Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេ‌សេ‌គាល 4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ការ​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡិម

1 «កូន​មនុស្ស​អើយ ចូរ​យក​ឥដ្ឋ​មួយ​ដុំ​មក​ដាក់​នៅ​មុខ​អ្នក ហើយ​គូរ​ផែន​ទី​ក្រុង​យេរូ‌សាឡិម​នៅ​លើ​ឥដ្ឋ​នោះ។

2 រួច​នាំ​ទាហាន​មក​ឡោម‌ព័ទ្ធ ព្រម​ទាំង​សង់​ប៉ម ជីក​ស្នាម​ភ្លោះ ធ្វើ​បន្ទាយ​ទាស់​នឹងក្រុង​នេះ ហើយ​ធ្វើ​គ្រឿងសស្ត្រាវុធ​បុក​ទម្លាយ​កំផែង​ជុំ‌វិញ​ផង។

3 ត្រូវ​យក​បន្ទះ​ដែក​មកធ្វើ​ជា​ជញ្ជាំង​ខណ្ឌ​អ្នក​នឹង​ទី​ក្រុង​នេះ ចូរ​មើល​ទៅ​ទីក្រុងនោះ ដែល​ត្រូវ​គេ​ឡោម‌ព័ទ្ធ​ច្បាំង នេះ​ជា​ទី​សម្គាល់​សម្រាប់​ពួក​វង្ស​អ៊ីស្រា‌អែល។

4 បន្ទាប់​មក ចូរ​អ្នក​ដេក​ផ្អៀង​ទៅ​ខាង​ឆ្វេង ហើយ​ដាក់​អំពើ​ទុច្ចរិត​របស់​ពូជ‌ពង្ស​អ៊ីស្រា‌អែល នៅ​លើ​ខ្លួន​ចុះ អ្នក​ត្រូវ​ទទួលអំពើ​ទុច្ចរិត​របស់​គេ​តាម​ចំនួន​ថ្ងៃ​ដែល​អ្នក​ដេក​ផ្អៀង​នោះ។

5 យើង​បាន​រាប់​ចំនួន​ថ្ងៃ​ស្មើ​នឹង​ចំនួន​ឆ្នាំ ដែល​គេ​ត្រូវ​រង​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន គឺ​បី​រយ​កៅ​សិប​ថ្ងៃ អ្នក​ត្រូវ​ទទួល​អំពើ​ទុច្ចរិត​របស់​ពូជ‌ពង្ស​អ៊ីស្រា‌អែល នៅ​លើ​ខ្លួន​យ៉ាង​ដូច្នោះ

6 ពេល​អ្នក​បានដេកផ្អៀង​គ្រប់​ចំនួន​ថ្ងៃ​ទាំង​នោះ​ហើយ អ្នក​ត្រូវ​ដេក​ផ្អៀង​ទៅ​ខាង​ស្តាំ​ម្ដង ហើយ​ត្រូវ​ទទួល​អំពើ​ទុច្ចរិត​របស់​ពូជ‌ពង្ស​យូដា​អស់​សែសិប​ថ្ងៃ​ទៀត យើង​បាន​កំណត់​មួយ​ថ្ងៃ ទុក​ជា‌មួយ​ឆ្នាំ។

7 អ្នក​ត្រូវសម្លឹង​មើល​ទៅ​ក្រុង​យេរូសាឡិម​ដែល​គេ​ឡោម‌ព័ទ្ធ ហើយ​លើក​ដៃ ទាយ​ទាស់​នឹង​ទី​ក្រុង។

8 មើល៍! យើង​នឹងយក​ខ្សែ​នេះ​ចង​អ្នក មិន​ឲ្យ​ប្រែ​ខ្លួន​ពី​ម្ខាង​ទៅ​ម្ខាង​ឡើយ រហូត​ដល់​គ្រប់​ចំនួន​ថ្ងៃ​ដែល​អ្នក​ត្រូវ​ឡោម‌ព័ទ្ធ​នោះ។

