អូបាឌា INTRO1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពាក្យ​លំនាំ កណ្ឌគម្ពីរ​ដ៏​ខ្លី​របស់​ហោរា​អូបាឌា ដែល​យើង​ស្គាល់​ត្រឹម​តែ​ឈ្មោះ នេះ​ជា​ព្រះបន្ទូល​ស្ដី​បន្ទោស​ប្រជាជន​អេដុម (ពូជពង្ស​របស់​លោក​អេសាវ) ព្រោះ​ពួកគេ​ប្រកាន់​ឥរិយាបថ​មិន​សមរម្យ​ចំពោះ​ប្រជាជន​អ៊ីស្រាអែល (ពូជពង្ស​របស់​លោក​យ៉ាកុប ជា​ប្អូន​របស់​លោក​អេសាវ)។ ប្រជាជន​អេដុម​មាន​ទឹក​ដី​នៅ​ខាង​ត្បូង​សមុទ្រ​ស្លាប់ ហើយ​ពួក​គេ​តែងតែ​បង្ក​រឿង​ជាមួយ​អ៊ីស្រាអែល​ជានិច្ច។ នៅ​ពេល​ដែល​ស្រុក​យូដា និង​ក្រុង​យេរូសាឡិម​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំងសត្រូវ ប្រជាជន​អេដុម​មិន​បាន​មក​ជួយ​បងប្អូន​របស់​ខ្លួន​ទេ គឺ​ពួក​គេ​បែរ​ជា​ឆ្លៀត​ឱកាស​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ពី​ក្រុង​យេរូសាឡិម​ទៀត​ផង។ ហោរា​អូបាឌា​ប្រកាស​ឲ្យ​ប្រជាជន​អេដុម​ដឹង​ថា ពួក​គេ​នឹង​ត្រូវ​រលាយ​សូន្យ រួម​ជាមួយ​ខ្មាំង​សត្រូវ​ឯ​ទៀតៗ​របស់​ប្រជាជន​អ៊ីស្រាអែល​ដែរ។ តាម​រយៈ​សេចក្ដី​ប្រកាស​នេះ លោក​ក៏​ចង់​លើក​ទឹក​ចិត្ត​ប្រជាជន​អ៊ីស្រាអែល​ថា ព្រះ​នឹង​យាង​មក​វិនិច្ឆ័យ​ទោស​ជាតិ​សាសន៍​ទាំង​អស់ ដែល​ជា​សត្រូវ​របស់​ពួក​គេ។ |
© 2016 United Bible Societies
Bible Society in Cambodia