សុភាសិត 26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ការដែលហិមៈធ្លាក់នៅរដូវក្តៅ ហើយភ្លៀងធ្លាក់នៅរដូវចម្រូតមិនសមយ៉ាងណា កិត្តិយសក៏មិនសម នឹងមនុស្សល្ងីល្ងើយ៉ាងនោះដែរ។ 2 ការដែលចាបហើរទៅបាត់ ហើយសត្វត្រចៀកកាំចេះតែហើរទៅមកយ៉ាងណា នោះបណ្ដាសាឥតហេតុ ក៏មិនទំជាប់យ៉ាងនោះដែរ 3 មានត្មោងសម្រាប់សេះ មានបង្ហៀរសម្រាប់លា ហើយរំពាត់ក៏សម្រាប់ខ្នងមនុស្សល្ងីល្ងើដែរ។ 4 កុំឲ្យឆ្លើយតបនឹងមនុស្សល្ងីល្ងើ តាមសេចក្ដីចម្កួតរបស់គេឡើយ ក្រែងអ្នកក៏បានដូចជាគេដែរ 5 ចូរឆ្លើយតបនឹងមនុស្សល្ងីល្ងើ ឲ្យចំនឹងសេចក្ដីចម្កួតរបស់គេចុះ ក្រែងគេមើលខ្លួនដោយសេចក្ដីអំនួតថា ជាអ្នកមានប្រាជ្ញា 6 អ្នកណាដែលប្រើមនុស្សល្ងីល្ងើឲ្យនាំដំណឹងទៅ នោះឈ្មោះថា កាប់ផ្តាច់ជើងរបស់ខ្លួន ហើយក៏ផឹកស្រូបសេចក្ដីអន្តរាយដែរ 7 ជើងរបស់មនុស្សដែលដើរចាក់ខ្ញើច បានខ្សោយយ៉ាងណា នោះពាក្យសុភាសិត នៅក្នុងមាត់មនុស្សល្ងីល្ងើក៏យ៉ាងនោះដែរ 8 អ្នកដែលចងក្រួសភ្ជាប់ក្នុងខ្សែដង្ហក់ ជាយ៉ាងណា នោះអ្នកដែលលើកមុខមនុស្សល្ងីល្ងើ ក៏យ៉ាងនោះដែរ 9 បន្លាមុតចូលក្នុងដៃរបស់មនុស្សស្រវឹង ជាយ៉ាងណា នោះពាក្យសុភាសិតនៅក្នុងមាត់មនុស្សល្ងីល្ងើ ក៏យ៉ាងនោះដែរ 10 ពលធ្នូម្នាក់ដែលជំនាញបាញ់ឲ្យរបួសទាំងអស់ ជាយ៉ាងណា អ្នកដែលជួលមនុស្សខ្លៅអនាថា ឬមនុស្សប្រមឹក ក៏យ៉ាងនោះដែរ។ 11 មនុស្សល្ងីល្ងើដែលចេះតែធ្វើអំពើចម្កួតរបស់គេ ច្រំដែលទៀត នោះធៀបដូចជាឆ្កែដែលត្រឡប់ទៅស៊ីកម្អួតវាវិញ 12 អ្នកដែលឃើញមនុស្សដែលប្រកាន់ថា ខ្លួនមានប្រាជ្ញាឬទេ? មានសង្ឃឹមចំពោះមនុស្សល្ងីល្ងើ ជាជាងអ្នកនោះទៅទៀត។ 13 មនុស្សខ្ជិលច្រអូសតែងតែថា «មានសិង្ហមួយនៅកណ្ដាលថ្នល់ មានសិង្ហមួយនៅត្រង់ផ្លូវ»។ 14 មនុស្សខ្ជិលច្រអូសចេះតែបម្រាស់ ននៀលនៅលើគ្រែ បែបដូចទ្វារ ដែលបិទបើកទៅមកជាប់នៅត្រចៀកដែរ 15 មនុស្សខ្ជិលច្រអូសគេលូកដៃទៅក្នុងចាន ហើយដែលដកមកបញ្ចុកមាត់វិញនោះ ក៏រួយដៃដល់គេណាស់ 16 មនុស្សខ្ជិលច្រអូសគេតែងប្រកាន់ថា ខ្លួនមានប្រាជ្ញាជាជាងមនុស្សប្រាំពីរនាក់ ដែលតបឆ្លើយដោយវាងវៃ។ 17 អ្នកណាដែលកំពុងតែដើរតាមផ្លូវ ព្រមទុកឲ្យខ្លួនក្តៅក្រហាយ ដោយការឈ្លោះប្រកែករបស់អ្នកដទៃ នោះធៀបដូចជាមនុស្សដែលចាប់ត្រចៀកឆ្កែ 18 ដូចជាមនុស្សឆ្កួតដែលបោះអង្កត់ឧស កំពុងឆេះចោល និងព្រួញផង ហើយត្រូវស្លាប់ 19 មនុស្សដែលបញ្ឆោតអ្នកជិតខាង រួចពោលថា «ខ្ញុំគ្រាន់តែធ្វើលេងទេតើ» 20 ទីណាដែលឥតមានឧស នោះភ្លើងក៏រលត់ ហើយទីណាដែលឥតមានអ្នកបេះបួយ នោះសេចក្ដីទាស់ទែងគ្នាក៏បាត់អស់ទៅដែរ។ 21 មនុស្សដែលចេះតែរករឿង គេរមែងអុចអាលឲ្យមានសេចក្ដីទាស់ទែងគ្នា ឧបមាដូចជាដាក់ធ្យូងនៅលើរងើកភ្លើង ហើយដូចជាដាក់ឧសនៅលើភ្លើងដែរ 22 ពាក្យសម្ដីរបស់មនុស្សបេះបួយ ធៀបដូចជាចំណីដែលឆ្ងាញ់ពិសា ក៏ចូលទៅក្នុងពោះរបស់មនុស្ស។ 23 បបូរមាត់ហៃខាងនិយាយ តែចិត្តអាក្រក់ ធៀបដូចជាភាជនៈដីស្រោបដោយអាចម៍ប្រាក់។ 24 អ្នកណាដែលស្អប់គេ នោះរមែងក្លែងពាក្យដោយបបូរមាត់ នោះក៏ប្រមូលទុកសេចក្ដីបញ្ឆោតនៅក្នុងចិត្តដែរ 25 កាលណាអ្នកនោះពោលពាក្យល្អ នោះកុំឲ្យជឿឲ្យសោះ ដ្បិតនៅក្នុងចិត្តគេមានសេចក្ដីគួរស្អប់ខ្ពើមប្រាំពីរមុខ 26 ទោះបើសេចក្ដីសម្អប់របស់គេបានគ្របបាំង ដោយពុតមាយាក៏ដោយ គង់តែសេចក្ដីអាក្រក់របស់គេ នឹងសម្ដែងចេញឲ្យច្បាស់ នៅចំពោះមុខពួកជំនុំ។ 27 អ្នកណាដែលជីករណ្តៅ អ្នកនោះនឹងធ្លាក់ទៅក្នុងរណ្តៅនោះឯង ហើយអ្នកណាដែលប្រមៀលថ្ម ថ្មនោះនឹងរមៀលត្រឡប់មកកិនខ្លួនវិញ 28 ឯអណ្ដាតភូតភរ នោះរមែងស្អប់ដល់ពួកអ្នក ដែលវាបានធ្វើទុក្ខនោះ ហើយមាត់បញ្ចើចតែងតែបណ្ដាលឲ្យវិនាស។ |
© 2016 United Bible Societies
Bible Society in Cambodia