9 អ្នក​ត្រូវ​យក​ម្សៅ​ភោជ្ជ‌សាលី ម្សៅ​ឱក សណ្តែក​អង្គុយ សណ្តែក​បាយ ថ្ពៅ ហើយ​ស្រូវ​អេប៉ូត​មក​ដាក់​ក្នុង​ផើង ហើយ​ប្រើ​ធ្វើ​ជា​នំបុ័ង​សម្រាប់​ខ្លួន តាម​ចំនួន​ថ្ងៃ​ដែល​អ្នក​ត្រូវ​ដេក​ផ្អៀង​នោះ គឺ​អ្នក​ត្រូវ​ស៊ី​នំបុ័ង​នោះ​គ្រប់​បីរយ​កៅ​សិប​ថ្ងៃ

10 ឯ​អាហារ​ដែល​អ្នក​នឹង​ស៊ី គឺ​ម្ភៃ​សេកែល​សម្រាប់​មួយ​ថ្ងៃ ហើយ​ត្រូវ​ស៊ី​បន្តិច​ម្តងៗ។

11 ឯ​ទឹក​ក៏​ត្រូវ​វាល់​ដែរ គឺ​ពីរ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ ហើយ​ត្រូវ​ផឹក​បន្តិច​ម្តងៗ​ដូច​គ្នា។

12 អ្នក​ត្រូវ​ស៊ី​នំបុ័ង​នោះ​ទុក​ដូច​ជា​នំ​ម្សៅ​ឱក ហើយ​ត្រូវ​ចម្អិន​នំបុ័ង​នោះ​នៅ​មុខ​គេ ដោយ​ដុត​លាមក​មនុស្ស»។

13 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នឹង​ស៊ី​នំបុ័ង​ស្មោក‌គ្រោក​របស់​គេ​យ៉ាង​ដូច្នោះ នៅ​កណ្ដាល​អស់​ទាំង​សាសន៍​ដែល​យើង​បណ្តេញ​គេ​ទៅ»។

14 ខ្ញុំ​ក៏​ប្រកែក​ថា៖ «ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ មើល៍ ព្រលឹង​ទូល‌បង្គំ​មិន​ដែល​ត្រូវ​ស្មោក‌គ្រោក​ឡើយ តាំង​ពី​ក្មេង​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ទូល‌បង្គំ​មិន​ដែល​ទទួល​ទាន​អ្វី​ដែល​ស្លាប់ ឬ​ដែល​ត្រូវ​សត្វ​ណា​ហែក‌ហួរ​ឡើយ ក៏​មិន​ដែល​មាន​សាច់​គួរ​ខ្ពើម​ចូល​ក្នុង​មាត់​ទូល‌បង្គំ​ដែរ»។

15 ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «បើ​ដូច្នេះ យើង​ឲ្យ​អ្នក​ប្រើ​លាមក​គោ ជំនួស​លាមក​របស់​មនុស្ស​វិញ សម្រាប់​ដុត​នំបុ័ង​នោះ»។

16 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ទៀត​ថា៖ «កូន​មនុស្ស​អើយ យើង​នឹង​ផ្តាច់​ស្បៀង​ពួក​ក្រុង​យេរូ‌សាឡិម គេ​នឹង​ស៊ី​នំបុ័ង​ដោយ​ថ្លឹង ហើយព្រួយ​បារម្ភ ហើយ​ផឹក​ទឹក​ដោយ​វាល់ ព្រម​ទាំង​ភ័យ​ញាប់​ញ័រ។

17 យើង​នឹង​ធ្វើ​ឲ្យ​គេ​ខ្វះ​អាហារ ខ្វះ​ទឹក ព្រម​ទាំង​មាន​ការ​ភ័យ​ញ័រ ហើយ​ត្រូវ​វិនាស​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ»។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម