សាការី INTRO1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពាក្យ​លំនាំ យើង​អាច​ដាក់​ឈ្មោះ​កណ្ឌគម្ពីរ​សាការី​នេះ​ថា​ជា​កណ្ឌគម្ពីរ «សេចក្ដី​សង្ឃឹម» ក៏​បាន ដ្បិត​ខ្លឹមសារ​នៃ​កណ្ឌគម្ពីរ​នេះ​ចែង​អំពី​សេចក្ដី​សង្ឃឹម​របស់​ជន​ជាតិ​អ៊ីស្រាអែល នៅ​ជំនាន់​នោះ។ យើង​អាច​បែងចែក​កណ្ឌគម្ពីរ​សាការី​ជា​ពីរ​ផ្នែក។ ផ្នែក​ទី​មួយ (ជំពូក ១-៨) ជា​សេចក្ដី​ដែល​ហោរា​ប្រកាស​នៅ​អំឡុង​ឆ្នាំ ៥២០-៥១៨ មុន​គ្រីស្ទ​សករាជ គឺ​ក្នុង​ពេល​ជាមួយ​គ្នា​នឹង​ហោរា​ហាកាយ​ដែរ។ សេចក្ដី​ដែល​ហោរា​ថ្លែង​ក្នុង​ផ្នែក​នេះ មាន​លក្ខណៈ​ជា​និមិត្តហេតុ​ដ៏​អស្ចារ្យ ហើយ​ចែង​អំពី​ការ​សង់​ព្រះវិហារ និង​ក្រុង​យេរូសាឡិម​ឡើង​វិញ ដែល​ជា​ទី​សម្គាល់​មួយ​នៃ​យុគសម័យ​ថ្មី។ ព្រះ​បាន​ជ្រើសរើស​លោក​ទេសាភិបាល​សូរ៉ូបាបិល ជា​ពូជពង្ស​របស់​ព្រះបាទ​ដាវីឌ ព្រម​ទាំង​សម្ដេច​សង្ឃ​យេសួរ ធ្វើ​ជា​អ្នក​ដឹកនាំ​ប្រជារាស្ត្រ​របស់​ព្រះអង្គ នៅ​ដើម​ដំបូង​នៃ​យុគសម័យ​នេះ។ សេចក្ដី​សង្ឃឹម​របស់​ជន​ជាតិ​អ៊ីស្រាអែល ផ្ចង់​ទៅ​រក​គ្រា​ដែល​ព្រះ​យាង​មក​គ្រង​រាជ្យ​លើ​ផែនដី​ទាំង​មូល ហើយ​សេចក្ដី​សង្ឃឹម​នេះ​ក៏​ជាប់​ពាក់ព័ន្ធ​ទៅ​លើ​មនុស្ស​ម្នាក់​ដែល​ព្រះ​ជ្រើសរើស​ដែរ។ នៅ​ផ្នែក​ទី​ពីរ (ជំពូក ៩-១៤) ចែង​អំពី​សេចក្ដី​សង្ឃឹម​នេះ​ឯង គឺ​មាន​បរិយាយ​អំពី​អ្នក​ដែល​ព្រះ​តែងតាំង​ឲ្យ​រៀបចំ​ព្រះរាជ្យ​របស់​ព្រះអង្គ។ ហោរា​បង្ហាញ​អំពី​លោក​នោះ​ក្នុង​ឋានៈ​ជា​ស្តេច​ដែល​មាន​ចិត្ត​ទន់ទាប ជា​គង្វាល​របស់​ហ្វូង​ចៀម និង​ជា​អ្នក​បម្រើ​របស់​ព្រះ​ដែល​ត្រូវ​គេ​សម្លាប់។ គម្ពីរ​សម្ពន្ធមេត្រី​ថ្មី​បង្ហាញ​ឲ្យ​យើង​ឃើញ​ថា ព្រះយេស៊ូវ​មាន​លក្ខណៈ​សម្បត្តិ​ខាង​លើ ដូច​លោក​សាការី​បាន​ប្រកាស ជា​ពិសេស ត្រង់​អត្ថបទ​ដែល​បរិយាយ​អំពី​ការ​សោយ​ទិវង្គត​របស់​ព្រះអង្គ (ម៉ាថាយ ២១.៤-៥ ម៉ាថាយ ២៦.៣១ ម៉ាកុស ១៤.២៧ យ៉ូហាន ១៩.៣៧) |
© 2016 United Bible Societies
Bible Society in Cambodia