Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

សុភា‌សិត 23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 កាល​ណា​អ្នក​អង្គុយ​បរិ‌ភោគ​ភោជ‌នាហារ ជា‌មួយ​អ្នក​គ្រប់‌គ្រង ត្រូវ​ពិចា‌រណាអ្វីៗ ដែល​នៅ​ខាង​មុខ​អ្នក​ចុះ

2 បើ​ឯង​ជា​មនុស្ស​ល្មោភ​ខ្លាំង ចូរ​ផ្ទាប់​កាំបិត​នៅ​បំពង់​ក​ឯង​ទៅ។

3 កុំ​លោភ​ចង់​បាន​ឱជា‌រស របស់​អ្នក​គ្រប់គ្រង​ឡើយ ដ្បិត​ជា​របស់​បញ្ឆោត​ទេ។

4 កុំ​នឿយ​ហត់​ដល់​ខ្លួន ដើម្បី​ឲ្យ​បាន​ជា​អ្នក​មាន​ឡើយ ក៏​កុំ​ប្រើ​ប្រាជ្ញា​ឲ្យ​បាន​មាន​ឡើង​ដែរ។

5 ពេល​ភ្នែក​របស់​អ្នក​សម្លឹង​មើល​វា វា​នឹង​បាត់​ទៅ ដ្បិត​ទ្រព្យ​សម្បត្តិ​តែង​តែ​ដុះ​ស្លាប ក៏​នឹង​ហើរ​ទៅ​លើ​មេឃ​ដូច​ជា​ឥន្ទ្រី។

6 កុំ​បរិ‌ភោគ​ភោជ‌នាហារ​របស់​មនុស្ស ដែល​មាន​ភ្នែក​អាក្រក់​ឡើយ ក៏​កុំ​ប្រាថ្នា​ចង់​បាន​អាហារ​មាន​ឱជា‌រស​របស់​គេ​ដែរ

7 ដ្បិត​គេ​គិត​ក្នុង​ចិត្ត​យ៉ាង​ណា គេ​ក៏​យ៉ាង​នោះ​ដែរ គេ​អញ្ជើញ​អ្នក​ថា «អញ្ជើញ​ពិសា​ចុះ!» តែ​ចិត្ត​គេ​មិន​នៅ​ជា‌មួយ​អ្នក​ទេ។

8 អាហារ​ដែល​អ្នក​បាន​បរិ‌ភោគ​ចូល​ទៅ នោះ​នឹង​ក្អួត​មក​វិញ ហើយ​នឹង​បាត់​ពាក្យ​សម្ដី​ផ្អែម‌ល្ហែម​របស់​អ្នក​ទៅ។

9 កុំ​និយាយ​ឲ្យ​មនុស្ស​ល្ងី‌ល្ងើ​ស្តាប់​ឡើយ ដ្បិត​វា​នឹង​មើល​ងាយ​ចំពោះ​ប្រាជ្ញា នៃ​ពាក្យ​សម្ដី​អ្នក។

10 កុំ​បន្ថយ​គោល​ចារឹក​ពី​បុរាណ​ឡើយ ក៏​កុំ​បង្ខិត​ចូល​ទៅ​ក្នុង​ដី​របស់​កូន​កំព្រា​ដែរ។

11 ដ្បិត​អ្នក​ដែល​លោះ​គេ នោះ​មាន​កម្លាំង​ខ្លាំង ក៏​នឹង​កាន់​ក្តី​គេ​ទាស់​នឹង​អ្នក​ដែរ។

12 ចូរ​ផ្ចង់​ចិត្ត​ចំពោះ​សេចក្ដី​ប្រៀន‌ប្រដៅ ហើយ​ផ្ទៀង​ត្រចៀក​ចំពោះ​ពាក្យ ដែល​ប្រកប​ដោយ​តម្រិះ​ចុះ។

13 កុំ​ខាន​នឹង​វាយ​ប្រដៅ​កូន​ឡើយ ដ្បិត​បើ​វាយ​នឹង​រំពាត់ គង់​តែ​មិន​ស្លាប់​ដែរ។

14 គឺ​អ្នក​គ្រាន់​តែ​វាយ​ដោយ​រំពាត់​ប៉ុណ្ណោះ អ្នក​នឹង​ជួយ​ព្រលឹង​វា​ឲ្យ​រួច ពី​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់។

15 កូន​អើយ បើ​ចិត្ត​ឯង​ប្រកប​ដោយ​ប្រាជ្ញា ចិត្ត​យើង​នឹង​មាន​អំណរ។

16 អើ​ចិត្ត​ថ្លើម​យើង​នឹង​រីក‌រាយ ក្នុង​កាល​ដែល​បបូរ​មាត់​ឯង ពោល​សេចក្ដី​ដែល​ត្រឹម​ត្រូវ។

17 កុំ​បើក​ឲ្យ​ចិត្ត​ច្រណែន នឹង​មនុស្ស​មាន​បាប​ឡើយ ចូរ​ឲ្យ​ឯង​ប្រកប​ដោយ​សេចក្ដី​កោត​ខ្លាច ដល់​ព្រះ‌យេហូវ៉ា​ជា​ដរាប​រាល់​ថ្ងៃ។

