១ ពង្សាវតារក្សត្រ INTRO1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពាក្យ​លំនាំ កណ្ឌ​គម្ពីរ​ពង្សាវតារក្សត្រ​ទី ១ មាន​កត់ត្រា​ប្រវត្តិ​សាស្ត្រ​របស់​កូន​ចៅ​អ៊ីស្រាអែល​បន្ត​ពី​គម្ពីរ​សាំយូអែល​ទី ១ និង ទី ២។ នៅ​ដើម​ដំបូង គម្ពីរ​នេះ​មាន​រៀបរាប់​អំពី​រាជ្យ​របស់​ព្រះបាទ​សាឡូម៉ូន និង​ស្តេច​មួយ​ចំនួន​ដែល​ស្នង​រាជ្យ​ព្រះបាទ​សាឡូម៉ូន។ នៅ​ពេល​ដែល​ព្រះបាទ​ដាវីឌ​មាន​វ័យ​ចាស់ជរា ពុំ​អាច​គ្រប់គ្រង​លើកូន​ចៅ​អ៊ីស្រាអែល​បាន​ទៀត បុត្រ​ពីរ​អង្គ​របស់​ស្តេច​ប្រជែង​គ្នា ចង់​ឡើង​ស្នង​រាជ្យ​បិតា (១.១-២.១២)។ នៅ​ទី​បំផុត រាជសម្បត្តិ​បាន​ទៅ​លើ​ព្រះបាទ​សាឡូម៉ូន។ ព្រឹត្តិការណ៍​ដ៏​សំខាន់​ក្នុង​រជ្ជកាល​របស់​ព្រះបាទ​សាឡូម៉ូន គឺ​ការ​សង់​ព្រះវិហារ និង​ព្រះបរមរាជវាំង នៅ​ក្រុង​យេរូសាឡិម។ ប៉ុន្តែ នៅ​ចុង​បញ្ចប់ ព្រះបាទ​សាឡូម៉ូន​បាន​បែក​ចិត្ត​ចេញ​ពី​ព្រះអម្ចាស់ ទៅ​ថ្វាយ​បង្គំ​ព្រះ​ក្លែង​ក្លាយ (២.១៣-១១.៤៣)។ ពេល​នោះ ព្រះអម្ចាស់​បណ្តោយ​ឲ្យ​អ៊ីស្រាអែល​បែក​ស្រុក​ជា​ពីរ កុលសម្ព័ន្ធ​នានា​នៅ​ប៉ែក​ខាង​ជើង ពុំ​ព្រម​ចុះ​ចូល​នឹង​អំណាច​បុត្រ​របស់​ព្រះបាទ​សាឡូម៉ូន​ទេ ដូច្នេះ ពួក​គេ​តែងតាំង​ស្តេច​មួយ​អង្គ​ឲ្យ​គ្រង​រាជ្យ​លើ​ពួក​គេ ហើយ​ដាក់​ឈ្មោះ​នគរ​របស់​ខ្លួន​ថា «រាជាណាចក្រ​អ៊ីស្រាអែល» ដែល​ក្រោយ​មក​មាន​រាជធានី​នៅ​ក្រុង​សាម៉ារី។ រីឯ​កុលសម្ព័ន្ធ​ពីរ​ទៀត​ដែល​នៅ​ខាង​ត្បូង គឺ​យូដា និង​បេនយ៉ាមីន នៅ​ស្មោះត្រង់​នឹង​រាជ​វង្ស​របស់​ព្រះបាទ​ដាវីឌ ដាក់​ឈ្មោះ​នគរ​របស់​ខ្លួន​ថា «រាជាណាចក្រ​យូដា» ដែល​មាន​រាជធានី​នៅ​ក្រុង​យេរូសាឡិម (១២.១-១៤.២០)។ នគរ​ទាំង​ពីរ​នេះ​ស្ថិត​នៅ​ជា​នគរ​ជិត​ខាង​គ្នា​អស់​រយៈ​ពេល​ប្រមាណ​ពីរ​សតវត្សរ៍ ជួន​កាល​ចង​សម្ពន្ធមិត្ត​ជាមួយ​គ្នា ជួន​កាល​ច្បាំង​គ្នា (១៤.២១-២២.៥៣)។ កណ្ឌ​គម្ពីរ​នេះ​សង្កត់​ធ្ងន់​លើ​សារៈ​សំខាន់​នៃ​ភក្តី​ភាព​របស់​ព្រះមហាក្សត្រ​ចំពោះ​ព្រះ។ ប្រសិនបើ​ស្តេច​ស្មោះត្រង់​នឹង​ព្រះ ស្រុក​ទេស​ក៏​បាន​សុខសាន្ត​ត្រាណ ចម្រុងចម្រើន​ដែរ។ ផ្ទុយ​ទៅ​វិញ បើ​ស្តេច​បែក​ចិត្ត​ចេញ​ពី​ព្រះ ទៅ​គោរព​ថ្វាយ​បង្គំ​ព្រះ​ក្លែង​ក្លាយ នោះ​ស្រុក​ទេស​ត្រូវ​ជួប​នឹង​មហន្តរាយ។ ក្នុង​អំឡុង​ពេល​នោះ ព្រះ​បាន​ចាត់​ហោរា​មួយ​ចំនួន ឲ្យ​ទៅ​រំឭក​ស្តេច​អំពី​មាគ៌ា និង​ក្រឹត្យវិន័យ​របស់​ព្រះអង្គ។ ក្នុង​ចំណោម​ហោរា​ទាំង​នោះ លោក​អេលីយ៉ា​មាន​ឈ្មោះ​ល្បី​ជាង​គេ (១៧-១៩, ២១)។ |
© 2016 United Bible Societies
Bible Society in Cambodia