៉ូអាប់ ជាកូនសេរូយ៉ា ធ្វើជាមេត្រួតត្រាលើបណ្ដាពលទ័ពទាំងអស់ និងយេហូសាផាត ជាកូនអ័ហ៊ីលូឌ ធ្វើជាអ្នកកត់ទុកនូវពង្សាវតារ 16 សាដុកជាកូនអ័ហ៊ីទូប និងអ័ហ៊ីម៉ាលេកជាកូនអ័បៀរថើរ ធ្វើជាសង្ឃ សេរ៉ាយ៉ាជាស្មៀនហ្លួង។ 17 បេណាយ៉ា កូនយេហូយ៉ាដា ធ្វើជាមេលើពួកកេរេធីម និងពួកពេលេធីម ហើយបុត្រាទាំងប៉ុន្មានរបស់ព្រះបាទដាវីឌក៏ធ្វើជាសេនាបតី។ |
© 2016 United Bible Societies
Bible Society in Cambodia