សេផានា INTRO1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពាក្យ​លំនាំ ពេល​ដែល​ហោរា​សេផានា​នាំ​ព្រះបន្ទូល​របស់​ព្រះ ទៅ​ថ្លែង​ប្រាប់​ប្រជាជន​យូដា​នោះ ប្រហែល​ជា​នៅ​ចុង​សតវត្សរ៍​ទី​៧ មុន​គ្រីស្ទ​សករាជ។ ពេល​លោក​ថ្លែង​ព្រះបន្ទូល​នេះ ព្រះបាទ​យ៉ូសៀស​ពុំ​ទាន់​បាន​ធ្វើ​ការ​កែ​ទម្រង់​ជំនឿ​សាសនា​នៅ​ឡើយ​ទេ (សូមអាន ២ ពង្ស. ២៣.១-២៨) ហើយ​ស្រុក​យូដា​កំពុង​តែ​ឆ្លង​កាត់​ស្ថានភាព​មួយ​ដ៏​សែន​លំបាក។ ដូច្នេះ លោក​ប្រហែល​ជា​បម្រើ​ព្រះ​មុន​ហោរា​ហាបាគុក។ នៅ​គ្រា​នោះ អ្នក​ដែល​មាន​ចិត្ត​សង្ស័យ ហើយ​ចោទ​សួរ​ថា តើ​ព្រះ​រវីរវល់​នឹង​មនុស្ស​លោក ឬ​យ៉ាង​ណា? តើ​ព្រះអង្គ​ពិត​ជា​គ្រប់គ្រង​លើ​ប្រវត្តិសាស្ត្រ​មែន​ឬ​ទេ? ហោរា​សេផានា​ឆ្លើយ​តប​ទៅ​ពួក​គេ​វិញ ដោយ​ប្រកាស​ថា ព្រះ​នឹង​ធ្វើ​អន្តរាគមន៍​មក​លើ​ប្រជារាស្ត្រ​របស់​ព្រះអង្គ តាម​របៀប​ពីរ​យ៉ាង៖ មុន​ដំបូង ព្រះអង្គ​នឹង​យាង​មក​វិនិច្ឆ័យ​ទោស​អ្នក​ស្រុក​យូដា ព្រម​ទាំង​អ្នក​ក្រុង​យេរូសាឡិម (១.១-២.៣) ព្រះអង្គ​រំលាយ​ជាតិ​សាសន៍​ដែល​នៅ​ជុំវិញ​ប្រជាជន​យូដា (២.៤-១៥)។ បន្ទាប់​មក ព្រះអង្គ​នឹង​ស្តារ​ក្រុង​យេរូសាឡិម​ឡើង​វិញ ក្រោយ​ពី​បាន​ជម្រះ​អំពើ​បាប​ចេញ​អស់​ពី​ទី​ក្រុង ហើយ​ទុក​ឲ្យ​មាន​ប្រជាជន​មួយ​ចំនួន​ដែល​ក្រីក្រ​ទុគ៌ត និង​មាន​ចិត្ត​ទន់ទាប ឲ្យ​នៅ​សេសសល់ ក្នុង​គោល​បំណង​បំផ្លាស់​បំប្រែ​មនុស្ស​ជាតិ​ទាំង​មូល (៣.១-២០)។ លោក​សេផានា​ប្រកាស​ថា ដរាប​ណា​ប្រជាជន​មិន​ព្រម​កម្ចាត់​មនុស្ស​ដែល​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន ជា​ជាង​ធ្វើ​តាម​បង្គាប់​របស់​ព្រះ ឲ្យ​អស់​ពី​ក្នុង​ចំណោម​ពួក​គេ​ទេ នោះ​ពួក​គេ​ពុំ​អាច​មាន​ទំនាក់ទំនង​ដ៏​ពិត​ប្រាកដ​ជាមួយ​ព្រះអង្គ​បាន​ឡើយ។ ប៉ុន្តែ លោក​សម្ដែង​ភាព​ទន់ភ្លន់​ចំពោះ​មនុស្ស​ទន់ទាប​នៅ​ក្នុង​ស្រុក (២.៣, ៣.១២)។ |
© 2016 United Bible Societies
Bible Society in Cambodia