អេសេគាល 15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ទំពាំងបាយជូរឥតប្រយោជន៍ 1 ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ 2 «កូនមនុស្សអើយ តើដើមទំពាំងបាយជូរវិសេសជាងដើមឈើណាទៀត? ឬមែកឈើណានៅក្នុងព្រៃ? 3 តើយកសាច់ឈើវាទៅធ្វើអ្វីបានឬ? តើមនុស្សនឹងយកកំណាត់មួយបោះភ្ជាប់ សម្រាប់ព្យួរប្រដាប់ណាបានឬ? 4 មើល៍! គេបោះទៅក្នុងភ្លើងចាត់ទុកជាឧសវិញ ភ្លើងក៏ឆេះចុងសងខាង ហើយកណ្ដាលក៏ឆេះដែរ តើមានប្រយោជន៍នឹងធ្វើការអ្វីបានឬទេ? 5 មើល៍ កាលនៅទាំងមូលនៅឡើយ ក៏ប្រើធ្វើការអ្វីមិនបានទៅហើយ ចំណង់បើកាលណាភ្លើងបានឆេះអស់ទៅ សល់នៅតែរងើកប៉ុណ្ណោះ តើនឹងប្រើការអ្វីណាបាន! 6 ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដើមទំពាំងបាយជូរក្នុងពួកដើមឈើនៅព្រៃទាំងប៉ុន្មាន ដែលយើងបានប្រគល់ទៅភ្លើងចាត់ទុកជាឧសយ៉ាងណា នោះយើងនឹងប្រគល់ពួកក្រុងយេរូសាឡិមទៅយ៉ាងនោះដែរ។ 7 យើងនឹងតាំងមុខទាស់នឹងគេ គេនឹងចេញពីភ្លើងមួយ តែភ្លើងមួយទៀតនឹងឆេះគេ នោះអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលយើងតាំងមុខទាស់នឹងគេ។ 8 យើងនឹងធ្វើឲ្យស្រុកនេះត្រូវចោលស្ងាត់ ដោយព្រោះគេបានប្រព្រឹត្តរំលង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា»។ |
© 2016 United Bible Societies
Bible Society in Cambodia