ហូសេ INTRO1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពាក្យ​លំនាំ ព្រះ​ត្រាស់​ហៅ​លោក​ហូសេ​ឲ្យ​ធ្វើ​ជា​ហោរា នាំ​ព្រះបន្ទូល​របស់​ព្រះអង្គ​ទៅ​ថ្លែង​ប្រាប់​ប្រជា​ជន​អ៊ីស្រាអែល (រាជាណា​ចក្រ​ខាង​ជើង) ប្រមាណ​ដប់​ឆ្នាំ​ក្រោយ​ហោរា​អេម៉ុស ពោល​គឺ​នៅ​អំឡុង​ឆ្នាំ ៧៥០ មុន​គ្រិស្ដសករាជ។ លោក​បម្រើ​ព្រះអង្គ​អស់​រយៈ​ពេល​ប្រមាណ​ម្ភៃ​ប្រាំ​ឆ្នាំ គឺ​ជិត​ដល់​គ្រា​ដែល​កងទ័ព​អាសសើុរ​វាយ​យក​បាន​ក្រុង​សាម៉ារី ហើយ​កៀរ​ប្រជាជន​យក​ទៅ​ជា​ឈ្លើយ​នៅ​ឆ្នាំ ៧២២-៧២១ មុន​គ្រិស្ដសករាជ។ ក្នុង​អំឡុង​ពេល​នោះ (សូមអាន ២ ពង្ស. ១៤.២៣-១៧.២៣) ក្រោយ​រជ្ជកាល​ព្រះបាទ​យេរ៉ូបោម​ទី ២ អាណាចក្រ​អ៊ីស្រាអែល​ខាង​ជើង​កាន់​តែ​ចុះ​ឱន​ថយ​ទៅ។ ពី​ខាង​ក្រៅ កងទ័ព​ស្រុក​អាសសើុរ​ឈ្លានពាន​អ៊ីស្រាអែល​កាន់​តែ​ខ្លាំង​ឡើងៗ រីឯ​នៅ​ផ្ទៃ​ក្នុង រដ្ឋ​ប្រហារ​ដណ្ដើម​រាជ​សម្បត្តិ​ក៏​កើត​ឡើង​ផ្ទួនៗ​គ្នា​ដែរ។ ស្ដេច​ថ្មីៗ​ដែល​ឡើង​សោយ​រាជ្យ តែង​ប្រកាន់​ជំហរ​នយោបាយ​ផ្សេងៗ​ពី​គ្នា។ ពី​មុន លោក​អេម៉ុស​ធ្លាប់​បាន​ប្រកាស​អំពី​កង្វះ​សមភាព​នៅ​ក្នុង​សង្គម​ដែរ ប៉ុន្តែ នៅ​ជំនាន់​របស់​លោក​ហូសេ ស្ថានភាព​នេះ​ចេះ​តែ​កើន​ធ្ងន់ធ្ងរ​ឡើងៗ។ លើស​ពី​នោះ ជំនឿ​នៃ​ប្រជារាស្ដ្រ​របស់​ព្រះ​ធ្លាក់​ឱន​ថយ គឺ​ពួក​គេ​បោះ​បង់​ចោល​ព្រះអង្គ បែរ​ទៅ​គោរព​សាសនា​របស់​ជនជាតិ​កាណាន។ កណ្ឌ​គម្ពីរ​ហូសេ​រៀប​រាប់​នូវ​ភាព​ប្រេះ​ឆា​ក្នុង​ក្រុម​គ្រួសារ​របស់​ហោរា ដែល​ជា​ទី​សម្គាល់​អំពី​ស្ថានភាព​នៃ​ជនជាតិ​អ៊ីស្រាអែល។ ភរិយា​របស់​ហោរា​ហូសេ​បាន​ក្បត់​ចិត្ត​លោក ធ្វើ​ឲ្យ​លោក​របួស​ចិត្ត ជា​រូបភាព​មួយ​លាត​ត្រដាង​អំពី​ព្រះហឫទ័យ​របស់​ព្រះ ដែល​ត្រូវ​ប្រជាជន​អ៊ីស្រាអែល​បោះ​បង់​ចោល ដោយ​ទៅ​គោរព​ព្រះ​ក្លែងក្លាយ។ ទោះ​បី​ទំនាក់ទំនង​រវាង​ព្រះ​នឹង​ប្រជារាស្ដ្រ​របស់​ព្រះអង្គ​ធ្លាក់​ដុនដាប​យ៉ាង​នេះ​ក្ដី ហោរា​ហូសេ​ប្រកាស​ថា នៅ​ទី​បញ្ចប់ សេចក្ដី​ស្រឡាញ់​រវាង​ព្រះ​នឹង​ប្រជារាស្ដ្រ​របស់​ព្រះអង្គ​នឹង​ផ្សា​គ្នា​ជាប់​វិញ ដូច​រូប​លោក​ផ្ទាល់​ទទួល​ភរិយា​ដែល​ក្បត់​ចិត្ត​មក​វិញ​ដែរ។ យើង​អាច​បែង​ចែក​កណ្ឌ​គម្ពីរ​ហូសេ​ជា​បួន​ផ្នែក៖ • បញ្ហា​ក្នុង​គ្រួសារ​របស់​ហោរា​ជា​ទី​សម្គាល់​នៃ​ស្ថានភាព​ជនជាតិ​អ៊ីស្រាអែល (ជំពូក ១-៣)។ • ស្ថានភាព​ជនជាតិ​អ៊ីស្រាអែល និង​អត្ថន័យ​ខាង​ផ្លូវ​វិញ្ញាណ (៤.១-៩.៩)។ • អ៊ីស្រាអែល​ក្បត់​ចិត្ត​ព្រះ តាំង​ពី​យូរលង់​មក​ហើយ (៩.១០-១៤.១)។ • ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះ​មិន​ប្រែប្រួល​ឡើយ (១៤.២-១០)។ |
© 2016 United Bible Societies
Bible Society in Cambodia