18 ដូច្នេះ នៅ​ពេល​អនាគត សេចក្ដី​សង្ឃឹម នឹង​មិន​ខាត​បង់​ឡើយ។

19 កូន​អើយ ចូរ​ប្រុង​ស្តាប់ ហើយ​មាន​ប្រាជ្ញា​ចុះ ត្រូវ​តម្រង់​ចិត្ត​ទៅ​តាម​ផ្លូវ។

20 កុំ​នៅ​កណ្ដាល​ពួក​អ្នក​ប្រមឹក​ស្រា ឬ​ក្នុង​ពួក​ល្មោភ​ស៊ី​ឡើយ

21 ដ្បិត​មនុស្ស​ប្រមឹក និង​មនុស្ស​ល្មោភ​នឹង​ទៅ​ជា​ក្រ ហើយ​សេចក្ដី​ងុយ‌ងោក នឹង​នាំ​ឲ្យ​ស្លៀក‌ពាក់​កណ្តាច។

22 ចូរ​ស្តាប់​តាម​ឪពុក​ដែល​បង្កើត​ឯង​មក ហើយ​កុំ​ឲ្យ​មើល​ងាយ​ម្តាយ ក្នុង​កាល​ដែល​គាត់​ចាស់​ឡើយ។

23 ចូរ​ទិញ​សេចក្ដី​ពិត​ចុះ កុំ​ឲ្យ​លក់​ចេញ​ឡើយ ចូរ​ទិញ​ប្រាជ្ញា ដំបូន្មាន និង​យោបល់​ផង។

24 ឪពុក​របស់​មនុស្ស​សុចរិត នឹង​មាន​ចិត្ត​រីក‌រាយ​យ៉ាង​ខ្លាំង ហើយ​អ្នក​ណា​ដែល​បង្កើត​កូន​មាន​ប្រាជ្ញា នោះ​នឹង​មាន​អំណរ​ដោយ‌សារ​កូន​នោះ។

25 ដូច្នេះ ចូរ​បើក​ឱកាស​ឲ្យ​ឪពុក​ម្តាយ​ឯង បាន​រីក‌រាយ​ចុះ ហើយ​ឲ្យ​អ្នក​ដែល​សម្រាល​ឯង មក​នោះ​មាន​ចិត្ត​សប្បាយ​ផង។

26 កូន​អើយ ចូរ​ប្រគល់​ចិត្ត​កូន​មកឪពុក​ចុះ ហើយ​ឲ្យ​ភ្នែក​កូន​តាម​មើល អស់​ទាំង​ផ្លូវ​របស់ឪពុក​ដែរ។

27 ដ្បិត​ស្រី​ពេស្យា​ប្រៀប​ដូច​ជា​រណ្តៅ​យ៉ាង​ជ្រៅ ហើយ​ស្រី​ដទៃ​ប្រៀប​ដូច​ជា​អណ្ដូង​ដ៏​ចង្អៀត។

28 នាង​លប​ចាំ​ដូច​ជា​ចោរ ហើយ​ក៏​ចម្រើន​អ្នក​ក្បត់ នៅ​ក្នុង​ពួក​មនុស្ស​លោក។

29 តើ​អ្នក​ណា​ពិបាក​ចិត្ត? តើ​អ្នក​ណា​កើត​ទុក្ខ​ព្រួយ? តើ​អ្នក​ណា​ទាស់​ទែង​គ្នា? តើ​អ្នក​ណា​ត្អូញ‌ត្អែរ? តើ​អ្នក​ណា​ត្រូវ​របួស​ឥត​ហេតុ? តើ​អ្នក​ណា​មាន​ភ្នែក​ក្រហម?

30 ជា​ពួក​អ្នក​ដែល​អង្គុយ​ផឹក​ស្រា​យ៉ាង​យូរ ជា​ពួក​អ្នក​ដែល​ស្វែង​រក​ស្រា​យ៉ាង​ខ្លាំង។

31 កុំ​មើល​ស្រា​ទំពាំង‌បាយ‌ជូរ ក្នុង​កាល​ដែល​មាន​ពណ៌​ក្រហម គឺ​ក្នុង​កាល​ដែល​ព្រួច​ពពុះ​នៅ​ក្នុង​កែវ ហើយ​ហូរ​ចុះ​ទៅ​ដោយ​ស្រួល​នោះ​ឡើយ។

32 ដ្បិត​ដល់​ចុង​បំផុត​នឹង​ចឹក​ដូច​ជា​ពស់ ហើយ​អុច​ដូច​ជា​ពស់​ហនុ‌មាន។

33 ភ្នែក​ឯង​នឹង​ឃើញ​ស្រី​ដទៃ ហើយ​ចិត្ត​ឯង​នឹង​ពោល​ពាក្យ​ខូច​អាក្រក់​ដែរ។

34 អ្នក​នឹង​បាន​ដូច​ជា​មនុស្ស ដែល​ដេក​នៅ​កណ្ដាល​សមុទ្រ ឬ​ដូច​ជា​មនុស្ស​ដែល​ដេក​នៅ​លើ​ចុង​ដង​ក្តោង។

35 អ្នក​នឹង​ពោល​ថា «គេ​បាន​វាយ​ខ្ញុំ តែ​ខ្ញុំ​មិន​ឈឺ គេ​បាន​សំពង​ខ្ញុំ តែ​ខ្ញុំ​មិន​ដឹង​ខ្លួន តើ​ពេលណា​ទើប​ខ្ញុំ​ដឹង​ខ្លួន? ខ្ញុំ​នឹង​ទៅ​រក​ផឹក​ទៀត»។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម