Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

សុភា‌សិត 31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


សេចក្ដីបង្រៀន​របស់​មាតា​ព្រះបាទលេមយួល

1 ឯ​ពាក្យ​ទាំង​នេះ គឺ​ជា​ព្រះ‌បន្ទូល​របស់​ស្តេច​លេមយួល ជា​សេចក្ដី​ទំនាយ ដែល​មាតា​របស់​ព្រះ‌អង្គ​បាន​បង្រៀន

2 កូន​អើយ កូន​ដែល​កើត​ពី​ផ្ទៃ​យើង​អើយ ឱ​កូន​នៃ​បំណន់​យើង​អើយ តើ​ត្រូវ​ឲ្យ​យើង​ប្រាប់​ឯង​ដូច​ម្តេច

3 គឺ​កុំ​ឲ្យ​បង់​កម្លាំង​ឯង​ប្រគល់​ពួក​ស្រី ឬ​អំពើ​ឯង​ដល់​ការ ដែល​បំផ្លាញ​ពួក​ស្តេច​ឡើយ។

4 ឱ​លេមយួល​អើយ មិន​គួរ​ឲ្យ​ពួក​ស្តេច សោយ​ស្រា​ទំពាំង‌បាយ‌ជូរ គឺ​មិន​គួរ​សោះ​ឡើយ ក៏​មិន​គួរ​ឲ្យ​អ្នក ដែល​ជា​កំពូល​ប្រាថ្នា​គ្រឿង​ស្រវឹង​ដែរ

5 ក្រែង​ផឹក​ទៅ​ហើយ នោះ​ភ្លេច​បញ្ញត្តិ​ច្បាប់ ហើយ​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌ ពី​មនុស្ស​ដែល​កើត​ទុក្ខ​វេទនា។

6 ចូរ​ឲ្យ​គ្រឿង​ស្រវឹងដល់​អ្នក​ណា ដែល​ហៀប​នឹង​វិនាស​ទៅ ហើយ​ស្រា​ទំពាំង‌បាយ‌ជូរ​ដល់​អ្នក ដែល​មាន​ចិត្ត​ជូរ​ល្វីង​វិញ

7 ឲ្យ​គេ​ផឹក​ចុះ ដើម្បី​ឲ្យ​បាន​ភ្លេច សេចក្ដី​កម្សត់​ទុគ៌ត​របស់​គេ ឥត​នឹក​ចាំ​ពី​ទុក្ខ​លំបាក​របស់​ខ្លួន​ត​ទៅ​ទៀត។

8 ចូរ​បើក​មាត់​និយាយ​ជំនួស​មនុស្ស​គ ក្នុង​រឿង​ក្តី​របស់​អស់​អ្នក ដែល​ឥត​មាន​អ្នក​ណា​ជួយ។

9 ចូរ​បើក​មាត់​វិនិច្ឆ័យ​តាម​សេចក្ដី​សុចរិត ហើយ​សម្រេច​សេចក្ដី​យុត្តិ‌ធម៌ ដល់​មនុស្ស​កម្សត់​ទុគ៌ត និង​មនុស្ស​ក្រ​លំបាក​ដែរ។


ពាក្យ​តំណាល​អំពី​ស្ត្រី​គ្រប់​លក្ខណ៍

10 ឯ​ស្ត្រី​គ្រប់​លក្ខណ៍ តើ​អ្នក​ណា​នឹង​រក​បាន ដ្បិត​ស្ត្រី​យ៉ាង​នោះ​មាន​តម្លៃ ជា​ជាង​ពួក​ត្បូង​ទទឹម​ទៅ​ទៀត។

11 ប្តី​នាង​នឹង​ទុក​ចិត្ត​ចំពោះ​នាង ហើយ​មិន​ត្រូវ​ខ្វះ​ខាត​អ្វី​ឡើយ

12 នាង​ធ្វើ​ឲ្យ​ប្តី​បាន​សេចក្ដី​ល្អ មិន​មែន​អាក្រក់​ឡើយ​រហូត ដល់​អស់​មួយ​ជីវិត​នាង។

13 នាង​រក​រោម​ចៀម​នឹង​ខ្លូត‌ទេស ក៏​ធ្វើ​ការ​ដោយ​ដៃ​យ៉ាង​ស្ម័គ្រ​ពី​ចិត្ត

14 នាង​ធៀប​ដូច​ជា​នាវា​ដឹក​ទំនិញ គឺ​នាង​នាំ​យក​អាហារ​មក​ពី​ទី​ឆ្ងាយ

15 នាង​ក្រោក​ពី​ដេក​តាំង​ពី​នៅ​ងងឹត​នៅ​ឡើយ ក៏​ចាត់‌ចែង​អាហារ​ឲ្យ​ពួក​ផ្ទះ ហើយ​បង្គាប់​ការ​ដល់​ពួក​បាវ​ស្រី​ទាំង​ប៉ុន្មាន

16 នាង​ពិចា‌រណា​មើល​ចម្ការ​មួយ ហើយ​ក៏​ទិញ​ទុក រួច​យក​ផល​នៃ​ស្នាដៃ​នាង ទៅ​ដាំ​ដំណាំ​ទំពាំង‌បាយ‌ជូរ។

17 នាង​ទម្លាប់​ចង្កេះ​ឲ្យ​មាន​កម្លាំង ហើយ​ឲ្យ​ដៃ​បាន​ខ្លាំង​ឡើង​ដែរ

18 នាង​ឃើញ​ថា ទំនិញ​របស់​នាង​សុទ្ធ​តែ​មាន​កម្រៃ ហើយ​យប់ៗ​ចង្កៀង​នាង​មិន​រលត់​ទេ។

19 នាង​ចាប់​យក​ហុង ហើយ​ម្រាម​ដៃ​ក៏​កាន់​ខ្នារ

20 នាង​ឈោង​ដៃ​ដល់​មនុស្ស​កម្សត់​ទុគ៌ត ហើយ​នាង​ហុច​ដៃ​ទៅ​ជួយ​មនុស្ស​ក្រ​លំបាក​ផង។

21 ចំណែក​ពួក​ផ្ទះ​នាង នោះ​នាង​មិន​ខ្លាច​ចំពោះ​ហិមៈ​ទេ ដ្បិត​គេ​សុទ្ធ​តែ​ស្លៀក‌ពាក់​សំពត់ ស‌ក្លាត​ពណ៌​ក្រហម

22 នាង​ត្បាញ​សំពត់​ដណ្តប់​ខ្លួន សម្លៀក‌បំពាក់​របស់​នាង​សុទ្ធ​តែ​ធ្វើ​ពី សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត មាន​ពណ៌​ស្វាយ។

23 កាល​ណា​ប្តី​នាង​ទៅ​អង្គុយ​ត្រង់​ទ្វារ​ក្រុង ក្នុង​ចំណោម​នៃ​ពួក​ចាស់​ទុំ​ក្នុង​ស្រុក នោះ​គេ​ក៏​ស្គាល់​រាប់​អាន​គាត់​ដែរ។

24 នាង​ក៏​ធ្វើ​អាវ​ខ្លូត‌ទេស​សម្រាប់​លក់ ហើយ​ធ្វើ​ខ្សែ​ក្រវាត់​ឲ្យ​ដល់​អ្នក​ជំនួញ។

25 នាង​មាន​កម្លាំង​នឹង​លម្អ​ជា​គ្រឿង​អម្ពរ ក៏​នឹក​សើច​ពី​ហេតុ​ណា ដែល​កើត​បាន​នៅ​ខាង​មុខ។

26 នាង​ពោល​ដោយ​ប្រាជ្ញា ហើយ​នៅ​អណ្ដាត​នាង​មាន​សេចក្ដី​សប្បុ‌រស

27 នាង​ថែ​មើល​អស់​ទាំង​ផ្លូវ របស់​ពួក​ផ្ទះ​នាង​យ៉ាង​ល្អ ឥត​ដែល​បរិ‌ភោគ​អាហារ ដោយ​សេចក្ដី​កម្ជិល​ឡើយ

28 កូន​របស់​នាង​ទាំង​ប៉ុន្មាន​ក្រោក​ឈរ​ឡើង គោរព​ដល់​ម្តាយ ថា​ជា​អ្នក​មាន​ពរ ប្តី​ក៏​ក្រោក​ឈរ​ឡើង​សរសើរ​ដល់​នាង​ដែរ​ថា៖

29 «មាន​ស្រីៗ​ជា​ច្រើន​បាន​ប្រព្រឹត្ត ដោយ​គ្រប់​លក្ខណ៍ តែ​នាង​បាន​វិសេស​លើស​ជាង​គេ​ទាំង​អស់»។

30 រូប​ឆោម‌ឆាយ​ជា​សេចក្ដី​បញ្ឆោត ហើយ​មុខ​ស្រស់​ល្អ​ក៏​ឥត​ប្រ‌យោជន៍​ដែរ តែ​ស្ត្រី​ណា​ដែល​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​នឹង​មាន​គេ​សរសើរ​វិញ។

31 ចូរ​ថ្លែង​ពី​ផល​ដែល​ដៃ​នាង​បាន​បង្កើត ហើយ​ទុក​ឲ្យ​ស្នា​ដៃ​របស់​នាង បាន​ជា​ទី​សរសើរ​ដល់​នាង​នៅ​ទ្វារ​ក្រុង​ចុះ។:៚

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម