អេសេគាល INTRO1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពាក្យ​លំនាំ លោក​អេសេគាល​ជា​សង្ឃ​មួយ​រូប បំពេញ​មុខងារ​ក្នុង​ព្រះវិហារ​នៅ​ក្រុង​យេរូសាឡិម។ លោក​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រជាជន​ដែល​ត្រូវ​កងទ័ព​របស់​ព្រះបាទ​នេប៊ូក្នេសា​កៀរ​យក​ទៅ​ជា​ឈ្លើយ​សឹក នៅ​គ្រា​ដែល​ស្តេច​នេះ​វាយ​យក​បាន​ក្រុង​យេរូសាឡិម​ជា​លើក​ទី​មួយ​នៅ​ឆ្នាំ ៥៩៧ មុន​គ្រីស្ទ​សករាជ។ ប្រមាណ​បួន​ឆ្នាំ​កន្លង​មក​ទៀត ព្រះ​បាន​ត្រាស់​ហៅ​លោក​ឲ្យ​ធ្វើ​ជា​ហោរា ដើម្បី​នាំ​ព្រះបន្ទូល​របស់​ព្រះអង្គ​ទៅ​ថ្លែង​ប្រាប់​ប្រជាជន គឺ​ទាំង​អ្នក​ដែល​ជាប់​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន ទាំង​អ្នក​ដែល​នៅ​សល់​ក្នុង​ក្រុង​យេរូសាឡិម។ ក្រោយ​ពេល​ក្រុង​យេរូសាឡិម​រលំ នៅ​ឆ្នាំ ៥៨៧ មុន គ.ស. លោក​ប្រកាស​អំពី​ការ​សម្រាល​ទុក្ខ និង​សេចក្ដី​សង្ឃឹម​របស់​ជន​ជាតិ​អ៊ីស្រាអែល។ យើង​អាច​បែង​ចែក​កណ្ឌ​គម្ពីរ​អេសេគាល​ជា​បួន​ផ្នែក​សំខាន់ៗ៖ ១. ព្រះបន្ទូល​ស្តី​ប្រដៅ​ជន​ជាតិ​អ៊ីស្រាអែល មុន​ពេល​ស្រុក​រលំ​ជា​លើក​ទី​ពីរ (ជំពូក ១-២៤)។ ២. ព្រះបន្ទូល​ស្តី​អំពី​ការ​វិនិច្ឆ័យ​ទោស​ប្រជាជាតិ​នានា​ដែល​បាន​បោក​បញ្ឆោត និង​ជិះ​ជាន់​សង្កត់សង្កិន​ជន​ជាតិ​អ៊ីស្រាអែល (ជំពូក ២៥-៣២)។ ៣. ព្រះបន្ទូល​ដែល​ព្រះថ្លែង ក្រោយ​ពេល​អ៊ីស្រាអែល​បែក​ស្រុក មាន​ខ្លឹមសារ​ជា​ពាក្យ​លើក​ទឹក​ចិត្ត​ប្រជារាស្ត្រ​របស់​ព្រះអង្គ (ជំពូក ៣៣-៣៩)។ ៤. និមិត្ត​ហេតុ​អស្ចារ្យ​អំពី​ព្រះវិហារ​ថ្មី (ជំពូក ៤០-៤៨)។ ហោរា​អេសេគាល​ប្រើ​និមិត្ត​អស្ចារ្យ​ជា​ច្រើន​ដែល​លោក​បាន​ឃើញ ដើម្បី​បញ្ជាក់​សេចក្ដី​ដែល​លោក​ប្រកាស។ ក្នុង​ឋានៈ​លោក​ជា​សង្ឃ សេចក្ដី​ដែល​លោក​ប្រកាស សង្កត់​យ៉ាង​ខ្លាំង​ទៅ​លើ​ព្រះវិហារ ប៉ុន្តែ លោក​ក៏​អះអាង​ថា ព្រះមិន​ត្រឹម​តែ​គង់​ក្នុង​ទី​សក្ការៈ​នៅ​ក្រុង​យេរូសាឡិម​ប៉ុណ្ណោះ​ទេ ព្រះអង្គ​ក៏​គង់​នៅ​ជាមួយ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ដែល​ជាប់​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន​ដែរ (សូមអាន ១១.១៦)។ លោក​ប្រកាស​ហៅ​ប្រជាជន​គ្រប់​រូប​ឲ្យ​ប្រែ​ចិត្ត​ដោយ​សង្កត់​ថា មនុស្ស​ម្នាក់ៗ​មាន​ភារកិច្ច​ទទួល​ខុស​ត្រូវ​លើ​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត (ជំពូក ១៨) គឺ​មិន​មែន​សហគមន៍​ទេ​ដែល​ទទួល​ខុស​ត្រូវ។ តាម​រយៈ​និមិត្ត​ហេតុ អំពី​ឆ្អឹង​របស់​មនុស្ស​មក​ផ្គុំ​គ្នា​សា​ជា​ថ្មី ហើយ​មាន​ជីវិត​រស់​ឡើង​វិញ (ជំពូក ៣៧) លោក​ប្រកាស​ថា ព្រះ​នឹង​ស្តារ​ស្ថានភាព​ប្រជារាស្ត្រ​របស់​ព្រះអង្គ ហើយ​នាំ​គេ​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ពួក​គេ​វិញ (១១.១៤-២០, ៣៦.១-៣៨)។ |
© 2016 United Bible Societies
Bible Society in Cambodia