Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេ‌សេ‌គាល 19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ទំនួញ​របស់​មេ​ដឹក‌នាំ​អ៊ីស្រា‌អែល

1 មួយ​ទៀត ចូរ​អ្នក​ចាប់​តាំង​ពោល​បទ​ទំនួញ​ពី​ដំណើរ​ពួក​ចៅ‌ហ្វាយ​នៃ​សាសន៍​អ៊ីស្រា‌អែល

2 ចូរ​ថា តើ​ម្តាយ​អ្នក​ថា​អ្វី? គឺ​ជា​សិង្ហ​ញី ដែល​បាន​ក្រាប​នៅ​កណ្ដាល​សិង្ហ​ឈ្មោល ក៏​បំបៅ​កូន នៅ​កណ្ដាល​ពួក​សិង្ហ​ស្ទាវ

3 ក៏​បាន​ចិញ្ចឹម​កូន​មួយ ដែល​ត្រឡប់​ទៅ​ជា​សិង្ហ​ស្ទាវ ហើយ​បាន​ហាត់​ចាប់​រំពា វា​ក៏​ត្របាក់​លេប​មនុស្ស​ទៅ។

4 អស់​ទាំង​សាសន៍​បាន​ឮ​និយាយ​ពី​វា រួច​គេ​ចាប់​វា​បាន​ក្នុង​រណ្តៅ​របស់​គេ ក៏​ខ្លុះ​ដឹក​ទៅ​ឯ​ស្រុក​អេស៊ីព្ទ។

5 ឯ​មេ កាល​ឃើញ​ថា​រង់‌ចាំ​យូរ តែ​ទី​សង្ឃឹម​បាន​បាត់​ហើយ ក៏​យក​កូន​មួយ​ទៀត​ឲ្យ​ឡើង​ជា​សិង្ហ​ស្ទាវ។

6 រួច​កូន​នោះ​ក៏​ដើរ​ទៅ​មក​ជា‌មួយ​ពួក​សិង្ហ​ឈ្មោល វា​ត្រឡប់​ជា​សិង្ហ​ស្ទាវ ហើយ​ក៏​ហាត់​ចាប់​រំពា ត្របាក់​លេប​មនុស្ស​ទៅ​ដែរ។

7 វា​បាន​កម្ទេច​ទី​មាំ​មួន​របស់​គេ ហើយ​បាន​បំផ្លិច​បំផ្លាញ​ទី​ក្រុង​របស់​គេ ស្រុក​នោះ និង​ប្រជា​ប្រជន​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក​នោះ ក៏​ភ័យ​ស្លុត​នឹង​សំឡេង​គ្រហឹម​របស់​វា។

8 គ្រា​នោះ អស់​ទាំង​សាសន៍​ក៏​លើក​គ្នា​ទាស់​នឹង​វា ស្រុក​ជុំ‌វិញ​គ្រប់​ទិស គេ​ត្រដាង​មង​ពី​លើ​វា ហើយ​វា​ជាប់​ក្នុង​រណ្តៅ​របស់​គេ។

9 គេ​ខ្លុះ​ច្រមុះ​វា​ដាក់​ក្នុង​ទ្រុង ដឹក‌ទៅ​ថ្វាយ​ស្តេច​បាប៊ីឡូន គេ​នាំ​វា​ចូល​ទៅ​ក្នុង​ទី​មាំ‌មួន ដើម្បី​មិន​ឲ្យ​ឮ​សូរ​សំឡេង​វា នៅ​លើ​ភ្នំ​ស្រុក​អ៊ីស្រា‌អែល​ទៀត​ឡើយ។

10 ម្តាយ​របស់​អ្នក​ប្រៀប​ដូច​ជា ដើម​ទំពាំង‌បាយ‌ជូរ​ក្នុង​ចម្ការ ដែល​ដាំ​នៅ​ក្បែរ​ផ្លូវ​ទឹក ក៏​កើត​មាន​ផល ហើយ​មាន​ខ្នែង​ជា​ច្រើន ដោយ​នៅ​ជិត​ទឹក​បរិបូរ។ q1

11 ដើម​នោះ​មាន​មែក​មាំ សម្រាប់​ជា​ដំបង​រាជ្យ​នៃ​ពួក​អ្នក​ដែល​គ្រប់‌គ្រង ក៏​លូត​ឡើង​ខ្ពស់​ជាង​មែក​ញឹក‌ស្និត វា​ទាញ​នាំ​ភ្នែក​ដោយ​កម្ពស់ និង​មែក​យ៉ាង​សន្ធឹក​របស់​វា។

12 ប៉ុន្តែ វា​ត្រូវ​ដក​រំលើង ដោយ​សេចក្ដី​ឃោរ‌ឃៅ ហើយ​ត្រូវ​បោះ​ចុះ​ដល់​ដី រួច​ខ្យល់​ពី​ទិស​ខាង​កើត​ក៏​ធ្វើ​ឲ្យ​ផល​វា​ស្វិត​ក្រៀម មែក​ដ៏​មាំ​របស់​វា​ត្រូវ​បាក់ ហើយ​ក្រៀម​ស្ងួត​ទៅ ឯ​ភ្លើង​ក៏​ឆេះ​អស់​រលីង។

13 ឥឡូវ​នេះ វា​ត្រូវ​ដាំ​នៅ​ទី​រហោ‌ស្ថាន​វិញ គឺ​ក្នុង​ទី​ហួត‌ហែង ហើយ​សោះ​ស្ងួត។

14 មាន​ភ្លើង​ចេញ​ពី​ដំបង​មួយ ដែល​ធ្វើ​ពី​ខ្នែង​វា ទៅ​បញ្ឆេះ​ផល​វា ហើយ​វា​គ្មាន​ខ្នែង​ណា​មាំ សម្រាប់​ធ្វើ​ដំបង​រាជ្យ​ពួក​អ្នក​គ្រប់‌គ្រង​ទៀត​ទេ នេះ​ជា​បទ​ទំនួញ ហើយ​ទុក​ជា​ពាក្យ​ទួញ​ត​ទៅ»។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម